សង្គមស៊ីវិល និងដៃគូឯកជន សហការគ្នាធ្វើយុទ្ធនាការពង្រីកចំណេះដឹងផ្នែកសុវត្ថិភាពចរាចរណ៍ នៅខេត្តកំពង់ធំ និងកំពត ក្រោយរកឃើញថា ខេត្តទាំង២នេះមានចរាចរណ៍មមាញឹក និងអត្រាអ្នករងគ្រោះថ្នាក់ចរាចរណ៍ច្រើន។
អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូឌិនសល នៅថ្ងៃទី២៥ ខែមីនានេះ បានប្រកាសអនុវត្តកម្មវិធី «វិធានការសុវត្ថិភាពចរាចរណ៍»។
ក្នុងកម្មវិធីនោះ ដៃគូអភិវឌ្ឍន៍បានលើកឡើងពីសកម្មភាពលើកកម្ពស់ចរាចរណ៍ផ្លូវគោកនៅប្រទេសដែលមានចំណូលទាបនិងមធ្យម នៅទ្វីបអាស៊ី និងអាហ្វ្រិក ខណៈពួកគេមើលឃើញថា កម្ពុជាក៏ជាប្រទេសប្រឈមមួយដែលមានពលរដ្ឋរងគ្រោះច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍នេះដែរ។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា លោក គឹម បញ្ញា លើកឡើងថា ដៃគូសហការនឹងអនុវត្តកម្មវិធីនេះ ដោយជ្រើសរើសសាលារៀនចំនួន៤ ក្នុងនោះ ៣សាលានៅខេត្តកំពង់ធំ និងមួយសាលាទៀតនៅខេត្តកំពត។
លោកថា៖ «កំពង់ធំ ជាខេត្តដែលមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេលំដាប់ទី៣ [គឺ] ភ្នំពេញ កណ្ដាល និងកំពង់ធំតែម្ដង។ អ៊ីចឹងជាខេត្តទេសចរណ៍ ចរាចរណ៍មមាញឹក ហើយក៏មានអ្នករងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ ហើយបើយើងមើលចំនួនតួលេខ គឺអត់ថយទេ គឺមានការកើនឡើងចំនួនអ្នករងគ្រោះហ្នឹង។ ហើយកំពតក៏លំដាប់ទី១២ដែរ»។
លោកថា ជំហានបន្ទាប់ គឺការបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមគោលដៅ ត្រៀមរៀបចំសម្ភារ និងសកម្មភាពអប់រំផ្សព្វផ្សាយដល់សិស្សមធ្យមសិក្សាជាង៧ ០០០នាក់ ដោយផ្ដោតលើរបៀបប្រើប្រាស់មួកសុវត្ថិភាព ការគោរពល្បឿនកំណត់ និងវិធានសុវត្ថិភាពសម្រាប់អ្នកថ្មើរជើង។
បើតាមលោក គឹម បញ្ញា ការបណ្ដុះបណ្ដាលនឹងព្យាយាមធ្វើយ៉ាងណាផ្សព្វផ្សាយតាមវិធីថ្មីៗ ទាក់ទាញយុវជនឱ្យកាន់តែចាប់អារម្មណ៍ និងបញ្ជ្រាបដល់សហគមន៍របស់ពួកគេ ដោយលោកថា យុវជនជាគោលដៅ ព្រោះពួកគេនៅមិនទាន់យល់ដឹងពីឥរិយាបថនៃការបើកបរ និងមានភាពភ្លើតភ្លើនជាដើម។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី មានប្រសាសន៍ថា រយៈកាលចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះតិចតួចប៉ុណ្ណោះ ដែលករណីនេះនៅតែជាក្ដីបារម្ភ។ លោកស្រីបន្តថា រយៈពេលមិនដល់៣ខែក្នុងឆ្នាំ២០២២នេះ មានករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៥៨នាក់ ឬជាមធ្យមស្លាប់៥នាក់ក្នុងមួយថ្ងៃ។
លោកស្រីថា៖ «សូមសំណូមពរដល់ដៃគូ មេត្តាជួយ បើតែរាជរដ្ឋាភិបាលក៏មិនអាចមានថវិកាគ្រប់គ្រាន់ក្នុងការគ្របដណ្ដប់ទៅលើសកម្មភាពការងារចរាចរណ៍ការងារនេះដែរ ហើយអ៊ីចឹងមានតែការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺដៃគូអភិវឌ្ឍន៍ដែលមកប្រកបអាជីវកម្មនៅលើទឹកដីកម្ពុជា ដើម្បីថែរក្សាអាយុជីវិតអតិថិជនដែលជាប្រជាជនកម្ពុជាហ្នឹង ឱ្យគាត់មានជីវិតរស់នៅទៅ គាត់ជំរុញអាជីវកម្មរបស់អ្នកធុរកិច្ចទាំងអស់ហ្នឹងបានហើយ»៕