ប្រជានេសាទចង់ឱ្យមន្ត្រីចាត់វិធានការបទល្មើសជាប្រចាំ កុំរង់ចាំតែមានបញ្ជាពីនាយករដ្ឋមន្ត្រី

ក្មេងជំទង់ម្នាក់អង្គុយលើក្បាលទូក សំឡឹងមើលទៅត្រើយម្ចាងនៃបឹងទន្លេសាប។ រូបភាព៖ សូត្រ សុខប្រាថ្នា

ប្រជានេសាទនៅតំបន់បឹងទន្លេសាបមួយចំនួន ជំរុញទៅមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តវិធានការបង្ក្រាបបទល្មើសនេសាទជាប់ជាប្រចាំ ដោយមិន​ចាំបាច់រង់ចាំទាល់តែមានបបញ្ជាពីថ្នាក់លើទើបអនុវត្តតាមក្រោយនោះឡើយ។

ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរពាក់ព័ន្ធបង្កើនការចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ហើយរដ្ឋាភិបាលក៏បានសម្រេចបង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិអចិន្ត្រៃយ៍២កន្លែងសំខាន់ៗនៅតំបន់បឹងទន្លេសាប ដើម្បីតាមដាន​ជាប្រចាំនូវរាល់សកម្មភាពល្មើសជលផលថែមទៀតផង។ វិធានការបន្ទាន់ទាំងនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីព្រមានដកតំណែងអភិបាលខេត្តជាប់បឹងទន្លេសាប ប្រសិនបើពួកគេបង្ក្រាបបទល្មើសជលផលមិនបាន។ ​

ប្រជាសហគមន៍នេសាទកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប អ្នកស្រី ឈួន ឡាន់ លើកឡើងថា ប្រសិនបើខាងអាជ្ញាធរអនុវត្តវិធានការបង្ក្រាបបទល្មើសនេសាទ តែពេលដែលនាយករដ្ឋមន្ត្រីចេញបទបញ្ជានោះ អាចមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ យូរៗទៅ​បទល្មើសនេសាទនឹងវិលទៅរកសភាពដើមវិញមិនខាន។

លោកស្រី ឈួន ឡាន់ មានប្រសាសន៍ថា៖ «កន្លងមកធ្លាប់ដែរ ទាក់ទងនឹងការអន្តរាគមន៍ ការចុះអនុវត្តច្បាប់ ការចុះបង្ក្រាប ខ្ញុំឃើញថាល្អខ្លាំង ល្អតែមួយរយៈពេលខ្លី។ ខ្ញុំមើលទៅឃើញទំនងអាចបង្ក្រាបបានហើយ ប៉ុន្តែដល់ពេលឈប់បង្ក្រាបឈប់ចុះអន្តរាគមន៍ឃើញមកវិញដដែល»។

ប្រជាសហគមន៍នេសាទរូបនេះបន្ថែមថា ប្រសិនបើនាយករដ្ឋមន្ត្រីអាចដាក់បទបញ្ជានេះម៉ឺងម៉ាត់ ហើយអ្នកអនុវត្តច្បាប់​អាចចុះបង្ក្រាបញឹកញាប់ ឬ​អន្តរាគមន៍ជាប្រចាំ នឹងមានប្រសិទ្ធភាពជាមិនខាន។ ​

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងតាមរយៈហ្វេសប៊ុករបស់ខ្លួនថា ក្រោយកិច្ចប្រជុំអន្តរក្រសួងលើកទី២  កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២  ដែលស្តីពី “វិធានការបង្គ្រាប​​បទល្មើសជលផលលើបឹងទន្លេសាប” អន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ​សម្រេចបង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិអចិន្ត្រៃយ៍ ២កន្លែងសំខាន់ៗនៅតំបន់បឹងទន្លេសាប ដើម្បីតាមដាន ជាប្រចាំនូវរាល់សកម្មភាពល្មើសជលផលជាប្រចាំ និង​អន្តរាគមន៍តាមការចាំបាច់។

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត មានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាលលើកនេះលោកមានទំនុកចិត្តជាងមុន ដោយសារតែពេលថ្មីៗនេះអាជ្ញាធរបានអនុវត្តន៍វិធានការយ៉ាងតឹងរ៉ឹងចំពោះរឿងព្រៃលិចទឹករហូតដល់មានការដកហូតជាដើម។ លោកគិតថាបទល្មើសនេសាទនេះ គឺជារឿងទី២ បន្ទាប់ពីរឿងព្រៃលិចទឹក។ 

លោក ឡុង សូចែត  បានមានប្រសាសន៍ថា៖ «អីចឹងសម្រាប់ខ្ញុំគិតថាលើកនេះ មិនអាចធម្មតាដូចលើកមុនទេ វាអាចធ្វើឱ្យមន្ត្រីថ្នាក់ក្រោមជាតិនឹងខិតខំប្រឹងប្រែង ព្រោះបើមិនខិតខំប្រឹងប្រែងទេវានឹងប្រឈមជាមួយរដ្ឋាភិបាល»។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រាប់វីអូឌីកាលពិម្សិលមិញថា មន្ត្រីជំនាញខេត្ត​កំពុងសិក្សាក្នុងទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្ត្រៃយ៍​ថ្នាក់​ស្រាល ធ្វើការជាមួយក្រសួង អាជ្ញាធរ និងសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធដទៃទៀត។

លោក ងិន ហ៊ុន បន្ថែមថា ​កន្លងមកអាជ្ញាធរតែងបង្ក្រាបបទល្មើសនេសាទជាហូរហែ បើទោះបីជាមិនទាន់មានបញ្ជាការដ្ឋានឈរជើងច្បាស់លាស់ក៏ដោយ។ ​

លោក ងិន ហ៊ុន បន្ថែមថា៖ «បើយើងបង្កើតទីស្នាក់ការនេះ គឺយើងបង្កើតយូរអង្វែងដើម្បីឃ្លាំមើលបទល្មើសហ្នឹង តើវាអាចកើតមានអត់ ហើយយើងងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ងាយស្រួលក្នុងការប្រត្ដិបត្តិការទាន់ពេល​»។

ដោយឡែក ប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប លោក ទៀ គីមសុទ្ធ មានប្រសាសន៍ថា​ អាជ្ញាធរខេត្តកំពុងចាត់វិធានការបង្ក្រាបបទល្មើសនេសាទជាប្រចាំ ហើយវិធានការលើកនេះនឹងមានប្រសិទ្ធភាពមិនខាន។ ​

លោកបន្តថា៖ «ខ្ញុំជឿជាក់ថាប្រហែលជាមានប្រសិទ្ធភាពខ្លាំងណាស់ ព្រោះមានការចូលរួមទាំងអស់គ្នា ទាំងភូមិទាំងសង្កាត់ទាំងជំនាញទាំងកងកម្លាំងទាំងបី ជាពិសេសគណៈប្រជាការទាំងបីដែលមេធំៗ ពួកលោកប្រាជ្ញាខ្លាំងណាស់ ប៉ុន្ដែឥលូវខ្ញុំជឿជាក់ យើមានទីស្នាក់ការទាំង៥ខេត្តបានមកឈរជើងហើយ យើងធ្វើការងារភ្លាមៗហើយរហ័ស»។

ប្រភពដដែលបន្តថា ពលរដ្ឋខ្លះនៅតែពឹងលើការនេសាទដើម្បីចិញ្ចឹមជីវិត ហើយបទល្មើសតូចៗនៅកើតមានខ្លះ ប៉ុន្ដែលោកប្តេជ្ញា​បង្រ្គាបបទល្មើសនេសាទធំៗមិនឱ្យកើតមានទៀតឡើយ។

​យុទ្ធនាការបង្ក្រាបបទល្មើសនេសាទនេះបានកើតឡើង នៅប៉ុន្មានថ្ងៃក្រោយពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានចុះស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនេសាទនៅ​បឹងទន្លេសាប ដោយបាន​រកឃើញបទល្មើសនេសាទទ្រង់​ទ្រាយ​ធំនៅលើបឹងទន្លេសាទ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។

លោកឱ្យដឹងថា ជនល្មើសនេសាទទំនើបៗ ភាគច្រើនបង្កឡើងដោយជនជាតិវៀតណាម​បានប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា ឆក់ត្រជាក់ (យ៉ាំងកាវ) ឆក់ក្ដៅ ឈិបយន្ត និងឆក់ទូកលឿន ដែលបានបំផ្លាញមច្ឆជាតិទាំងតូចទាំងធំ ទាំងត្រីមានស្រកា និងត្រីអត់ស្រកា ផងដែរ។

ក្រោយការស្រាវជ្រាវរកឃើញបទល្មើសនេសាទជាទ្រង់ទ្រាយធំជាច្រើន នៅតំបន់បឹងទន្លេសាបពីសំណាក់ លោក សុខ ទូច កាលពីថ្ងៃទី២៣ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាផ្ទាល់មាត់ ឱ្យកងទ័ពនិងកងកម្លាំងនគរបាលសហការជាមួយក្រសួងស្ថាប័ន​ពាក់ព័ន្ធ រួមទាំងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ចុះបង្ក្រាប​​បទ​ល្មើសនេសាទខុសច្បាប់ឱ្យខាងតែបាន។ លោកនាយករដ្ឋមន្ត្រី ថែមទាំងអនុញ្ញាតឱ្យ​​កងទ័ព និងកង​កម្លាំង​នគរបាលប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ពីលើអាកាសផងដែរ ប្រសិនបើជនល្មើសតដៃ។

ជាមួយគ្នានោះ លោកក៏បានព្រមានដល់អភិបាលខេត្តជាប់បឹងទន្លេសាបទាំងអស់ថា ត្រូវចុះចេញពីតំណែង ប្រសិនបើបង្ក្រាបបទល្មើសនេសាទមិនបាន ឬបណ្តោយឱ្យមានបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ