មន្ត្រីថា កម្ពុជា​កំពុង​បន្ត​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​សម្រាប់​ជា​ប្រយោជន៍​មនុស្ស​ជំនាន់​ក្រោយ

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន នេត្រ ភ័ក្ត្រា មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុងពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​​ឆ្នាំ​២០១៩​ ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកឡើងថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សធនធានធម្មជាតិបន្តទៀត ដោយធ្វើយ៉ាងណាត្រូវធានា​ឱ្យបាននូវនិរន្តរភាពនិងគុណភាពបរិស្ថាន ដោយថា ធនធានធម្មជាតិត្រូវបានថែរក្សាការពារយ៉ាងល្អសម្រាប់ជាប្រយោជន៍​​​ដល់មនុស្សជាតិរាប់ជំនាន់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើង​ក្នុងសេចក្ដីប្រកាសព័ត៌មាន​រួម​មួយ​នាថ្ងៃទី២៤ ខែមីនា​នេះ ស្ដីពី​ «អនាគតដែលយើងប្រាថ្នា» ជាប្រធានបទនៃ «ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២២»។

បើតាម​មន្ត្រីរូបនេះ ទិវានេះធ្វើឡើង​ដើម្បីជំរុញឱ្យមានការប្ដេជ្ញាចិត្តរួមគ្នាបន្ថែមទៀតសម្រាប់និរន្តរភាពនៃភពផែនដី ដោយមានការចូលរួមពីអង្គការ​សង្គម​ស៊ីវិល​ជាតិ សហភាពអឺរ៉ុប សិល្បៈករ និងក្រុមហ៊ុនឯកជន​ផ្សេងៗ​ ជាដើម។

លោក នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជាបានដាក់​​ឱ្យដំណើរការនូវប្រព័ន្ធ​ត្រួតពិនិត្យព្រៃឈើជាតិ និងប្រព័ន្ធព័ត៌​មាន​សុវត្ថិភាពបរិស្ថាន និង​ការ​អនុវត្តគម្រោង (REDD+) ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​​ពីការបាត់​បង់ ​និង​រេចរឹលព្រៃឈើ ព្រមទាំងជា​ការ​កំណត់គោលដៅកាត់បន្ថយអត្រានៃការបាត់បង់ព្រៃ​ឈើមកត្រឹមពាក់កណ្ដាល នៅត្រឹមឆ្នាំ២០៣០។

លោកបន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបន្តទៀតក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព និងគុណភាពបរិស្ថាន ដែលត្រូវបានធានាថា ធនធានធម្មជាតិត្រូវ​បាន​ថែរក្សាការពារ​បាន​យ៉ាង​ល្អ​សម្រាប់​ជាប្រយោជន៍ដល់មនុស្សជាតិរាប់ជំនាន់ទៀត។

លោក នេត្រ ភក្ត្រា បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថាន ក៏ដូចជាប្រាប់ដល់អ្នកដទៃទៀត​ឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំង​ចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុង​កើតឡើងនាពេលបច្ចុប្បន្ន ជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាកត្តាគំរាមកំហែងសកលដល់មនុស្ស និងធម្មជាតិ។ ទិវានេះផ្ដល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុតចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ មិនមែនធ្វើត្រឹមរយៈពេល១ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ»។

តារាចម្រៀងម្នាក់ កញ្ញា មាស សុខសោភា លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាន​នោះដែរ​ថា ប្រសិនបើគ្រប់​គ្នា​មិន​រួម​ចំណែកក្នុងការ​ការពារ​ទេ មនុស្សជាតិ សត្វព្រៃ និងភពផែនដី នឹងទទួលរងទុក្ខកាន់​តែ​ខ្លាំងឡើង​ ជាងស្ថានភាពដែលបានកើតឡើងរួចមកហើយនោះថែមទៀត។

កញ្ញា​បាននិយាយថា៖ «ធម្មជាតិអំពាវនាវឱ្យមានយើងបង្ហាញឆន្ទៈនិងធ្វើសកម្មភាពរួមគ្នា […] ឥលូវនេះហើយ​គឺជាពេលដែលយើងត្រូវធ្វើសកម្មភាពឆ្ពោះទៅកសាងសង្គម និងភពផែនដីមួយប្រកបដោយនិរន្តរភាពសម្រាប់គ្រប់គ្នា»។

នាយកអង្គការ WWF លោក សេង ទៀក បានលើកឡើងថា ធនធានធម្មជាតិ ព្រមទាំងប្រព័ន្ធអេកូឡូស៊ី ផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវចម្រុះគ្រប់ប្រភេទ ខណៈវាក៏ជាធាតុដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

លោកថា៖ «ការថែរក្សាការពារធនធានធម្មជាតិ និងភពផែនដីដែលជាផ្ទះរួមរបស់យើ​ង គឺជាកាតព្វកិច្ចរបស់​យើងទាំងអស់គ្នា។ រួមគ្នា យើងអាចកសាងអនាគតមួយដែលមនុស្ស និងធម្មជាតិ អាចរស់នៅបានដោយសុខដុមរមនាជាមួយគ្នា»។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ​លោក Pablo Kang បានលើកឡើងដែរថា ទិវាមួយម៉ោងសម្រាប់ភព​ផែនដី បានឆ្លុះបញ្ចាំងឱ្យឃើញពីល​ទ្ធផលដែលពលរដ្ឋទូទាំងពិភពលោកទទួល​បាន​ ចេញពីភាពរួបរួមសាមគ្គី​គ្នា ដែលវាបានផ្ដល់នូវក្ដីសង្ឃឹមក្នុងការរៀបចំអនាគតដ៏ប្រសើរមួយសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

លោកថា៖ «យើងអាចចូលរួមធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានចំពោះវិបត្តិអាកាសធាតុ តាមរយៈការកាត់បន្ថយការប្រើប្រាស់ថាមពល និង​បន្តប្រកាន់ខ្ជាប់នូវសកម្មភាពមេត្រីភាពបរិស្ថានងាយៗ ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង គឺ​អនាគតបែបនេះហើយ​ដែលយើងគ្រប់គ្នាត្រូវចូលរួមកសាងរួមគ្នា»។

លោក Pablo Kang បន្តថា ផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងការបាត់បង់ធនធានធម្មជាតិ កំពុងជះឥទ្ធិពលដល់ជីវិតមនុស្ស ក៏ដូចជាដល់ការរស់នៅនៃសត្វ និងជីវចម្រុះគ្រប់ប្រភេទនៅលើភពផែនដី។ លោក​​ថា និរន្តរភាពបានកំពុងក្លាយជាធាតុដ៏សំខាន់ចាំបាច់​នៃស្តង់ដារប្រតិបត្តិការអាជីវកម្ម សម្រាប់វិស័យឯកជន ដូចជា ម្ចាស់ក្រុមហ៊ុន សហគ្រិន បុគ្គលិក និងអតិថិជនគ្រប់រូប ដូច្នេះ​ និរន្តរភាពជាប្រធាន​បទដែល​កំពុងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា។

ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ ជាយុទ្ធនាការបរិស្ថានធំមួយនៅលើពិភពលោកដែលបានចាប់បដិសន្ធិ​ឡើង​ដោយការរួមកម្លាំងពីប្រជាជនជុំវិញសកលលោក។

ការបិទភ្លើងមួយម៉ោង នាម៉ោង៨និង៣០នាទីយប់ នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា បានក្លាយជាសកម្មភាពនិមិត្តរូបសកលមួយចាប់តាំងពីព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២២។ ទិវា​នេះបាន​ចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០០៧ នៅ​ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី​ ដែលពេលនោះ ទិវានេះ​ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ភ្លើងអគ្គិសនីទៅលើបរិស្ថាន។

តាមរយៈការបិទភ្លើងមួយម៉ោងនេះ ប្រជាជននៅលើពិភពលោកបង្ហាញឆន្ទៈនិងចូលរួមចំណែកលើកកម្ពស់​ការយល់ដឹងជាសកល ជំរុញ​ការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការឡើងកម្ដៅផែនដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ