ប្រភព​ស្និទ្ធ​នឹង​លោក ពូទីន មួយរូប​ថ្លែងថា អាមេរិក​កំពុង​តែ​ព្យាយាម​បំផ្លាញ​រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ធ្វីតទ័រ៖ President of Russia)

ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មួយរូប បានឱ្យដឹងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកមានគោលបំណងបំបាក់មុខមាត់ បែង​ចែក និងបំផ្លាញប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ទោះជាយ៉ាងណា​​​​ ប្រភពខាងលើនេះបានប្ដេជ្ញាថា ប្រទេសរបស់ខ្លួននឹងមិនអនុញ្ញាតឱ្យមានករណីនេះកើត​ឡើងនោះទេ។

លោក Dmitry Medvedev ដែលធ្លាប់ទទួលបានតំណែងជាប្រធានាធិបតីចាប់ពីឆ្នាំ​២០០៨ ដល់​ឆ្នាំ២០១២ និង​បច្ចុប្បន្ន​​ ជាអនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ឱ្យដឹងផងដែរថា ការសម្រេចបាននូវគោលបំណងរបស់អាមេរិកយ៉ាងដូច្នេះ អាច​នឹង​មាន​លទ្ធផលមហន្តរាយសម្រាប់​ពិភពលោកទាំងមូល។

លោកបានបន្តឱ្យដឹងនៅក្នុងសារ​ដែលត្រូវ​បានបង្ហោះនៅលើប្រព័ន្ធតេឡេក្រាមថា៖ «ប្រទេសរុស្ស៊ី នឹងមិនអនុញ្ញាតឱ្យមានការវិវត្តបែបនេះ​កើតឡើងជាដាច់ខាត»។

គិតរហូតមកដល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលមកដល់សប្ដាហ៍ទី៤​ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់រយនាក់​បាន​ស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរ​បាក់​បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរមួយ ហើយ​មនុស្ស​រាប់​លាន​នាក់​ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានប្រទេស​លោកខាងលិច​ចាត់ទុកថា ជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ