ប្រេសិតពិសេសរបស់ប្រធានអាស៊ានប្ដូរវេន ថ្លែងថា អាស៊ានពិបាកធ្វើការសម្របសម្រួលរឿងវិបត្តិនៅមីយ៉ាន់ម៉ា ដោយសារតែឆន្ទៈរបស់អ្នកនយោបាយក្នុងប្រទេសនោះនៅតែមានចិត្តមានៈចង់ឈ្នះរៀងៗខ្លួន។
ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃពុធនេះ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចំនួន៣ថ្ងៃកន្លងមកនេះ ជាការសន្និដ្ឋាន ការវាយតម្លៃរបស់អង្គទូត និងអ្នកជំនាញការជាទូទៅ បានឱ្យដឹងថា បញ្ហានៅមីយ៉ានម៉ានេះមិនមានដំណោះស្រាយឆាប់រហ័សនោះទេ ខណៈជម្លោះច្បាំងគ្នា រវាងក្រុមយោធា និងក្រុមជនជាតិប្រដាប់អាវុធក្នុងប្រទេសនេះ បានកើតឡើងជិត៧០ឆ្នាំមកហើយ មិនមែនទើបតែកើតឡើងនាពេលបច្ចុប្បន្ននេះទេ។
ករណីនេះ លោក ប្រាក់ សុខុន បង្ហាញការព្រួយបារម្ភ និងបង្ហាញពីផលវិបាកក្នុងការជួយរកដំណោះស្រាយជូនប្រទេសមីយ៉ាន់ម៉ាដែលកំពុងធ្លាក់ក្នុងភ្នក់សង្គ្រាមដ៏រ៉ាំរ៉ៃនេះ។
លោកមានប្រសាសន៍ថា៖ «ជាការសន្និដ្ឋាន ការវាយតម្លៃរបស់អង្គទូត និងអ្នកជំនាញការជាទូទៅ វាជាការច្បាស់ណាស់ថា តួអង្គនយោបាយផ្សេងៗរបស់មីយ៉ាន់ម៉ានៅមិនទាន់រៀបចំខ្លួនដើម្បីការចរចានេះទេ ដែលនេះជាការពិបាកបំផុត ពេលដែលយើងចង់ផ្សះផ្សាដៃគូដែលមិនចង់ផ្សះផ្សា គឺជាការពិបាកបំផុត»។
លោកបន្ថែមថា៖ «ឆ្លងតាមការពិភាក្សា ការស្ដាប់មតិ ការផ្លាស់ប្ដូរយោបល់ ២ថ្ងៃកន្លងទៅនេះ ឃើញថា ភាគីពាក់ព័ន្ធទាំងនោះនៅតែបន្តតាំងចិត្តខ្ពស់ក្នុងការបន្តតស៊ូគ្រប់រូបភាព ពិសេសដោយអាវុធ មានន័យថា នៅតែមានបំណងនិងគោលដៅកម្ចាត់គ្នាទៅវិញទៅមក»។
ទោះយ៉ាងណា លោក ប្រាក់ សុខុន បញ្ជាក់ថា លោកបាននិងកំពុងតែព្យាយាមរកចំណុចតភ្ជាប់ និងលទ្ធភាពដោះស្រាយនានាដែលប្រកបដោយភាពអត់ធ្មត់ ក្នុងការស្វែងរកចំណុចតភ្ជាប់ទាំងឡាយ ដែលអាចឈានទៅរកដំណោះស្រាយ ដើម្បីការផ្លាស់ប្ដូរបែបប្រជាធិបតេយ្យ នឹងនាំឱ្យប្រទេសមីយ៉ាន់ម៉ាវិលត្រលប់មកក្រុមគ្រួសារប្រទេសអាស៊ានវិញ ដោយពេញមុខពេញមាត់ នាពេលឆាប់ៗខាងមុខនេះ។
ក្នុងដំណើរទស្សនកិច្ចនោះ លោកក៏បានស្នើភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាបន្តការអត់ធ្មត់ជាអតិបរមាចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងប្រទេសនេះ ខណៈលោកថា ស្ថានភាពនៅមីយ៉ាន់ម៉ានៅតែមានការផ្ទុះអាវុធនិងហិង្សាជាបន្តបន្ទាប់ ដោយនៅមិនទាន់អនុវត្តបទឈប់បាញ់នៅឡើយ។
ប្រេសិតពិសេសប្រធានអាស៊ានរូបនេះ ក៏បានស្នើមេដឹកនាំយោធាមីយ៉ាន់ម៉ាបង្កើតច្រករបៀងមនុស្សធម៌សម្រាប់ប្រជាជនរបស់ខ្លួនផងដែរ ខណៈពលរដ្ឋមីយ៉ាន់ម៉ាកំពុងជួបការលំបាកក្នុងជីវភាព ដោយសារអស្ថិរភាពនយោបាយក្នុងប្រទេសនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្វើដំណើរទៅកាន់ប្រទេសនេះ ដើម្បីស្វែងរកដំណោះស្រាយ តបតាមកុងសង់ស៊ីស៥ចំណុចរបស់អាស៊ានផងដែរ ក្រោយពីរបបសឹកមួយនេះធ្វើរដ្ឋប្រហារដណ្ដើមអំណាចគណបក្សឈ្នះឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវបានគេផាត់ចេញពីកិច្ចប្រជុំកំពូលអាស៊ាន។ ប៉ុន្តែរហូតមកដល់ចុងខែមីនា ឆ្នាំ២០២២ វិបត្តិនៅមីយ៉ាន់ម៉ានៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ ។
សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា៖ «បញ្ហាសំខាន់ ខាងរដ្ឋាភិបាលស៊ីវិល គឺពលរដ្ឋនៅភូមាមានសិទ្ធិស្របច្បាប់ពេញលេញ។ ដោយឡែក យោធា [ពលរដ្ឋ] គាត់មិនឱ្យតម្លៃ។ អ៊ីចឹងកម្ពុជាគួរតែឈរលើគោលការណ៍រួមនៃរដ្ឋាភិបាលយោធា និងរដ្ឋាភិបាលស៊ីវិល ធ្វើការជំរុញសម្របសម្រួល ឬក៏ការចរចា»។
លោកបន្តថា៖ «ទាមទារជួបទាំងរដ្ឋាភិបាលស៊ីវិល ទាំងរដ្ឋាភិបាលស្រមោល ដែលយើងហៅថា រដ្ឋាភិបាលយោធាហ្នឹង ជជែកគ្នា ហើយត្រូវរកចំណុចរួមសំខាន់ គឺបញ្ឈប់បទឈប់បាញ់ អនុវត្តបទឈប់បានឱ្យបានសិន។ ការជជែកចរចាផ្នែកការទូតនៅតែជាយន្តការចាំបាច់ បើកម្ពុជាដោះស្រាយបាន ជាមុខមាត់ ជាការលេចធ្លោរបស់កម្ពុជាហើយ»។
វិបត្តិផ្ទៃក្នុងមីយ៉ាន់ម៉ា ឬភូមា បានកើតឡើងកាលពីដើមឆ្នាំ២០២០ ក្រោយមេដឹកនាំយោធា លោក មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងចាប់ខ្លួនលោកស្រី អ៊ុងសាន សូជី ដែលឈ្នះការបោះឆ្នោត និងជាតំណាងឱ្យអ្នកប្រជាធិបតេយ្យនៅប្រទេសនេះ។ វិបត្តិនយោបាយក្នុងប្រទេសនេះបានបង្កទៅជាសង្គ្រាមផ្ទៃក្នុងអូសបន្លាយជាង១ឆ្នាំមកហើយ ថែមទាំងបានសម្លាប់ពលរដ្ឋស៊ីវិលរាប់ពាន់នាក់ថែមទៀតផង។
យ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់កម្ពុជា-ជប៉ុន កាលពីថ្ងៃទី២០ ខែមីនានេះ បានជំរុញឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាត្រូវអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុចរបស់អាស៊ាន ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។
កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ស្ដីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ រួមមាន តម្រូវឱ្យរបបយោធាភូមាបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។ បន្ថែមពីនេះ ការចាប់ផ្ដើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ដោយឡែក ចំណុចទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួលនៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ហើយអាស៊ានត្រូវផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារផងដែរ៕