ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើរបស់លោក កឹម សុខា ដែលស្នើសុំទៅចូលរួមកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ខាងមុខនេះ ដោយឱ្យចូលរួមតាម Online វិញ។
មេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ចាន់ ចេន បានប្រាប់អ្នកកាសែតនៅក្រោយសវនាការនៅថ្ងៃពុធនេះថា លោក សោកស្តាយចំពោះសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ទុកថា ធ្វើឱ្យខាតបង់ប្រយោជន៍សម្រាប់ពិភពលោក និងសម្រាប់កម្ពុជាផងដែរ។
បើតាមការបញ្ជាក់ពីលោកមេធាវី ចាន់ ចេន ឱ្យដឹងថា លោក កឹម សុខា ត្រូវបានអង្គការ Global Solutions Summit អញ្ជើញឱ្យទៅធ្វើជាវាគ្មិននៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន G7 និង G20 ដែលមានកិច្ចពិភាក្សាមួយ ស្តីពី ការប្រឈមនានាជាសកល។
គួជំរាបជូនថា នៅថ្ងៃទី២៣ ខែមីនានេះ គឺជាសវនាការជុំទី៣៤ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងលោក កឹម សុខា។ ក៏ប៉ុន្តែមេធាវីលោក កឹម សុខា គឺលោក ចាន់ ចេន បានឱ្យដឹងថា គិតមកទល់នឹងពេលនេះ តុលាការមិនមានភស្តុតាងដើម្បីដាក់បន្ទុកលើលោក កឹម សុខា នៅឡើយទេ៕