លោក ហ៊ុន សែន បញ្ជា​កងទ័ព​និង​នគរបាល​ប្រើ​ឧទ្ធម្ភាគចក្រ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យកងទ័ពនិងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បង្ក្រាប​​បទ​ល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅ​​កងទ័ពនិងកង​កម្លាំង​នគរបាលប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ពីលើអាកាសផងដែរ ប្រសិនបើជនទុច្ចរិត​តដៃ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ប៉ុន្មានអាទិត្យនេះ ខ្ញុំតាមដានដោយយកចិត្តទុក​ដាក់​​បំផុត ក្រុមអ្នកស៊ើបអង្កេតនិងសិក្សា គាត់មិនមែនជំនាញ មិនមែនជានគរបាលយុត្តិធម៌ទេ អ៊ីចឹងគាត់អត់មានសិទ្ធិចាប់ទេ បញ្ជូនអាព័ត៌មានហ្នឹងមកឱ្យខ្ញុំ ខ្ញុំបានបញ្ជូនទៅឱ្យអភិបាលខេត្ត រហូតដល់អភិបាលខេត្តយើងថាចាប់អត់បាន ព្រោះពួកវាលឿនពេក ទេ! លឿនប៉ុន្មាន? យើងដាក់ឧទ្ធម្ភាគចក្រក្បែរហ្នឹងទាំងអស់ បាញ់ពីលើតែម្ដង តើវាទៅណាមនុស្សហ្នឹង! ខេត្តពោធិ៍សាត់! ក្រោយមក ទើបចាប់បាន តែខេត្តដទៃទៀតនៅតែចាប់មិនបាន»។

ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាឱ្យទូរទស្សន៍ជាតិកម្ពុជា (ទទក) ចាក់ផ្សាយនូវប្រសាសន៍​​របស់លោកជុំវិញបទបញ្ជាឱ្យបិទឡូត៍នេសាទនៅលើបឹងទន្លេសាប កាលពីឆ្នាំ២០១២ ឡើងវិញផងដែរ។ លោកថា លោកមិនគាំទ្រឡើយចំពោះការស្នើឱ្យមានការបើកឡូត៍នេសាទឯកជនឡើងវិញ ព្រោះវាជាមូលហេតុនៃជម្លោះរបស់ប្រជានេសាទជិត១០០ឆ្នាំមកនេះ។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកើតឡើង ​ក្រោយពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច កាលពីថ្ងៃទី៧ ខែមីនា បានរកឃើញបទល្មើសនេសាទទ្រង់​ទ្រាយ​ធំនៅលើបឹងទន្លេសាទ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដោយជនល្មើសជាជនជាតិវៀតណាមបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ឆក់ត្រជាក់ (យ៉ាំងកាវ) ឆក់ក្ដៅ ឈិបយន្ត និងឆក់ទូកលឿន ដែលបានបំផ្លាញមច្ឆជាតិទាំងតូចទាំងធំ ទាំងត្រីមានស្រកា និងត្រីអត់ស្រកា ផងដែរ។

ក្រោយការរកឃើញបទល្មើសនេះ អាជ្ញាធរបានឃាត់ខ្លួនជនល្មើសជាជនជាតិវៀតណាមចំនួន១០នាក់បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែមីនានេះ ដើម្បីចាត់វិធានការច្បាប់។

អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ បានថ្លែងថា លោកនឹងគោរពតាមបទបញ្ជារបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានកត់សម្គាល់ថា បទល្មើសនេសាទភាគច្រើនកើតឡើងនៅពេលយប់ ដែលពិបាកក្នុងការបង្ក្រាប។

លោក ជាវ តាយ ថ្លែងថា៖ «ខ្ញុំបានទទួលបទបញ្ជានិងការណែនាំរបស់សម្ដេចតាំងពីមុនហ្នឹងម៉្លេះ ហើយយើងបានអនុវត្តរួចហើយ ហើយយើងនឹងបន្តអនុវត្តទៀត ដើម្បីទប់ស្កាត់កុំឱ្យមានការចាប់ត្រី ឬបទល្មើសនេសាទហ្នឹងបន្តទៀត ហើយយើងនឹងចាប់បញ្ជូនទៅតុលាការដូចករណីថ្មីៗទៀត»។

ប្រធានអង្គការសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត គាំទ្រ​​ប្រសាសន៍លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធមានវិធានការក្ដៅលើបទល្មើសនេសាទនៅបឹងទន្លេសាបនេះ។ លោកថា ប្រសិនមន្ត្រីក្រោមឱវាទអនុវត្តនូវបទបញ្ជារបស់នាយករដ្ឋមន្ត្រី បទល្មើសនេសាទនៅបឹងទន្លេសាបនឹងកាត់បន្ថយ ហើយត្រីនឹងសម្បូរឡើង​វិញ។

លោកបន្ថែមថា៖ «ខ្ញុំក៏ដូចជាបងប្អូនប្រជានេសាទដែរ ប្រសិនបើលោក [ហ៊ុន សែន] ធ្វើខ្លាំងអ៊ីចឹងទៅ វានឹងធ្វើឱ្យបទល្មើសនេសាទក្នុងបឹងទន្លេសាបនឹងថយដែរ។ អ៊ីចឹង​សង្ឃឹម​​ថា ធនធានមច្ឆជាតិនៅបឹងទន្លេសាបហ្នឹង វាបានល្អប្រសើរឡើងវិញដែរ ព្រោះត្រីបឹងទន្លេសាបមានការថយចុះខ្លាំងណាស់ប៉ុន្មានឆ្នាំចុងក្រោយនេះ»។

ចំណែកប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ហាក់មានជំនឿតិចតួចចំពោះបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីនេះ។ លោកថា កន្លងទៅ លោក ហ៊ុន សែន បានដាក់បទបញ្ជាច្រើន ដូចជា រឿងបង្ក្រាបបទល្មើសព្រៃឈើ ជាដើម ប៉ុន្តែការអនុវត្តរបស់មន្ត្រីក្រោមឱវាទ មានប្រសិទ្ធភាពតែរយៈពេលខ្លីនៅពេលលោកមានប្រសាសន៍តែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ខ្ញុំយល់ការអន្តរាគមន៍អាចនឹងមាននៅក្នុងអំឡុងពេលមានបទបញ្ជាភ្លាមៗនេះ។ ខ្ញុំថាការអនុវត្តបទបញ្ជាគួរតែមានការអនុវត្តរយៈពេលវែង ចាប់តាំងពីការបើករហូតដល់ការបិទបញ្ជប់ហ្នឹង គួរតែមានរបាយការណ៍ច្បាស់លាស់ពីប្រសិទ្ធភាព។ យ៉ាងណា ខ្ញុំយល់ថា កម្ពុជាយើងមានច្បាប់ជាក់លាក់ហើយ ការអនុវត្តបញ្ជាគឺជារឿងម្ដងម្កាល វារឿងត្រឹមត្រូវ ប៉ុន្តែដើម្បីការពារធនធានមច្ឆជាតិឱ្យបាននិរន្តរភាពទៅ គួរតែពង្រឹងការអនុវត្តច្បាប់ជាប្រចាំ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបផងដែរ ក្នុងនោះ អាជ្ញាធរបានប្រមូលដីព្រៃលិចទឹកបានជាង៦ម៉ឺនហិកតាមកវិញ។ លោកនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាហាមផ្ដាច់មិនឱ្យមានសកម្ម​ភាពទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបឡើងវិញនោះឡើយ និងត្រូវដាំដើមឈើ​ព្រៃលិចទឹក​ឡើង​វិញផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ