ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN នៅថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឱ្យដឹងថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីកំណត់ថា ប្រទេសនេះនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានបញ្ជូនកងកម្លាំងរបស់ខ្លួនចូលទៅឈ្លានពានអ៊ុយក្រែនអស់រយៈពេលជិត៤សប្ដាហ៍នេះ ត្រូវបានធ្វើឡើងស្របពេលដែលបណ្ដាប្រទេសលោកខាងលិចមានការព្រួយបារម្ភថា ការប៉ះទង្គិចរវាងប្រទេសទាំង២អាចនឹងវិវត្តទៅជាសង្រ្គាមនុយក្លេអ៊ែរ។
នៅក្នុងបទសម្ភាសន៍ដដែលនេះ លោក Dmitry Peskov ក៏បានឆ្លើយតបទាក់ទិននឹងសំណួរថាតើរូបលោកប្រាកដថាលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬយ៉ាងណាផងដែរ។
លោកថា៖ «យើងមានគោលគំនិតមួយដែលទាក់ទងនឹងសន្តិសុខក្នុងតំបន់ ហើយវាត្រូវបានបង្ហាញជាសាធារណៈ ដែលអ្នករាល់គ្នាអាចស្វែងយល់ពីហេតុផលទាំងឡាយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ដូច្នេះ ប្រសិនបើវាមានជាការគំរាមកំហែងណាមួយដល់អត្ថិភាពសម្រាប់ប្រទេសរបស់យើង នោះវា [អាវុធនុយក្លេអ៊ែរ] អាចនឹងត្រូវបានប្រើប្រាស់ស្របទៅតាមស្ថានភាពជាក់ស្ដែង»។
រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយលោក វ្លាឌីមៀរ ពូទីន ខណៈដែលប្រធានាធិបតីរុស្ស៊ីរូបនេះក៏ធ្លាប់បានបញ្ជាដាក់អាវុធនុយក្លេអ៊ែរប្រទេសរបស់លោកឱ្យស្ថិតក្នុងការត្រៀមខ្ពស់ផងដែរ៕












