អតីត​មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ ក្រោយ​ប្ដឹង​ស្នងការ​ខេត្តបន្ទាយមានជ័យ​ទៅ ACU

លោក ស្រេត សុភ័ក្ត្រ អតីត​នាយផ្នែកបុគ្គលិកនៅ​ការិយាល័យ​បុគ្គលិក ​នៃស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយ​មាន​ជ័យ។ (ហ្វេសប៊ុក៖ ស្រេត សុភ័ក្រ្ត)

អតីតមន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យម្នាក់ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ក្រោយពីប្ដឹងស្នងការ​នគរបាល​ខេត្តនេះទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធនឹង​រឿង​បក្ខពួកនិយម និងការគំរាមកំហែង។

កាលពីថ្ងៃទី១៨ ​ខែមីនា ឆ្នាំ២០២២​នេះ អតីត​នាយផ្នែកបុគ្គលិកនៅ​ការិយាល័យ​បុគ្គលិក ​នៃស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយ​មាន​ជ័យ លោក ស្រេត សុភ័ក្ត្រ បាន​ប្ដឹង​ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ទៅ ​ACU ដោយ​ចោទ​ប្រកាន់​ថ្នាក់ដឹកនាំនគរបាលខេត្តរូបនេះ​ថា បក្ខពួក​និយម គំរាមកំហែង​តាមទូរសព្ទ និង​ប្រើប្រាស់អំពើហិង្សាលើនគរបាលដែលជាប់​វិន័យ​​ពាក់ព័ន្ធករណីជក់​គ្រឿងញៀន។

ជុំវិញករណីនេះ ស្នង​ការនគរបាលខេត្តបន្ទាយមានជ័យ​ លោក សិទ្ធិ ឡោះ បានច្រាន​ចោល​ការ​​ចោទ​ប្រកាន់​ ដោយ​​លោក​​ថា អតីតមន្ត្រីនគរបាល​លោក ស្រេត សុភ័ក្ត្រ ត្រូវបានតុលាការបញ្ជូនទៅតុលាការហើយ​កាលពីថ្ងៃ​ម្សិលមិញ ក្រោយរកឃើញកំហុសជាច្រើនករណី។

ស្នងការ​នគរបាល​រូបនេះបានថ្លែង​បន្តនៅថ្ងៃសុក្រនេះទៀត​​ថា លោក ស្រេត សុភ័ក្ត្រ បានប្រព្រឹត្តកំហុសជាច្រើន ដូចជា ការគប់គិតគ្នាជ្រើសរើសមន្ត្រីនគរបាល​ចូលក្របខណ្ឌ ក្លែងបន្លំឯកសារសាធារណៈ និងធ្វើខុសវិន័យមន្ត្រីនគរបាលជាច្រើនករណីទៀត។

លោក សិទ្ធិ ឡោះ បន្ថែមថា៖ «បើគាត់ប្ដឹង ឱ្យគាត់ប្ដឹងទៅ ឱ្យតែមានសម្អាង មានភស្តុ​តាង​ច្បាស់​លាស់ ឱ្យ​គេ​ចាត់​ការ​ទៅតាម​ច្បាប់​ចុះ ព្រោះអ្វីដែល​យើង​ធ្វើ យើងដឹងខ្លួនឯងដឹងច្បាស់ហើយ។ អ៊ីចឹង​ខ្ញុំមិន​បាន​ទៅធ្វើអ្វី​ដូច​ពាក្យ​​ដែល​គាត់​ថា​ហ្នឹង​ទេ។ អ្វីដែលគាត់ប្ដឹងខ្ញុំនេះ​ ដោយសារតែគាត់ខឹង។ ខ្ញុំឧទាហរណ៍ថា ប្រសិន​បើ​ប្រើហិង្សាទៅលើបុ​គ្គល​ណាម្នាក់​ គួរតែបុគ្គលនោះគេមកប្ដឹង​ខ្ញុំ​វិញ មិន​ចាំបាច់ឱ្យគាត់មកប្ដឹងជំនួស​អ៊ីចឹង​ទេ»

អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ប្រាប់ វីអូឌី យ៉ាងខ្លី​ថា សំណុំ​រឿងលោក ស្រេត សុភ័ក្ត្រ មាន២ករណី ហើយកំពុងដំណើរការសាកសួរនៅ​តុលាការ។

វីអូឌី មិនអាចសុំការឆ្លើយពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន​ទៀង បាន​ទេ ​ពាក់​ព័ន្ធករណី​នេះ។

ក្រោយប្ដឹងថ្នាក់ដឹកនាំនគរបាលខេត្តទៅអង្គភាពប្រឆាំងអំពើពុករលួយ​រួច​មក អតីតមន្ត្រីនគរ​បាល ​​លោក​ ស្រេត សុភ័ក្ត្រ បាន​​ចេញវីដេអូផ្សាយតាមបណ្ដាញសង្គម​ ដោយនិយាយ​សុំ​ទោស​​ស្នងការ​នគរបាលខេត្ត សិទ្ធិ ឡោះ វិញ។ លោកថា អ្វី​ដែលលោកប្ដឹង និងចោទប្រកាន់លោក សិទ្ធិ ឡោះ នោះ គឺជាការ​​យល់ច្រឡំ និង​ស្ដាប់តាម​ការ​ញុះញង់របស់គេតែប៉ុណ្ណោះ។

លោក ស្រេត សុភ័ក្ត្រ បាននិយាយ​ក្នុង​វីដេអូឃ្លីបនោះ​ថា៖ «អ្វី​ដែល​ខ្ញុំសសេរ អ្វីដែលខ្ញុំនិយាយ ពិតជាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់​ដល់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ លោក សិទ្ធិ ឡោះ! ដូច្នេះ ខ្ញុំសុំ​ទោស​​ជាសាធារ​ណៈ​ចំពោះអ្វីដែល​ខ្ញុំចោទ​ប្រកាន់ និង​សរសេរ​ឬបង្ហោះ​ក្នុង​បណ្ដាញសង្គមហ្វេសប៊ុក​របស់​​ខ្ញុំ»

ក្នុងលិខិត​របស់អ្នកនាំពាក្យ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលឆ្លើយ​តប​​ចំពោះការចោទប្រកាន់​នេះ បានលើកឡើង​ថា លោក ស្រេត សុភ័ក្ត្រ ដែល​ជាអតីតនាយផ្នែកបុគ្គលិក​នៃការិយាល័យបុគ្គលិក​នៅ​​ស្នង​ការ​ដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តអំពើខុសច្បាប់​ជាច្រើនករណី និងជាប់បណ្ដឹងនៅតុលាការ​ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីផងដែរ។

លិខិត​ដដែល​នេះបាន​ចោទ​ប្រកាន់​លោក ស្រេត សុភ័ក្ត្រ ថា​បានយកតួនាទីជានគរបាលជាតិ ​ទៅ​ឆបោកប្រជា​ពលរដ្ឋស្លូតត្រង់ជាច្រើននាក់ និងបានយកប្រាក់​ជាង១១១ ៨០០​ដុល្លារ ជាថ្នូរជួយរត់ការចូលធ្វើការក្នុង​ក្របខណ្ឌនគរបាលជាតិ និង​បានក្លែងឯកសាធារណៈ ហត្ថលេខានិង​ត្រារ​បស់​ថ្នាក់​ដឹកនាំ​ក្រសួងមហា​ផ្ទៃ ដោយ​កុហក​ប្រជាពលរដ្ឋថាបានប្រឡង​ជាប់ តែធាតុពិតជាឯកសារក្លែងក្លាយជាដើម។

លិខិត​នេះបន្តទៀត​ថា កន្លងមក ក្រុមប្រឹក្សាវិន័យរបស់ស្នងការដ្ឋាននគរបាលជាតិ បាន​ទុក​ឱកាសឱ្យ​លោក ស្រេត សុភ័ក្ត្រ កែខ្លួនជាច្រើនដងហើយ ប៉ុន្តែ​បុគ្គលរូបនេះ​មិនបានកែប្រែឡើយ និងបាន​បង្កើតកំហុស​ជា​បន្ត​បន្ទាប់​ទៀត ទើបក្រុមប្រឹក្សារវិន័យសម្រេចស្នើសុំបញ្ចប់​មុខ​តំណែង​ពី​នគរបាលជាតិ កាលពីឆ្នាំ២០២១។

ចំពោះបណ្ដឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ បានលើងឡើងថា ជាការបំភ្លៃព័ត៌មាន​ ដើម្បីបង្ខូចឈ្មោះ​ថ្នាក់ដឹកនាំនគរបាលខេត្ត​តែប៉ុណ្ណោះ។

យ៉ាងណា ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពីសី ស្នើអាជ្ញាធរពាក់ព័ន្ធគួរចុះស្រាវជ្រាវ និងស៊ើបករណីនេះឱ្យបានច្បាស់លាស់ ក្រោយទទួលបានពាក្យបណ្ដឹង ដើម្បីធានាថា រាល់ការផ្ដល់ព័ត៌មាននិងការចោទ​ប្រកាន់នោះត្រូវបានដោះស្រាយដោយតម្លាភាព និងអ្នកដែលរាយការណ៍ព័ត៌មាននោះត្រូវបានការការពារ។

លោកបន្ថែមថា៖ «ប្រសិនបើការស៊ើបសង្កេត​ទៅរកឃើញ​ថា គាត់[លោក ស្រេត សុភ័ក្ត្រ] ចេះ​តែ​ប្រតិដ្ឋព័ត៌​មាន​មែន អាហ្នឹងជារឿងផ្សេងមួយទៀត​​ដែលអាចចាត់វិធានការបាន។ ប៉ុន្តែការសំខាន់​ណាស់​ដែលយើង​ធានា ​ទី១ ផ្ដល់សិទ្ធិឱ្យមានការលើកឡើង ឬក៏ការប្ដឹងផ្សេងៗ​ផ្ទៃក្នុង​! មួយ​ទៀត អ្នកប្ដឹងមិនត្រូវទទួលបាន​នូវការយាយី​ក្នុង​រូបភាពណាមួយទៀតទេ។ នេះជាគោលការណ៍រួមនៃការធ្វើការងារសាធារណៈ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ