អាណាព្យាបាល​មួយចំនួន​មិនហ៊ាន​យក​កូនតូច​ទៅ​ចាក់វ៉ាក់សាំង ព្រោះ​បារម្ភ​ពី​ផលប៉ះពាល់​សុខភាព

យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ​-១៩​ ដូសទី​ពីរ​ សម្រាប់​កុមារដែល​មាន​​អាយុ​៥ឆ្នាំ នៅមណ្ឌល​ចាក់វ៉ាក់សាំង​សាលា​មត្តេយ្យ​ ​ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department)​

អាណាព្យាបាលមួយចំនួននៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនហ៊ាននាំយកកូនតូចទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ព្រោះពួកគាត់នៅតែបារម្ភថា នឹងមានផលប៉ះពាល់ទៅដល់សុខភាព។

អ្នកស្រី សួង ចិន្ដា អាយុ៣២ឆ្នាំ រស់​នៅភូ​មិកំពង់​តាឡុង ឃុំបឹងខ្យាង បានលើកឡើងថា អ្នកស្រី​បារម្ភ​ថា ការ​ចាក់វ៉ាក់សាំង​អាចបណ្ដាលឱ្យ​​កូនរបស់គាត់​ឈឺ ដូចជា ក្ដៅខ្លួន ក្អក ផ្ដាសាយ ហើយអាចឈានទៅដល់នាំយកទៅពេទ្យទៀតផង។ អ្នកស្រីថា មកដល់ពេលនេះ អ្នកស្រីមិនទាន់បានយកកូនប្រុស​របស់អ្នកស្រីដែល​មាន​អាយុ៤ឆ្នាំទៅចាក់វ៉ាក់សាំងនៅឡើយទេ។

អ្នកស្រី ចិន្ដា ថ្លែងថា៖ «ខ្ញុំមានការបារម្ភជាខ្លាំងថា ក្រោយពីចាក់វ៉ាក់សាំងហើយ អាចធ្វើឱ្យ​កូនក្ដៅខ្លួន ឬក៍អាចឈានទៅដល់យកទៅមន្ទីរពេទ្យ ទើបខ្ញុំមិនទាន់បានយកកូនប្រុសទៅចាក់វ៉ាក់សាំង»។

ផ្ទុយពីស្ត្រីខាងលើ ស្ត្រីវ័យ២៦ឆ្នាំម្នាក់ ឈ្មោះ គុំ ម៉ារី រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង​ដែរនោះ បានឱ្យដឹងថា គាត់​បានសម្រេចចិត្តនាំកូនស្រីដែលមានអាយុ៤​ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។

អ្នកស្រី​បន្តថា ពេលគាត់​បានឮក្រសួងសុខាភិបាលប្រកាស​អំពីការចាក់វ៉ាក់សាំងសម្រាប់​ក្មេងៗ​ដែល​មានអាយុចាប់ពី៣ឆ្នាំរហូតដល់៥ឆ្នាំ គាត់​បានធ្វើតាមការណែនាំរបស់ក្រសួងតែម្ដង។

អ្នកស្រី​ថ្លែង​ថា៖ «ការចាក់វ៉ាក់សាំងនេះ​អាចការពារជំងឺកូវីដ-១៩បានខ្លះ បើទោះបីជាវាមិនអាចការពារបាន១០០%ក៏ដោយ ក៏វាអាចការពារបានខ្លះដែរ»។

ចំណែកអ្នក​ស្រី រ៉ា សុខខឿន រស់នៅភូមិ​ប្រឡាយ ឃុំបឹងខ្យាង បាន​លើកឡើងថា បើទោះ​បី​ជា​កូនរបស់គាត់​បានចាក់វ៉ាក់សាំងហើយក៏​ដោយ ក៏អ្នក​ស្រីនៅតែមានការបារម្ភចំពោះ​សុខភាពកូនស្រីរបស់គាត់​ដដែល។

ស្ត្រីមកពីខេត្តកណ្ដាលរូបនេះ បានថ្លែងថា៖ «ជំងឺកូវីដនេះអាចនៅតែបន្ដឆ្លងដដែល ជាពិសេស​ពេលកូនទៅ​សាលារៀន អាចឆ្លងពីមិត្ដភក្ដិ»។

អ្នកស្រីបន្ដថា គាត់នឹងព្យាយាមអនុវត្ដទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋិ អ្នកនាំពាក្យមន្ទីរសុខាភិបាលខេត្តកណ្ដាល ចាត់ទុក​​ការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះ ថា​មិនត្រឹមត្រូវនោះទេ។ លោកថា មាន​តែការចាក់វ៉ាក់សាំងទេ ដែលអាចជួយការពារជំងឺកូវីដ-១៩បាន។

លោកថា៖ «សុំកុំឱ្យ​អាណាព្យាបាលទាំងអស់មានការយល់ច្រឡំថា ការចាក់វ៉ាក់សាំងអាចឱ្យ​កូនៗរបស់ពួកគាត់ទៅជាឈឺ ឬក៏ក្ដៅខ្លួនរហូតយកទៅពេទ្យ ឬក៏អាចឱ្យ​បាត់បង់ជីវិតដោយ​សារការចាក់វ៉ាក់សាំង គឺមិនដូច្នោះឡើយ»។

លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋិ ពន្យល់ថា ក្រោយពីចាក់វ៉ាក់សាំង កុមារ​អាចអាការក្ដៅខ្លួនតិច​តួច ដែលនេះ​គ្រាន់តែជាប្រតិកម្មរបស់ថ្នាំតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «សុំឱ្យ​អាណាព្យាបាលទាំងអស់មេត្ដាយកកូនៗដែលមានអាយុចាប់ពី៣ឆ្នាំរហូតដល់៥ឆ្នាំទៅចាក់វ៉ាក់សាំងឱ្យ​បានគ្រប់គ្នា តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល»។

គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ការចាក់វ៉ាក់សាំងលើកុមារអាយុ៣ឆ្នាំទៅដល់ក្រោម៥ឆ្នាំ ដូសទី១ មានចំនួនសរុប៣៧៣ ០៦៤នាក់ និងដូសទី២ មានចំនួនសរុប២៧៣ ១៨៦នាក់។

គួររម្លឹកជូនថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីសម្រេចមួយ ដោយអនុញ្ញាតឱ្យកុមារដែលមាន​អាយុចាប់​ពី​៣ឆ្នាំទៅ​ដល់៥ឆ្នាំ អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារដែលមានអាយុចាប់ពី​៦ឆ្នាំដល់១១ឆ្នាំរួចមក៕

អត្ថបទដោយលោក ឃាង សុខមាន ពលរដ្ឋសារព័ត៌មានប្រចាំខេត្តកណ្ដាល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។