គ.ជ.ប សម្រេចលុបឈ្មោះនិងបញ្ជីបេក្ខជនឈរឈ្មោះគណបក្សនយោបាយចំនួនពីរ ក្រោយពីរកឃើញមានភាពមិនប្រក្រតី

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (ម៉ម មុនីរតន៍)

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណបក្សនយោបាយចំនួនពីរ ក្រោយពីរកឃើញភាពមិនប្រក្រតីក្នុងការដាក់បេក្ខជនឈឈ្មោះនាពេលកន្លងទៅនេះ។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពី ដើមបណ្តឹងស្នើសុំលុបឈ្មោះ និងលុបបញ្ជីបេក្ខជនឈឈ្មោះរបស់គណបក្សនយោបាយចំនួនពីរ គឺគណបក្សភ្លើងទៀនស្ថិតនៅឃុំកណ្តៀង ក្នុងខេត្តពោធិ៍សាត់ និងគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅក្នុងបន្ទប់សវនាការ  អ្នកស្រី ឈុន សុវណ្ណារី ដែលអះអាងថា ជាដើមបណ្តឹង បានស្នើសុំប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លុបឈ្មោះ គង់ ឡេង ដែលជាបេក្ខជនមកពីគណបក្សភ្លើងទៀន ហើយបានឈរឈ្មោះនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចេញពីបញ្ជី ដោយសារតែបុគ្គលរូបនោះមិនចេះអាន និងមិនចេញសរសេរអក្សរជាដើម។

លោក កែត ឃី មេធាវីការពារក្តីឱ្យឈ្មោះ គង់ ឡេង  បានគាំទ្រនឹងសំណើរសុំរបស់ដើមបណ្តឹង ប៉ុន្តែលោកស្នើទៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប រក្សាបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា របស់គណបក្សភ្លើងទៀតនៅដដែល ដើម្បីទុកឱកាសឱ្យគណបក្សនេះបានប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សនយោបាយផ្សេងៗទៀតផងដែរ ។

លោក មេធាវី សំ សុគង់ ការពារក្តីឱ្យលោក យ៉ាន់ សេងហ៊ត ដែលជាបេក្ខជនឈរឈ្មោះឱ្យគណបក្សភ្លើងទៀនប្រចាំនៅឃុំកណ្តៀង​ ខេត្តពោធិ៍សាត់ ។ លោកថា ដើមចមដែលនាំឱ្យលោកប្តឹងមក គ.ជ.ប ដើម្បីឱ្យស្ថាប័នកំពូលនេះលុបចោលសេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ និងទទួលស្គាល់ការចុះបញ្ជីរបស់បេក្ខជន ១០រូបនៅក្នុងឃុំកណ្តៀង ខេត្តពោធិ៍សាត់ឡើងវិញ ដើម្បីឱ្យកូនក្តីរបស់លោកមានឱកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រក្សាឃុំ-សង្កាត់ក្នុងខេត្តនេះ  នាពេលឆាប់ៗខាងមុខ​​។

ចំណែក អ្នកស្រី ផែន រី ដែលអះអាងថា ជាដើមបណ្តឹងឱ្យតំណាងគណៈសំបុកឃ្មុំសង្គមប្រជាធិបតេយ្យប្រចាំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ឆ្នាំ២០២២នេះ ចំនួន១០នាក់ បានស្នើសុំលុបឈ្មោះបេក្ខជនចេញពីបញ្ជីបោះឆ្នោត ដោយសារបេក្ខជនទាំងនោះ ត្រូវបានគេលួងលោមយករូបថត និងប្រវត្តិរូបសង្ខេបទៅបំពេញឈ្មោះជំនួស ខុសពីនីតិវិធី និងបទបញ្ជារបស់ គ.ជ.ប  ខណៈពួកគេទាំងអស់ក៏ស្នើសុំលុបឈ្មោះចេញពីបញ្ជីឈរឈ្មោះផងដែរ ។

ក្រោយពីសួរដេញដោលក្នុងអង្គសវនាការនៅថ្ងៃចន្ទនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នុត សុខុម បានសម្រេចលុបឈ្មោះ គង់ ឡេង ដែលជាបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចេញពីបញ្ជីបោះឆ្នោត  ខណៈសំណុំរឿងបេក្ខជន១០រូប នៅក្នុងឃុំកណ្តៀង ខេត្តពោធិ៍សាត់របស់គណបក្សភ្លើងទៀន ក៏ត្រូវបានសម្រេចតកម្កល់សម្រេចរបស់គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ទុកជាបានការដដែល។

រីឯ សំណុំរឿងរបស់បេក្ខជនគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យប្រចាំនៅសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះក្នុងខណ្ឌនោះ ដែលប្រកាសជាសាធារណៈនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ គឺជាការបិទផ្លូវតវ៉ា។

ក្រោយពីប្រកាសសាលក្រមរួចមក  អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមថា លោកស្នើទៅ គ្រប់គណបក្សទាំងអស់ត្រូវអនុវត្តតាមនីតិវិធី និងបទបញ្ជារបស់ គ.ជ.ប ដើម្បីកុំឱ្យមានបញ្ហាប្រឈមទាក់ទិននឹងការរៀបចំបេក្ខជនឈឈ្មោះរបស់គណបក្សនយោបាយនីមួយៗ រហូតដល់មានការប្តឹងផ្តល់ឡើងដល់តុលាការបែបនេះជាដើម ។

លោកមានប្រសាសន៍ថា៖ «ការចុះឈ្មោះដាក់បេក្ខជនគណបក្សនយោបាយ យើងសង្កេតឃើញថា មានកំហុសឆ្គងខ្លះ សម្រាប់ការដាក់បញ្ជីបេក្ខជននយោបាយលើកនេះ ឃើញថាមានចំណុចចាប់អារម្មណ៍ច្រើនដែលគណបក្សនយោបាយ ទី១ គាត់អត់បានសិក្សាច្បាស់លាស់អំពីបទបញ្ជា និងនីតិវិធីក្នុងការដាក់បេក្ខជន ឈរឈ្មោះនៃគណបក្សនយោបាយរបស់ខ្លួន»។

លោកបន្ថែមថា៖ «ហើយមួយទៀត ការប្រព្រឹត្តបែបនេះ វាអាចជាប់ពាក់ព័ន្ធទោសទណ្ឌផ្សេងទៀត ដែលក្នុងនាម គ.ជ.ប សុំលើកឡើងនូវការអំពាវនាវ ដើម្បីកុំឱ្យគណបក្សនយោបាយរៀបចំខ្លួនឱ្យបានល្អ​ រៀបចំបណ្តាញការងារ និងបណ្តាញសកម្មជនរបស់ខ្លួនឱ្យបានល្អ ដើម្បីជ្រើសរើសបេក្ខជនដែលមានគ្រប់លក្ខខណៈវិនិច្ឆ័យ មិនប៉ះពាល់ដល់សិទ្ធិ និងការទទួលខុសត្រូវរបស់បុគ្គលដទៃ ដើម្បីរៀបចំបញ្ជីបោះឆ្នោតមួយដែលស្អាតល្អត្រឹមត្រូវ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់»។

នាយកប្រតិបត្តិអង្គការ​និចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាប្រឈម នឹងឈានដល់ការប្តឹងផ្តល់ដល់ គ.ជ.ប គឺគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវធ្វើការអប់រំនិងណែនាំ ដល់សកម្មជនរបស់ខ្លួនដែលត្រៀមឈរឈ្មោះ ឱ្យយល់ដឹងពីច្បាប់ នីតិវិធី និងបទបញ្ជារបស់ គ.ជ.ប មុននឹងដាក់ឱ្យពួកគេឈរឈ្មោះជាបេក្ខជន។

លោកផ្តល់ជាអនុសាសន៍ដូចនេះថា៖ «គណបក្សគាត់ដឹងពីច្បាប់ពីការជ្រើសរើសបេក្ខជនឈរឈ្មោះ​ គណបក្សទាំងអស់ត្រូវអនុវត្តតាមបទបញ្ជា នីតិវិធីនៃការជ្រើសរើសហ្នឹងទៅ រៀបចំអញ្ចឹងទៅ កុំឱ្យមានរឿងបែបហ្នឹងកើតឡើងជាមេរៀនមួយដែរ ឬក៏គណបក្សហ្នឹងមានពេលវេលាខ្លីពេកយ៉ាងម៉េចមិនដឹង ប៉ុន្តែយើងធ្វើឱ្យត្រឹមត្រូវតាមលក្ខខណ្ឌ បទបញ្ជា និងនីតិវិធីនៃការជ្រើសរើសហ្នឹងទៅមិនមានបញ្ហាអីទេ»។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស​ម្រេច​លុបចោល​​បញ្ជី​ឈ្មោះ​បេ​ក្ខជន​ទាំងអស់​​​នៃគណបក្សភ្លើងទៀន​នៅឃុំ-សង្កាត់​ចំនួន​២ ក្នុង​ចំណោម​៥ឃុំ-​សង្កាត់ នៃខេត្តកំពង់ចាម​ ដោយ​សារ​​រក​ឃើញ​​​មាន​ភាព​មិន​ប្រក្រតី​​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​​​​បេក្ខ​​ជន​សម្រាប់​​ការ​បោះឆ្នោត​ជ្រើសរើ​សក្រុមប្រឹ​ក្សាឃុំ-សង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ