បទយកការណ៍៖​ ស្ត្រី​អ្នក​កោស​ខ្យល់​ចល័ត​ម្នាក់​ត្រូវ​ដើរ​១​ថ្ងៃ​១៥​ម៉ោង​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ម្តាយ​វ័យ​ជាង​៨០​ឆ្នាំ

អ្នកស្រី ហេង ធិ ឈរ​ខាង​ស្តាំ ចំណែក​ម្តាយ​របស់​អ្នកស្រី​អង្គុយ​លើគ្រែ​នៅខាង​ឆ្វេង​ នៅក្នុងបន្ទប់ជួលរបស់គាត់ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ អ្នកទាំង២នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ។ (រូប ដោយ សុន រស្មី)

ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងមានសភាពចាស់ដំបូលប្រក់ស័ង្កសីមានទីតាំងស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាជម្រកស្នាក់នៅរបស់ស្ត្រីវ័យ៦២ឆ្នាំ មានមុខរបរជាអ្នកដើរកោសខ្យល់ចល័ត ដើម្បីយកប្រាក់ចិញ្ចឹមម្តាយវ័យ៨៣ឆ្នាំ។

អ្នកស្រី ហេង ធិ វ័យ ៦២ឆ្នាំ មានជំងឺប្រចាំកាយផងនោះប្តេជ្ញាថា សុខចិត្តអត់អាហារខ្លួនឯងឱ្យតែម្តាយមានអាហារហូបចុកគ្រប់គ្រាន់។​

រំឭកទៅកាន់អតីតកាលនៃជីវិតរបស់អ្នកស្រី ហេង ធិ ដោយអ្នកស្រីរៀបរាប់ថា អ្នកស្រីរួមទាំងក្រុមគ្រួសារ ដើមឡើយមានស្រុកកំណើតនៅភូមិលេខ២ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ អ្នកស្រីបន្តទៀតថា ក្រោយសម័យខ្មែរក្រហម អ្នកស្រីនិងក្រុមគ្រួសារសម្រេចចិត្តនាំគ្នាមករស់នៅម្ដុំស្ពាន​ក្បាលថ្នល់​រាជធានីភ្នំពេញ។ អ្នកស្រីបន្តថា ខ្សែជីវិតរបស់គាត់ និងក្រុមគ្រួសារជួបការលំបាកតាំងពីដើមមក។​

អ្នកស្រីនិយាយថា៖ «ពេលចេញពី ប៉ុល ពត គ្រួសារអ៊ំពិបាកណាស់ កាលណោះអ៊ំត្រូវចេញទៅរកស៊ីដើម្បីចិញ្ចឹមគ្រួសារនិងបងប្អូន រើសអេតចាយផង រើសអំបែងកែវ អំបែងដបផង និង រែកទឹកឱ្យគេ​​ បានតែ២កាក់ ក៏អ៊ំស៊ូទ្រាំធ្វើដែរព្រោះយើងវាអត់»

អ្នកស្រី ហេង​ ធិ ប្រាប់បន្ថែមទៀតថា មុនពេលអ្នកស្រីចាប់ផ្ដើមមកចាប់របរដើរកោសខ្យល់ចល័តនេះ ​គឺអ្នកស្រីធ្លាប់ដើរកាត់សក់ និងធ្វើក្រចកឱ្យគេ ប៉ុន្តែដោយសារឥឡូវអ្នកស្រីមានវ័យកាន់តែច្រើនហើយភ្នែកក៏ពិបាកមើល ទើបរូបអ្នកស្រីងាកមកចាប់របរដើរកោសខ្យល់វិញ។

ស្ត្រីវ័យ៦២ឆ្នាំរូបនេះបញ្ជាក់ថា រយៈ៣ខែចុងក្រោយនេះ មិនសូវមានអ្នកហៅកោសខ្យល់ទេ ទើបគាត់សម្រេចចាប់យករបរមួយបន្ថែមទៀត គឺអូសរទេះរើស​អេតចាយផង និងកោសខ្យល់ផង។

អ្នកស្រីនិយាយថា៖ «អ៊ំដើរកោសខ្យល់ឱ្យគេគ្រប់កន្លែង ទៅដល់ណាក៏ទៅដែរឱ្យតែគេហៅ ហើយសល់ពេលខ្លះអ៊ំអត់សម្រាកទេ អ៊ំឆ្លៀតអូសរទេះ​ដើររើសអេតចាយលក់យកលុយដើម្បីចិញ្ចឹមម្ដាយនិងខ្លួនឯង»

អ្នកស្រីលើកឡើងថា របរកោសខ្យល់និងរើសអេតចាយនេះត្រូវចំណាយកម្លាំងច្រើនហើយចំណូលវិញបានមកតិចតួចមិនទៀងទាត់ ជាក់ស្ដែងដូចរបរកោស​ខ្យល់ទន្ទឹមនឹងមិនសូវមានអ្នកហៅឱ្យកោសនោះ តម្លៃវិញអ្នកស្រីមិនកំណត់ទេ គឺគេឱ្យប៉ុណ្ណាយកប៉ុណ្ណឹង ហើយពេលខ្លះកោសប៉ះចំអ្នកក្រខ្វះខាតដូចគ្នា​អ្នកស្រីមិនយកលុយទេ។ ​អ្នកស្រីបន្តថា  អ្នកកោសខ្យល់ខែខ្លះ គឺមិនមានអ្នកកោសសោះ ចំណែករើសអេតចាយវិញក្នុងរយៈពេលកន្លះខែលក់​បានប្រមាណ​ពី១៥ម៉ឺន ទៅ ២០ម៉ឺនរៀល។​

ទន្ទឹមនឹងនេះ អ្នកស្រី ហេង ធិ ប្រាប់ទាំងអួលដើមកដោយទឹកភ្នែកហូរសស្រាក់ថា ជីវភាពរបស់អ្នកស្រីសព្វថ្ងៃជួបប្រទះការខ្វះខាតច្រើន ដោយអ្នកស្រីត្រូវ​ចំណាយ​លើ​ថ្លៃឈ្នួល​ផ្ទះ ថ្លៃទឹកភ្លើង ម្ហូបអាហារ ថ្នាំសង្កូវ ជាពិសេសត្រូវរ៉ាប់រងចិញ្ចឹមមើលថែរក្សាម្ដាយចាស់ដែលមានជំងឺលើសឈាមប្រចាំកាយ​ឧស្សាហ៍​សន្លប់ ហើយរូបអ្នកស្រីផ្ទាល់សុខភាពក៏មិនសូវមាំទាំប៉ុន្មានដែរ ព្រោះវ័យកាន់តែចាស់ កម្លាំងក៏កាន់តែថមថយជាងមុន។

អ្នកស្រីរៀបរាប់ថា៖ «រាល់ថ្ងៃនេះអ៊ំជួបការលំបាកច្រើនចំណូលមិនទៀងទាត់ខ្វះមុខខ្វះក្រោយហើយត្រូវក្រោកពីព្រលឹមរហូតដល់យប់បានមកដល់ផ្ទះ ថ្ងៃខ្លះរកអត់បាន អត់មានលុយទិញម្ហូប ចឹងស្ងោរពងទា ហូបជាមួយទឹកស៊ីអ៊ីវពីរនាក់ម្ដាយ»

បើតាមរបាយការណ៍របស់ក្រសួងផែនការចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា អត្រាអ្នករស់នៅក្រោមបន្ទាត់ក្រីក្រមានជិត១៨% ឬស្មើនឹងជិត៣លាននាក់នៃចំនួនប្រជាជនកម្ពុជាសរុបទូទាំងប្រទេស។​

នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ឥទ្ធិពលនៃការឆ្លងរាលដាលមេរោគកូវីដនេះ ធ្វើឱ្យ​ពលរដ្ឋ​ដែលមានជីវភាពខ្វះខាតកាន់តែមានការលំបាកខ្លាំង។ លោក ជំរុញឱ្យរដ្ឋាភិបាលសិក្សា និងរៀបជាយន្តការដោះស្រាយឆ្លើយតបបញ្ហានេះ​ជួយសម្រួលដល់មុខរបរអ្នកមានជីវភាពក្រលំបាក។​

លោក យង់ គិមអេង៖ «រដ្ឋត្រូវបង្កភាពងាយស្រួលអាជីវកម្មតូចតាច អ្នករកស៊ីកំប៉ិកកំប៉ុក។ គួរតែបង្កលក្ខណៈឱ្យបានច្រើន លើកទឹកចិត្តឱ្យបានច្រើន»​។​

ទន្ទឹមនឹងនេះលោក ក៏ជំរុញឱ្យមានការពង្រឹងការបណ្តុះបណ្តាលជំនាញដល់មនុស្សជំនាន់ក្រោយផងដែរ។

លោក យង់ គិមអេង៖ «គួរតែមានការជួយណែនាំ ជួយបណ្តុះបណ្តាលជំនាញបន្ថែមទៀតដល់ ក្រុមយុវជន ដល់ស្ត្រីវ័យក្មេងអីជាដើម ឱ្យគាត់មានចំណេះដឹង ជំនាញសម្រាប់រកស៊ីអីផ្សេងៗ»។​​

ចំពោះអ្នកស្រី ហេង ធិ ឱ្យដឹងថា គាត់មានជីវភាពលំបាកតាំងពីតូច ដូច្នេះមិនបានរៀនសូត្រមានចំណេះដឹងទេ។ អ្នកស្រីថា ក្នុងអំឡុងពេលគាត់មានអាយុ​១០​ឆ្នាំ ធ្លាប់អត់អាហារញឹកញាប់ ដោយសារឪពុកម្តាយរកលុយទិញអង្ករមិនបាន។​

អ្នកស្រី ហេង ធិ៖ «និយាយពីលំបាកនោះលំបាកហួសហើយ ល្វីងជូរចត់តាំងពីតូចមក ដេកអត់បានក៏មាន អាយុប្រហែល១០ឆ្នាំ។ ជីវភាពមិនមែនក្រទេ គឺទាល់តែម្តង»។​

បច្ចុប្បន្នអ្នកស្រី ហេង ធិ វ័យ៦៣ឆ្នាំ កំពុងមានជំងឺឈឺជើង ប៉ុន្តែរូបគាត់មិនហ៊ានសម្រាកទេព្រោះត្រូវដើររកលុយចិញ្ចឹមម្តាយវ័យ៨៣ឆ្នាំក្នុងសភាពចាស់ជរា ហើយមានជំងឺលើសឈាមផង។​ អ្នកស្រីត្រូវធ្វើដំណើរដើម្បីកោសខ្យល់ និងរើសអេតចាយប្រមាណ១៥ម៉ោងក្នុង១ថ្ងៃ។

អ្នកស្រី ហេង ធិ៖ «ខ្ញុំអត់ទៀងទេ ជួនកាលចេញពីព្រលឹម ជួនកាលម៉ោង៦ ហើយដល់ពេលដល់បឹងកេងកង ជួនកាលកោសខ្យល់បាន២នាក់ ៣នាក់ចឹងទៅ ហើយមកដល់វិញម៉ោង៨ឬយប់ចឹងទៅ»។​​

​អ្នកស្រី ហេង ធិ កំពុងមានជំងឺឈឺជើងដោយមិនដឹងមូលហេតុរយៈពេលជិត១ខែហើយ ប៉ុន្តែមិនហ៊ានឈប់សម្រាកទេ ដោយសារត្រូវប្រឹងប្រែងរកលុយទិញ​ម្ហូប​អាហារ បង់ថ្លៃបន្ទប់ បង់ទឹក បង់ភ្លើង។ នៅក្នុងស្ថានភាពវ័យចាស់ និងមានជំងឺផងនោះ ម្តាយកូនទាំង២នាក់នេះមានប័ណ្ណក្រីក្រដែលរដ្ឋាភិបាល​ផ្តល់ឱ្យដើម្បីទទួលបានការព្យាបាលជំងឺ និង ការឧបត្ថម្ភផ្សេងៗដែរ។​

អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី មានប្រសាសន៍ថា មនុស្សចាស់ដែលរដ្ឋាភិបាលកំណត់ គឺចាប់ពីអ្នកមានអាយុ៦០ឆ្នាំឡើងទៅ បច្ចុប្បន្នមាន​ប្រមាណ១លាន២សែននាក់។ លោកបន្តថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ ហើយបានបង្កើតជាសៀវភៅគោលនយោបាយមនុស្សចាស់។ លោក តូច ចាន់នី បន្តថា បច្ចុប្បន្ន កម្មវិធីដែលដំណើរការសកម្មនោះ គឺសមាគមមនុស្សចាស់បង្កើតគ្រប់កន្លែងនៅទូទាំងប្រទេស។​

លោក តូច ចាន់នី៖ «សមាគមជួយដល់អ្នកស្លាប់បានប៉ុន្មាន! អ្នកជួបការលំបាកបានប៉ុន្មានអីអ៊ីចឹងទៅ! មានតែសមាគមទេ ឥលូវដើរតួនាទីសំខាន់ ហើយយើងបានបង្កើតសមាគមគ្រប់ឃុំ-សង្កាត់ទាំងអស់»

សៀវភៅគោលនយោបាយជាតិសម្រាប់មនុស្សចាស់របស់រដ្ឋាភិបាល អនុវត្តពីឆ្នាំ២០១៧ ដល់២០៣០ មានកម្រាស់ជិត១០០ទំព័រ បានចែងលម្អិតច្រើន​ពីស្ថានភាពមនុស្សនិងក្រុមការងារត្រូវជួយ។​

លោក តូច ចាន់នី បញ្ជាក់ថា សមាគមដែលរដ្ឋាភិបាលបង្កើតឡើង គឺជួយទៅតាមស្ថានភាពជាក់ស្ដែង ដោយកន្លែងខ្លះជួយជាស្បៀងអាហារដល់មនុស្ស​ចាស់ក្រីក្រ និងកន្លែងខ្លះទៀតជួយឧបត្ថម្ភដល់គ្រួសារនៅពេល​ស្លាប់។

ងាកមកគ្រួសារ២នាក់ម្តាយកូននេះវិញ បើទោះជាចំណូលមិនទៀងទាន់ ប៉ុន្តែអ្នកស្រី ហេង ធិ ប្តេជ្ញាមិនឱ្យម្តាយអត់អាហារទេ គឺមិនថា រកបានតិចតួច ឬអ្នកជិតខាងឱ្យទេ គាត់ជូនម្តាយ។

អ្នកស្រី ហេង ធិ៖«ខ្ញុំសុខចិត្តខ្លួនខ្ញុំអត់ ខ្ញុំសុខចិត្តមាត់ខ្ញុំអត់ បើគេឱ្យអីមក ខ្ញុំមិនដែលហូបទេ ខ្ញុំសុខចិត្តទៅឱ្យដល់ម្តាយ»។​

មូលហេតុដែលអ្នកស្រី ប្តេជ្ញាមិនបោះបង់ម្តាយទោះជួបការលំបាកយ៉ាងណាក៏ដោយនេះគឺអ្នកស្រីថា ម្តាយគាត់ជួបការលំបាកវេទនាខ្លាំងក្នុងការចិញ្ចឹមរូបគាត់​និងបងប្អូនផ្សេងទៀត។

អ្នកស្រី ហេង ធិ៖ «ខ្ញុំនៅចាំអត់មានភ្លេចទេ តាំងពីក្មេងមានគ្រួសារមកគាត់លំបាកវេទនា»។​

ក្តីប្រាថ្នាចុងក្រោយរបស់អ្នកស្រី ចង់ឱ្យខ្លួនឯងនិងម្តាយ បើជីវិតអស់ចង់ឱ្យស្លាប់ទៅដោយស្រួលកុំឱ្យលំបាកយូរ ព្រោះពួកគាត់មិនមានសាច់ញាតិមើលថែទេ។​

អ្នកស្រី ហេង ធិ៖ «សូមខមាលទោស បើសិនជាសង្ខារអស់ហើយ សូមឱ្យដេកទៅបណ្តោយទៅកុំឱ្យនៅលំបាកវេទនាទៀត»

អត្ថបទដោយ សុន រស្មី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ