លោក ស ខេង បារម្ភ​ថា​ការ​បន្ត​ជួលដី​ឱ្យ​វៀតណាម​បង្ក​ជា​ទំនាស់​ដីធ្លី​ស្មុគស្មាញ​នៅ​តាម​ព្រំដែន

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ណែនាំទៅអាជ្ញាធរតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ប្រាប់ពលរដ្ឋខ្មែរឱ្យឈប់ជួលដីទៅពលរដ្ឋវៀតណាមអាស្រ័យផលបន្តទៀត ដោយលោកបារម្ភថានឹងអាចបង្កជាទំនាស់ដីធ្លីដែលមានភាពស្មុគស្មាញនៅតាមព្រំដែន។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី២២ ខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការគ្រប់គ្រងសន្តិសុខ​នេះជាផ្នែកមួយសំខាន់ ដើម្បីទប់ស្កាត់ការលួចឆ្លងដែននិងការរត់ពន្ធខុសច្បាប់ចូលកម្ពុជា ។

លោកថា អាជ្ញាធរនៅតាមព្រំដែនក៏ត្រូវពង្រឹងកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ដោយធ្វើយ៉ាងណាត្រូវរក្សាបន្ទាត់ព្រំដែន​ទៅតាមគោលការណ៍ដែលមានស្រាប់ ខណៈនគរបាលត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត រឿងទាក់ទិននឹងការគ្រប់គ្រងសន្តិសុខតាមព្រំដែនផងដែរ។

លោក ស ខេង ក៏បានបង្ហាញការព្រួយបារម្ភដែលប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនមួយចំនួនបន្តជួលដីឱ្យពលរដ្ឋវៀតណាមអាស្រ័យផល។ ករណីនេះ លោកបានណែនាំទៅអាជ្ញាធរនៅតាមព្រំដែនទាំងអស់ ត្រូវហាមពលរដ្ឋខ្មែរកុំឱ្យជួលដីស្រែឱ្យទៅវៀតណាមបន្តទៀត ដោយថា ការជួលដីនេះនឹងអាចបង្កជាទំនាស់ដីធ្លីដែលមានភាពស្មុគស្មាញនៅតាមព្រំដែន។

លោកថា៖ «កន្លងទៅ វាមានបញ្ហាទាក់ទង​ការគ្រប់គ្រង អាហ្នឹងវាពាក់ព័ន្ធនឹងបូរណភាពទឹកដីដែរ គឺថាប្រជាពលរដ្ឋគាត់ជួលដីនៅតាមព្រំដែន គាត់អត់ធ្វើទេ គាត់ជួលយកលុយ វាស្រួល ប៉ុន្តែវាក៏មិនស្រួលដែរ នៅពេលយូរៗ​ទៅ ដែលគាត់[វៀតណាម]ថា គាត់[វៀតណាម]មកនៅលើដីហ្នឹងយូរហើយ ដូច្នេះដោះមិនងាយចេញទេ នេះហើយជាបញ្ហា។ អ៊ីចឹងហើយមិនត្រូវទេ ​អត់មានសិទ្ធិទេ ខ្ញុំគិតថា វាអាសិទ្ធិជួលហ្នឹង ខ្ញុំមិនដឹងទេ អ្នកណាសម្រេចទេ ប៉ុន្តែសុំ​សិក្សាឱ្យបានមែនទែន សិទ្ធិជួលអ៊ីចឹងៗ អត់ឱ្យជួលទេ។ អាហ្នឹងអត់បានទេ ជួលយូរៗទៅ គាត់ថាអាហ្នឹងដីគាត់​[វៀតណាម]មកធ្វើយូរហើយ នេះជាបញ្ហា»។

លោក ស ខេង ក៏បានក្រើនរំឭកដល់កងយោធពលខេរភូមិន្ទ និងកងកម្លាំងនគរបាលទាំងអស់ត្រូវរួមគ្នា ដើម្បីការពារបូរណភាពទឹកដីតាមព្រំដែន​បន្តទៀត។

នាយករដ្ឋបាល​ខេត្តព្រៃវែង លោក ឈៀង សុវណ្ណរ៉ា មានប្រសាសន៍ថា កន្លងមក ពលរដ្ឋនៅស្រុកពាមជរ ធ្លាប់ជួលដីឱ្យពលរដ្ឋវៀតណាមប្រាកដមែន ប៉ុន្តែបច្ចុប្បន្ន លោកថាគ្មានឡើយ។

លោកថា៖ «កាលពីមុន មាននៅស្រុកពាមជរ ប៉ុន្តែដោយសារមានគោលការណ៍ពីមុនភ្លាមៗនោះ ក៏យើងអត់មានការជួលទៀតទេ។ អូ! យូរហើយ ខ្ញុំអត់ចាំចំនួនហិកតា ប៉ុន្តែឥលូវឆ្លើយថាអត់មានទេ សម្រាប់ខេត្តព្រៃវែង»។

ចំណែកអភិបាលរងខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បានអះអាងដែរថា នៅខេត្តរបស់លោកក៏មិនមានករណីជួលដីឱ្យពលរដ្ឋវៀតណាមដែរ ចាប់តាំងពីមានការណែនាំពីក្រសួងមហាផ្ទៃមក។

លោកថា៖ «យើងបានណែនាំទៅអាជ្ញាធរឃុំ-សង្កាត់ ក៏ដូចជាក្រុង-ស្រុក នៅជាប់ព្រំដែនហ្នឹង មិនឱ្យប្រជាជនជួលដីឱ្យប្រជាជនវៀតណាមទេ។ តាំងពីមុនរហូតដល់បច្ចុប្បន្ននេះ គឺថាមិនមានការជួលដីស្រែណាឱ្យទៅប្រជាជនវៀតណាម មកដល់បច្ចុប្បន្នហ្នឹង គឺគ្មានទេ! សូមបញ្ជាក់ជូនថា គ្មានទេ»។

អភិបាលរងខេត្តត្បូងឃ្មុំ លោក កេង ប៊ុនណា លើកឡើងដូចអាជ្ញាធរខេត្តព្រៃវែង និងខេត្តស្វាយរៀងដែរថា មិនមានករណីជួលដីឱ្យពលរដ្ឋវៀតណាមទេក្នុងមូលដ្ឋានរបស់លោក។

លោកថា៖ «នៅខេត្តត្បូងឃ្មុំមានខេត្តចំនួន២ ដែលជាប់ព្រំដែនខេត្តនៃប្រទេសវៀតណាម ក្នុងនោះមានស្រុកមេមត់ ព្រំដែនជាប់វៀតណាមជាង១៤២គីឡូម៉ែត្រ។ និយាយរួមទៅ មិនមែនយើងឈប់ទេ និយាយរួមទៅ យើងអត់ដែលមានជួលទេ។ រាជរដ្ឋាភិបាលធ្លាប់ណែនាំម្ដងហើយ តែខ្ញុំមិនចាំលិខិតហ្នឹង ប៉ុន្តែគ្រាន់បញ្ជាក់ មិនមានការជួលដីសម្រាប់ឱ្យខាងវៀតណាមដាំចន្ទី ដំឡូង យើងមិនឱ្យជួលទេ»។

តំណាងសហគមន៍ជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំមួយរូប លោក ឆៃ វិត ដែលធ្លាប់ទៅធ្វើជាកម្មករសម្អាតស្មៅឱ្យក្រុមហ៊ុនវៀតណាម លើកឡើងថា ករណីជួលដីនៅតាមបណ្ដោយព្រំដែនក្នុងខេត្តមួយនេះ តំបន់ខ្លះនៅតែបន្តកើតមានដដែលនាពេលបច្ចុប្បនុ្ន។ លោកបន្តថា ដីដែលវៀតណាមជួលសម្រាប់ដាំដំណាំនោះ មិនមែនពលរដ្ឋជាអ្នកជួលទេ ភាគច្រើនមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលនិងយោធា។

លោកថា៖ «ខ្ញុំធ្លាប់ចុះមើលជាក់ស្ដែង ពួកខ្ញុំធ្លាប់ចុះមើលតាមព្រំដែនច្រើនណាស់ មិនត្រឹមតែសហគមន៍ខ្ញុំទេ ពួកខ្ញុំសហការគ្នាដល់ឃុំជាំក្រវៀន ឃុំទន្លូង ឃុំអីហ្នឹង និយាយរួម មិនមែនតែប៉ុន្មានឃុំហ្នឹងទេ គឺមានឃុំច្រើននៅតាមបណ្ដោយព្រំដែន។ ពួកខ្ញុំតែងតែងសហការគ្នាចុះពីបញ្ហាការជួលដី ជួលអីហ្នឹងទៅឱ្យក្រុមហ៊ុនវៀតណាម និងទៅប្រជាពលរដ្ឋវៀតណាមអ៊ីចឹង»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា កន្លងមក លោកធ្លាប់ស្នើទៅរដ្ឋាភិបាលឱ្យឈប់ជួលដីរដ្ឋឱ្យពលរដ្ឋវៀតណាម ខណៈដីដែលបានជួលហើយ ត្រូវដកយកមកវិញ។

លោកបន្តថា ការស្នើបែបនេះ ធ្វើឡើងក្រោយរូបលោកបានចុះសិក្សាស្រាវជ្រាវនៅតាមព្រំដែនកាលពីអំឡុង២០១៥ ដោយមើលឃើញថា ការជួលដីជាប់ព្រំដែនឱ្យពលរដ្ឋប្រទេសជិតខាងអាស្រ័យផលនោះ លោកថា វាប្រឈមនឹងការបាត់បង់ បើសិនជាពលរដ្ឋទាំងនោះកាន់កាប់យូរឆ្នាំ ពួកគេអាចទាមទារយកដីដែលជួលមកធ្វើជាកម្មសិទ្ធិ។

លោកថា៖ «រឿងជួលដីហ្នឹង គេប្រើនយោបាយច្រែះស៊ីដែក ខ្ញុំមិនបកស្រាយរឿងច្រែះស៊ីដែកទេ។ ទី៣ រាល់បង្គោលដែលនៅសល់ពីអាណានិគមនិយមបារាំង មិនត្រូវគាស់ចោល ត្រូវទុកបង្គោលហ្នឹងនៅតាមព្រំដែនដើម្បីបន្សល់ ព្រោះបង្គោលហ្នឹង បង្គោលព្រំដែនកូសាំងស៊ីន យើងចង់ទុក។ រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យរក្សាបង្គោលហ្នឹងទុកដែរ ហើយប្រាប់ជាប្រវត្តិសាស្ត្រថា អ្វីដែលបានបោះបង្គោលហ្នឹង គោរពអ្វីដែលបានបន្សល់នៅអាណានិគមនិយមបារាំង ផែនទី ១/១០០ ០០០ ដែលមាននៅក្នុងសម័យអាណានិគមនិយមបារាំង។ ចំណុចមួយទៀត ទាំងរដ្ឋ និងប្រជាជនរបស់យើង មិនត្រូវបានឱ្យជួលដីទេ គឺមិនឱ្យជួលតែម្ដង! ព្រោះពីដើម រដ្ឋក៏ធ្លាប់ជួលដីដែរ ខាងតំបន់ខ្លះ ខាងសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភា កាលពីខ្ញុំដើរតាមព្រំដែនហ្នឹង បានធ្វើកិច្ចហ្នឹងរួចហើយ»។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស លោក ម៉ែន ណាត ចាត់ទុកចម្លើយរបស់អាជ្ញាធរខេត្តទាំងនោះថា គ្រាន់តែជាការដោះសារប៉ុណ្ណោះ ខណៈករណីជួលដីតាមព្រំដែនជាប់ប្រទេសជិតខាង នាពេលកន្លងមក និងបច្ចុប្បន្ន ក៏មានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរដែរ។

លោកបន្តថា មូលហេតុការជួលដីនៅតែបន្តកើតមាន ដោយសារអាជ្ញាធរទាំងនោះមិនបានអនុវត្តទៅតាមសារាចររបស់រដ្ឋាភិបាល ស្របពេលដែលវិធានការតាមដានការអនុវត្តនូវមិនមានប្រសិទ្ធភាពនោះ។ ជាមួយគ្នានោះ លោកថា អ្នកដែលជួលដីឱ្យវៀតណាម មិនមែនមានតែពលរដ្ឋទេ មន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលក៏មានជួលដែរ ហើយដីដែលពួកគេជួលនោះច្រើនថែមទៀត។

លោកថា៖ «យើងព្រួយបារម្ភពីបូរណភាពទឹកដីយើង ពីព្រោះវាមានទាំងករណីជួលនិងទិញលក់តាមផ្លូវច្បាប់ គឺមិនអនុញ្ញាតឱ្យមានការជួលដី និងការអនុញ្ញាតឱ្យទិញលក់ដីនៅតាមជាយដែនទេ ពីព្រោះអាហ្នឹងវាពាក់ព័ន្ធនឹងបូរណភាពជាតិ ជាពិសេសជនបរទេសដែលជាប្រទេសជិតខាងយើង។ វាមានភាពគ្រោះថ្នាក់ខ្លាំងណាស់ បើសិនជារដ្ឋាភិបាលនៅតែធ្វេសប្រហែស។ បញ្ហាហ្នឹង! យើងមិនអាចមើលស្រាលបានទេ គោលបំណងឈ្លានពានជាយុទ្ធសាស្ត្រទេ ទាំងការរំកិលបង្គោលព្រំដែន និងការបញ្ជូនពលរដ្ឋមករស់នៅទឹកដីខ្មែរ»។

​កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញសារាចរ​ណែនាំ​មួយដែលចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ហាម​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ជាប់​ព្រំដែន​ទាំងអស់ឱ្យបញ្ឈប់​ការ​ជួល​ឬ​លក់​ដី​នៅ​តាម​បណ្តោយ​ព្រំដែន​​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង​រួម​មាន ថៃ វៀតណាម និង​ឡាវ។

​រដ្ឋាភិបាល​បញ្ជាក់​ថា​ ដី​ស្រែ​របស់​ខ្មែរ​មួយ​ចំនួន​ពុំ​ទាន់​មាន​រៀបចំ​ឯកសារ​គតិយុត្តិ ឬ​កិច្ចសន្យា​ជួល​ត្រឹមត្រូវ​ ជាពិសេស​នៅ​តំបន់​ព្រំដែន​ខ្លះ​មិន​ទាន់​កំណត់​ខណ្ឌ​សីមា និង​​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

សារាចរពេល​នោះ​ធ្វើ​ឡើង​ក្រោយ​ពេល​​​រដ្ឋាភិបាល​សង្កេត​ឃើញ​ថា ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​បាន​ជួល​ដី​ស្រែ ចម្ការ និង​លំនៅឋាន​នៅ​តាម​ព្រំដែន ​ទៅ​ឱ្យ​ប្រជាជន​​ប្រទេស​ជិត​ខាង​ដើម្បី​បង្កបង្កើន​ផល​ដាំ​ដំណាំ និង​ធ្វើ​អាជីវកម្ម​ផ្សេងៗ ទាំងមានលិខិតកិច្ចសន្យា និងគ្មានកិច្ចសន្យាជួល។ ​

ក្រៅពី​ចេញ​សារាចរ​នោះ ​រដ្ឋាភិបាល​កម្ពុជាក៏បាន​ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាមួយ​កម្ពុជា​ ដើម្បី​សហការ និង​ហាមឃាត់​មិនឱ្យ​ពលរដ្ឋ​ខ្លួន​មក​ជួល​ដី​នៅ​តាម​ព្រំដែន​កម្ពុជាថែមទៀតផង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ