ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (Union Development Group ឬ UDG) ក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឱ្យជួយដោះស្រាយវិវាទដីធ្លី ក្រោយពួកគេអះអាងថា អាជ្ញាធរពាក់ព័ន្ធដោះស្រាយពុំមានតម្លាភាព និងប្រកាសបិទបញ្ចប់វិវាទដ៏រ៉ាំរៃមួយនេះ។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បានប្រកាសពីការបិទបញ្ចប់ការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ១ ៣៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន នៅចុងខែមីនានេះ។
ពលរដ្ឋចំនួន ៣០គ្រួសារ ដែលមិនព្រមទទួលយកការដោះស្រាយនេះ បាននាំគ្នាទៅរកកិច្ចអន្តរាគមន៍ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ជួយដោះស្រាយបន្ត តាមរយៈការដាក់លិខិតទៅរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែមិនា ម្សិលមិញនេះ។
ក្នុងលិខិតនោះ បានលើកឡើងថា ការដោះស្រាយរបស់ក្រុមការងារក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកោះកុង បានកំណត់គោលការណ៍ដោះស្រាយសំណងមានភាពអយុត្តិធម៌ពេក ដែលពួកគាត់មិនអាចទទួលយកបានឡើយ ខណៈដីដែលពួកគាត់កាន់កាប់មានទំហំធំ ស្របច្បាប់ និងរស់នៅប្រើប្រាស់ជាក់ស្តែង។
លិខិតដដែល បន្តថា អ្នកភូមិត្រូវបានក្រុមហ៊ុនចិន ញូញៀន រំលោភយកដីធ្លីតាំងពីឆ្នាំ២០១០ ដោយពួកគាត់ត្រូវបាត់បង់ដីផ្ទះ និងដីចំការដែលកាន់កាប់ស្របច្បាប់តាំង១៩៧៩ ហើយការចុះដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមក បានបែងចែកជាប្រភេទ និងពុំមានតម្លាភាព។
កាលពីចុងឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងថា ការដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនញូញៀន ត្រូវបានបែងចែកជា៣ប្រភេទ ក្នុងនោះ ប្រភេទទី១ ជាប្រជាពលរដ្ឋចំនួន ២៤៧គ្រួសារ រស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុន ដោយមួយគ្រួសារទទួលបានសំណងគោលនយោបាយជាដីលំនៅឋានទំហំ ០,៥ហិកតា ដីចម្ការ៣ហិកតា និងថវិកា៩ ០០០ដុល្លារ។
ចំណែក ប្រភេទទី២ ជាពលរដ្ឋរស់នៅខុសមូលដ្ឋាន ឬខុសភូមិឃុំ មានចំនួន២៥៥គ្រួសារ ដោយទទួលបានសំណងជាដីចម្ការចំនួន ២ហិកតាក្នុងមួយគ្រួសារ បើទោះបីជាពួកគេមានដីទំហំប៉ុណ្ណាក៏ដោយ ខណៈប្រភេទទី៣ ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម មានចំនួន៨៣១គ្រួសារ ត្រូវទទួលបានសំណង១ហិកតាក្នុងមួយគ្រួសារ។
អ្នកស្រី សាំង ពុយ អះអាងថាជាតំណាងប្រជាពលរដ្ឋរស់នៅឃុំកោះស្ដេច ស្រុកគិរីសាគរ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ដីរបស់គាត់ត្រូវបានអាជ្ញាធរដាក់ចូលក្នុងប្រភេទទី២ ដែលការដោះស្រាយរបៀបនេះ គឺគ្រួសារអ្នកស្រីមិនអាចទទួលយកបានឡើយ។
តំណាងពលរដ្ឋរូបនេះ អះអាងថា គ្រួសារគាត់បានប៉ះដីទំហំ៨ហិកតា ខណៈម្ដាយអ្នកស្រីប៉ះពាល់ដីទំហំ១២ហិកតា ដែលពេញទៅដោយដំណាំហូបផ្លែ ប៉ុន្តែអាជ្ញាធរដោះស្រាយដោយផ្ដល់ជូនពួកគាត់វិញ ត្រឹមតែដី២ហិកតាប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖ «យើងមានកម្មសិទ្ធស្របច្បាប់ ហើយយើងក៏មិនទាមទារអីលើសលុបដែរ។ ហើយពួកយើងសង្ឃឹមថា ប្រសិនបើសម្តេចពិជ័យសេនា ទៀ បាញ់ គាត់បានដឹងដំណឹងនេះ គាត់អាចនឹងជួយអន្តរាគមន៍រឿងហ្នឹងបាន ព្រោះបងប្អូនយើងមិនអាចទៅរស់នៅ និងទទួលដីគោលនយោបាយដី២ហិកតាហ្នឹងបានទេ»។
អ្នកស្រី ទិត្យ តេន ដែលអះអាងថាជាតំណាងពលរដ្ឋនៅឃុំព្រែកខ្សាច់ និយាយថា សំណងត្រឹមដី២ហិកតានោះ អ្នកស្រីមិនអាចទទួលយកបានឡើយ ខណៈដីអ្នកស្រីដែលប៉ះពាល់មានទំហំប្រមាណ ៦៩ហិកតា ដែលមានលិខិតបញ្ជាក់ការកាន់កាប់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
តំណាងពលរដ្ឋរូបនេះ បន្តថា ការដោះស្រាយដោយមានការបែងចែកពលរដ្ឋជា ៣ប្រភេទនេះ ដោយមិនដោះស្រាយតាមទំហំដីជាក់ស្ដែងនេះ បានផ្តល់នូវភាពអយុត្តិធម៌ និងការឈឺចាប់ដល់ប្រជាពលរដ្ឋជាខ្លាំង។
អ្នកស្រីបន្ថែមថា៖ «អ៊ុំមិនអាចទទួលយកបានទេ យ៉ាងណាៗ អ៊ុំស៊ូនៅទីនេះ ដាច់ខាតមិនចាកចេញពីភូមិចាស់ឡើយ។ នៅនេះ យើងមានមុខរបរ ដូចជា ធ្វើនេសាទ និងធ្វើចម្ការ។ បើយើងប្ដូរទៅនៅខាងលើ វាអត់មានកន្លែងចតទូក វាអត់មានកន្លែងនេសាទដូចនៅទីនេះទេ អ៊ីចឹងយើងជួបផលលំបាកខ្លាំង»។
អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង និងជាអភិបាលរងខេត្ត លោក សុខ សុទ្ធី មានប្រសាសន៍ថា សំណងដែលដោះស្រាយជូនពលរដ្ឋដែលប៉ះពាល់ពីគម្រោងរបស់ក្រុមហ៊ុនចិនញូញៀន ជាគោលនយោបាយកំណត់ដោយរដ្ឋាភិបាល។ លោកថា រដ្ឋបាលខេត្តគ្រាន់តែអនុវត្តតាមតែប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះ ឱ្យដឹងទៀតថា ការជួបជាមួយតំណាងពលរដ្ឋកាលពីថ្ងៃម្សិលមិញនោះ ពួកគេបានដាក់សំណើរចំនួន២ចំណុចទៅរដ្ឋបាលខេត្ត ដោយសុំជួបផ្ទាល់ជាមួយលោក ដើម្បីដោះស្រាយដាច់ដោយឡែក និងមួយទៀតនោះ អ្នកភូមិព្រមទទួលយកតាមគោលនយោបាយ ប្រសិនបើការដោះស្រាយគិតជាភាគរយ នៃទំហំជាក់ស្តែងរបស់ពួកគាត់។ លោកថា សំណើរនេះ រដ្ឋបាលខេត្តបានធ្វើរបាយការណ៍រួចហើយ ដើម្បីដាក់ជូនថ្នាក់ជាតិពិចារណា។
លោកបន្ថែមថា៖ «គាត់ទាមទារដោះជាភាគហ្នឹង គាត់អត់ទាមទារច្រើនជាងដីដែលគាត់មានទេ គាត់ទាមទារតិចទេ។ ពួកគាត់ទាំង៣០គ្រួសារហ្នឹងអះអាងថា គាត់មានដីពី១០ទៅ២០ហិកតាក្នុងមួយគ្រួសារ អីចឹងជាជំហររបស់រដ្ឋបាលខេត្តកោះកុង មិនមានសិទ្ធអ្វីសម្រេចទេ។ បានធ្វើរបាយណ៍រួចជាស្រេចហើយជូនទៅគណៈកម្មការជាតិដោះស្រាយវិវាទដីធ្លី ដែលជាប្រធាននៃការដោះស្រាយវិវាទដីធ្លីនៅញូញៀននេះ»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និងអស្សាមិករណ៍ បានចែងយ៉ាងច្បាស់ថា ការដកហូតដីធ្លីពីពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិទៅអភិវឌ្ឍន៍បាន លុះត្រាតែមានការព្រមព្រៀងពីម្ចាស់អចលនទ្រព្យ និងមានការដោះស្រាយសំណងសមរម្យ និងយុត្តិធម៌ជូនពួកគេជាមុន។
លោកបន្តថា ប្រសិនបើការអភិវឌ្ឍធ្វើឡើងដោយប៉ះពាល់ដីធ្លីពលរដ្ឋ ហើយបង្ខិតបង្ខំឱ្យពួកគេយកសំណងទាំងមិនពេញចិត្តនោះ គឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក វណ្ណ សុផាត បានស្នើដល់រដ្ឋាភិបាលធ្វើយ៉ាងណា ដោះស្រាយសំណងជូនពលរដ្ឋឱ្យបានសមរម្យ ដើម្បីបញ្ចប់ការតវ៉ា។
លោកបន្ថែមថា៖ «ប៉ះពាល់ទី១ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសិទ្ធិរស់នៅសមរម្យមានដីមានលំនៅឋានសមរម្យ ហើយនិងប៉ះពាល់ដល់សិទ្ធិមនុស្សផ្សេងទៀត ដែលមានចែងក្នុងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋដែលរដ្ឋយើងបានផ្ដល់សច្ចាប័ន»។
កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៣៦ ០០០ហិកតា ស្ថិតនៅក្នុងស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង ទៅឱ្យក្រុមហ៊ុនចិន Union Development Group ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍។
របាយការណ៍ និងការវិភាគផ្លូវច្បាប់របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ឆ្នាំ២០១២ រកឃើញថា គម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនចិននេះ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ១ ១៤៣គ្រួសារ ត្រូវបង្ខំឱ្យបោះបង់ចោលដីធ្លីប្រមាណជាង ១ម៉ឺនហិកតា និងផ្ទះ ១ ៥០០ខ្នង ត្រូវបង្ខំឱ្យរុះរើនិងឈូសឆាយ៕