UPDATED៖ តុលាការ​បដិសេធ​សំណើ​លោក កឹម សុខា ដែល​ស្នើ​ទៅ​ចូលរួម​ប្រជុំ​កម្រិត​ពិភពលោក​នៅ​អាល្លឺម៉ង់

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបដិសេធសំណើរបស់ប្រធានគណបក្សសង្រ្គោះជាតិដែល​​ត្រូវបានតុលាការកំពូលរំលាយ ដែល​ស្នើសុំទៅចូលរួ​ម​កិច្ចប្រជុំ​កម្រិត​​​ពិ​ភព​លោក ដែល​រៀប​ចំ​ឡើង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ នៅដំណាច់ខែមីនាខាងមុខនេះ។

លោកមេធាវី ចាន់ ចេន សហមេធាវីការពារក្ដីរបស់​លោក កឹម សុខា បាន​ថ្លែងនៅមុខ​សាលាដំបូង​​​រាជ​ធា​នី​​ភ្នំពេញ ក្រោយបញ្ចប់សវនាការ​នៅព្រឹកថ្ងៃពុធនេះថា ក្រុ​ម​​​​មេធាវី​បាន​​​ដាក់​​​លិ​ខិត​​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​នៃសាលាដំ​​បូង​​រាជធានីភ្នំពេញ កាលពីថ្ងៃទី​​២១ ខែ​មី​​​​នា ក្រោយ​​​ពី​​អង្គការ Global Solutions Summit បានស្នើសុំលោក កឹម សុខា តាម​រយៈ​​ក្រសួង​​ការ​​បរទេស​​កម្ពុជា កាល​ពីថ្ងៃទី​២២ ខែ​កុម្ភៈ ធ្វើជាវាគ្មិនស្ដីពីដំណោះស្រាយសកល និង​​ការ​​ប្រ​​ឈ​ម​ន​​យោ​​បាយ​​សកល រួម​ទាំង​បញ្ហា​សិទ្ធិ និងសេដ្ឋកិច្ច។

លោក​បន្តថា ជាការឆ្លើយតប មួយថ្ងៃបន្ទាប់ពីទទួលបានលិខិតអញ្ជើញ​ពីអង្គការ Global Solutions Summit ក្រសួងការបរទេសកម្ពុជា​​បានបញ្ជូនបញ្ហារបស់លោក កឹម សុខា ទៅ​​ឱ្យ​​តុលាការ​​ជាអ្នកទទួល​​ខុស​​ត្រូវវិញ ដោយសារ​​​លោក កឹម សុខា នៅ​ជាប់​បម្រាម​របស់​តុលា​ការ ដែល​​មិនអាចចេញ​​ទៅក្រៅ​​ប្រទេស​​បាន​។

ប៉ុន្តែលោកថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេច​នៅ​ព្រឹកថ្ងៃទី​២៣ ខែ​មីនានេះ ដោយមិនអនុញ្ញាត​ឱ្យ​លោក កឹម សុខា ទៅចូលរួម​កិច្ចប្រជុំនេះនៅប្រទេស​អាល្លឺម៉ង់​ដោយ​ផ្ទាល់​​ទេ ប៉ុន្តែ​តុលាការ​​បើក​ផ្លូវ​ឱ្យ​​​លោក កឹម សុខា អាចចូលរួមកិច្ចប្រជុំកម្រិត​ពិភពលោកនេះ​តាមប្រព័ន្ធ​អនឡាញ (Online) បាន។

លោកមេធាវី ចាន់ ចេន បាន​ចាត់ទុក​សេចក្ដីសម្រេច​រប​ស់​​ក្រុម​ប្រឹក្សា​​ជំនុំ​ជម្រះ​នេះ ថា​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​សម្រាប់​ពិភព​លោក និង​​កម្ពុជានោះទេ។ ផ្ទុយទៅវិញ លោកថា ការ​បិទ​ផ្លូវ​លោក កឹម សុខា មិនឱ្យទៅចូលរួម​​​ក្នុងកិច្ចប្រជុំ​ស្ដីពី​ដំ​​ណោះ​ស្រាយ​​​សកល ជាមួយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចរីក​ចម្រើន G7 និង​ G20 នេះ ជា​​​ការខាត​​​បង់​​​ផល​​​ប្រ​​យោ​​ជ​​ន៍​​​​​​ធំ​​សម្រាប់កម្ពុជា។

លោក​ថា៖ «យើងមិនយល់ស្របតាមទេ ប៉ុន្តែយើងគោរពទៅតាមសេចក្ដីសម្រេច​តុលាការ ទី១។ ​​ហើយ​​​ទី២​ទៀត​ ពិត​ជា​មាន​ការ​សោក​ស្ដាយ​ ពីព្រោះបើ​សិន​ជា​មាន​វត្តមាន​ឯកឧត្ដម កឹម សុខា ទៅ​​ប្រ​​ជុំផ្ទាល់នៅទីក្រុងប៊ែរឡាំង ផលប្រយោជន៍នឹងមក ទី១ បាន​ទៅ​ដល់​ពិភព​លោក ហើយទី២​ទៀត​​​​ ផល​ប្រយោជន៍​ក៏បានមកកម្ពុជាយើងដែរ»។

កិច្ចប្រជុំ​ស្ដីពីដំណោះស្រាយ​សកលដែលរៀបចំឡើង​​នៅទីក្រុង​​ប៊ែរ​ឡាំង ប្រទេសអាល្លឺម៉ង់​នេះ ​​នឹង​​ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី​២៨ ដល់ថ្ងៃទី​២៩ ខែមីនា។

នៅចំពោះមុខនេះ លោកមេ​​ធាវី ចាន់ ចេន នៅមិនទាន់ដឹងថា​តើលោក កឹម សុខា នឹងត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​នេះ ដោយរបៀបណា​​នៅ​​ឡើយ​​ទេ។ ប៉ុន្តែលោកថា​ ​អង្គការ Global Solutions Summit ចង់​​ឱ្យ​លោក កឹម​ សុខា ចូលរួមកិច្ចប្រជុំនេះ​ដោយ​ផ្ទាល់ ដោយ​​សារ​​ក្រៅ​​ពី​ថ្លែង​សុន្ទរកថា​ហើយ នៅ​​មាន​​កិច្ចពិភាក្សាជាក្រុមតូចៗបន្ថែមទៀត។

បើតាម​លោក ចាន់ ចេន នៅក្នុងអង្គសវនាការថ្ងៃ​នេះ ទាំង​​​តំណាង​​​​​អយ្យការ និង​សហមេធាវី​ការ​ពារ​​ក្ដីឱ្យ​ដើមបណ្ដឹងរដ្ឋប្បវេណី ព្យាយាម​ដោះ​បន្ទុក និង​​ដេ​​ញ​​​​ដោល​ប្រឆាំងការស្នើសុំនេះ មុន​មាន​សេចក្ដីសម្រេច​​ចុង​​ក្រោយ​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ។

អ្នកនាំពាក្យសមាគម​ការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​​ឃើញ​ថា ការជំទាស់របស់តំណាងអយ្យការ និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាជំនុំជម្រះ ហាក់​​​មាន​​ហេតុ​​​​​​​ផ​​ល​រឹងមាំតាមផ្លូវច្បាប់ ក្នុងពេលមេធាវីការពារក្ដីរបស់លោក កឹម សុខា មិនសូវមានប្រៀប និង​ខ្វះភស្តុតាងដោះបន្ទុក។ ប៉ុន្តែយ៉ាងណា លោក​​នៅ​​​តែ​ចាត់​​​ទុក​​​​​ថា ការ​បើក​ផ្លូវ​សម្រាប់​អ្នក​នយោ​បាយអាច​មាន​ឱកាស​ចូលរួមក្នុងកិច្ចប្រជុំកំ​​ពូល​​​ៗ​​​បែប​​នេះ គួរត្រូវបានបើកចំហ។

លោកបន្តថា៖ «ខ្ញុំគិតអញ្ចេះទេ​ បើសិនជារឿងនេះ​មាន​ការ​បន្ធូរ​បន្ថយ​បញ្ហា​ហ្នឹង​ទៅ​ ដោយ​ផ្ដល់​សិទ្ធិ​ឱ្យ​លោក កឹម សុខា អាចធ្វើនយោបាយបាន ហើយ​អាចចេញក្រៅប្រទេសបាន វាជារឿងមួយ​​ល្អ​​​ ដោ​​យអាច​​បង្ហាញថា ស្ថានភាពនយោបាយនិងភាពតាន​តឹងផ្នែ​កនយោបាយ​​​នៅ​កម្ពុជា​អាច​​មាន​​​ប​​រិ​​យា​​កាស​ល្អប្រសើរឡើងវិញ»។

លោក ចាន់ ចេន សហមេធាវីការពារក្ដីឱ្យ​​លោក កឹម សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មាន​ដែរ​ថា សវ​នា​​កា​​រ​​ជុំទី៣៤ នៅព្រឹក​​​ថ្ងៃ​ពុធ​​នេះ ក្រៅពី​តុលាការចេញសេចក្ដីសម្រេច​លើ​សំណើ​​សុំ​​​ចូ​ល​​រួម​កិច្ច​ប្រជុំនៅ​ទីក្រុង​ប៊ែរឡាំង​ហើយ ក្រុមប្រឹក្សាជំនុំ​ជម្រះក៏សម្រេច​ក្នុង​ពេល​ជា​មួយ​គ្នា ទទួ​​ល​​យក​ភស្តុតាងបន្ថែមទៀតពី​ភាគីពាក់ព័ន្ធ។ លោកបន្តថា​ គិតមកទល់នឹង​​ពេល​នេះ តុលាការ​នៅមិន​ទាន់​​មានភស្តុតាងដើម្បីដាក់បន្ទុកលើ​លោក កឹម សុខា នៅឡើយទេ។

តុលាការសម្រេចបើកសវនាការបន្តទៀតលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៣​០​ ខែមីនា ខាងមុខនេះ។ ដោយឡែក នៅខាងក្រៅនៃបរិវេណតុលាការឯណេះវិញ គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចត្រូវ​​បាន​​គេដាក់ពង្រាយក្នុងកម្រិតតិចតួចនិងមិនតឹងរ៉ឹងទេ ខណៈ​​អ្នកគាំទ្រលោក កឹម សុខា វិញ​​ក៏​​មិន​​សូវ​មាន​ដែរ បើធៀបនឹងសវនាការមុនៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ