បទយកការណ៍៖ កសិករ​មួយចំនួន​នៅ​ស្រុក​កោះធំ​លក់​ដី​ទាំង​មិន​ទាន់​ដឹង​ចាប់​យក​របរ​អ្វី​បន្ត​ទៅ​ថ្ងៃអនាគត

សកម្មភាពកសិករកំពុងប្រមូលផលស្រូវ នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ (រូបភាព ៖ អាន វិចិត្រ)

កសិករមួយចំនួននៅស្រុកកោះធំ ខេត្តកណ្តាល លក់ដីស្រែ និងដីចម្ការជាបន្តបន្ទាប់​ទាំង​មិនដឹង​ថា ចាប់​យក​មុខ​របរ​អ្វី​ឱ្យពិតប្រាកដនៅថ្ងៃអនាគតនោះឡើយ។ មូលហេតុនៃការលក់​ដីនេះ កសិករ​អះអាង​ថា ដោយ​សារធ្វើកសិកម្មមិនចំនេញ ចំណាយ​ដើមទុនច្រើនហើយបានផលវិញ​ មិនមានទីផ្សារច្បាស់លាស់។​

អ្នកស្រី សុខ ពៅ ជាកសិករម្នាក់នៅស្រុកកោះធំ ឱ្យដឹងថា កន្លង​មក គាត់​ធ្វើ​ស្រែជាង​១០​ហិក​តា ជា​ដី​ផ្ទាល់​ខ្លួន​ផង និង​ដីជួល​គេ​ផង។ តែយ៉ាងអ្នក​ស្រីថា​ ឆ្នាំនេះគាត់ធ្វើតែលើ​ដីខ្លួនឯងប្រមាណ​២ហិកតាវិញ ព្រោះកន្លងមកធ្វើស្រែខាត លង់ខ្លួនជំពាក់បំណុល។​

(រូបភាព ៖ អាន វិចិត្រ)

អ្នកស្រី សុខ ពៅ និយាយ​​ថា៖ «ខ្ញុំធ្វើដីខ្លួនឯងឆ្នាំនេះ អត់ជួលគេទេ ជួលគេអត់ចំនេញ ហើយឈ្មួលថ្លៃណាស់បានអីហូប គ្រាន់តែឱ្យគេអត់គ្រាន់ផង។ ឱ្យគេអត់គ្រាន់ផង ប្រជាជនយើងងាប់ហើយមួយជាន់នេះ»។​

ស្ត្រីវ័យជាង៤០ឆ្នាំរូបនេះ បញ្ជាក់ថា មិនថា​រូបគាត់និងអ្នកភូមិទៀតទេ គឺជួបការលំបាកខ្លាំងដោយ​សារ​កសិករ​មិន​មាន​ចំណូល​ពិត​ប្រាកដ ហើយមិនមានរបរអ្វីផ្សេងដើម្បីចិញ្ចឹមជីវិត។ អ្នកស្រីថា រូបគាត់លក់ដីអស់​ ៣ហិតតាហើយនៅឆ្នាំនេះ ដើម្បីបង់សងធនាគារ ដោយសារតែខាត​បង់លើការធ្វើស្រែនៅពេលកន្លងមក។​

 អ្នកស្រី សុខ​ ពៅ និយាយ​បន្ត​ថា៖ «ខ្ញុំលក់ដីអស់៣ហិកតា​ហើយ។ ខ្ញុំលក់​យកលុយ​បង់​រដ្ឋ យើងធ្វើស្រែយើងជំពាក់​គេ ហើយពេលបានផលមកសងគេអត់រួច»។​

អ្នកស្រី សុខ ពៅ បន្ថែមថា បញ្ហាធ្វើកសិកម្មខាតបង់ហើយលក់ដី​សង​ធនាគារ ឬ​ភាសាអ្នកភូមិហៅ​ថា លក់ដីសងរដ្ឋនេះ មិនមែនមានតែរូបគាត់នោះទេ គឺអ្នកក្នុង​ភូមិផ្សេងៗទៀត​ក៏ជួបបញ្ហាបែបនេះដែរ។​

អ្នកស្រីថា៖ «ស្រុកនេះ លក់ដីសងរដ្ឋចង់អស់ហើយ គ្រប់គ្នាហ្នឹង! ទូទៅខាតចឹងដូចតែគ្នា»។​

កោះធំ គឺជាស្រុកមួយស្ថិតនៅចម្ងាយប្រមាណ​ ៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ បើធ្វើដំណើរតាមផ្លូវជាតិលេខ២១។ ស្រុកនេះជាប់ទន្លេបាសាក់ និង​ហ៊ំព័ទ្ធដោយផ្ទៃបឹង ជាភូមិសាស្ត្រមានទឹកគ្រប់គ្រាន់ និង​ដីមានជីជាតិក្នុងការធ្វើកសិកម្ម ប៉ុន្តែកសិករបែរជាលក់ដីទៅវិញ។​

ប្រជាកសិករ​នៅស្រុកកោះធំ​ម្នាក់​ទៀត អ្នកស្រី សែម សុភា បញ្ជាក់ថា​ ដី​របស់​គាត់​អាច​ធ្វើស្រែ​បាន​ជាង​ ២០០ប៉ាវ ប៉ុន្តែគាត់ឈប់ធ្វើ៥ឆ្នាំហើយ ដោយជួលដីឱ្យអ្នកដទៃធ្វើ។ អ្នកស្រីបន្តថា មូលហេតុនៃការឈប់ធ្វើស្រែនេះ ដោយសារតែបញ្ហាថ្លៃដើមខ្ពស់ ហើយ​ពេល​បានផលវិញលក់បានថោក ឬ​តម្លៃមិនពិតប្រាកដ។

អ្នកស្រី សែម សុភា និយាយថា៖ «ជីពីមុន១ប៉ាវ ៧ម៉ឺនរៀល ឥឡូវ១ប៉ាវ១៧ម៉ឺនរៀល​ អូនឯងគិតទៅឡើងគុណជាង​២ដងជាងហើយ។​ ហើយសាំង១កាន(៣០លីត្រ) ជាង​១២​ម៉ឺន​ហើយ ចំណែកស្រូវ១តៅ(១២គីឡូ)តែ១ម៉ឺន៥រយរៀលទេ»។​

ស្ត្រីវ័យជិត៥០ឆ្នាំរូបនេះ បញ្ជាក់ថា ដីស្រែរបស់គាត់​ ក៏មានអ្នកទាក់ទងទិញជាបន្តបន្ទាប់ដែរ​ គឺឈ្មួញ​ឱ្យ​តម្លៃ​១ហិកតា ៣ម៉ឺនដុល្លារ ប៉ុន្តែ​គាត់មិនទាន់​សម្រេចលក់ទេ គឺស្ថិត​នៅ​ក្នុង​ការពិចារណា​នៅឡើយ ព្រោះមិនទាន់ដឹងថា ត្រូវ​រក​មុខ​របរ​អ្វី​ឱ្យ​ច្បាស់​លាស់​នៅ​ថ្ងៃ​អនាគតក្រោយពីលក់ដីនេះនៅឡើយ។​

អ្នកស្រីសង្កេតឃើញដែរថា អ្នកលក់ដីអស់មួយចំនួន​ នៅ​មិនមានរបរអ្វីទៅថ្ងៃអនាគត​នៅឡើយ ហើយ​ពួកគេ​កំពុង​ជួបការលំបាក ព្រោះតែត្រូវ​ស៊ីឈ្មួលគេប្រចាំថ្ងៃ ដូច​​ជា ទៅលើកដាក់ឥវ៉ាន់នៅព្រំដែនជាមួយវៀតណាម ធ្វើជាងសំណង់ ឬ​ធ្វើការងាររោងចក្រជាដើម​ ដែលធ្វើឱ្យ​ពួកគេ​មានចំណូលមិនទៀងទាត់។​

អ្នកស្រី សែម សុភា ថ្លែងថា៖ «អ្នកខ្លះពឹងកូនធ្វើការងាររោងចក្រ ហើយឥឡូវរោងចក្រអត់ការងារធ្វើទៀត។​ ចឹងការងារដូចពេលខ្លះធ្វើពេលព្រឹក រសៀលអត់ការងារឈប់ចឹងទៅ។ ប្រាក់ខែបាន ៥០ទៅ៦០ ឬទៅ១០០ដុល្លារចឹងទៅយកមកដោះស្រាយក្នុងគ្រួសារមិនគ្រប់ទេ»។​

ប្រជាពលរដ្ឋនៅក្នុងស្រុក​កោះធំ រស់​​​នៅ​​ក្បែរ​​មាត់​​ទន្លេ ដែលមានចម្ងាយ​ប្រមាណ​​១ ទៅ២គីឡូ​ម៉ែត្រ​ពី​ទន្លេ​ ជាប្រភេទ​ដី​ភូមិ និងដីចម្ការ។ ដីចម្ការ​ មានដាំល្មុត ស្វាយ ចេក សណ្តែក ដំឡូង និង​បន្លែផ្សេងទៀត។ ចំណែកផុតពីដីចម្ការ​ គឺជាដីស្រែដែលមានធ្វើស្រូវ។​

សកម្មភាពកសិករកំពុងប្រមូលផលស្រូវ នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ (រូបភាព ៖ អាន វិចិត្រ)

បញ្ហាតម្លៃនេះ មិនមែនតែស្រូវទេ ផ្លែឈើហូបផ្លែជាច្រើនមុខទៀត ដូចជា ​ល្មុត និងស្វាយជា​ដើម ​ក៏មានបញ្ហារឿង​តម្លៃនេះ​ដែរ។ កសិករអះអាងថា បច្ចុប្បន្ន ពួកគាត់​មិន​ចំណាយ​លុយ​ក្នុងការ​មើលថែ​​ចម្ការស្វាយទៀត​ទេ​​ ព្រោះ​នៅពេលប្រមូលផលមក លក់​បានតម្លៃថោកពេក ពោល​គឺ​ផ្លែស្វាយ​លេខ១​ លក់​បានតែ២០០រៀលក្នុងមួយគីឡូ ខណៈ​ស្វាយ​លេខ​២​ឬ​លេខ​៣​ បានតម្លៃទាបជាង​នេះ​ ឬពេលខ្លះមិនមានអ្នកទិញទេ។​

ក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យដឹង​កាល​ពីថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០២២​ថា ការប្រមូលផលស្រូវរដូវប្រាំង នឹងចាប់ផ្ដើមពីខែកុម្ភៈ ដល់ខែមេសានេះ ហើយ​ប្រជាកសិករ​មាន​ការព្រួយបារម្ភចំពោះតម្លៃស្រូវប្រាំង ដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ។ ជាមួយគ្នានេះ ក្រសួងថា ​តម្លៃផលិតកម្ម​ និងធាតុចូលកសិកម្ម​មានការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃ​ទ្វេ​ដង ដោយ​សារ​រោង​ចក្រ​ផលិត​ត្រូវ​បាន​កាត់បន្ថយ​ការផលិត និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។

ក្រសួងកសិកម្ម បញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់ផលិតភាពដំណាំស្រូវ ក្រសួងអំពាវនាវទៅស្ថាប័នពាក់ព័ន្ធ ដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តចុះណែនាំប្រជាកសិករ ក៏ដូចជាសហគមន៍​កសិកម្ម អំពី​បច្ចេកទេសផលិតស្រូវ​ឱ្យ​ទទួលបានទិន្នផលខ្ពស់ តាម​រយៈការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវតាម​បច្ចេកទេស កាត់បន្ថយការចំណាយ​ក្នុង​ការ​ផលិត​ និង​ធានា​បានគុណភាពស្រូវស្របតាមស្តង់ដារ។ 

អ្នកជំនាញផ្នែកកសិកម្ម​លោក យ៉ង សាំងកុមារ លើកឡើងថា កសិករលក់ដីមានការកើនឡើង​គ្រប់កន្លែង​មិនថា​តែនៅស្រុកកោះធំនេះទេ ដោយសារតែបញ្ហាកសិផលមិនមានទីផ្សារ ហើយ​តម្លៃដីឡើង​ថ្លៃ។ ទោះយ៉ាងណា លោកថា ការលក់ដីរបស់កសិករនេះ ដោះស្រាយបានតែមួយរយៈពេលខ្លី​តែប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការ​ដោះ​ស្រាយ។​

លោក យ៉ង សាំងកុមារ៖ «ដីបានថ្លៃ ចំណូលពីកសិកម្មទាប ចំណាយគ្រួសារនិងបំណុលខ្ពស់។ ចំណូល​ពី​ការលក់​ដី​អាច​ជួយ​ដល់​កសិករ​រយ:ពេលខ្លី តែសំខាន់បន្ទាប់មកអ្វីជាមុខរបរចិញ្ចឹមជីវិតរបស់គាត់»

ក្នុង​ស្ថាន​ភាពនេះ លោក យ៉ង សាំងកុមារ ជំរុញឱ្យមន្ត្រីជំនាញ សិក្សាឱ្យបានច្បាស់ថា ដីតំបន់ណា​ត្រូវ​ទុក​ជា​ដី​កសិកម្ម ហើយដីតំបន់ណាដែលត្រូវកែប្រែទៅជាតំបន់ឧស្សាហកម្ម ឬ​ទីក្រុង ដើម្បី​ងាយស្រួលក្នុងការជួយដល់កសិករ។​

អភិបាលស្រុកកោះធំ លោក អេង សុវិចិត្រ ថ្លែងថា វិស័យនានានៅក្នុងស្រុកកោះធំ រីកចម្រើននិង​ដំណើរការល្អ​ទាំង​អស់ សូម្បីតែក្នុងពេលដែលបិទព្រំដែនជាមួយវៀតណាម ក៏ទំនិញចេញចូលធម្មតាដែរ។

លោកថា៖ «កោះធំ ការនាំចេញនាំចូលអីវ៉ាន់ធម្មតា។ ត្បិតតែវៀតណាមបិទមែនប៉ុន្តែគេបិទតែមនុស្សទេ ចំពោះទំនិញឆ្លងកាត់ធម្មតា»។​

ជុំវិញការលើកឡើងរបស់​​កសិករ​ថា ធ្វើកសិកម្មមិនចំនេញ ហើយលក់ដីស្រែនោះ លោកអភិបាល​ស្រុករូបនេះថា មិនបានដឹងរឿងនេះទេ។

លោក អេង សុវិចិត្រ ថ្លែងថា​៖ «អត់បានដឹងផង»។​

ត្រឡប់មករកប្រជាកសិករនៅស្រុកកោះធំវិញ ​អ្នកស្រី សែម សុភា បញ្ជាក់​ថា រូបគាត់ក៏មានជំពាក់​លុយធនាគារ​ ហើយក៏ធ្លាប់ពិចារណាចង់លក់ដីដែរ ប៉ុន្តែបារម្ភពីរបរទៅថ្ងៃអនាគត​ ខណៈ​កូនៗបាន​ឃាត់​កុំទាន់ឱ្យលក់ ដូច្នេះអ្នកស្រី​​ក៏ប្រឹង​ប្រែង​​​ដាំ​បន្លែផ្សេងៗ​ គ្រាន់នឹង​បានចំណូល​​ចិញ្ចឹមជីវិត និង​សងធនាគារប្រចាំខែ។​ អ្នកស្រីបន្តថា របរកសិកម្មរបស់អ្នកភូមិ​​​ទៅ​មុខ​លែង​រួច​ហើយ ខណៈ​មន្ត្រីពាក់ព័ន្ធក៏មិនបានចេញមុខអន្តរា​គមន៍​អីជួយដែរ។​

អ្នកស្រី សែម សុភា និយាយថា​៖ «និយាយទៅចេះតែប៉ះពាល់អ្នក​ធំ គេថា យើង​បន្ទោស ហើយបើមិនបន្ទោសម៉េច​ បើគាត់ជាម៉ែឪយើង ហើយគាត់ធ្វើមើលអត់ឃើញផងហ្នឹង!»។​

អ្នកស្រី សុខ ពៅ ក៏លើកឡើង​ប្រហាក់​ប្រហែលអ្នកស្រី សែម ភា ដែរ​ថា បញ្ហារបស់ពួកគាត់នេះមិនដែលមានមន្ត្រីជួយដោះស្រាយទេ។​

អ្នកស្រីថា៖ «គេមិនដោះស្រាយឱ្យយើងទេ ចង់​ងាប់​ម៉េច​ក៏​មិនដោះស្រាយឱ្យយើងដែរ។​ បានប្រាក់ខែស៊ីរៀងខ្លួនហើយ​គេម៉េចគិតប្រជាជន»។

អ្នកស្រី សែម សុភា ថ្លែង​ថា ទៅថ្ងៃអនាគតមិនអាចពឹងលើការ​ធ្វើស្រែ ឬដាំដំណាំទៀតបានទេ ខណៈបច្ចុប្បន្នកសិករជាប់បំណុលស្ទើរគ្រប់គ្នាមិនដឹងត្រូវរកមធ្យោបាយចេញច្រកណាទេ។​

អ្នកស្រីថា៖ «ប្រជាជនយើងខ្ញុំ​ មើលឃើញចូល៩០ភាគរយហើយ ដែលវេទនាប្លង់ចូលធនាគារទាំងអស់។ យើងមិនថា ១០០ភាគរយទេ ទុក១០ភាគរយទៅក្រែងថា គេអ្នកមានក្រែងគេគ្រាន់បើ ប៉ុន្តែខ្ញុំមើលទៅស្ទើរទាំងអស់តែម្តង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ