អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​ចាប់​ផ្តើម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ក្រោយ​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី

លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានដឹកនាំកិច្ចប្រជុំចង្អៀតបន្ទាន់ជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី២៤ ខែមីនានេះ ដើម្បីប្រមូលធាតុចូល មុនដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ (រូប៖ ហ្វេសប៊ុក វេង សាខុន)

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្រោយ​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនានេះ បានដាក់បទបញ្ជាផ្ទាល់មាត់ឱ្យកងទ័ព និងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចុះបង្ក្រាប​​បទ​ល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប ក្រោយលោកទទួលបានព័ត៌មានថា បទល្មើសនេសាទនៅបឹងធម្មជាតិមួយនេះ កំពុងកើត​ឡើងទ្រង់ទ្រាយធំ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងលោក ងិន ហ៊ុន ប្រាប់វីអូឌីថា មន្ត្រីជំនាញផ្នែកជលផលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វើយុទ្ធនាការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំនៅបឹងទន្លេសាប ស្ថិតនៅភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ។

ប្រធានមន្ទីរកសិកម្មរូបនេះបន្តថា សម្រាប់ប្រតិបត្តិការចុះបង្ក្រាបនៅថ្ងៃនេះ មានគោលដៅនៅស្រុកកំពង់លែង ស្រុកបរិបូណ៍ និងស្រុកជល់គិរី ដោយប្រទះ​ឃើញ​បទល្មើស​នេសាទមួយចំនួន ដូចជា សម្រាស់ត្រី របាំងសាច់អ៊ួនក្រឡាល្អិត និងរបាំងស្បៃមុងក្រឡាល្អិតរាប់រយម៉ែត្រជាដើម។ លោកថា ការចុះបង្ក្រាប​បទល្មើស​នេសាទនេះ គឺមន្ត្រីជំនាញបានអនុវត្តតាំងពីយូរមកហើយ មិនមែនទើបតែលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន មានប្រសាសន៍ពេលនេះទេ។

លោកបន្ថែមថា៖ «និយាយរួមជំនាញក៏ដូចជាកងកម្លាំងនៅតែបន្តចំណាត់ការរហូតពាក់ព័ន្ធនឹងបទល្មើសដែលកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងយើងនេះ។ កន្លងមកមន្ត្រីជលផលខេត្តក៏បានបង្ក្រាបជាញឹកញាប់ដែរ ហើយក៏បានចាត់ការមនុស្សទៅតុលាការមួយចំនួនដែរ»

ទន្ទឹមគ្នានេះដែរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ លើកឡើងថា មន្ត្រីជំនាញជលផលខេត្តកំពង់ធំ តែងតែចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំជារើយៗ និងចាប់បញ្ជូនជនល្មើសទៅតុលាការផងដែរ។

ប្រធានមន្ទីរកសិកម្មរូបនេះឱ្យដឹងថា ការចុះបង្ក្រាបនៅថ្ងៃនេះ គឺមិនបានជួបប្រទះបទល្មើសធំៗដូចជាការអូសអ៊ួនទឹកសាបដែលផ្សំដោយឧបករណ៍​ឆក់នោះ​ទេ។

លោកបន្ថែមថា៖ «ការងារហ្នឹងមិនមែនដល់តែមានបទបញ្ជាពីសម្ដេចទើបបានធ្វើទេ គេធ្វើរាល់តែថ្ងៃហ្នឹង ការងារបង្ក្រាបហ្នឹង។ ក្នុងខេត្តកំពង់ធំនេះ បទល្មើសធំៗដូចជាអ៊ួនអូសទឹកសាបរួមផ្សំនឹងឧបករណ៍ឆក់អីហ្នឹង គឺមិនមានប្រើទេក្នុងខេត្តកំពង់ធំនោះ»

អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ប្រាប់វីអូឌីកាលពីម្សិលមិញថា លោកនឹងគោរពតាមបទបញ្ជារបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានកត់សម្គាល់ថា បទល្មើសនេសាទភាគច្រើនកើតឡើងនៅពេលយប់ ដែលពិបាកក្នុងការបង្ក្រាប។

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទលោក វេង សាខុន បានសសេរហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ក្រោយទទួលបានបទបញ្ជាពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺក្រសួងកសិកម្មបានដឹកនាំប្រជុំចង្អៀតបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក សៅ សុខា និង​អាជ្ញាធរ​ពាក់ព័ន្ធផ្សេងទៀត។ កិច្ចប្រជុំចង្អៀតនេះ គឺដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត ក្នុងការបង្ក្រាប​បទល្មើសនេសាទនៅបឹងទន្លេសាប។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅ​បឹងទន្លេសាប​ឱ្យមានប្រសិទ្ធភាព គឺរដ្ឋាភិបាលត្រូវពិនិត្យមើល និងស្រាវជ្រាវឱ្យឃើញពីមូលហេតុដែលបណ្តាលឱ្យបទល្មើសនៅតែបន្តកើតមាន ដោយមិនអាច​ទប់​ស្កាត់​បាន និងត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង។

លោក ហេង គឹមហុង បានដាក់ការសង្ស័យថា បទល្មើសនេសាទនៅបឹងទន្លេសាបឈានដល់ទ្រង់ទ្រាយធំនេះអាចជាការធ្វេសប្រហែល និងមានការ​គិបគិតគ្នាប្រព្រឹត្តអំពើពុករលួយរវាងអាជ្ញាធរពាក់ព័ន្ធ និងជនល្មើស។

លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវធ្វើការស៊ើបអង្កេតឱ្យបានច្បាស់ជាពិសេសប្រសិទ្ធភាពនៃការអនុវត្តច្បាប់។គួរតែមានការស៊ើបអង្កេតស៊ីជម្រៅថាតើ ប្រភពនៃបទល្មើសទាំងអស់ហ្នឹងមានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចដែរ ឬទេ។ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចជាប់ពាក់ព័ន្ធត្រូវតែមាន​ការទទួលខុសត្រូវ។ មិនថាជាអំពើពុករលួយ ឬការធ្វេសប្រហែសក្នុងការបំពេញមុខងារសាធារណៈទេ។ សុទ្ធសឹងជាការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងរដ្ឋបាល»

កាលពីថ្ងៃទី៧ ​ខែមីនា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានចុះស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ដោយបាន​រកឃើញបទល្មើសនេសាទទ្រង់​ទ្រាយ​ធំនៅលើបឹងទន្លេសាទ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដោយជនល្មើសជាជនជាតិវៀតណាមបានប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា ឆក់ត្រជាក់ (យ៉ាំងកាវ) ឆក់ក្ដៅ ឈិបយន្ត និងឆក់ទូកលឿន ដែលបានបំផ្លាញមច្ឆជាតិទាំងតូចទាំងធំ ទាំងត្រីមានស្រកា និងត្រីអត់ស្រកា ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ មីនា បានអនុញ្ញាតឱ្យកងកម្លាំងយោធា និងកងនគរបាលប្រើប្រាស់ឧទ្ធម្ភាគចក្រផងដែរ នៅក្នុង​ប្រតិបត្តិការ​បង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបទនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ