វិភាគ៖ អំពើ​ពុករលួ​យន​យោបាយធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​​ខ្វះភាពត្រឹមត្រូវនិងយុត្តិធម៌ឬទេ?

ការបោះឆ្នោត កន្លងទៅ

ប្រ​ព័ន្ធពុ​ករ​លួ​​យនយោ​បាយ​​ ត្រូវបាន​​គេវា​​យ​តម្លៃ​ថា​​ ជា​​អំពើ​ពុករលួ​យប្រ​ភេ​​ទ​ខ្នាតធំ ​និង​ជា​​​ឧប​​ស​គ្គធំធេង​​​ពិសេ​ស​ប្រទេ​​សបំរែ​​​ខ្លួន​​​ទៅរ​​កល​ទ្ធិ​​ប្រ​​ជា​ធិបតេ​យ្យ ដោយស​ម្អាងថា​​ អំ​​ពើ​​ពុ​ករលួយប្រភេទនេះ ​បង្កផ​លប៉ះពាល់ដ​ល់កា​រអ​​ភិវឌ្ឍ​​ជាតិ គំរាមកំហែង​​នីតិ​រដ្ឋ និងធ្វើ​ឱ្យការបោះឆ្នោតខ្វះភាពយុត្តិធម៌។

​ប​ញ្ហានេះ បង្កើត​ជាចម្ងល់ថា តើជម្លោះនយោបាយនៅកម្ពុជា ដែលបានកើតឡើង​ជា​បន្ត​បន្ទាប់ ក្រោយ​ការបោះ​ឆ្នោត​ច្រើនអាណត្តិមកនេះ ជាប់ពាក់ព័ន្ធទៅ​នឹងអំពើពុ​ករ​លួយនយោបាយនេះដែរឬទេ?​

នាយកប្រតិបត្តិអង្គកា​រតម្លាភាពកម្ពុជា លោក ប៉ិច ​ពិសី ​លើកឡើង​ថា ​បើយោ​ងតា​មអង្គ​ការ​សហប្រជា​ជាតិ​ និង​អង្គការតម្លាភា​ពអ​ន្តរ​ជាតិ អំពើ​ពុករលួយនយោបាយ អាច​មាន​ច្រើន​រូ​បភាព ប៉ុន្តែរូបភាពជាកល ដែលគេ​រ​កឃើ​ញនោះ គឺ«អំពើចាប់ជំរិតរដ្ឋ»។​

លោក​​គូស​បញ្ជាក់ថា​ អំពើចាប់ជំរិត​រដ្ឋ ​កើតឡើ​ងដោយកា​រធ្វើ​ការ​ប្រទា​ក់ក្រឡាគ្នា រវាងអ្នក​មា​ន​ឥទ្ធិព​​ល​នយោបាយ​ និង​អ្នកមានឥទ្ធិពលផ្នែកទ្រព្យសម្បត្តិ ក្រោម​​កិច្ច​សហការគ្នា​​ទាញយក​ប្រ​យោ​ជ​ន៍​​ជា​តិ​ ធ្វើជាសម្បត្តិ​ផ្ទាល់​ខ្លួន ដែលការណ៍នេះ រា​រាំងដ​ល់ការអភិ​វឌ្ឍជា​តិស្ទើរ​គ្រប់វិស័យ រួមទាំង​វិស័យ​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធនីតិរដ្ឋ ។

លោកថា៖ «អំពើ​ពុករលួយផ្នែកនយោបាយនេះ​ហើយ ដែលជាឧបសគ្គដ៏ចម្បងមួយរារាំងដល់ការអភិវឌ្ឍសឹង​តែគ្រប់វិស័យ ទាំង​វិស័យសេដ្ឋកិច្ច វិស័យនយោបាយ ជា​ពិសេស​ដំណើរការ​នៃ​ការ​បោះឆ្នោ​ត ដំណើរការ​នៃ​ការ​ជំរុញ​ឱ្យប្រទេសមួយអាចឈានទៅដល់ការប្រកាន់នៃគោលការណ៍នីតិរដ្ឋ បានគោលការណ៍នៃការគោរពសិទ្ធិមនុស្ស ហើយនឹងគោលការណ៍គាំពារសង្គម ជាពិសេសការបែងចែកទ្រព្យដែលរដ្ឋទាំងនោះទទួល​បានហ្នឹងឱ្យទៅជនងាយរងគ្រោះ ឬអ្នកក្រីក្រហ្នឹងមិនមានភាពស្មើគ្នាជាដើម»។

ជ្រុងមួយនៃ​សមាជិករបស់​​​គណបក្សប្រ​ជាជ​នក​ម្ពុជា ​ក្នុងបញ្ជីរាយនា​មសមាជិក​សមាជិ​កា​​គណៈ​កម្មាធិ​ការកណ្តាល​របស់គណបក្សនេះ បច្ចុប្បន្ន​មាន​ជាង​៨០០​នាក់ ដែលក្នុងនោះមានចាប់ពី​មេដឹកនាំកំពូល រហូតដល់មន្ត្រីជាន់ខ្ពស់តុលាការ និងឧកញ៉ាមួយចំនួនទៀត។

បើតាមតារាងរាយនាមនោះ ក្រៅពីលោកនាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន មានរដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រីក្រសួងការពារជាតិលោក​ ទៀ បាញ់ ប្រធានតុលាការកំពូលលោក ឌិត មន្ទី អនុប្រធានតុលាការ​កំ​​ពូល​លោក ជីវ កេង លោកឧកញ៉ា ម៉ុង ឫទ្ធី រួមទាំងឧកញ៉ាមួយចំនួនទៀត។

ជ្រុ​​ង​មួយនៃប​ញ្ហានេះ សាលដីការំលាយ​គណបក្សសង្គ្រោះជាតិ​​ ចុះថ្ងៃទី១​៦ ខែ​វិច្ឆិ​កា ​​​ឆ្នាំ២​០១៧​ ​បាន​បញ្ជា​​ក់​ថា ​លោ​ក ឌិត មន្ទី ជាប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ រីឯ​លោក ជីវ កេង ជាចៅក្រមមួយរូប ក្នុងចំណោមស​​មា​​​ស​​ភាពចៅក្រមជំនុំជម្រះទាំង៩រូប ដែលបានកាត់ក្តីឱ្យរំលាយគណបក្សប្រឆាំងចេញពីឆាកនយោបា​​យរហូតបច្ចុប្បន្ន។

យ៉ាងណា លោក ពិសី គិតថា អំពើពុករលួយនយោបាយ អាចកាត់បន្ថយបាន បើរដ្ឋាភិបាល មានឆន្ទៈ ដើ​ម្បីពង្រឹងយន្តការប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោកថា៖ «ខ្ញុំគិតថា​ នៅក្នុ​ងបរិប​ទក្នុ​ងតំប​ន់អាស៊ាន​យើ​ង ដែ​លមា​ន​ប្រ​ទេ​សមួ​យចំនួ​ន កំពុង​តែជោគ​ជាំទៅ​​​ដោយ​​សង្គ្រាមស៊ីវិល អ៊ីចឹងពេ​លនេះ ជា​ឱ​​​កាស​មួយ​ស​ម្រាប់​ក​ម្ពុជាយើង​ ក្នុងនាមជា​ប្រធានអាស៊ាន​ផ​​​ង គឺ​គួ​រតែមានកា​រជំ​រុញ​ការបោះឆ្នោត ​តាមបែប​លទ្ធិប្រជា​ធិបតេយ្យមួ​យ ដើម្បីជាគំរូផង ​ដើរ​តួនាទី​សំ​ខា​ន់ជំ​រុញ នូវដំណើ​រការលទ្ធិប្រជាធិបតេយ្យ តាមរ​យៈការបោះឆ្នោត​ដោយសេរី ត្រឹម​ត្រូវ ​យុត្តិធ​ម៌​»។ 

អ្នក​សម្របសម្រួលផ្នែកអង្គេត និង​តស៊ូមតិ​ នៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កន សា​​វាង្ស លើកឡើងថា តាមគោលការណ៍​សកល ដើម្បីឱ្យកា​របោះ​ឆ្នោតមួយ មានលក្ខណៈសេរី ត្រឹមត្រូវ និង​យុត្តិធម៌​​មាន​ជាង​១៣​ចំណុច ដែលរាប់​ចាប់ពី​ការចុះឈ្មោះអ្នក​បោះ​ឆ្នោត រហូត​ដល់​ការ​​ប្រកាស​​លទ្ធផលបោះ​ឆ្នោ​ត។

រីឯ​បរិយាកាស​នយោបាយវិញ ​អាជ្ញាធររដ្ឋ​ត្រូវធានាកុំឱ្យមាន​ការគំរាមកំហែង និង​ត្រូវ​លើកទឹកចិត្តពលរដ្ឋកុំ​ឱ្យមានកា​រ​ភ័យខ្លាចក្នុងការចូលរួមជីវភាពនយោបាយ ដោះស្រាយជម្លោះជុំវិញបណ្តឹងតវ៉ារបស់គណបក្សន​យោ​​​​​បា​យដែលបានចូលរួម​បោះឆ្នោត ដោយ​ឈរលើ​ស្មារតីឯករាជ្យ និង​យុត្តិធម៌ ដែល​អាច​ទទួល​យកបាន​ពីគ្រប់ភាគីពាក់ព័ន្ធ។

លោកថា៖ «​ដំណើរការកា​ត់ក្តី ​ដែលត្រូវបានរកឃើ​ញថា លម្អៀងទៅរកគ​ណបក្សនយោបាយ អាហ្នឹងមានន័យ​ថា ពុករលួយនយោបាយហើយ»។​

លោក សាវាង្ស សង្កេតឃើញថា​ ជ្រុងមួយដែលជំរុញឱ្យមានវិវាទ​នយោបាយ​ជាបន្តបន្ទាប់ ហើយត្រូវធ្វើ​កំណែ​ទម្រង់ ដើម្បីឆ្លុះបញ្ជាំងពីឆន្ទៈពលរដ្ឋ​នោះ គឺ​​ស្ថាប័​នដោះស្រាយវិវាទ មិនត្រូវមានមន្ត្រីជាស​មា​​ជិ​​​ក​បក្ស​ធ្វើជាអ្នកកាត់សេចក្តីក្នុង​សំណុំរឿងនយោបាយទៀត​នោះទេ។

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ បាន​ក្រើនរម្លឹកក​ងក​​​ម្លាំង​​​ឱ្យពង្រឹងវិធានការ​ទប់​ស្កាត់ កុំឱ្យមាន​ការគំរាមកំហែងខាងនយោបាយ ដើម្បីធានា​ឱ្យការបោះឆ្នោតអាណត្តិនេះ ដំណើរការទៅមាន​លក្ខណៈសេរី និងយុត្តិធម៌។

ចំណែក រដ្ឋ​មន្ត្រីក្រ​សួងមហាផ្ទៃ លោក​ ស ខេង ​​ក្នុងកិច្ចប្រជុំផ្សព្វ​ផ្សាយ ស្ដីពី​កិច្ចការងារពិនិត្យបញ្ជីឈ្មោះ និង​ការបោះឆ្នោតថ្នាក់​ជាតិ-​ថ្នាក់​ក្រោម​​ជាតិ នៅ​​ថ្ងៃទី២៨ ខែ​​មីនា ឆ្នាំ២០២២​ ក៏​​បាន​ផ្ញើសា​រ​ណែនាំ មន្ត្រី​​ប្រហាក់ប្រ​ហែលគ្នា​នេះដែរ។

លោកថា៖ «កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវមានអព្យា​ក្រិត​ភាព និង​គោរពឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត[…]ដោយត្រូវបង្កលក្ខណៈងាយស្រួលនិងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សន​យោ​បាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការជាតិ អន្តរជាតិ និងប្រ​ជាព​លរដ្ឋគ្រប់រូបប្រកប​ដោយ​តម្លាភាព និងគ្មានការរើសអើង»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ខែមិនា បានចេញសេចក្តីថ្លែងការណ៍ ប​ង្ហា​​​​​​​​ញពី​ការតាំងចិត្តដើម្បីធានាភាពត្រឹមត្រូវនៃការបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២​០​២​២​។

បើតា​​មលិខិតនោះ កងកម្លាំង និងអាជ្ញាធរ ត្រូវប្រកាន់ជំហរអព្យាក្រឹត មិនលម្អៀង ហាមប្រើស​ម្ភា​រៈ និងមធ្យោ​​បាយរដ្ឋ ដើម្បីប្រយោជន៍គណបក្ស រួម​ទាំង«ទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យគំ​រា​​ម​កំ​ហែ​ងដ​​ល់បេក្ខជនសកម្មជនគណបក្សនយោបាយ និងអ្នកបោះឆ្នោតឆ្នោតតាមគ្រប់រូបភាព»ជាដើម។

សម្រាប់ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា បានចាត់ទុក​អំពើពុករលួយន​យោបា​យ ថា​ជា​សកម្មភាព ឬឥរិយាបទ​នយោបាយ ដើម្បីទាក់ទាញសន្លឹកឆ្នោត ទោះក្រោមរូបភាព​ប្រើប្រាស់ថវិកាក្តី ឬមិ​ន​ប្រើ​​ថវិកាក្តី រួមទាំងការទទួលជំនួយពីក្រៅប្រទេស ដោយមិ​នធ្វើច្បាប់​ប្រាប់ពីប្រ​ភពផ្តល់ហិ​រញ្ញ​វត្ថុទាំងនោះ ឱ្យសាធារណបានដឹង។

លោកថា៖ «នៅក្នុងយន្តការបោះឆ្នោតមានយន្តការមួយចំនួន គេប្រើដែលគេហៅថាពុករលួយន​យោបា​យ​ហ្នឹង ឧទាហរណ៍ថា គេចា​យ​លុយ​ដើ​ម្បីអូស​ទាញ​សំ​ឡេង​តាមរយៈមធ្យោបាយផ្ទាល់និងមិនផ្ទាល់។ អា​​ផ្ទា​​​ល់​ហ្នឹង​ ឧទាហរណ៍ ដូចថាខ្ញុំអូសទាញគាត់ឱ្យលុយផ្ទាល់ៗ​អីចឹង​ទៅ អាមិនផ្ទាល់ឧទាហរណ៍ឱ្យ​អាហារូ​ប​ករ​ណ៍​កូនគាត់ ឱ្យជាស្អីៗអ៊ីចឹងទៅជាការផ្លាស់ប្តូរ»។

លោកគិតថា ដើម្បីកាត់បន្ថយអំពើពុករលួយផ្នែកនយោបាយ កុំឱ្យ​មាន​ឥទ្ធិពល​ទៅលើការបោះឆ្នោត​ ​ទាម​ទា​​រឱ្យ​​ច្បាប់បោះឆ្នោត​មានសុ​ក្រឹត​ភាព និង​​យុត្តិធម៌ សម្រាប់អ្នកនយោបាយ ដែល​ចូលរួមប្រកួត​ការ​បោះឆ្នោត ត្រូវ​​​ត្រួត​ពិនិ​ត្យហិ​រញ្ញវត្ថុ ការចំណាយរបស់អ្នកនយោបាយ និងគណបក្សនយោបាយដែ​​លចូលរួមការបោះឆ្នោត។

បន្ថែមពីនេះ លោកយល់ថា សារ​ដែល​បាន​អំពាវ​នាវ​ឱ្យមន្ត្រីប្រកាន់ជំហរអព្យាក្រឹត មិន​​មាន​​ប្រសិទ្ធិភាពទេ ដោ​​យថា មន្ត្រីសា​ធា​រ​ណៈភាគច្រើន ស្ថិតក្រោមឥទ្ធិពលនយោបាយរួចទៅហើយ តាមរយៈដាក់បញ្ជូនជា​ស​មាជិកបក្ស។

មួយវិញទៀត លោកមើលឃើញថា បើស្ថាប័នច្បាប់ ឬអ្នកមានតួនាទីកាត់សេចក្តី​រឿងនយោ​បា​យ ​នៅតែ​ជាសមាជិក​បក្ស នោះលទ្ធផលបោះឆ្នោតនៅអា​ណត្តិថ្មីនេះ មិនខុ​​​សពីអាណត្តិមុនៗឡើយ។

លោកថា៖ «បើកាលណា ប្រព័ន្ធយុត្តិធម៌យើង មិនអាចស្វែងរកយុត្តិធម៌​ឱ្យប្រជាពលរដ្ឋបានទេ យន្តការនៃ​ការបោះឆ្នោត លទ្ធផលនៃការបោះឆ្នោត អាចកើតឡើង​ដូចអាណត្តិមុនៗ អត់មានអីខុសគ្នាទេ ហើយបើច្បាប់បោះឆ្នោតរឹតតែខ្វះតម្លាភាព សម្រាប់អ្នកចូលរួមទៀត មិនអាចមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឬគេហៅថាតម្លាភាពបានទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ