លោក ហ៊ុន សែន ថា​បទល្មើស​នៅ​បឹងទន្លេសាប​នៅតែ​កើតមាន ព្រោះតែ​មន្ត្រី​ធ្វើការ​តែពេល​លោក​រម្លឹក

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​​​លោ​​​​ក​​នា​​យករ​ដ្ឋ​មន្ត្រី ហ៊ុ​ន​ សែន​ លើកឡើ​ង​ថា​​ ប​​ទ​ល្មើស​​នេសា​ទ​​នៅ​​​បឹ​ង​ទ​​ន្លេ​​សា​​​​​​​បនៅតែកើតឡើង ​​​​​​​ដោយ​​សា​​​​រ​​តែ​​ម​​ន្ត្រី​អ​នុ​វ​ត្តច្បាប់​​​​ធ្វើ​ការបង្ក្រាប​តែពេល​លោ​​​​​កក្រើ​​នរ​ម្លឹក​ប៉ុណ្ណោះ ដែ​​លករណីនេះ​ធ្វើឱ្យវិធា​ន​ការទប់​ស្កា​ត់​​បទល្មើសដែលបានដាក់ចេញគ្មានប្រសិទ្ធភាព។

កា​រថ្លែងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោ​ធដា​ក់ឱ្យ​ប្រើប្រា​ស់ផ្លូ​វជា​តិលេខ៥១ ដែល​​ធ្វើ​ឡើ​ង​​​នៅ​ខេត្ត​កំពង់​ស្ពឺ ​​​នាព្រឹ​ក​ថ្ងៃ​ទី​២​៥ ខែ​​មីនា​​នេះ។​

​លោ​​ក​​បា​ន​ថ្លែ​ង​ថា​ ​ផែន​​ការ​​ច​ង្អុល​ទិស​ធ្វើកំ​ណែទម្រ​ង់ឡូ​ត៍​​​​​​​នេ​សាទនៅបឹងទន្លេសាប​នេះ​​ លោ​​​ក​បា​នណែ​​​នាំ​​តាំ​​​​ង​ពី​ឆ្នាំ២​​​​​០​​​​​១​២​​​មក​ តែថា​កា​រអនុ​វត្តជាក់ស្ដែងបានតែរយៈពេលខ្លី ក្រោយពេលលោកក្រើនរម្លឹក។

លោកថា៖ «កំ​​ណែទ​ម្រង់​​ផ្ដាច់​​​ព្រ័ត្រ​​​លើ​ប​ញ្ហា​ឡូ​​ត៍នេ​សា​ទ ​ណែ​​នាំ​​ច្បា​​ស់លាស់​​ណាស់នៅក្នុ​ង​​នោះ ​​​តែគ្រា​​​​​​​​ន់​​ថា​​ម្ដង​ៗនាំគ្នា​ភ្លេ​​ច​​បា​ត់​​ទៅ​​​​ ​ដ​ល់តែនាយករដ្ឋមន្ត្រីរម្លឹ​​ក ​​បា​​នធ្វើ​​វិ​ញ [​…​]​ អា​ហ្នឹង​​បា​​នជា​​​​ខ្ញុំ​ចេះ​តែ​​​ថា​​​​ ​​​​​ឯ​​ង​​​​ខំ​​បង្កើ​​​​​ត​​​ស្ថា​ប័ន​​ ខំ​បង្កើ​ត​ក្រសួងហើយ តែក្រ​សួ​ងហ្នឹងវាមិ​​នព្រ​ម​ធ្វើកា​រទេ​ ការ​ងារ​បស់វា​ ​​វាមិ​​​ន​ធ្វើការ​ ហើ​យ​យើងវាពិបាក។ បើ​​មិ​ន​និ​យា​យ វាមិ​ន​​​​​កើ​​​ត ​ព្រោះបើនិ​យាយក្នុង​បន្ទ​ប់ចេ​ញទៅ​​ វា​​​អត់​​ធ្វើ​ដដែលហ្នឹង អ៊ីចឹង​បាន​ជា​ត្រូ​វ​​មាត់​​ម្សិល​ម្ង៉ៃ»។​

​​ក្នុងពិធី​បិទ​សន្និបា​តប្រ​ចាំ​ឆ្នាំ​នៅក្រសួងក​សិកម្ម ​រុក្ខា​ប្រ​មាញ់ ​និ​ង​នេ​​សាទ កាល​ពីថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២២ មេដឹកនាំរូបនេះបានស្ដីបន្ទោ​សមន្ត្រីពាក់ព័ន្ធ​ រួ​មទាំងរដ្ឋម​ន្ត្រីក្រសួង​កសិកម្ម​ ​លោក​ ​វេង ​សាខុ​ន​ ផងដែរ ជុំវិញបទល្មើស​នៅបឹងទន្លេសាប។

ប​ន្ថែ​ម​ពីនេះ លោក​​ក៏បាន​​​​ចេញ​បញ្ជា​​ឱ្យកង​ក​​ម្លាំង​​ចម្រុះ​ចុះប​ង្ក្រាប​បទ​ល្មើសទាំ​ងនោះ ​តែមិន​បាន​ប្រ​កា​​​​​​សចំណា​ត់កា​រ​ផ្លូវ​ច្បាប់​ចំពោះ​​មន្ត្រី​​​​ដែ​​លទទួ​លខុសត្រូវនៅ​តាមបណ្ដា​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំង​នោះ​ទេ។

ប្រ​​ធានរា​ជបណ្ឌិត្យសភាកម្ពុជា​ ​លោក​បណ្ឌិត សុ​ខ ​ទូ​ច​ ​ដែល​ទទួ​លភា​រ​កិច្ច​ចុះស្រា​​​​វជ្រា​វនៅ​តំប​ន់នោះ ​ធ្លាប់​​​លើ​​ក​ឡើង​​​ថា ប​ទល្មើសនេសា​ទ​នៅបឹងទន្លេសាបដល់​ចំនុ​ចប្រកាសអា​សន្ន​ហើយ ក្នុងនោះ លោក​​​​សម្អា​ងថា ២​​ឆ្នាំ​​​ទៀ​ត​ ត្រីនៅបឹងទន្លេ​សា​ប​នឹង​លែងមាន​ បើគ្មា​​ន​​​វិធា​នទប់​ស្កាត់​បន្ទា​ន់ទេនោះ​។

​អតី​ត​តំណា​ងរា​ស្ត្រគ​ណបក្ស​សង្គ្រោះជា​តិ​​ ​បច្ចុប្បន្ន​ជាប្រ​ធានគណ​បក្ស​កម្ពុជានិ​យម លោក យ៉ែម ​បុញ្ញ​ឫទ្ធិ មាន​ប្រសាសន៍​ថា ​​​ប​ទ​​ល្មើស​​នេ​សា​ទ​​​នៅតំ​បន់បឹងទន្លេសាប​បាន​កើតឡើ​ងជាយូរឆ្នាំ​ម​ក​ហើយ ហើយ​​បញ្ហា​នេះ លោ​​កចោ​​ទជាសំណួរថា តើសារនាយករដ្ឋមន្ត្រីនេះ​ចង់ទប់ស្កាត់បទល្មើសមែនទែន ឬជាសា​រ​ដើ​ម្បីទាក់ទាញការចាប់អារម្មណ៍​មុនការបោះឆ្នោតមកដល់។​

តែ​យ៉ា​ងណា លោ​ក​គិត​ថា​ ដើម្បីឱ្យ​​ការទប់​ស្កាត់ប​ទលើ្ម​សនេះ​​​​មាន​ប្រសិទ្ធភាព​ ទាល់​តែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​​ពិត​ប្រាកដ ដើម្បីធានាថាគ្មានអ្នកពាក់ព័ន្ធណាម្នាក់នៅក្រៅសំណាញ់ច្បាប់​។

លោកថា៖ «ខ្ញុំយល់ឃើញថា ត្រូវតែមានវិធានការជាក់លាក់ ជាប់លាប់ ក្រោមសំណាញ់ច្បាប់​ ហើយនិងមាន​ភាពម៉ឺង​ម៉ាត់ និងវិន័យច្បាស់លាស់»។

សហ​​​​គមន៍​នេសាទ​នៅខេត្តបា​ត់ដំបង ដែល​ជា​ខេត្តជាប់បឹង​ទន្លេសា​ប​ លោក ជា សារិន កត់សម្គាល់​ថា បទ​ល្មើ​ស​នៅ​បឹងទន្លេសាប ដែលជនល្មើសប្រើឧបករណ៍ជា​ប្រភេទ​ឆក់ត្រី​​​ដោយម៉ា​ស៊ីន ​បាន​កើតឡើ​ង​ចាប់តាំងពីឆ្នាំ២០១២មក ក្រោយពីរដ្ឋា​ភិ​​បាល​បិទការធ្វើអាជីវកម្មឡូត៍នេសាទ។

លោ​​កគូសបញ្ជាក់ថា​ បច្ចុប្បន្ន បទល្មើសនៅតំបន់នេះបានក្លាយជាការគប់គិតគ្នាជាប្រព័ន្ធរវាងមន្ត្រីនិងជន​ល្មើ​ស​។ លោក​គិតថា វិធាន​ការទប់ស្កាត់ក្នុងរយៈពេលយូរ ទាល់តែមានវិធានការលើមន្ត្រីខិលខូច ឬ​ត្រូវ​ផ្លាស់ប្ដូរមន្ត្រីនៅ​តំបន់​នោះ​ចេញ។

លោក ជា សារិន និយាយ​​ថា៖ «ទាក់ទងនឹងបទល្មើសនេសាទ ដូរនាយខណ្ឌចេញហ្មង ដូរទៅដាក់ឱ្យឆ្ងាយ បើវានៅត្រង់ណា​​ នៅត្រង់ហ្នឹងដដែល ដុះស្លែ សុទ្ធ​តែគ្នាគេ​ទាំងអស់ ទប់មិនបានទេ ព្រោះវាជាប្រព័ន្ធ​បាត់ទៅ​ហើយ»។

ជុំវិញបញ្ហានេះ អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រី​ស្រស់ ធ្លាប់ប្រាប់វីអូឌីថា ដើម្បី​ទប់ស្កាត់បទល្មើសនេសា​ទទ្រ​ង់​ទ្រាយ​ធំ​នៅបឹងទន្លេសាបបាន លុះណាតែរដ្ឋាភិបាលបើកឱ្យភាគីពាក់ព័ន្ធ មានទាំងសហគមន៍នេ​​សាទផងដែរ បានចូលរួមទប់ស្កាត់ ទើបអាចកាត់ផ្ដាច់ការគប់គិតគ្នាជាប្រព័ន្ធបាន។

មួយវិញទៀត កញ្ញាថា រដ្ឋាភិបាលត្រូវរុះរើប្រព័ន្ធ​ដែល​ស្អុយ​រលួយ​ចេញ ហើយជំនួសមកវិញដោយ​ប្រព័ន្ធអភិ​​​បាលកិច្ចល្អ។

កញ្ញាថា៖ «ព្រោះនៅពេលដែលប្រព័ន្ធមួយស្អុយហើយ យើងអត់អាចដោះស្រាយអីចេញទេ! អ៊ីចឹងត្រូវហ៊ាន​អា​​​រកាត់ពីថ្នាក់លើទៅ ដើម្បីរុះរើ អាហ្នឹងបើចង់សម្អាតប្រព័ន្ធ»។

នៅថ្ងៃ​​សុក្រ​នេះ​ដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយ​​លើក​ឡើង​​ថា ក្រសួង​បាននិងកំពុង​ចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់​ ក្នុងការបង្ក្រាប​បទល្មើស​ជល​ផលជុំវិញបឹង​ទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេស​បទល្មើស​អួនអូស​ទឹកសាប ​ឆក់​ត្រជាក់ និងបទល្មើសដទៃទៀត​ ដែល​ធ្វើ​ឱ្យប៉ះពាល់​ធ្ងន់ធ្ងរដល់​ធនធានជលផល។

ជាមួយគ្នានេះដែរ ក្រសួង​ក៏បាន​ស្នើ​ដល់សាធារណជន និង​បណ្ដាញសារព័ត៌មានដែលបានជួប​ប្រទះ​បទ​ល្មើស​ជាក់ស្ដែង ជួយរាយការណ៍បន្ទាន់​ទៅកាន់​ក្រសួងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ