លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលថា កម្ពុជាបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពទប់ទល់ការឈ្លានពីបរទេស ដោយលោកនាយករដ្ឋមន្ត្រីថា ការអត្ថាធិប្បាយនោះ មិនតំណាងឱ្យនយោបាយការបរទេសកម្ពុជានោះទេ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះបានកើតឡើង ក្រោយពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ថ្លែងក្នុងបទបង្ហាញមួយ នៅរាជបណ្ឌិត្យសភា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ក្រោមប្រធានបទ «នយោបាយការបរទេសកម្ពុជា នាពេលបច្ចុប្បន្ន»។
ក្នុងបទបង្ហាញនោះ លោក សុខ ទូច បានលើកឡើងថា បើកម្ពុជាគាំទ្រការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែននោះ ថាតើនឹងមានប្រទេសណាជួយកម្ពុជា បើសិនមានអ្នកញុះញង់វៀតណាមឱ្យវាយលុកចូលកម្ពុជា។ លោកគូសបញ្ជាក់ថា បើសិនមានការលុកលុយពីប្រទេសដទៃ គឺកម្ពុជាខ្វះលទ្ធភាពទប់ទល់ចំនួន ៤ចំណុច បើធៀបទៅនឹងប្រទេសជិតខាង។
លោកថា៖ «អាណាញុះ ខ្ញុំដឹង ពួកហ្នឹង ញុះពូកែណាស់ ឱ្យវៀតណាមមកវាយមក ទប់ជាប់ដែរអត់? អត់ជាប់ទេ។ គេមាន៤ដែលយើងអត់មាន ដឹងទេ? នាវាមុជទឹកយើងមានទេ? អត់។ មិច[យន្តហោះចម្បាំង] យើងមានទេ អត់។ ទី៣ យើងមានកាតព្វកិច្ចចូលបម្រើកងទ័ពទេ?អត់។ ថៃមានទាហានឈុតខ្មៅ វៀតណាមមាន។ ខ្មែរយើង សុំទោសសម្តេចពិជ័យសេនា[ទៀ បាញ់] ផ្កាយច្រើនតែយួរតែក្បាលពោះយួរមិនរួចផង»។
ប៉ុន្តែ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការអត្ថាធិប្បាយនេះ។
លោក ហ៊ុន សែន ថ្លែងថា អ្នកដែលមានសិទ្ធិនិយាយជាផ្លូវការបាន សម្រាប់នយោបាយការបរទេសដែលតំណាងឱ្យកម្ពុជា គឺមានតែអង្គព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងក្រសួងការបទេសកម្ពុជាប៉ុណ្ណោះ។ លោកថ្លែងទាំងមិនបញ្ចេញឈ្មោះថា ការលើកហេតុផល៤យ៉ាងនោះ អាចធ្វើឱ្យមានការយល់ច្រឡំពីជំហររបស់កម្ពុជា ហើយថាបើមានការឈ្លានពានណាមួយកើតឡើងមែន កម្ពុជាអនុវត្តនយោបាយការបរទេសផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនអនុវត្តនយោបាយការបទេសផ្អែកលើកម្លាំងនោះទេ។
លោកថា៖ «ការអត្ថាធិប្បាយថា កម្ពុជាមិនទាន់បានតៀមខ្លួនដោយសារតែខ្លួនខ្វះនាវាមុជទឹក ខ្វះយន្តហោះមិច ខ្វះកាតព្វកិច្ចយោធាកងទ័ពសម្បូរដោយឧត្តមសេនីយក្បាលពោះធំ អ៊ីចឹងបានន័យថា ជំហរបែបនេះគឺត្រៀមខ្លួនផ្លាស់ប្តូរនូវគំនិតពីការបោះឆ្នោតប្រឆាំង ទៅជាការបោះឆ្នោតគាំទ្រមែនទេ សុំអ្នកធ្វើអត្ថាធិប្បាយទាំងឡាយឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការធ្វើអត្ថាធិប្បាយបែបនេះ»។
កម្ពុជា កាលពីថ្ងៃទី២ ខែមីនា បានបោះឆ្នោតនៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ ខែមីនា បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលបោះឆ្នោតគាំទ្រការថ្កោលទោសនេះទេ ប៉ុន្តែកម្ពុជាក៏បានសម្រេចចិត្តចូលរួមជាមួយប្រទេសសហស្ថាបនិកនៃសេចក្ដីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែននេះថែមទៀត៕