សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​​ជំរុញ​ពង្រឹង​សមត្ថភាព​និង​ក្រម​សីលធម៌​មន្ត្រី​គ្រប់គ្រង​តាម​សាខា

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវមួយកន្លែង ទល់មុខនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលប្រធានសាខាថ្នាក់ស្រុក និងខេត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាសមាជិកទូទាំងប្រទេស ដើម្បីជំរុញពង្រឹងសមត្ថភាពគ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ​ ក្រមសីលធម៌ និងវិជ្ជាជីវៈ។

សេចក្តីប្រកាសព័ត៌មានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីម្សិលមិញ បានឱ្យដឹងថា សិក្ខាសាលាពង្រឹងសមត្ថភាពនិងក្រមសីលធម៌នេះ ត្រូវបានរៀបចំជា ៥តំបន់ ដោយចាប់ផ្តើមពី រាជធានីភ្នំពេញចន្លោះពីថ្ងៃទី២៨ ដល់ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២២ និងបន្តទៅ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តក្រចេះ នាខែបន្តបន្ទាប់។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងធំៗមួយចំនួន ដូចជាពង្រឹងសមត្ថភាព​ក្នុងក្របខណ្ឌការងាររបស់ប្រធានសាខា។ លើសពីនេះ ផ្តល់ឱកាសដល់ប្រធានសាខា ដើម្បីស្វែងយល់អំពីក្រម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធ​ប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំង​ផ្តល់ជា​ការចែករំលែកចំណេះដឹង​ កត្តាប្រឈម ដំណោះស្រាយ និងការកសាងបណ្តាញទំនាក់ទំនងជាដើម។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាតំបន់សម្រាប់រាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា កន្លងមកសមាគមបានយកចិត្តទុកដាក់ទៅលើការពង្រឹងឧត្តមភាពនៃធនធានមនុស្សដែលជាប្រតិបត្តិករហិរញ្ញវត្ថុតាមរយៈវគ្គបណ្តុះបណ្តាលនានា។ លោកថា វគ្គបណ្តុះបណ្តាលនោះ ដើម្បី ​លើកកម្ពស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្នតាមវិធាននានា ដូចជាក្រមនិងវិធានផ្ទៃក្នុងនៅក្នុងវិស័យ រួមមានវិធានផ្ដល់ប្រាក់កម្ចី កិច្ច ការពារអតិថិជន និង ការដោះស្រាយបណ្តឹងជាដើម។

លោក សុខ វឿន ​មានប្រសាសន៍ថា៖ «ពិសេសទៅទៀត សមាគមបានសម្របសម្រួល និងផ្តល់កម្មវិធីនានាដែលជា ការអប់រំផ្នែកហិរញ្ញវត្ថុ ជូនភាគីពាក់ព័ន្ធ ជាចំណែកដើម្បីជ្រោមជ្រែងភាពរឹងមាំនៃវិស័យរបស់យើង»។

អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ បានលើកឡើងពីសារៈសំខាន់អំពីសិក្ខាសាលានេះ ​ក្នុងការពង្រឹងក្រមសីលធម៌ និងសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំជួរមុខរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលបាននិងកំពុងផ្តល់សេវា ជាចាំបាច់សម្រាប់ប្រជាជនកម្ពុជា។

លោកបន្ថែមថា៖ «ដើម្បីធានាបាននូវនិរន្តរភាពវិស័យក៏ដូចជាការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវប្រធានសាខានីមួយៗត្រូវធានាបានថាសេវារបស់ខ្លួនធ្វើឱ្យអតិថិជនទទួលបានជោគជ័យពិតប្រាកដ»។

សិក្ខាសាលាថ្នាក់តំបន់ត្រូវបានរៀបចំឡើង បន្ទាប់ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ដាក់ឱ្យប្រើជាផ្លូវការនូវក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុកាលពីដើមខែមីនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ