សកម្មជន​ដីធ្លី​ស្នើ​តុលាការ​កំពូល​ទម្លាក់​បទចោទ ដោយថា​ខ្លួន​មិន​ពាក់ព័ន្ធ​បក្សនយោបាយ

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល កាលពីពេលកន្លងទៅ។

សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូង​​​ឃ្មុំ ស្នើទៅ​តុលាការ​កំពូលទម្លាក់​បទ​ចោទ​ប្រកាន់ ដោយ​ថា ការសម្រេច​របស់តុ​លាការថ្នាក់ក្រោមជារឿងអយុត្តិធម៌ ដោយ​សារ​បទ​ចោទ​ប្រកាន់​លើ​រូប​លោក​ភ្ជាប់​ជាមួយនឹង​រឿង​នយោបាយ។

ការស្នើរបស់តំណាងសហគមន៍ដីធ្លី​ស្រែប្រាំង ​ខេត្ត​ត្បូងឃ្មុំ នាថ្ងៃនេះ ធ្វើឡើងអំឡុងពេល​តុលាការ​កំពូលបើក​សវនាការ​លើ​សំណុំរឿ​ង «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ​សង្គម» ដោយមានជនជាប់ចោទសរុបចំនួន​៧នាក់។

ក្នុងចំណោមជនជាប់ចោទទាំង៧នាក់ មានសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លី ប៉ុន្តែ​សវនាការនា​​ព្រឹក​នេះ អវត្តមាន​ជនជាប់ចោទ៦នាក់ ដោយមានវត្តមានតែលោក សែម ចំណាន ដែលជាសកម្មជនដីធ្លីស្រែប្រាំង​ នៅស្រុកតំបែរ ប៉ុណ្ណោះ​។

ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ទឹកប៊ិច សកម្មជនដីធ្លី លោក សែម ចំណាន ប្រាប់​ទៅប្រធាន​ក្រុមប្រឹក្សាជំនុំ​ជម្រះ​នៃតុ​លាការកំពូល លោក សឹង បញ្ញាវុឌ្ឍ ថា​មូលហេតុដែលរូប​គាត់​ប្ដឹង​សាទុក្ខ ដោយ​សារ​ការ​ចោទ​និង​ការផ្ដន្ទាទោស​ឱ្យគាត់​ជាប់​ពន្ធនាគារ​រ​ហូត​ដល់១ឆ្នាំ និង​ពិន័យជា​​ប្រាក់ចំនួន​២លាន​រៀល​ ​ជា​រឿងអយុត្តិ​ធម៌ ខណៈ​ដែល​គាត់​មិន​បាន​ប្រព្រឹត្តបទល្មើស​ដូចការ​ចោទ​ប្រកាន់​ឡើយ។

លោកថា៖ «ការកាត់ទោស១ឆ្នាំ ពិន័យ​​ជា​ប្រាក់​ ទាំង​ដែល​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​និងចូលរួមអ្វីទាំងអស់ វាអយុត្តិធម៌​សម្រាប់​ខ្ញុំ ទើបខ្ញុំប្ដឹង​មក​តុលាការកំពូល​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ»។

លោក លី សុចិត្រា មេធាវីការពារក្ដីឱ្យសកម្មជនដីធ្លី​ ឈ្មោះ សែម ចំណាន​ បានលើកឡើងក្នុងសវនាការ​ថា ការ​ផ្ដន្ទាទោស​​លើ​​កូនក្ដីជា​រឿង​អយុត្តិធម៌ ដោយសារ​កូនក្ដីរបស់​លោក​មិន​បាន​រៀប​ចំនិង​ចូល​រួម​ធ្វើបាតុកម្មនៅមុខស្ថានទូតចិន ដូច​តុលាការថ្នាក់ក្រោមចោទប្រកាន់ឡើយ។

លោកចាត់ទុកការចោទប្រកាន់នេះថាជារឿងមិនត្រឹមត្រូវ ដោយសារកូ​នក្ដីរបស់លោកជាអ្នករងគ្រោះ​រឿង​ដីធ្លី មិន​ដែល​ជាប់​ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែបែរជាតុលាការថ្នាក់ក្រោមយករឿង​កូនក្ដីរបស់លោក​មកភ្ជាប់ជាមួយនឹងរឿងនយោបាយទៅវិញ។ ករណី​នេះ លោកស្នើទៅប្រធានក្រុមប្រឹក្សាតុលាការកំពូល ទម្លាក់បទចោទប្រកាន់ និងដោះលែងកូនក្ដីឱ្យមានសេរីភាពវិញ។

លោកថា៖ «គាត់ [សែម ចំណាន​] អត់​មាន​ចូល​រួម​បាតុកម្ម​ទេ ព្រោះថ្ងៃ​កើត​ហេតុ គាត់​នៅ​ធ្វើ​សំណង់ ហើយ​ការ​ចោទប្រកាន់​ក៏​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​កូនក្ដីដែរ។ ការចោទប្រកាន់លើកូនក្ដី វាជារឿងមិនត្រឹមត្រូវសោះ យក​រឿង​គាត់​មក​ភ្ជាប់ជាមួយ​រឿង​នយោបាយ​ទៅវិញ»។

ក្រោយពីសវនាការជិត១​ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ បានសម្រេចប្រកាសសាលដីកានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ចាត់ទុកការកាត់ទោស​សកម្មជនដីធ្លីឱ្យ​ជាប់​ពន្ធនាគារ ដោយភ្ជាប់ជាមួយនឹងរឿងនយោបាយ ថាជាការគំរាមកំហែង ខណៈពួកគាត់សកម្មក្នុងការតស៊ូមតិទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លី។

លោកថា៖ «ការតស៊ូ​មតិបណ្ដាលមកពីបញ្ហាក្រពះ​ និងគ្មានដីសម្រាប់ធ្វើស្រែចម្ការ ដោយសារ​អាជ្ញាធរ​មិន​​បាន​យក​ចិត្តទុក​ដាក់​ដោះ​ស្រាយ​។ ការចោទប្រកាន់ពីបទ “ញុះញង់” ដោយគ្រាន់តែប្រជាពលរដ្ឋប្រើប្រាស់​សិទ្ធិជាមូលដ្ឋាន​ក្នុងការបញ្ចេញមតិ និងចូលរួមក្នុងការបង្កើត​សមាគម​សហជីពអីហ្នឹង គឺមានចែងនិង​ធានាក្នុងរដ្ឋធម្មនុញ្ញ​ ក៏ដូចជាច្បាប់​ជាតិនិងអន្តរជាតិផ្សេងៗដែរ មិនមែនឱ្យតែធ្វើការងារសង្គម គិតតែចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គមទេ»។

ជនជាប់ចោទចំនួន៧នាក់ ក្នុងសំណុំរឿង «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នេះ រួមមាន​​ឈ្មោះ ផុន សុផល, ម៉ក់ សំអាន, ព្រៅ ចាន់ធឿន, ខន ទន, អ៊ុំ យ៉េត​, ស៊ូ យាន និង សែម ចំណាន។ ប៉ុន្តែក្នុងចំណោមពួកគេទាំង៧នាក់ គឺមាន​​ជនជាប់ចោទ​ចំនួន​៦នាក់ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​ពួក​គេបានអនុវត្តទោសគ្រប់១ឆ្នាំ ខណៈលោក សែម ចំណាន មិន​ទាន់ត្រូវបានដោះលែងនៅឡើយ ដោយសារ​រូបលោកមានជាប់ចោទក្នុងសំណុំរឿងដីធ្លីមួយទៀត។

លោក សែម ចំណាន ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ ចេញសាលក្រមសម្រេចផ្ដន្ទាទោសដាក់​ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់​ទោស ប្រើ​ប្រាស់​អាវុធ» កាល​ពីខែ​មិថុនា ឆ្នាំ២០២០ ពាក់​ព័ន្ធនឹងរឿងតវ៉ាដីធ្លី។ ក្រោយ​ពី​មាន​ការសម្រេចនេះ មេធាវីការពារក្ដីបានប្ដឹងសាទុក្ខសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធណ៍សម្រេចឱ្យលោកអនុវត្តទោសក្នុងពន្ធនាគារ២ឆ្នាំវិញ។

តំណាង​សហគមន៍ស្រែប្រាំង នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម ចំណាន ត្រូវ​បានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ហើយ​បានបញ្ជូនមកកាន់ពន្ធនាគាខេត្តត្បូងឃ្មុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ