យុវជន​កម្ពុជា​ប្តេជ្ញា​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​

អាជីវករម្នាក់ដែលលក់ដូរនៅផ្សារបណ្តោះអាសន្នក្នុងកីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោយក្រុមគ្រូពេទ្យរកឃើញមានអ្នកឡើងកម្ដៅលើសពី៣៧អង្សាសេ ចំនួន១១នាក់ ដោយប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្ដាល)

យុវជន​និង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា បន្ត​ប្តេជ្ញា​ចិត្ត​ចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ-១៩ បើ​ទោះបី​ជា​ស្ថានភាព​ការ​ឆ្លងរីករាល​ដាល​នៃ​ជំងឺនេះ​បាន​ធូស្រាល​បន្តិចក្តី។

អ្នកគ្រូពេទ្យស្ម័គ្រចិត្តកញ្ញា សុទិន ណាតាសា ប្រាប់វីអូឌីថា កញ្ញាសប្បាយចិត្តនិងប្តេជ្ញាចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីពលរដ្ឋខ្មែរជៀសឆ្ងាយ​ពីការ​ឆ្លងរីករាយដាលជំងឺនេះដល់សហគមន៍ម្តងទៀត។ កញ្ញាបន្តថា ដោយក្តីស្រឡាញ់ និងពេញចិត្តបម្រើពលរដ្ឋទើបកញ្ញាស្ម័គ្រចិត្តចូលរួមយុទ្ធនាការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ។

កញ្ញាណាតាសាថា៖ «ដោយទឹកចិត្តស្រឡាញ់ ក្នុងខណៈពេលដែលជាតិរបស់យើងត្រូវការយើង ប្រជាជនរបស់យើង ពលរដ្ឋរបស់យើងត្រូវការយើង ក្នុងនាម​យើងជាគ្រូពេទ្យ ក្នុងនាមយើងជាអ្នកថែទាំ ជួយសង្រ្គោះជីវិតរបស់គេ ចឹងយើងមិនអាចមើលរំលងពីបញ្ហានេះបានទេ អ៊ីចឹងយើងត្រូវតែចូលរួម»

កញ្ញា សុទិន ណាតាសា ជាគ្រូពេទ្យស្ម័គ្រចិត្តនៅមណ្ឌលប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក និយាយថា វាជារឿងល្អសម្រាប់​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ដូចក្រុមកញ្ញា ដែលអាចទទួលបានបទពិសោធន៍ថ្មីក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសមានការលើកទឹកចិត្តពីគ្រួសារផង ទើបក្រុមកញ្ញាស៊ូបេ្តជ្ញាចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះទាល់តែចប់។

កញ្ញាថា៖ «ទី១ ទឹកចិត្តចង់ជួយ ហើយមានការគាំទ្រពីគ្រួសារ មិត្តភក្តិអ្នករួមជំនាញជាមួយគ្នាផង ចេះសាមគ្គីកម្លាំងតែមួយ ជំរុញតស៊ូជាមួយគ្នាដើម្បីចង់ឱ្យ​ប្រទេស​របស់យើងហ្នឹង អាចជៀសផុសពីជំងឺឆ្លង [កូវីដ-១៩] អាចឱ្យជីវភាពពលរដ្ឋយើងមកជាធម្មតាវិញទាំងអស់គ្នា កុំឱ្យដូចឥឡូវហ្នឹង គឺកូវីដ-១៩នឹងឆ្លង​ទៅឆ្លងមកអត់បាត់សោះ»

ស្រដៀងគ្នានេះដែរ គ្រូពេទ្យស្ម័គ្រចិត្តម្នាក់ទៀត កញ្ញា ណាង ផល្លា បានឱ្យដឹងថាកញ្ញា​បានចូលរួមធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តនេះមួយឆ្នាំជាងមកហើយ ពោលគឺចាប់តាំងពីមានការផ្ទុះឡើងនៃកូវីដ-១៩ ក្នុងសហគមន៍មកម៉្លេះ។

កញ្ញាបន្តថា ដោយឃើញស្ថានភាពប្រទេសជួបវិបត្តិជំងឺកូវីដ-១៩ បែបនេះ កញ្ញានិងគ្រូពេទ្យស្ម័គ្រចិត្ដដទៃទៀតមិនឈឱបដៃមើលនោះទេ។

កញ្ញាថា៖ «ចំពោះការណ៍ដែលហ៊ានសម្រេចចិត្តធ្វើការងារទាំងអស់ហ្នឹង ទី១ គឺទាក់​ទង​ទៅ​នឹង​មហិច្ឆតាមានន័យថា នៅពេលដែលប្រទេសជាតិយើងកំពុងតែ​មាន​អាសន្ន ប្រសិនបើយើងអត់ទៅចូលរួមជួយទៀត តើបានអ្នកណាអ្នកជួយ! ហើយទី២ ពួកខ្ញុំមាន​ការភ័យបារម្ភ ហើយក៏អាណិតអាសូរទៅដល់អ្នកជំងឺ​ផ្សេងៗ​ដែលគាត់​បានឆ្លងជំងឺកូវីដ-១៩ ហើយគាត់អត់បានមើលថែឱ្យបានដិតដល់ ទើបពួកខ្ញុំសម្រេចចិត្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺហ្នឹង»

កញ្ញា ណាង ផល្លា គ្រូពេទ្យបញ្ចប់ការសិក្សានៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមការពារតាម​ការ​ណែនាំ​របស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលទាំងអស់គ្នា។

កញ្ញានិយាយថា៖ «ខ្ញុំមានតែការផ្តាំផ្ញើទៅដល់ប្រជាជនទូទាំងប្រទេសរបស់យើង គឺត្រូវតែអនុវត្ត «៣កុំ និង៣ការពារ» ហើយព្យាយាមថែទាំសុខភាពខ្លួនឯង​ដើម្បី​ជៀសវាងពីជំងឺកូវីដ-១៩ ហើយក៏ជួយកាត់បន្ថយនៃការឆ្លងរីករាលដាលផងដែរ»

យោងតាមការលើកឡើងក្នុងអត្ថបទរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថា ស្រ្តីជាច្រើននាក់បានចូលបម្រើ​ការងារ​នៅក្នុង​វិស័យសុខាភិបាល ដើម្បីចូលរួមចំណែកលើកស្ទួយការការពារ និងថែទាំសុខភាពប្រជាជនទូទៅ ព្រមទាំងជួយដល់ការសម្រាលកូន​ដោយ​សុវត្ថិភាព និងមានសុខភាពល្អ ដែល​ជា​ចំណែកមួយមិនអាចខ្វះបានក្នុងការបង្កើតនូវកម្លាំងធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិ។

ក្នុងអត្ថបទនោះអ្នកស្រីបានសរសេរបញ្ជាក់ថា៖ «ក្នុងយុគសម័យយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រ្តីដែលជាគ្រូពេទ្យ «មានដូចជាបណ្ឌិតសុខភាព​សាធារណៈ គ្រូពេទ្យឯកទេស វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាក-យិកា ជាដើម» និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗទៀត បានចូលរួមចំណែកយ៉ាងសកម្មក្នុងការ​ជួយផ្តល់សេវាអប់រំសុខភាព ការពារថែទាំ ពិនិត្យ ព្យាបាលជំងឺកូវីដ-១៩ទាំងអស់គ្នា»

ជំងឺកូវីដ-១៩បានឆ្លងចូលប្រទេសកម្ពុជាដំបូង នៅចុងខែមករា ឆ្នាំ២០២០ តាមរយៈភ្ញៀវទេសចរណ៍ជនជាតិចិនដែលមកលេងនៅខេត្តព្រះសីហនុ។ គិតត្រឹមថ្ងៃទី៣០ ខែមីនា នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១៣៥ ៥៨៥នាក់ ស្លាប់៣ ០៥៤នាក់ និងជាសះស្បើយចំនួន ១៣១ ៥៩៨នាក់។ ចំណែកករណីនាំចូលពីក្រៅប្រទេសវិញមានចំនួនសរុប ២១ ២០៨នាក់៕

អត្ថបទដោយ សុត បាន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។