អាជ្ញាធរថៃគ្រោងចាប់បញ្ជូនជនជាតិរបស់ខ្លួនប្រមាណ ៣ ០០០នាក់ចេញពីទីតាំង​ឆបោកនៅកម្ពុជា

អគ្គស្នងការរង នៃអគ្គស្នងការរងនគរបាលជាតិថៃ លោក Surachate Hakparn ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ រូបភាព៖ (Royal Thai Police)

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃអង្គារម្សិលមិញ បានបង្ហាញការគាំទ្រចំពោះផែនការរបស់អាជ្ញាធរថៃក្នុងការបញ្ជូនមន្ត្រី និងនាវាកងទ័ពជើងទឹកមកកាន់ប្រទេសកម្ពុជា ដើម្បីប្រមូលជនជាតិថៃប្រមាណ​ ៣ ០០០នាក់ចេញពីទីតាំងដែលបម្រើការនៅក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនានានៅកម្ពុជា ឱ្យត្រឡប់ទៅប្រទេសថៃវិញ។

ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា អាជ្ញាធររបស់ខ្លួននឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២ ខែមេសា ខាងមុខនេះដើម្បីជួយសង្រ្គោះ និងបញ្ជូនជនជាតិថៃចន្លោះពី ២ ៨០០ ទៅ ៣ ០០០នាក់ ចេញពីទីតាំងប្រតិបត្តិអំពើឆបោកខុសច្បាប់នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។

សារព័ត៌មានដដែលនេះបានបន្តថា លោក សុរាជិត ហាក់ផន នឹងដឹកនាំនគរបាលជាន់ខ្ពស់មួយក្រុមទៅកាន់ទីក្រុងភ្នំពេញ និងទីប្រជុំប្រជនផ្សេងទៀត ខណៈដែលកងទ័ពជើងទឹកថៃនឹងរៀបចំនាវាមួយគ្រឿងដើម្បីជួយបញ្ជូនប្រជាពលរដ្ឋរបស់ខ្លួនត្រឡប់ទៅកាន់ប្រទេសថៃវិញ។

ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃរូបនេះបន្ថែមថា ជនជាតិថៃនានានឹងត្រូវជួយសង្រ្គោះចេញពីទីតាំងនៃប្រតិបត្តិការឆបោកខុសច្បាប់ទាំងឡាយ ដែលត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ហើយពួកគេទាំងអស់នោះក៏នឹងត្រូវសាកសួរបន្ថែមទៀតក្នុងប្រទេសថៃ​ ដើម្បីសម្រេចថាតើពួកគេនឹងត្រូវរងនូវវិធានការផ្លូវច្បាប់ ឬយ៉ាងណា។

ទាក់ទិន​ករណីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមឃឿន បានថ្លែងប្រាប់វីអូឌីកាលពីថ្ងៃអង្គារថា គិតមកដល់ពេលនេះ លោកនៅមិនទាន់ទទួលបានលិខិតផ្លូវការណាមួយពីសមភាគីថៃនោះទេ។ ទោះជាយ៉ាងណា លោកថា អាជ្ញាធរកម្ពុជានឹងសហការក្នុងកិច្ចការងារនេះ ប្រសិនបើ​សមត្ថកិច្ចថៃ​ ទំនាក់ទំនងមកកាន់កម្ពុជា។

អ្នកនាំពាក្យរូបនេះបន្តថា ប្រសិនបើ​អាជ្ញាធរ​ថៃ​មកកាន់​កម្ពុជា ​ពួកគេ​​នឹងអាចចូលរួមក្នុងការ​​ដោះស្រាយ​បញ្ហាមួយចំណែក​ធំទាក់ទង​​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារផងដែរ។

លោក​​ថា៖ «យើង​ត្រូវតែ​សហការ ពីព្រោះយើងគឺ​ជា​ប្រទេស​ជិត​ខាងជាមួយគ្នា ហើយ​ក៏​ជា​សមាជិក​នៃនគរបាល​អាស៊ាន​ដូចគ្នាផង​ដែរ។ ទី២ បទល្មើសនេះ គឺជា​ឧក្រិដ្ឋកម្មមួយនៅក្នុងប្រធានបទដែលត្រូវការកិច្ចសហប្រតិបត្តិការ ដូចជាការជួញដូរមនុស្ស ការបង្ខាំងមនុស្ស និងការឆ្លង​ដែនខុសច្បាប់ជាដើម។ ​ទាំងអស់នេះ គឺជាវិស័យដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ»។

គួរបញ្ជាក់ថា ជនបរទេសមកពីប្រទេសចិន ថៃ ឥណ្ឌូណេស៊ី និងប្រទេសដទៃទៀតបានលើកឡើងថា ពួកគេត្រូវបានឃុំខ្លួន ជំរិតទារប្រាក់ និងពេលខ្លះត្រូវបានចាប់ពង្រត់ ព្រមទាំងធ្វើទារុណកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យធ្វើ​ការអនឡាញ ដែលភាគច្រើនគឺជាការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសផ្សេងៗ។

ទាក់ទិននឹងសំណួរ​ ថា​តើ​​មាន​ជនជាតិ​ថៃសរុបចំនួន​ប៉ុន្មាន​នាក់​ដែល​ធ្វើការ​ក្នុង​ឧស្សាហកម្ម​ឆបោក​តាមប្រព័ន្ធអនឡាញ​​នោះ លោក ឆាយ គឹមឃឿន បាន​ឆ្លើយតបថា រូបលោក​មិន​អាច​ផ្តល់​ចម្លើយ​ជាក់លាក់​បាននោះ​ទេ ដោយលោក​ថា​ អាជ្ញាធរ​ថៃ​ប្រហែល​ដឹងលម្អិតពីករណីនេះច្រើនជាង ​ដោយសារតែ​ពួកគេ​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​របស់​ពួកគេដោយផ្ទាល់។

យោងតាមប្រតិបត្តិការជួយសង្គ្រោះនានាកាលពីពេលកន្លងមក លោកបានបញ្ជាក់ថា ជនជាតិថៃភាគច្រើនក្នុងប្រតិបត្តិការឆបោកទាំងនេះបានឆ្លងដែនចូលមកដោយខុសច្បាប់។ ដូច្នេះអាជ្ញាធរកម្ពុជាមិនអាចគ្រប់គ្រង ឬតាមដានពួកគេបាននោះទេ។

លោក ឆាយ គឹមឃឿន បន្ថែមថា ជនជាតិថៃដែលត្រូវបានសង្គ្រោះទាំងឡាយនឹងត្រូវបានពិនិត្យថាតើ​ពួកគេ​ចូលមក​ក្នុងប្រទេសតាមរបៀបណា ខណៈ​អ្នកដែលឆ្លងចូលមកដោយខុសច្បាប់អាចនឹងត្រូវបានបណ្តេញចេញពីកម្ពុជា។

លោកបន្តថា ជាការចាំបាច់ដើម្បីធ្វើការសិក្សា និងស្វែងរកថាតើពួកគេ​បានប្រព្រឹត្តបទឧក្រិដ្ឋដែរឬទេ?។ យ៉ាងណា  ​លោក​អះអាងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបំផ្លើសព័ត៌មានអំពីការឃុំខ្លួន និងជំរិតទារប្រាក់នៅកម្ពុជា។

លោក​​ថា៖ «ដូច្នេះ​ យើង​ត្រូវតែ​ពិនិត្យ​មើល​ថា​តើ​នរណា​ជា​ជន​រង​គ្រោះពិតប្រាកដ»។

ដោយដកស្រង់ចេញពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះមួយ​ក្នុង​ការិយាល័យ​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ សារព័ត៌មាន Bangkok Post បាន​រាយការណ៍​ថា ​ជនជាតិ​ថៃមួយចំនួន​ធ្វើការ​ឱ្យ​ថៅកែជា​ជនជាតិ​ចិន ដែលក្នុងចំណោមពួកគេនោះ មានមួយចំនួន​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា។

ជាមួយគ្នានេះ វីអូឌីក៏បានសម្ភាសន៍ និងរកឃើញថា អ្នកដែលត្រូវបានសង្គ្រោះភាគច្រើនក៏មានចេញពីទីតាំងប្រតិបត្តិការឆបោកដែលមានទំនាក់ទំនងជាមួយអ្នកជំនួញដ៏មានឥទ្ធិពល និងឥស្សរជននយោបាយកម្ពុជា មួយចំនួន​ រួមមាន សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក កុក អាន​ ស្ថាបនិកក្រុមហ៊ុន ផាយផេ ភីអេលស៊ី (Pi Pay) ម្ចាស់ក្លឹបបាល់ទាត់ធំមួយនៅកម្ពុជា លោក ឬទ្ធី សំណាង និងឧកញ៉ា ទ្រី ភាព ដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកជាដើម៕

បកប្រែ និងសម្រួលដោយ លោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមជាភាសាអង់គ្លេស៖https://vodenglish.news/3000-thais-to-be-repatriated-from-cambodian-scam-compounds-thai-police/

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ