លោក សុខ ទូច ជំរុញ​ទៅ​អភិបាលខេត្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានជំរុញទៅអភិបាលខេត្តជាប់បឹងទន្លេសាបឱ្យពង្រឹងការអនុវត្តច្បាប់និងទប់ស្កាត់បទល្មើសនេសាទ ខណៈលោករកឃើញបទល្មើសទ្រង់​ទ្រាយ​ធំ​នៅ​ក្នុងបឹង​ធម្មជាតិ​មួយ​នេះ។

ប៉ុន្មានស​ប្ដាហ៍​មក​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត សុខ ទូច បាន​រក​ឃើញ​ជា​របាំង​ស្បៃមុង​ក្រឡាល្អិត​រាប់​គីឡូ​ដីដែលគេដាក់ស្កាត់​ចាប់​ត្រី និង​បទល្មើស​ឆក់ត្រីដោយ​ប្រើ​ប្រាស់ឧបករណ៍ទំនើប​​​ក្នុង​ទ្រង់​ទ្រាយ​ធំ​ជា​ដើម ដែលករណី​នេះ ​លោកបារ​ម្ភ​ថា ២ឆ្នាំទៀត​ ត្រី​នៅតំបន់​បឹង​ទន្លេសាប​អាច​នឹង​​ត្រូវផុត​ពូជ បើគ្មានវិធានការទប់ស្កាត់បន្ទាន់នោះទេ។

ក្នុងបទសម្ភាសន៍​ថ្មី​មួយទៀត​ដែល​ផ្សាយ​លើ​ហ្វេស​ប៊ុក​របស់​លោក​ កាលពីថ្ងៃទី១៩ ខែមីនា​នេះ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកប្រព្រឹត្តបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប មាន​ទាំង​ពលរដ្ឋវៀត​ណាម និងពលរដ្ឋខ្មែរ។ លោកថា អភិបាលខេត្តជាប់បឹងទន្លេសាប​ត្រូវតែពង្រឹងការអនុវត្តច្បាប់ និងទប់​ស្កាត់​បទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ឱ្យខានតែបាន ព្រោះថា អភិបាលខេត្តមានសិទ្ធិអំណាចធំក្នុង​ការធ្វើកិច្ចការងារនេះ។

លោកបន្ថែមថា៖ «យើងបានដឹងទាំងអស់គ្នាហើយថា កាលពីមុន អំណាចបានផ្ដល់វិមជ្ឈការ​ទៅ​ថ្នាក់​ក្រោម​ជាតិ អ៊ីចឹងខេត្តមាន​អំណាច​ធំ​ណាស់។ ខ្ញុំចង់ឃើញលោកអភិបាលខេត្តនៅជាប់បឹងទន្លេសាប បើធ្វើរឿងហ្នឹងមិនកើតទេ សុំលាលែងទៅ មិនត្រូវដូរពីខេត្តមួយទៅខេត្តមួយអ៊ីចឹង​ទេ អត់ចេះខ្មាសអៀនសោះ»

លោកបណ្ឌិត សុខ ទូច បានដាក់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បទល្មើស និងរក្សាធនធានមច្ឆជាតិនៅបឹង​ទន្លេសាប​ឱ្យនៅគង់វង្សយូរអង្វែង អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនីមួយៗ ត្រូវ​ពង្រឹង​ការ​អនុវត្តច្បាប់ ដោយហាមដាច់ខាតចំពោះការនេសាទនៅរដូវត្រីពង ត្រូវកំណត់ប្រវែងរបាំងស្បៃមុង​ឱ្យ​ខ្លី ហាម​ប្រើប្រាស់​ឧបករណ៍ឆក់ និងផ្ដន្ទាទោសដាក់​ពន្ធនាគារទៅលើ​ជនល្មើសឱ្យខាន​តែ​បាន ហើយអាជ្ញាធរខេត្តត្រូវពន្យល់​ប្រជាពលរដ្ឋ​អំពីផលប៉ះពាល់នៃការបាត់បង់ធនធានមច្ឆជាតិ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍​នៅថ្ងៃចន្ទនេះ​ថា អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើ​កិច្ចការ​ងារ​នេះ ដោយលោកបានឱ្យមន្ត្រីក្រោមឱវាទ​ចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេ​សាប ស្ថិតនៅភូមិសាស្ត្រខេត្ត យ៉ាងសកម្ម។

អភិបាលខេត្តរូបនេះបន្តថា ជំហានដំបូងនេះ អាជ្ញាធរប្រកាសឱ្យប្រជានេសាទទាំងអស់ត្រូវបង្ហាញខ្លួន និង​ប្រគល់​ឧបករណ៍ឆក់បែបទំទើបទាំងអស់​ទៅមន្ត្រីជំនាញ ហើយបន្តតាមដាននិងបង្ក្រាបបទល្មើសទៀត។ លោកថា រហូតមកដល់ថ្ងៃចន្ទនេះ ប្រជានេសាទចំនួន៣ស្រុក​ បាន​សហការនិង​ប្រគល់​ឧបករណ៍​ឆក់ចំនួន​៣០៨គ្រឿងមកដល់មន្ត្រីជំនាញ។

លោកបន្ថែមថា៖ «ជាវិធានការដំបូងនេះ យើងបានប្រកាសឱ្យបងប្អូនគាត់ប្រគល់ឧបករណ៍​ឆក់​បែបត្រជាក់​ហ្នឹង ហើយគាត់បានសហការជាមួយយើង ហើយបានប្រគល់ប្រដាប់ឆក់ហ្នឹងឱ្យយើងបាន​៣០៨គ្រឿង។ ហើយ​មន្ត្រីជំនាញយើង​នឹងបន្តប្រមាញ់​ តាមដាន និងបន្តបង្ក្រាបទៀត ហើយយើងប្រជុំគណៈបញ្ជាក់ការឯកភាពជុំវិញរឿងនេះផងដែរ»

អ្នកនាំពាក្យរដ្ឋបាល​ខេត្តសៀមរាប លោក លី សំរិទ្ធ បានអះអាងថា​ មិនមានបទល្មើសទ្រង់​ទ្រាយធំនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្ត​​នេះទេ គឺ​មានតែទ្រង់ទ្រាយតូចៗប៉ុណ្ណោះ​។ តែយ៉ាងណា លោកថា អាជ្ញាធរ​ខេត្ត​​បាន​អនុវត្តនិង​បង្ក្រាបបទល្មើសនៅតំបន់នេះ​តាំងពី​យូរហើយ ព្រមទាំង​ចុះបង្ក្រាបជារឿយៗ​ផង​ដែរ ប៉ុន្តែ​បទល្មើសនេះនៅតែកើតមាន ដោយ​បង្ក្រាប​មិនចេះអស់ឡើយ។

អ្នកនាំពាក្យរូបនេះបន្តថា អ្វីដែលពិបាកក្នុងការបង្ក្រាបបទល្មើសនេសាទនោះ គឺជនល្មើសភាគច្រើនជាពលរដ្ឋក្រីក្ររស់នៅលើទឹក និង​គ្មានមុខរបរអ្វីផ្សេងក្រៅពីនេសាទនេះ​ ខណៈ​​ជនល្មើសមានមធ្យោ​បាយ​ទំនើប​​ជាង​សមត្ថកិច្ច ហើយជនល្មើសទាំងនោះមកពីតំបន់ផ្សេងៗ។

យ៉ាងណា លោកថា អាជ្ញាធរខេត្តសៀមរាបបានដាក់ចេញផែនការ​ទប់ស្កាត់បទល្មើសនេះជាថ្មីទៀត និងកំពុងរៀបចំគម្រោងបើកវគ្គបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋ​រស់នៅលើទឹក ឱ្យមានមុខរបរអ្វីផ្សេង​ក្រៅពី​នេសាទ ដែលលោកថា បញ្ហានេះត្រូវប្រើ​រយៈពេលយូរឆ្នាំទៀតទើបអាចសម្រេចបាន។

លោកបន្ថែមថា៖ «ចុះបង្ក្រាបរាល់តែថ្ងៃ ចាប់បានរាល់តែថ្ងៃ ប៉ុន្តែវាមិនអាចធ្វើអស់។ ចុះទៅថ្ងៃណាក៏ឃើញ​ដែរ ពេលខ្លះចុះទៅតាំងយប់ នៅតែឃើញទៀត។ កាប់ចោលទៅ រុះយក​មក ប៉ុន្តែគាត់ [ជនល្មើស] នៅតែធ្វើអ៊ីចឹង​ទៀត។ ឥលូវយើងកំពុងពិចារណាបង្វែរឱ្យពួកគាត់​មានមុខរបរផ្សេងដែលអាចពឹងផ្អែករស់នៅ​បាន។ ពួកគាត់នៅលើទឹកភាគច្រើន ក្រៅពីរបរ​នេសាទ គាត់មិនចេះធ្វើរបរអ្វីផ្សេងទេ»

អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ប្រាប់ថា ជាប់រវល់ប្រជុំ មិនអាចនិយាយបាន ខណៈអភិបាលខេត្តផ្សេងទៀត មិនអាចទាក់ទងបាន។

ប្រធាន​កម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ​នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង មានប្រសាសន៍ថា បទល្មើលនេសាទនៅបឹងទន្លេសាបអាចកើតមានទៅបាន អាចមាន​​ជាប់​ពាក់ព័ន្ធនឹង​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ រវាងអាជ្ញាធរក្នុងដែនសមត្ថកិច្ច និងជនល្មើស។ មួយទៀតនោះ លោកថា ​អាចមកពីភាពអសកម្មនិងកម្សោយ​នៃការអនុវត្តច្បាប់របស់មន្ត្រីជំនាញ។

មន្ត្រីសង្គមស៊ីវិលរូបនេះស្នើ​ដល់​​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​​ទៅ​លើ​ការ​ធ្វើ​ការ​ងារ និង​ការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោមដែលជាប់ពាក់ព័ន្ធ និងទទួល​ខុស​ត្រូវ​ចំពោះ​ធន​​ធាន​​ជល​ផលនៅបឹងទន្លេសាប​នេះ ព្រម​ទាំង​​ត្រូ​​វ​​ហ៊ាន​វះកាត់មន្ត្រីពុករលួយ ឬ​រុះរើប្រព័ន្ធពុករលួយនេះចេញ។

លោកបន្ថែមថា៖ «នេះជារឿងសំខាន់ណាស់ ប្រសិនបើមន្ត្រីទាំងអស់ហ្នឹងមានគ្រប់គ្រាន់ហើយ​​ ឬក៏មានជាប់​ពាក់ព័ន្ធជាមួយ​អំពើ​ពុក​រលួយ ឬ​ក៏​មិន​យកចិត្តទុកដាក់នៅក្នុងការបំពេញមុខងាររបស់ខ្លួន ក្រសួងកសិ​​កម្ម ជាពិសេស​រដ្ឋាភិបាល គួរតែ​ធ្វើការចង្អុល​បង្ហាញឱ្យមានការធ្វើកំណែទម្រង់​ឡើង​វិញ»

កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០១១ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី «ការ​កំណត់​ដែន​​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា» ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​​​៦​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន ​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ។​

អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ​ខែមីនានេះ បានបញ្ជូនជនជាតិវៀតណាមម្នាក់ទៅតុលាការ ខណៈអាជ្ញាធរខេត្តពោធិ៍សាត់បានបញ្ជូនជនជាតិវៀតណាម៨នាក់ទៅតុលាការ កាលពីថ្ងៃទី១១ ខែមីនានេះ ក្រោយ​ពី​ជនជាតិវៀតណាមទាំងនោះ​នេសាទដោយខុសច្បាប់នៅបឹងទន្លេសាប។

មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល ចែងថា ជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសដោយប្រើឧបករណ៍ឆក់ និងស្បៃមុងគ្រប់​ប្រភេទ​ខុស​ពីច្បាប់​កំណត់ ត្រូវផ្ដទ្ទាទោសដា​ក់​ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ ខណៈ​មាត្រា​១០១ នៃ​ច្បាប់​នេះ​បាន​កំណត់​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើសដោយ​ប្រើម​ងឬអួនគ្រប់ប្រភេទដែលមានក្រឡាតូចជាង១សង់ទីម៉ែត្រ ក្នុងដែនទឹកសាប ត្រូវផ្ដទ្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល។

ចំណែកមាត្រា១០២នៃច្បាប់ដដែលនេះ ចែងថា ប្រសិនបើសកម្មភាពបទល្មើសនោះប្រព្រឹត្តឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរផ្សេងទៀត ដោយបានអន្តរាគមន៍ដោយផ្ទាល់ឬ​ប្រយោល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់៥លានរៀលទៅ៥០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ