រដ្ឋាភិបាលកម្ពុជានៅតែមិនទាន់បង្ហាញពីព័ត៌មានពាក់ព័ន្ធប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ឬស្មើជិត៤៧លានលីត្រ ដែលត្រូវបានគេលួចដឹកចេញពីកម្ពុជាកាលពីពាក់កណ្ដាលឆ្នាំមុន ខណៈសង្គមស៊ីវិលថា ការបន្តបិទបាំងព័ត៌មាននេះនាំឱ្យខាតបង់ទាំងទ្រព្យសម្បត្តិជាតិ និងប៉ះពាល់ដល់កិត្តិយសក្នុងនាមប្រទេសមួយ។
ប្រេងឆៅប្រមាណ៣០ម៉ឺនបារ៉ែល (២៩៥ ០០០) ដែលស្មើជិត៤៧លានលីត្រ ហើយបើគិតជាតម្លៃប្រេងឆៅបច្ចុប្បន្នអាចមានតម្លៃទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិក បានបាត់ពីកម្ពុជា ប៉ុន្តែបន្ទាប់មកត្រូវបានរកឃើញវិញនៅក្នុងដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ី។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បដិសេធតបនឹងសំណួររបស់វីអូឌី នៅពេលសួរអំពីការវិវត្តនៃនីតិវិធីច្បាប់ដើម្បីនាំប្រេងឆៅទាំងនោះត្រលប់មកកម្ពុជាវិញ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ ហើយការឆ្លើយតបបែបនេះរបស់លោកពុំមែនជាលើកទី១នោះឡើយ។
ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ លោក ជៀប សួរ ក៏បានឆ្លើយមកកាន់វីអូឌីថាកំពុងជាប់រវល់ប្រជុំផងដែរ នៅពេលសាកសួរអំពីសំណុំរឿងប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនេះ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃទី២២ ខែមីនានេះថា បានចាត់ចែងទៅតាមយន្តការ តាមគោលការណ៍យុត្តិធម៌អន្តរជាតិ ដើម្បីទាមទារប្រេងឆៅប្រមាណ៣០ម៉ឺនបារ៉ែលនោះត្រលប់មកវិញ ដោយមិនបាននៅស្ងៀមឡើយ។
លោក ផៃ ស៊ីផាន ថា៖ «ត្បិតប្រេងហ្នឹងជាកម្មសិទ្ធិរបស់កម្ពុជា ក៏ប៉ុន្តែនាវាដែលផ្ទុកប្រេងហ្នឹងរបស់ឯកជនមួយទៀត ហើយសមត្ថកិច្ចដែលបានព័ទ្ធកប៉ាល់ដឹកប្រេងហ្នឹងជាសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ី។ ដូច្នេះយើងត្រូវនៅក្នុងយុត្តាធិការនៃដែនយុតិ្តធម៌របស់ឥណ្ឌូនេស៊ី។ យើងមិនអាចទៅធ្វើអ្វីក្រៅតែពីទៅតាមយន្តការហើយនិងនីតិវិធីរបស់យុត្តាធិការរបស់យុត្តិធម៌ឥណ្ឌូនេស៊ីនោះទេ»។
ពេលសួរថា តើប្រេងឆៅដែលបាត់អាចមានសង្ឃឹមថាយកមកវិញបានទេ? លោក ផៃ ស៊ីផាន ថានេះមិនមែនជាសមត្ថកិច្ចរបស់លោកទេ តែជាតួនាទីរបស់ក្រសួងរ៉ែ និងថាមពល ហើយនិងក្រសួងការបរទេស ក្នុងការសម្របសម្រួល និងធ្វើការតតាំងផ្នែកច្បាប់ប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរឥណ្ឌូនេស៊ី។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះថា រដ្ឋាភិបាលមិនដែលបិទបាំងព័ត៌មាន ខណៈរឿងនេះក៏មិនមែនជារឿងរសើបអ្វីនោះដែរ។ លោកថា ពេលកើតរឿង រដ្ឋាភិបាលបានប្រកាសឱ្យប្រទេសជិតខាងដូចជាថៃ ឱ្យជួយស្វែងរកព័ទ្ធកប៉ាល់ដឹកប្រេង រហូតដល់កប៉ាល់បានចេញពីតំបន់ដែនទឹកអន្តរជាតិចូលទៅឥណ្ឌូនេស៊ី ហើយឃាត់កប៉ាល់នោះបានថែមទៀតផង។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងថា សង្គមស៊ីវិលមិនបានដឹងពីមូលហេតុពីក្រោយភាពជាប់គាំងនៃនីតិវិធីក្នុងការដោះស្រាយយកប្រេងឆៅកម្ពុជារាប់ម៉ឺនបារ៉ែលមកវិញទេ។ យ៉ាងណា លោកថា ការដែលប្រេងឆៅជាសម្បត្តិជាតិ ត្រូវបានគេដឹកចេញទៅទាំងកប៉ាល់ជាច្រើនខែនេះ នៅតែធ្វើឱ្យពលរដ្ឋមិនស្ងប់ចិត្ត និងចង់ដឹងចង់ឮពីលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការយកត្រលប់មកវិញ។
លោក ពិសី ចង់ឃើញរដ្ឋាភិបាលបញ្ចេញព័ត៌មានពីនីតិវិធីថា ពេលនេះរដ្ឋាភិបាលកំពុងឈរនៅចំណុចណានៃការដោះស្រាយវិវាទជាមួយអ្នកពាក់ព័ន្ធ ដើម្បីឱ្យពលរដ្ឋបានដឹងនិងបាត់មន្ទិលសង្ស័យខ្លះ។
លោក ប៉ិច ពិសី ទទួលស្គាល់ថា រឿងនេះស្មុគស្មាញ តែរដ្ឋាភិបាលនៅតែអាចជំរុញការយកសម្បត្តិជាតិនេះមកវិញបាន ដោយគ្រាន់តែត្រូវការឆន្ទៈនិងការពុះពារ។
លោកថា ការបណ្ដោយឱ្យប្រេងឆៅទាំងកប៉ាល់ត្រូវគេដឹកចេញយ៉ាងស្រួលនេះ ឆ្លុះបញ្ចាំងពីកម្សោយនៃការងាររបស់មន្ត្រីឆ្មាំសមុទ្រកម្ពុជា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជារូបនេះថា៖ «បើសិនជាយើងអត់សមត្ថភាពយកប្រេងមកវិញ អាហ្នឹងប៉ះពាល់ធ្ងន់ធ្ងរ ទីមួយ ប៉ះពាល់កិត្តិយសកម្ពុជាមួយ ដែលបានន័យថា គេលួចប្រេងហើយ អត់ដឹងធ្វើអីគេកើត។ អ៊ីចឹងខ្ញុំគិតថា ការជំរុញនីតិវិធីច្បាប់ យើងមិនទៅធ្វើអីខុសទេ។ នីតិវិធីច្បាប់ក្នុងការទាមទារយកប្រេងហ្នឹងមកវិញ ដែលជាប្រេងរបស់ជាតិរបស់យើង គឺជារឿងមួយដែលជាអាទិភាព ដើម្បីហើយយើងការពារកិត្តិយសយើងផង ហើយយើងការពារទ្រព្យសម្បត្តិដែលយើងទើបនឹងបានដំបូងគេ ហើយយើងមិនទាន់បានប្រើផង»។
លោកបន្ថែមថា កម្ពុជាខាតបង់ប្រយោជន៍ដោយសារគេលួចប្រេងឆៅនេះ ខណៈប្រេងឆៅបច្ចុប្បន្នមានតម្លៃប្រមាណ១១០ដុល្លារក្នុងមួយបារ៉ែល ពោលគឺថ្លៃជាងមុន២ដង បើធៀបនឹងតម្លៃពេលបាត់ប្រេង គឺត្រឹមជាង៦០ដុល្លារក្នុងមួយបារ៉ែល។
លោកបន្តថា៖ «លុយជារឿងមួយហើយ ប៉ុន្តែរឿងទីពីរគឺ [ទ្រព្យ] របស់យើង យើងត្រូវយកមកវិញ ហើយជាពិសេសគឺការលួចហ្នឹង វាខុសច្បាប់តែម្ដង។ អ៊ីចឹងបើយើងមិនមានលទ្ធភាពយកមកវិញទេ ដឹងថាប៉ះពាល់ម៉េចទៅដល់កិត្តិនាមរបស់យើងជាប្រទេសមួយ»។
យ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះថា បើចង់ដឹងថាតើមានករណីគប់គិតពីអាជ្ញាធរក្នុងការអនុញ្ញាតឱ្យមានការដឹកប្រេងចេញពីដែនកម្ពុជាយ៉ាងស្រួលបែបនេះ ឬយ៉ាងណានោះ លុះត្រាតែមានការស៊ើបអង្កេតឱ្យម៉ត់ចត់។
ស្ថាបនិកនៃចលនាមាតាធម្មជាតិ លោក Alex Gonzalez Davidson និយាយថា លោកមានសង្ឃឹមតិចណាស់លើរដ្ឋាភិបាលកម្ពុជា ថាអាចយកប្រេងឆៅដែលគេលួចទៅជាច្រើនខែឱ្យត្រលប់មកវិញ ដោយសារប្រេងបានបាត់ទៅយូរពេក ហើយមានក្រុមហ៊ុនជាច្រើនដែលពាក់ព័ន្ធ ខណៈមានប្រេងតែមួយកប៉ាល់ និងប្រេងផ្ទុកក្នុងកប៉ាល់យូរអាចខូចគុណភាព។
លោកថា រដ្ឋាភិបាលកម្ពុជាបានព្យាយាមបិទបាំងលាក់ព័ត៌មានពាក់ព័ន្ធប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងមិនបានបង្ហាញតម្រុយឬព័ត៌មានណាមួយក្នុងការយកមកវិញ។
យ៉ាងណា លោកថា រដ្ឋាភិបាលគួរតែចាប់ផ្ដើមនិយាយជាសាធារណៈជាមួយប្រជាពលរដ្ឋ ទទួលស្គាល់កំហុសខ្លួនឯង និងព្យាយាមធ្វើឱ្យល្អជាងមុន ដើម្បីស្ដារមុខមាត់ចំពោះមុខប្រជាជនដែលជាម្ចាស់ប្រេងឆៅ ខណៈរដ្ឋាភិបាលពុំមានសូម្បីសមត្ថភាពការពារទ្រព្យសម្បត្តិជាតិដែលមានស្រាប់។
លោក Alex ថា៖ «[ឥលូវ] យើងមិននិយាយពីអាប៉ុន្មានបារ៉ែល [ដែលបាត់ទៅ] ទេ! យើងនិយាយពីវិស័យប្រេងកាត ដែលរដ្ឋាភិបាលធ្លាប់ប្រកាស [ថា]មានរាប់លានបារ៉ែល [ហើយ] កម្ពុជាអាចចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំ។ តើក្រោយពីមានបញ្ហាហ្នឹងកើតឡើង តើវាសនានៃវិស័យប្រេងកាតនៅកម្ពុជា គឺយ៉ាងម៉េច?»
ស្ថាបនិកនៃចលនាមាតាធម្មជាតិរូបនេះថា អាជីវកម្មយ៉ាងអនាធិបតេយ្យលើធនធានធម្មជាតិរយៈពេល៣០ឆ្នាំកន្លងមក ពលរដ្ឋទទួលផលប្រយោជន៍តិចណាស់។ ចំណែកក្រុមហ៊ុន និងអ្នកនយោបាយបានផលចំណេញច្រើន ដែលមិនអាចប្រកែកបាន ជាក់ស្ដែងដូចជាអាជីវកម្មរ៉ែខ្សាច់នៅតាមទន្លេមេគង្គ និងព្រែកកោះកុង ជាដើម។ លោកថា រដ្ឋាភិបាលបរាជ័យក្នុងការគ្រប់គ្រងធនធានរ៉ែដោយគណនេយ្យភាពជូនពលរដ្ឋ ខណៈអំពើពុករលួយកើតឡើងជាប្រព័ន្ធ។
កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុន គ្រីស អែនណឺជី ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានប្រកាសពីការក្ស័យធនរបស់ខ្លួនដោយសារជាប់បំណុល និងថាប្រេងដែលបូមបាននៅប្លុកអេ(A)នេះមានចំនួនតិចតួច មិនគ្រប់គ្រាន់ដូចការរំពឹងទុក។
នៅខែមិថុនាដដែលនោះ ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះក៏បាត់ដំណឹងពីកម្ពុជា។ ក្រោយមក នៅខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួនបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos ដែលមានផ្ទុកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងមាននាវិកនៅលើកប៉ាល់នោះជាង១០នាក់ផងដែរ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មានមួយជុំវិញបច្ចុប្បន្នភាពនាវា MT Strovolos និងក្រុមនាវិកដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីដែលរដ្ឋាភិបាលចោទថាបានលួចប្រេងឆៅរបស់កម្ពុជា។
ក្រសួងរ៉ែ អះអាងថា ប្រេងឆៅទាំងអស់នោះ គឺជាទ្រព្យសម្បត្តិរបស់កម្ពុជា គ្រប់ពេលវេលាទាំងអស់ ហើយការលួច ឬការរំលោភបំពានកម្មសិទ្ធិលើប្រេងឆៅដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្ខពួករបស់គេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា៕