ការកើនឡើងនៃកម្រិតទឹកសមុទ្រ ការសឹករិចរិលដីយ៉ាងឆាប់រហ័ស និងការថយចុះនៃការផ្គត់ផ្គង់ដីល្បាប់កំពុងតែធ្វើឱ្យប៉ះពាល់ដល់ទន្លេមេគង្គ។
តំបន់ដីសណ្តស្ទើរតែ ៩០ភាគរយនឹងធ្លាក់ចុះក្រោមកម្រិតទឹកសមុទ្រនៅចុងសតវត្សរ៍នេះ ប្រសិនបើអាជីវកម្មដែលបង្កជាផលប៉ះពាល់នានានៅតែបន្ត។ ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ ខណៈដែលដីសណ្តទន្លេមេគង្គផ្គត់ផ្គង់ដល់ប្រជាជន ១៧លាននាក់ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទីក្រុងដ៏សកម្មមួយចំនួនរបស់វៀតណាម និងជាផ្នែកសំខាន់មួយនៃប្រភពស្បៀងអាហារក្នុងតំបន់។
ការរស់នៅ និងធ្វើកសិកម្មក្រោមនីវ៉ូទឹកសមុទ្រ គឺជាសកម្មភាពដែលអាចធ្វើទៅបាន ដែលក្នុងនោះ ប្រទេសហូឡង់គឺជាប្រទេសមួយដែលនៅក្រោមនីវ៉ូទឹកសមុទ្រទាំងស្រុង។
ដីសណ្ដទន្លេមេគង្គមានតំបន់ដូចគ្នាទៅនឹងប្រទេសហូឡង់។ អស់រយៈពេលជាច្រើនសតវត្សរ៍ ប្រទេសមួយនេះបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការការពារឆ្នេរសមុទ្រ។ សម្រាប់តំបន់ដីសណ្តទន្លេមេគង្គ កិច្ចការងារស្រដៀងគ្នានេះទាំងឡាយគួរតែត្រូវបានធ្វើឡើងផងដែរ។
ទោះជាយ៉ាងណា កិច្ចការងារទាំងនេះតម្រូវឱ្យមានការចំណាយដ៏ច្រើនសម្បើមក្នុងការសាងសង់ និងថែទាំ។ ប៉ុន្តែប្រសិនបើគ្មានការការពារទាំងនោះ ហើយកម្រិតនៃការស្រុតចុះដីសណ្តនៅតែបន្ត ផ្នែកនៃផ្ទៃដែលមានផលិតភាពរបស់ដីសណ្តនឹងប្រែទៅជាលិចលង់ក្នុងពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានេះ វាក៏មានជាវិធីសាស្រ្តផ្សេងទៀតដើម្បីអនុវត្តផងដែរ។ ការបញ្ជូនដីល្បាប់ពីអាងទន្លេមេគង្គ គឺជាដំណោះស្រាយធម្មជាតិមួយដែលអាចសាងសង់ដីសណ្តថ្មីបាន។
ទោះជាយ៉ាងណា ប្រសិនបើការអភិវឌ្ឍន៍ទំនប់នៅតែបន្តដូចការគ្រោងទុក ដីល្បាប់នៃអាងជាង ៩៥ភាគរយនឹងជាប់គាំងនៅក្នុងអាងស្តុកទឹក ដោយវាមិនអាចបញ្ជូនទៅកាន់តំបន់ដីសណ្តបាននោះទេ។
ដើម្បីសម្រេចបាននូវគោលដៅនិរន្តរ៍ភាព ការបូមយករ៉ែខ្សាច់នៅអាងខាងក្រោម ត្រូវតែមានការកាត់បន្ថយ ដែលសកម្មភាពនេះអាចនឹងជួយដល់ការបង្កើននូវដីល្បាប់ដែលបញ្ជូនទៅកាន់តំបន់ដីសណ្ត និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលមានលើទន្លេ និងគុណភាពទឹកនៅតំបន់ដីសណ្តផងដែរ។
ដើម្បីកាត់បន្ថយអត្រានៃការស្រុតចុះ និងការកើនឡើងនៃកម្រិតទឹកសមុទ្រ អត្រានៃការបូមទឹកក្រោមដីត្រូវតែស្ថិតក្នុងកម្រិតទាប។
ជាធម្មតា ដីល្បាប់ត្រូវបានជញ្ជូនតាមធម្មជាតិតាមដងទន្លេ ប៉ុន្តែវាក៏តម្រូវឱ្យមាននូវការកាត់បន្ថយ ឬលុបបំបាត់គម្រោងសាងសង់វារីអគ្គិសនីមួយចំនួនផងដែរ ដែលមានន័យថាជាការបោះបង់ប្រាក់ចំណេញពីការលក់អគ្គិសនី និងការថយចុះវឌ្ឍនភាពក្នុងតំបន់ឆ្ពោះទៅរកប្រព័ន្ធថាមពលកាបូនទាប។
ជាមួយគ្នានេះ ការប្រើប្រាស់ទឹកក្រោមដីតិច សម្រាប់វិស័យកសិកម្មគឺអាចនឹងទាមទារឱ្យមានការបោះបង់នូវដំណាំទាំងឡាយណាដែលប្រើប្រាស់ទឹកក្នុងទំហំច្រើន ដែលទទួលយកទិន្នផលទាប។
ការធ្វើឱ្យមានតុល្យភាពនានា នឹងត្រូវធ្វើឡើងក្នុងលក្ខណៈជាយុទ្ធសាស្ត្រមួយ និងត្រូវដឹកនាំដោយភាពជឿនលឿនចុងក្រោយបង្អស់នៃវិធីសាស្រ្តតាមបែបវិទ្យាសាស្ត្រ។
តាមរយៈការបង្កើតទីតាំងទំនប់ផ្សេងៗគ្នា បរិមាណថាមពលដូចគ្នា ឬច្រើនជាងនេះ អាចត្រូវបានផលិតឡើង ខណៈដែលវាបង្កជាការរាំងស្ទះដល់ដីល្បាប់នៃអាងត្រឹមតែ ១៥ភាគរយប៉ុណ្ណោះ។ វាមានន័យថា អ្នកអភិវឌ្ឍន៍នឹងត្រូវបោះបង់គម្រោងរបស់ពួកគេមួយចំនួន ដើម្បីចាប់យកគម្រោងផ្សេងទៀតដែលអាចផលិតថាមពលកាន់តែច្រើន និងផ្ដល់ផលប៉ះពាល់ដល់ល្បាប់តិចជាងមុន។
នៅក្នុងអាងមួយដែលយុទ្ធសាស្ត្រអភិវឌ្ឍន៍មានភាពស្មុគស្មាញផ្នែកនយោបាយ ការផ្លាស់ប្តូរដ៏សំខាន់នៃទម្រង់មួយចំនួន គឺត្រូវតែមាន ដើម្បីឱ្យទន្លេមេគង្គអាចរស់រានមានជីវិតបាន៕
លោក Rafael Schmitt គឺជាវិស្វករស្រាវជ្រាវមួយរូបនៅសាកលវិទ្យាល័យ Stanford ។ ការស្រាវជ្រាវរបស់លោកគឺទាក់ទងនឹងការធ្វើគំរូ ការគ្រប់គ្រងទឹក ថាមពល និងសេវាប្រព័ន្ធអេកូឡូស៊ីដែលផ្តល់ដោយទន្លេធំៗរបស់ពិភពលោក។
ជាផ្នែកមួយនៃគម្រោង Natural Capital Project លោក Rafael Schmitt បច្ចុប្បន្នកំពុងតែធ្វើការលើការបង្កើតគំរូនានាដើម្បីវាស់ពីតួនាទីរបស់ធម្មជាតិ ដើម្បីផ្តល់នូវការរក្សាទុកដីល្បាប់ ការការពារទឹកជំនន់ និងការរអិលបាក់ដីជាដើម។
បកប្រែ និងសម្រួលដោយ ភុន ច័ន្ទឧសភា ចេញអត្ថបទដើមពីភាសាអង់គ្លេស៖ Opinion: Cooperation, Commitment Needed as Mekong Delta Sinks
អត្ថបទទស្សនៈដោយ Rafael Schmitt