តារា​ចម្រៀង​អាយ៉ៃ ព្រហ្ម ម៉ាញ​ មិន​បាន​ស្លាប់​ដូច​ព័ត៌មាន​ប្រតិដ្ឋ​ក្នុង​បណ្ដាញ​សង្គម​ឡើយ​

លោក ព្រហ្ម ម៉ាញ វីរៈសិល្បៈករផ្នែកចំរៀងអាយ៉ៃ កំពុងសម្រាកព្យាបាលជំងឺ​នៅឯ​មន្ទីរពេទ្យ ថ្ងៃទី២៤ ខែមីនា ដោយសារជំងឺលើសឈាម។ (រូប៖ ហ្វេសប៊ុក ខ្ញុំព្រហ្មម៉ាញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២)

តារាចម្រៀង​អាយ៉ៃ​ជើងចាស់ លោក ព្រហ្ម ម៉ាញ មិន​បាន​ស្លាប់​ដូច​ព័ត៌មាន​ប្រតិដ្ឋ​ដែល​បាន​គេចែក​រំលែក​តៗ​គ្នា នៅក្នុង​បណ្ដាញ​សង្គម​ឡើយ ខណៈលោក​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​លើស​ឈាម នៅឯ​មន្ទីពេទ្យ​មួយ ស្ថិត​នៅ​ក្បែរ​ស្ពានអាកាស​ពេទ្យលោក​សង្ឃ រាជធានី​ភ្នំពេញ។

ក្មួយប្រុសរបស់លោក ព្រហ្ម ម៉ាញ គឺលោក ខេង រតនា (ហៅនាយព្រែក) បានប្រាប់ វីអូឌី នារសៀលថ្ងៃទី២៥ ខែមីនានេះថា ពេលនេះសុខភាពរបស់លោក ព្រហ្ម ម៉ាញ បានធូស្រាលច្រើនហើយ លោកអាចនិយាយបាននិងពិសាអាហារបាន ពោលគឺចាំតែថ្ងៃចេញពីមន្ទីរពេទ្យតែប៉ុណ្ណោះ មិនមានអ្វីជាការបារម្ភ​ឡើយ។

ជុំវិញព័ត៌មានក្លែងក្លាយនេះ លោក រតនា បានឱ្យដឹងថា អុំប្រុសរបស់លោកនិងក្រុមគ្រួសារមិនបានប្រកាន់យកទោសពៃចំពោះព័ត៌មានមិនពិត ដែលត្រូវបាន​ផ្សព្វផ្សាយនិងចែករំលែកលើបណ្ដាញសង្គមនោះទេ ពីព្រោះលោកជាមនុស្សរបស់មហាជន។

លោក ខេង រតនា មានប្រសាសន៍ថា៖ «គាត់ជាសិល្បៈមហាជន អ៊ីចឹងគាត់មិនប្រកាន់ខឹងដូចអ្នកខ្លះគាត់សរសេរព័ត៌មានថាឱ្យចាប់អ្នកស៊ែរ (Share) ចាប់​អ្នក​ដែលបំផុសព័ត៌មាន គឺគាត់មិនមានបំណងអីបែបនោះទេ ព្រោះគាត់ជាសិល្បៈមហាជន គាត់តែងមានការលើកលែង»

នាយព្រែកបន្ថែមថា៖ «យើងមិនមានចាត់វិធានការតាមច្បាប់អ្វីទេគ្រាន់តែថា អុំគាត់សុំឱ្យកែសម្រួល ហើយអ្នកស៊ែរ (Share) ហើយសូមមេត្តាលុបវិញទៅ គឺចប់ហើយអត់អីទេ»

លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) បានលើកឡើងថាសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ចំពោះការ​សម្រេចចិត្តរបស់យើងផ្ទាល់ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។

លោក ណុប វី មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋយើងដែលទទួលព័ត៌មានក្លែងក្លាយវាដូចជាគាត់ហូបឱសថក្លែងក្លាយ ចឹងមានន័យថា វានឹងប៉ះពាល់​ដល់សុខភាពពួកគាត់ ដោយឡែកបើយើងទទួលបានព័ត៌មានក្លែងក្លាយ វានឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់យើង»

លោកថា ក្នុងបរិបទយុគ្គសម័យឌីជីថលបច្ចុប្បន្ននេះ ការធ្វើការចែករំលែកព័ត៌មានក្លែងក្លាយគឺមានច្រើន ហើយការផលិតព័ត៌មានក្លែងក្លាយក៏មានច្រើនដែរ ដោយសារតែកត្តានៃចំណេះដឹងបច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋនៅមានកម្រិត។

លោក ណុប វី បន្តថា៖ «ព័ត៌មាននៅលើបណ្ដាញសង្គមមិនមែនសុទ្ធតែជាព័ត៌មានពិតទេ ដូចនេះគប្បីប្រជាពលរដ្ឋយើងគាត់មានការប្រយ័ត្នប្រយែងនៅក្នុង​ការចែករំលែក ឬក៏នៅក្នុងការប្រើប្រាស់ព័ត៌មានដែលគាត់បានឃើញនៅក្នុងប្រព័ន្ធឌីជីថល ដើម្បីធានានូវសុវត្ថិភាពរបស់ខ្លួនគាត់ផ្ទាល់ផង ហើយដើម្បីការពារ​ផលប្រយោជន៍សង្គមជាតិយើងផង»

យ៉ាងណាមិញ លោកក៏បានលើកឡើងពីផលប៉ះពាល់ថា ទោះបីជាយើងមិនមែនជាអ្នកផលិតព័ត៌មានផ្ទាល់ក៏ដោយ ន្តែប្រសិនបើយើងចែករំលែកព័ត៌មាន​មិនពិត​យើងក៏អាចមានទោសផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានលើកឡើងថា ក្នុងសម័យឌីជីថលនេះប្រជាពលរដ្ឋមានឱកាសក្នុងការទទួលបានព័ត៌មាន​ពីគ្រប់​មធ្យោបាយ​​ហើយ​កាន់តែសម្បូរបែប។  ប៉ុន្តែទន្ទឹមនឹងនោះ វាមានការលេចឡើងនៅការចែករំលែក ការផ្សព្វផ្សាយព័ត៌មានមិនពិត  ឬព័ត៌មានក្លែងក្លាយដែល​បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមជាតិ។

លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ព័ត៌មានក្លែងក្លាយពិតជាជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គម វាប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ បង្កឱ្យមានភាពចលាចលដល់សង្គម ហើយប៉ះពាល់ទៅដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់បុគ្គលឯកជនជាដើម»

លោក ព្រហ្ម ម៉ាញ វីរៈសិល្បៈករផ្នែកចំរៀងអាយ៉ៃ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ថ្ងៃទី១៩ ខែមីនា ដោយសារជំងឺលើសឈាម។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលមានការលេចឡើងនូវព័ត៌មានមិនពិតបែបនេះ ប្រមាណជាង១០ឆ្នាំមុនក៏ធ្លាប់មានព័ត៌មានថា លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ វ័យ៧២ឆ្នាំរូបនេះ បានទទួលមរណៈភាពនៅសហរដ្ឋអាមេរិកដោយសារជំងឺមេរោគអេដស៍ផងដែរ៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។