យុវជន​​បរិស្ថាន​ថា​បទ​ល្មើស​ព្រៃឈើ​នៅ​តែ​​​កើត​មាន​ ​ខណៈ​សេរីភាព​សហគមន៍​ត្រូវ​បាន​រឹតត្បិត

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ក្រុមយុវជនការពារធនធានធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅតែបន្តយាយី និងធ្វើទុក្ខបុកម្នេញលើយុវជនស្រលាញ់បរិស្ថាន ព្រមទាំងប្រជាសហគមន៍ មិនឱ្យពួកគេមានសេរីភាពពេញលេញដើម្បីចុះការពារព្រៃឈើនោះទេ ដែលជាផ្នែកមួយធ្វើឱ្យបទល្មើសធនធានធម្មជាតិមួយនេះបន្តកើតមាន។

ក្នុងកិច្ចសន្ទនាយុវជននៃការចូលរួមរបស់យុវជន ស្តីពីចីរភាពធនធានធម្មជាតិនៅកម្ពុជា នៅថ្ងៃអាទិត្យនេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង បានថ្លែងថា ក្រុមយុវជនមកពីមហាវិទ្យាល័យនានា អតីតយុវជនវ័យឆ្លាតនៅក្នុងសហគមន៍ និងយុវជនការពារបរិស្ថាន ប្រមាណ៣០នាក់ បាននាំគ្នាប្រជុំពិគ្រោះយោបល់ជុំវិញប្រធានបទការពារធនធានធម្មជាតិនៅកម្ពុជា។

លោក គឹមហុង បញ្ជាក់ថា នៅក្នុងកិច្ចសន្ទនានោះ ក្រុមយុវជនទាំងបានរកឃើញថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅតែប្រព្រឹត្តអំពើពុករលួយ និងបន្តរឹតត្បិតសេរីភាពយុវជន  ការរារាំងប្រជាសហគមន៍ មិនឱ្យចូលរួម និងការពារព្រៃឈើ ជាពិសេសនៅតំបន់ព្រៃឡង់ជាដើម។   ​ករណីនេះធ្វើឱ្យបទល្មើសព្រៃឈើនៅតំបន់អភិរក្សមួយនេះនៅតែបន្តកើតមានដដែល។

លោកមានប្រសាសន៍ថា៖ «ការរឹតត្បិតសិទ្ធិសេរីភាពសហគមន៍មូលដ្ឋាន និងការចូលរួម ហើយក្នុងហ្នឹងក៏មានការជជែកពីអំពើពុករលួយ ដែលជាផ្នែកមួយដែលធ្វើឱ្យបាត់បង់ធនធានធម្មជាតិជាបន្តបន្ទាប់»។

លោកបន្ថែមថា៖ «បើសិទ្ធិសេរីភាពយើងត្រូវបានរឹតត្បិតការចូលរួមយើងអត់បានពេញដៃពេញជើង វាធ្វើឱ្យព័ត៌មានអត់ទទួលបានគ្រប់ជ្រុងជ្រោយដែរ វាកាន់តែធ្វើឱ្យធនធានធម្មជាតិកាន់តែបាត់បង់ ហើយបទល្មើសព្រៃឈើនៅតែបន្តកើតមានឡើង»។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ថ្លែងបន្តថា ក្រោយពីក្រុមយុវជនធ្វើកិច្ចសន្ទនារួច   គឺពួកគេនឹងពាំនាំនូវទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់យុវជន រួមទាំងប្រជាសហគមន៍  ប្រាប់ទៅថ្នាក់ដឹកនាំក្រសួងបរិស្ថានឱ្យជួយរកដំនោះស្រាយជូនពួកគេ ខណៈពួកគេនឹងជួបថ្នាក់ដឹកនៃក្រសួងនៅដើមខែមេសាខាងមុខនេះ។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក​នេត ភក្រ្តា បានទេនៅរសៀលថ្ងៃអាទិត្យនេះ ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត សង្កេតឃើញថា បទល្មើសព្រៃឈនៅតែបន្តកើតមាន ដោយសារអាជ្ញាធរថ្នាក់ជាតិ និងថ្នាកក្រោមជាតិមួយចំនួន រារាំងយុវជន និងប្រជាសហគមន៍ការពារព្រៃឈើ មិនឱ្យចុះល្បាតនៅតំបន់ដែលជនល្មើសកាប់បំផ្លាញ។

លោក វណ្ណ សុផាត ផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើបានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលបញ្ជាទៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើជនល្មើសឱ្យមានតម្លាភាព និងមិនប្រកាន់បក្ខពួក ដូចជាការបង្ក្រាបបទល្មើសព្រៃលិចទឹក និងបទល្មើសតាមបឹងទន្លេសាបកន្លងមកនេះជាដើម។

លោកផ្តល់ជាអនុសាសន៍ថា៖ «ខ្ញុំចង់ឱ្យប្រមុខរាជរដ្ឋាភិបាលចាត់វិធានការ ការពារព្រៃទូទាំងប្រទេស ដូចការចាត់វិធានការធនធានជលផល និងការរំលោភដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបដែរ ព្រោះកន្លងមកមានការសាទរពីប្រជាពលរដ្ឋ ។ អញ្ចឹងយើងសង្ឃឹមថា ទៅមុខទៀតរាជរដ្ឋាភិបាលនឹងចាត់វិធានការទៅលើបទល្មើសព្រៃឈើទាំងអស់ហ្នឹង ដើម្បីរក្សាព្រៃនិងធនធានធម្មជាតិនេះបានគង់វង្ស»។

បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើលើផ្ទៃដីកម្ពុជាជាង៦ ០០០ហិកតាបានរងនូវការកាប់បំផ្លាញនៅតំបន់ការពារព្រៃឡង់ និងព្រៃព្រះរការ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ដាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា លើគម្រោង «ព្រៃឡង់បៃតង» ឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែលបិទខ្ទប់សំឡេងនិងសកម្មភាពសកម្មជនការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើសនៅតំបន់ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះនៅបន្តរងការកាប់បំផ្លាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ