ក្រសួងការងារ​ថា សេរីភាពសហជីពត្រូវបានធានានៅកម្ពុជា តែអ្នកតាមដានមើលឃើញខុសពីនេះ ​

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ជាមួយ លោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្ម និងប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ ហៅកាត់ថាអាយឡូ(ILO) កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២(រូ​បភាព៖ ហ្វេសប៊ុក លោក អុិត សំហេង)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា ការគោរពសិទ្ធិ និងសេរីភាពសហជីព ឬអង្គការវិជ្ជាជីវៈខាងការងារត្រូវបានធានា និងលើកកម្ពស់នៅកម្ពុជា ខណៈ​សហជីព និងកម្មករខ្លះនិយាយថា ជាការលើកឡើង​ខុសពីស្ថានភាពជាក់ស្តែង។

ការអះអាងនេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ជាមួយ លោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្ម និងប្រតិភូបេសកកម្មដោយផ្ទាល់របស់អង្គការអន្តរជាតិខាងការងារ ហៅកាត់ថាអាយឡូ(ILO) កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីការងារ ​លោក អ៊ិត សំហេង ​ឱ្យដឹងថា ក្នុងជំនួបនោះលោកបានប្រាប់គណៈប្រតិភូអាយឡូថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅកម្ពុជា ហើយកម្ពុជាផ្សារភ្ជាប់ការគោរពលក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ។

ប្រភពដដែលបន្តថា អនុលោមតាមអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ច្បាប់ស្តីពីសហជីពនៃកម្ពុជាផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញទៅកម្មករនិយោជិត និងនិយោជកក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង។

រដ្ឋមន្ត្រីក្រសួងការងារសរសេរថា៖ «ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅព្រះរាជាណាចក្រកម្ពុជា។ […] នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណីដែលកម្មករនិយោជិត ឬថ្នាក់ដឹកនាំសហជីពត្រូវបានចាប់ខ្លួន ឬធ្វើទុកបុកម្នេញដោយសារសកម្មភាពស្របច្បាប់របស់ខ្លួនក្នុងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈឡើយ»។

ប្រភពដដែលបញ្ជាក់ជំហរថា នឹងរង់ចំាទទួលយកនូវអនុសាសន៍របស់បេសកកម្មដោយផ្ទាល់របស់ ILO ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។

សកម្មជនសហជីព និងជាកូដករណាហ្គាវើលដ៍មួយរូប កញ្ញា ជឹម រដ្ឋា យល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ​នេះ គឺមិនបានឆ្លុះបញ្ចាំងការពិតទេ។ កញ្ញាថា តាមពិតក្រសួងការងារព្យាយាមលាក់បាំងការរំលោភសិទ្ធិសហជីពតាមគ្រប់រូបភាព។

កញ្ញា ជឹម រដ្ឋា បន្ថែមថា សិទ្ធិសេរីភាពរបស់កម្មករ និងសហជីពនៅកន្លែងការងារ គឺជារឿងចាំបាច់ណាស់។ ជាក់ស្តែងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​ ដែលធ្វើកូដកម្មដោយសន្តិវិធី ដើម្បីចង់បានយុត្តិធម៌សម្រាប់កម្មករទន់ខ្សោយ គួរតែត្រូវបានលើកទឹកចិត្តពីរដ្ឋាភិបាល និងធានាដោយច្បាប់។ ផ្ទុយទៅវិញបែរជាត្រូវបានឃាត់ឃាំង ចាប់ចង ចោទប្រកាន់ និងបំបិទសិទ្ធិបញ្ចេញមតិ ប្រើអំពើហិង្សា ខណៈថៅកែក្រុមហ៊ុនបែរជាត្រូវបានគេការពារយ៉ាងបើកចំហ។

សកម្មជនសហជីពរូបនេះថា សូម្បីអ្នកសារព័ត៌មាន អង្គការសិទ្ធិមនុស្សដែលតាមដានស្ថានភាពនៅកន្លែងធ្វើកូដកម្ម​ ក៏ត្រូវបានអាជ្ញាធររារាំង មិនឱ្យថតរូប ដោយទំនងបារម្ភថាមហាជនអាចឃើញនូវការផ្សាយក្នុងរូបភាពនៃការធ្វើទុក្ខបុកម្នេញលើកូដករឥតស្រាកស្រាន្ត និងកាន់តែអាក្រក់។

កញ្ញាថា៖ «គ្រាន់តែយើងធ្វើការទាមទារ យើងធ្វើការការពារសិទ្ធិសហជីព សិទ្ធិបុគ្គលិកកម្មករខ្មែរនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ជាក្រុមហ៊ុនឯកជនដែលកំពុងតែរំលោភសិទ្ធិការងារកម្មករ បែរជាពួកគាត់ដែលជាអ្នកការពារសិទ្ធិសេរីភាពនេះ បែរជាត្រូវ[អាជ្ញាធរ] ចោទ ត្រូវចាប់ដាក់ឃុំឃាំង ត្រូវចោទពីបទញុះញង់ អីផ្សេងៗទៅ។ យើងមើលឃើញថា អានេះវាៗលើសពីអាក្រក់ទៅទៀត»។

សមាជិកសហជីពម្នាក់ដែលអះអាងថា ខ្លួនមានភាពសកម្មក្នុងការទាមទាររកដំណោះស្រាយដល់កម្មករដែលជួបការគាបសង្កត់ពីថៅកែ ព្រមទាំងភ្ញៀវនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ ប៉ុន្តែត្រូវបានថៅកែបញ្ឈប់ពីការងារ​ កញ្ញា វ៉ាន់ រីណា ប្រាប់ថាអ្វីដែលរដ្ឋមន្ត្រីក្រសួងការងារអះអាងប្រាប់តំណាងអង្គការអន្តរជាតិខាងការងារនោះ ​ គឺជាការនិយាយយករួចខ្លួនប៉ុណ្ណោះ។

កញ្ញាបន្តថា  ​ជាក់ស្តែងក្រុមហ៊ុនណាហ្គាបានបញ្ឈប់ការងារបុគ្គលិកជាថ្នាក់ដឹកនាំ និងសកម្មជនសហជីពដែលជួយការពារសិទ្ធកម្មកររាប់រយនាក់ទាំងគ្មានហេតុផលសមស្រប តែក្រសួងការងារពុំបានអើពើ​ទាល់តែសោះ។

ជាងនេះទៀត មន្ត្រីក្រសួងការងារមិនដែលចុះពិនិត្យស្ថានភាពផ្ទាល់ពីមូលហេតុដែលក្រុមហ៊ុនបញ្ឈប់កម្មករ និងថ្នាក់ដឹកនាំសហជីពទេ ប៉ុន្តែនៅពេលដែលកម្មករចេញធ្វើកូដកម្មទាមទារឱ្យរក្សាសហជីព​ បែរជាអាជ្ញាធរចេញមុខយ៉ាងសកម្មក្នុងការរារាំងមិនឱ្យពួកគេទៅតវ៉ា ហើយចាប់រុញច្រានកម្មករដោយហិង្សាថែមទៀតផង។

កញ្ញា វ៉ាន់ រីណា ថា៖ «ថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន គឺគាត់មានការរើសអើងយ៉ាងខ្លាំងចំពោះសមាជិក សកម្មជន ថ្នាក់ដឹងនាំសហជីព ដែលសកម្មក្នុងការទាមទារសិទ្ធិ សេរីភាពក្នុងការរកដំណោះស្រាយពីការកេញប្រវ័ញ្ចរបស់ថៅកែ​មកលើបុគ្គលិកកម្មករ។ [ហេតុអីបានជាគេរើសអើងសកម្មជនសហជីព?] តាមមើលទៅ គឺពួកគាត់ខ្លាចបណ្តុះបណ្តាលសមាជិកឱ្យយល់ដឹងពីច្បាប់ ពីសិទ្ធសេរីភាពរបស់កម្មករនយោជិក ឱ្យយល់ថាតើបុគ្គលិកកម្មការយើងមានសិទ្ធអីខ្លះ។ ថៅកែភាគច្រើន គោលគំនិតគាត់អាត្មានិយម ចង់បានតែផលចំណេញ មិនចង់ចំណាយ ចំណាយតិចចំណេញច្រើន។ [ក្រុមហ៊ុនខាតបង់អី បើសិនមានសមាជិកសហជីពច្រើនក្នុងស្ថាប័ន?] [គឺ]គាត់អត់បានកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករ»។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បដិសេធតបនឹងសំណួររបស់វីអូឌីនៅពេលសួរពីភាពផ្ទុយគ្នារវាងការអះអាងរបស់ក្រសួងការងារ និងការត្អូញត្អែររបស់ក្រុមសហជីព។ យ៉ាងណា លោកប្រាប់ឱ្យអ្នកសារព័ត៌មានស្រង់ខ្លឹមសារពីការបង្ហោះរបស់ក្រសួងការងារវិញ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ចាត់ទុកការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងការងារថា មិនឆ្លុះបញ្ចាំងពីការពិត។ លោកថា ក្រសួងការងារមិនទាន់បានបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវទេនារយៈពេលចុងក្រោយនេះ ខណៈថៅកែរកលេសបញ្ឈប់កម្មករ ក្នុងនោះក្រុមសហជីពត្រូវបានបំបិទសិទ្ធិមិនឱ្យទាមទារនូវភាពយុត្តិធម៌ ហើយមន្ត្រីមួយចំនួនបង្កើតល្បិចកល ព្យាយាមរារាំងសហជីពសព្វបែបយ៉ាង។

លោក អាត់ ធន់ ថា៖ «វាហាក់បីដូចជាផ្ទុយស្ថានភាពជាក់ស្តែង ព្រោះតំណាងសហជីពមានការចាប់ខ្លួន មានការប្រើអំពើហិង្សា និងធ្វើទុក្ខបុកម្នេញជាច្រើន ហើយគាត់បែរជាថាគ្មាននរណាចាប់ខ្លួនដោយសារសកម្មភាពស្របច្បាប់របស់សហជីព។ ហ្នឹងគាត់អាចនិយាយត្រូវ ប៉ុន្តែឧទាហរណ៍ថានៅករណីខ្លះ មន្ត្រីខ្លះគាត់កាងក្រុមហ៊ុនហ្នឹង រឿងផ្សេងសោះ ទៅចោទប្រកាន់រឿងផ្សេងមួយទៀតចឹងទៅ។ ឧទាហរណ៍ដូចរឿងណាហ្គាហ្នឹង ពេលកម្មករធ្វើកូដកម្ម គាត់ទៅចោទប្រកាន់ថាបដិវត្តន៍ពណ៍អីណាណោះ តាមពិតកូដកម្ម [ទាមទារឱ្យក្រុមហ៊ុនចេញមុខដោះស្រាយឯ] នេះទេ អញ្ចឹងរឿងផ្សេងទៀតដែលចោទប្រកាន់ហ្នឹង អាហ្នឹងហើយជាការយាយី»។

លោកថា បើក្រុមសហជីពនៅកម្ពុជាមិនត្រូវបានបានធានា និងលើកម្ពស់សិទ្ធិសេរីភាពទេ សិទ្ធិកម្មករនឹងធ្លាក់ចុះ ការកេងប្រវ័ញ្ចនឹងកើតឡើង រឿងអយុត្តិធម៌សង្គម បណ្តឹងទៅក្រៅប្រទេស ទៅ ILO និងស្ថាប័នផ្សេងៗទៀតនឹងកើតមាន ហើយកេរ្តិ៍ឈ្មោះរដ្ឋាភិបាលកម្ពុជានឹងរងនូវភាពអាម៉ាសយ៉ាងធ្ងន់ធ្ងរលើឆាកជាតិនិងអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ