HRW ជំរុញជាថ្មីទៀតឱ្យប៉ូលិសអាំងទែរប៉ូលចេញសំណើរ​ចាប់ខ្លួនមេអង្គរក្សលោក​​​នាយករដ្ឋមន្រ្តី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ ជំរុញជាថ្មីទៀតទៅប៉ូលិសអន្តរជាតិអាំងទែរប៉ូល ឱ្យ​​ចេញ​​និ​​វេទ​ន៍​ក្រហម ឬជាប្រភេទសំណើរឱ្យចាប់ខ្លួន មេកងអង្គរក្សលោកនាយករដ្ឋមន្រ្តី ដែលជាប់​​ពាក់​ព័ន្ធ​​​រឿងក្តីគប់គ្រាប់បែកដៃចូលក្រុមបាតុករដែលមានលោក សម រង្ស៊ី ជាអ្នកនាំដឹកនាំ កាលពី ២៥ឆ្នាំមុន។

នៅថ្ងៃទី២៩ ខែមីនា នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍វ៉ច្ឆ(Human Rights watch) បានក្រើនរំលឹកជាថ្មីទៀត ទៅស្ថាប័នប៉ូលិសអន្តរជាតិ អាំងទែរប៉ូល ដោយបញ្ជាក់ថា ស្ថា​​ប័ន​​អន្តរជាតិមួយនេះ គប្បីចេញវេទន៍ក្រហម ឬសំណើរឱ្យចាប់ខ្លួន មេ​​អង្គ​​រក្សដ៏មានឥទ្ធិពល ២រូប របស់​​លោក​​នាយ​ក​​រដ្ឋមន្រ្តី ហ៊ុន សែន។

នៅក្នុងរបាយការណ៍របស់ខ្លួន ដែល​​ចេញ​​នៅថ្ងៃអង្គារនេះ អង្គការ យូមែនរ៉ៃត៍វ៉ច្ឆ បញ្ជាក់​​ថា លោកនាយ​​ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលកាលណោះ ជាប្រធាន​​កង​​​អង្គរក្ស និងលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុន​​ហៀង ដែលកាលនោះ ជា​​អនុប្រធានកងអង្គរក្ស របស់​​​​លោកនាយករដ្ឋមន្រ្តី គឺ​​​ជា​អ្នក​​ដែល​​ពាក់​​ព័ន្ធដោយផ្ទាល់ ក្នុងអំពើវាយប្រហារ ដោយគ្រាប់​​បែកដៃ​​ដាក់ទៅលើក្រុមបាតុករ ដែល​ដឹក​​នាំ​​ដោយ​​លោក សម រង្ស៊ី ។

លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍វ៉ច្ឆ​ លើក​​ឡើង​​នៅក្នុងរបាយការណ៍នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលកម្ពុជា ជាពិសេសលោក ហ៊ុន សែន មិន​​ដែលបានចាត់វិធានការ ប្រឆាំងអ្នកគប់គ្រាប់បែកដៃម្តងណាទេ គិតមកដល់ពេលនេះ​​។​​ លោក​​បន្ត​​ថា មានភស្តុតាងជាច្រើន បង្ហាញពីការលូកដៃរបស់លោកនាយករដ្ឋមន្រ្តី ហើយក៏ជាអ្នកនៅពី​​ក្រោ​​យ នៃ​អំពើឃាតកម្មនេះដែរ។

កាលពីចុងខែធ្នូ ឆ្នាំ២០២១​ កន្លងទៅនេះ តុលាការប្រទេសបារាំង បានចេញដីកាកោះហៅ លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលចេញដោយចៅក្រម លោក សាប៊ីន ឃើរីស(Sabine Kh​​e​​ris) ជាអនុប្រធានផ្នែកស៊ើបអង្កេត នៃតុលាការប្រទេសបារាំង។

នៅក្នុងដីកាកោះហៅនោះ បង្ហាញថា មានភស្តុតាងបញ្ជាក់ ពីលោក ហ៊ុយ ពិសិដ្ឋ និងលោ ហ៊ីង ប៊ុនហៀង ដែលមានតួនាទីជាប្រធាន និងអនុប្រធាន នៃកងអង្គរក្សពិសេស របស់លោកនាយករដ្ឋមន្រ្តី បានរៀបចំ និងអនុវត្តការវាយប្រហារ ដោយគ្រាប់បែកដៃ កាលពីពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ១៩៩៧ ដោយកំណត់យកលោក សម រង្ស៊ី ជាគោលដៅ។ដីកាបន្តទៀតថា លោកនាយឧត្តមសេនីយ៍ ហ៊ុយ ពិ​សិដ្ឋ បានដាក់​ពង្រាយទាហាន របស់ខ្លួនដែលបំពាក់អាវុធគ្រប់ដៃ និងស្ថិតក្នុងប្រុងជើង​​ការ​​ដើម្បី​​ត្រៀម​​ប្រយុទ្ធ។ចំណែក លោក ហ៊ីង ប៊ុនហៀង វិញជាមនុស្សមានឥទ្ធិពលបន្ទាប់ដែល​បានអនុវត្តការវាយ​​ប្រហារ​​ពេលនោះ​​។​

ឆ្លើយតបរឿងនេះ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយក​​រដ្ឋ​​មន្រ្តី​ ហ៊ុន សែន ចាត់ទុករបាយការណ៍ ដែលចេញដោយអង្គការ យូមែន រ៉ៃត៍ វ័ច្ឆ នេះ​​​ថា​​ លោក​​​​​មិនខ្វល់នឹងនីតិវិធីនៅក្នុងតុលាការនេះទេ។ ប៉ុន្តែយ៉ាងណាលោក ចាត់ទុកថា បញ្ហានេះបង្ក​​ឱ្យលោក​​រក​​ពេល​សម្រាកមិនបាន។

លោកបន្តថា«ចង់ប្តឹងណាក៏ប្តឹងទៅ វាឈឺក្បាលអីជាមួយខ្ញុំ។ វាមានអីទាក់ទងជាមួយខ្ញុំ ទាក់ទិនជា​​មួយ​​​​ខ្ញុំរកពេលដេកពេលពួនមិនបាន»។

ដោយឡែក សម្រាប់លោក ហ៊ុយ ពិសិដ្ឋ វិញ វីអូឌីនៅពុំអាចរកប្រភពទាក់ទងបាននៅឡើយទេនៅថ្ងៃនេះ។

ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃ កាលពី២៥ឆ្នាំមុន ពោលកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ​​១៩​​៩​​៧ នៅមុខអគាររដ្ឋសភា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយ​​១​៥​០​នាក់ផ្សេងទៀត រង​​របួស​​។

ជុំវិញរឿងនេះ ​តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយលោក ម៉ែន សុថាវរិន្ទ្រ ទទួលស្គាល់ថា តុលាការនៅប្រទេសបារាំង គេមានភាពម៉ត់ចត់ និងធ្វើការដោយ​​ឯក​​រាជ្យ។ លោកបន្តថា ការសម្រេចចិត្តណាមួយ របស់ចៅក្រមដែលទទួលខុសត្រូវ ក្នុងរឿងក្តី​​ព្រហ្ម​​ទណ្ឌ​​នេះ ប្រាកដកណាស់ វានឹងមានឥទ្ធិពល នៅក្នុងប្រទេសបារាំង។ មួយវិញទៀត ភាគីពាក់ព័ន្ធ​​ក្នុង​​រឿង​​ក្តីនេះ ប្រសិនបើហ៊ានធ្វើដំណើរឆ្លងកាត់ប្រទេសបារាំង ចៀសមិនផុតពីការចាប់ខ្លួនទេ។

លោកបន្តថា«ជាធម្មតាតុលាការនៅស្រុកបារាំង គេអនុវត្តន៍ប្រតិបត្តិការរបស់គេ គេត្រូវតែដាក់ឱ្យ​​អ​​នុ​​​​​វត្តន៍​ទូទាំង​​ប្រទេសហើយ។ ហើយគេទាក់ទងជាមួយប៉ូលិស អាំងទែរប៉ូលបែបណានោះ ខ្ញុំមិន​​ដឹង​​​ទេ ប៉ុន្តែបើគេធ្វើ គេធ្វើហើយនៅស្រុកនេះ តែគេដាក់បញ្ជាហើយ​​ត្រូវតែធ្វើតាម​​។ ប៉ុន្តែ​​​មិន​ដឹង​​ថា​​យូរ ឬឆាប់យើងអត់ដឹងហ្អា »។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា បញ្ជាក់ថា យុត្តាធិការ នៃតុលាការ​​ប្រទេស​​បារាំងនេះ ពិតជាមានឥទ្ធិពល មិនមែនជាការប្រកាសដើម្បីឱ្យមានរូបភាព​​ល្អមើលទេ​​។​​

លោកបន្តថា«ការចេញដីកាចាប់ខ្លួនជាន់ខ្ពស់របស់កម្ពុជា២រូបហ្នឹងពាក់ព័ន្ធការគប់គ្រាប់បែកកាលពី​ឆ្នាំ១៩៩៧ហ្នឹង វាមិនមែនគ្រាន់តែជាការប្រកាសថាឱ្យតែឮ វាអាចទៅរួចនៅក្នុងករណី​​ដែលអ្នក​​ទាំង​ពីរនាក់ដែលត្រូវហាមឃាត់ »។

បើទោះជាបែបណា នៅក្នុងរបាយការណ៍ របស់អង្គការ យូមែនរៃត៍វ៉ច្ឆ នេះក៏បានបង្ហាញដែរថា តុ​លា​ការប្រទេសបារាំង ក៏បានចេញដីកាឱ្យកោះហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ ប៉ុន្តែត្រូវ​​បាន​​រដ្ឋា​​ភិបាលបារាំង ជំទាស់ ដោយសារតែលោក ហ៊ុន សែន នៅមានអភ័យឯកសិទ្ធិ​​សភា​​។​​

សម្រាប់​លោក ម៉ែន សុថារិន្ទ្រ មនុស្សដែលស្និទ្ធនិងលោក សម រង្ស៊ី មានជំនឿថា រឿង​​ក្តី​​ព្រហ្ម​ទណ្ឌ​នេះ អាចបិទបញ្ចប់បាននៅតុលាការប្រទេសបារាំង ប្រសិនបើរដ្ឋាភិបាល ពិតជាមានឆន្ទៈ​​ក្នុងការ​​បញ្ចប់​​វិបត្តិ​នយោបាយ ដែល​​កម្ពុជា​​កំពុងមាន។ ប៉ុន្តែ ​តំណាងរាស្រ្តបក្សប្រឆាំងរូបនេះអះអាងថា មិនមែនមាន​​ន័យ​​​​ថា យករឿងក្តីនេះ ធ្វើជាចំណាប់ខ្មាំងនយោបាយទេ។

ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ បានប្រកាសជាញឹកញាប់ហើយថា រដ្ឋាភិបាល​​នឹង​​មិន​​បើកផ្លូវចចារ​​ណា​​មួយ ជាមួយគណបក្សសង្រ្គោះជាតិទេ ប្រសិនបើលោក សម រង្ស៊ី មិនប៉ះប៉ូវ​​នូវអ្វីដែល​​លោក ហ៊ុន សែន ហៅថា បានធ្វើឱ្យកិត្តិយសគ្រួសាររបស់លោកទទួលរងនូវភាពអាម៉ាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ