លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលថា កម្ពុជាបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពទប់ទល់ការឈ្លានពីបរទេស ដោយលោកនាយករដ្ឋមន្ត្រីថា ការអត្ថាធិប្បាយនោះ មិនតំណាងឱ្យនយោបាយការបរទេសកម្ពុជានោះទេ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះបានកើតឡើង ក្រោយពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ថ្លែងក្នុងបទបង្ហាញមួយ នៅរាជបណ្ឌិត្យសភា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ក្រោមប្រធានបទ «នយោបាយការបរទេសកម្ពុជា នាពេលបច្ចុប្បន្ន»។
ក្នុងបទបង្ហាញនោះ លោក សុខ ទូច បានលើកឡើងថា បើកម្ពុជាគាំទ្រការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែននោះ ថាតើនឹងមានប្រទេសណាជួយកម្ពុជា បើសិនមានអ្នកញុះញង់វៀតណាមឱ្យវាយលុកចូលកម្ពុជា។ លោកគូសបញ្ជាក់ថា បើសិនមានការលុកលុយពីប្រទេសដទៃ គឺកម្ពុជាខ្វះលទ្ធភាពទប់ទល់ចំនួន ៤ចំណុច បើធៀបទៅនឹងប្រទេសជិតខាង។
លោកថា៖ «អាណាញុះ ខ្ញុំដឹង ពួកហ្នឹង ញុះពូកែណាស់ ឱ្យវៀតណាមមកវាយមក ទប់ជាប់ដែរអត់? អត់ជាប់ទេ។ គេមាន៤ដែលយើងអត់មាន ដឹងទេ? នាវាមុជទឹកយើងមានទេ? អត់។ មិច[យន្តហោះចម្បាំង] យើងមានទេ អត់។ ទី៣ យើងមានកាតព្វកិច្ចចូលបម្រើកងទ័ពទេ?អត់។ ថៃមានទាហានឈុតខ្មៅ វៀតណាមមាន។ ខ្មែរយើង សុំទោសសម្តេចពិជ័យសេនា[ទៀ បាញ់] ផ្កាយច្រើនតែយួរតែក្បាលពោះយួរមិនរួចផង»។
ប៉ុន្តែ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការអត្ថាធិប្បាយនេះ។
លោក ហ៊ុន សែន ថ្លែងថា អ្នកដែលមានសិទ្ធិនិយាយជាផ្លូវការបាន សម្រាប់នយោបាយការបរទេសដែលតំណាងឱ្យកម្ពុជា គឺមានតែអង្គព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងក្រសួងការបទេសកម្ពុជាប៉ុណ្ណោះ។ លោកថ្លែងទាំងមិនបញ្ចេញឈ្មោះថា ការលើកហេតុផល៤យ៉ាងនោះ អាចធ្វើឱ្យមានការយល់ច្រឡំពីជំហររបស់កម្ពុជា ហើយថាបើមានការឈ្លានពានណាមួយកើតឡើងមែន កម្ពុជាអនុវត្តនយោបាយការបរទេសផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនអនុវត្តនយោបាយការបទេសផ្អែកលើកម្លាំងនោះទេ។
លោកថា៖ «ការអត្ថាធិប្បាយថា កម្ពុជាមិនទាន់បានតៀមខ្លួនដោយសារតែខ្លួនខ្វះនាវាមុជទឹក ខ្វះយន្តហោះមិច ខ្វះកាតព្វកិច្ចយោធាកងទ័ពសម្បូរដោយឧត្តមសេនីយក្បាលពោះធំ អ៊ីចឹងបានន័យថា ជំហរបែបនេះគឺត្រៀមខ្លួនផ្លាស់ប្តូរនូវគំនិតពីការបោះឆ្នោតប្រឆាំង ទៅជាការបោះឆ្នោតគាំទ្រមែនទេ សុំអ្នកធ្វើអត្ថាធិប្បាយទាំងឡាយឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការធ្វើអត្ថាធិប្បាយបែបនេះ»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាអនុប្រធានបណ្តោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា បើតាមការលើកឡើងរបស់លោក សុខ ទូច រដ្ឋាភិបាលគួរពង្រឹងសមត្ថភាពកម្ពុជា លើគ្រប់វិស័យ រួមទាំងយន្តការពង្រឹងផ្ទៃក្នុងជាតិ។
មួយវិញទៀត លោកថា ដើម្បីប្រើប្រាស់យន្តការអន្តរជាតិបាន ចាំបាច់ណាស់ កម្ពុជាខ្លួនឯង ត្រូវគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ បើមិនដូច្នោះទេ កម្ពុជាអាចនឹងខ្វះការគាំទ្រនៅលើឆាកអន្តរជាតិ។
លោកថា៖ «រឿងសិទ្ធិមនុស្ស រឿងប្រជាធិបតេយ្យ រឿងស្អីទាំងអស់ហ្នឹង ដែលពាក់ព័ន្ធទៅនឹងរឿងអន្តរជាតិហ្នឹង ដូច្នេះទាល់តែយើងប្រឹងប្រែងគោរពទៅតាមហ្នឹង បានគេអាចគិតថា ប្រទេសយើងជាប្រទេសមួយគោរពទៅតាមធម្មនុញ្ញអន្តរជាតិហ្នឹង អាហ្នឹងគេឆាប់ជួយយើងជាង តែបើយើងអត់គោរពទេ ពេលយើងមានបញ្ហា គេមិនជួយយើងងាយៗទេ»។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ គាំទ្រប្រសាសន៍នាយករដ្ឋមន្ត្រី ប៉ុន្តែលោកថា ក្រៅពីពង្រឹងយន្តការប្រជាធិបតេយ្យហើយ រដ្ឋាភិបាលត្រូវពង្រឹងសមត្ថភាពវិស័យកងទ័ព ក្នុងកម្រិតដែលអាចការពារបូរណភាពទឹកដីរបស់ខ្លួនផងដែរ។
លោកថា៖ «ពីព្រោះហេតុអី បានជាយើងនិយាយអីចឹង ពីព្រោះយើងដឹងហើយថា សូម្បីតែអ៊ុយក្រែន បើទោះបីគាត់ ត្រូវបានមហាអំណាចមានឥទ្ធិពលខ្លាំងហ្នឹង វាយលុយចូលទៅប្រទេសគាត់មែន តែបើគាត់គ្មានសមត្ថភាព នៅក្នុងការការពារ ឬក៏មន្ត្រីយោធារបស់គាត់ គ្មានកម្លាំងគ្រប់គ្រាន់ ឬក៏គ្មានសមត្ថភាពការពារទឹកដី នោះច្បាស់ណាស់រុស្ស៊ី នឹងគ្រប់គ្រងអ៊ុយក្រែនបានហើយ»។
កម្ពុជា កាលពីថ្ងៃទី២ ខែមីនា បានបោះឆ្នោតនៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ ខែមីនា បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលបោះឆ្នោតគាំទ្រការថ្កោលទោសនេះទេ ប៉ុន្តែកម្ពុជាក៏បានសម្រេចចិត្តចូលរួមជាមួយប្រទេសសហស្ថាបនិកនៃសេចក្ដីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែននេះថែមទៀត៕