ព្រះសង្ឃ​ការពារព្រៃ​ឈើព្រមានពីការកើនឡើងនៃករណី​បរបាញ់​សត្វ​ព្រៃ​​​ក្នុង​ឆ្នាំ​នេះ

រូបភាព៖ (ហ្វេសប៊ុក Monk’s Community Forestry Cambodia)

អ្នកដើរល្បាតទាំងឡាយ ក្នុងព្រៃសហគមន៍ខេត្តឧត្តរមានជ័យបានលើកឡើងថា អត្រានៃចំនួនសត្វព្រៃ ដែលប្រទះឃើញងាប់ដោយសារការបរបាញ់ក្នុងរយៈពេលប៉ុន្មានខែដំបូងក្នុងឆ្នាំនេះ មានការកើនឡើង បើធៀបនឹងឆ្នាំមុន ខណៈដែលអ្នកល្បាតមួយរូបក៏បានអះអាង​ថា ការកើនឡើង​នេះ ​ដោយសារភាពគ្មានការងារធ្វើរបស់​ពលរដ្ឋក្នុងតំបន់ និងការអនុវត្តច្បាប់មានភាពធូររលុង។

ប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន ព្រះតេជព្រះគុណ​ ថូ ធូរស់​​ មានថេរដីកាប្រាប់វីអូឌីកាលពីថ្ងៃសុក្រកន្លងទៅថា អ្នកដើរល្បាតទាំងឡាយបានប្រទះឃើញសត្វទន្សោងចំនួន ៣ក្បាល និងសត្វឈ្លូសមួយក្បាលបានងាប់ដោយសារជាប់អន្ទាក់ព្រាននៅក្នុងខែមីនានេះ។

ជាមួយគ្នានេះ អ្នកដើរល្បាតក៏បានប្រទះឃើញសត្វជ្រូកព្រៃមួយក្បាល និងប្រើស​ស្បូវមួយក្បាលផ្សេងទៀតជាប់អន្ទាក់ផងដែរ ហើយសត្វទាំងនេះត្រូវបានជួយឱ្យរស់រានមានជីវិត និងបញ្ជូនទៅកាន់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មុនពេល​លែងនៅសួនសត្វភ្នំតាម៉ៅ។

ទាក់ទិន​ករណីនេះ ព្រះតេជព្រះគុណ​ ថូ ធូរស់ បានព្រមានថា ករណីសត្វព្រៃដែលងាប់ និងរងរបួសដោយសារតែការដាក់អន្ទាក់ហាក់​មានការកើនឡើង ខណៈ​កាលពីឆ្នាំ២០២១ ​ អ្នកល្បាតទាំងឡាយបានប្រទះឃើញសត្វព្រៃសរុបចំនួនតែ ៩ក្បាលប៉ុណ្ណោះដែលងាប់ បើប្រៀបធៀបទៅនឹងសត្វព្រៃចំនួន ៦ក្បាលដែលឃើញជាប់អន្ទាក់និងងាប់ ក្នុងរយៈពេលត្រឹមតែ ៣ ខែដំបូងក្នុងឆ្នាំ២០២២នេះ។

ព្រះតេជព្រះគុណ​បន្ថែមថា ចំនួនសត្វដែលត្រូវបានរកឃើញថាងាប់ទាំងនេះ គឺគ្រាន់តែជាផ្នែកតូចមួយនៃចំនួនសរុបប៉ុណ្ណោះ ដោយសារតែពួកគេអាចដើរល្បាតលើផ្ទៃដីយ៉ាងច្រើនណាស់ទំហំត្រឹមតែ ៣០ ២៥៤ ហិកតាតែប៉ុណ្ណោះក្នុងមួយលើកៗ។

ទាក់ទិននឹងសំណួរ ថាតើហេតុអ្វីបានជាមានការកើនឡើងខ្ពស់នៃបទល្មើសក្នុងឆ្នាំនេះ ព្រះតេជព្រះគុណ​ ថូ ធូរស់ មានថេរដីកាថា អាជ្ញាធរអនុវត្តច្បាប់ទាំងឡាយហាក់មិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការបញ្ឈប់ឧក្រិដ្ឋកម្មព្រៃឈើនោះទេ។

បើទោះបីជាព្រះតេជព្រះគុណ ចុះល្បាតរួមជាមួយនឹង​ទាហានក៏ដោយ ប៉ុន្តែក្រៅពីនេះ ព្រះអង្គមិន​ច្បាស់​ថាតើ​អាជ្ញាធរ​បានចាត់​វិធានការ​​ផ្សេងទៀតដែរ ឬយ៉ាងណានោះទេ។

ព្រះតេជព្រះគុណមានសង្ឃដីកាថា៖ «អាត្មាមិន​ដែល​ឃើញមាន​មេ​ឃុំ ឬ​មេ​ភូមិណាមួយ​ដើរ​ល្បាតនោះ​ទេ ហើយ​អាត្មាក៏​មិន​ដឹង​ថា​មន្ត្រី​អភិរក្ស [របស់មន្ទីរ​បរិស្ថាន​ខេត្ត] ចុះ​ល្បាត​ដែរ​ឬ​អត់នោះដែរ»។

ព្រះអង្គ​បន្ថែម​ថា មានប្រជាពលរដ្ឋកាន់តែច្រើនបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយសារតែពួកគេបាត់បង់ការងារធ្វើ ដែលបង្កឡើងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ កាលពីឆ្នាំមុន ហើយពួកគេគ្មានអាជីពអ្វីផ្សេងក្រៅតែពីការបរបាញ់សត្វព្រៃ​នោះទេ។

ព្រះតេជព្រះគុណមានថេរដីកាបន្ថែមថា៖ «ជន​ល្មើស​ប្រព្រឹត្ត​បទ​ល្មើស​ភាគច្រើនគឺ​ពាក់ព័ន្ធ​នឹង​ពលករ​ខ្មែរដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃវិញ។ ពួក​គេ​មិន​មាន​ការងារ​ធ្វើនោះទេ ដូច្នេះ​ពួក​គេត្រូវតែធ្វើវា [បរបាញ់សត្វព្រៃ]»។

ព្រះអង្គបន្តថា សម្រាប់​ខេត្ត​ឧត្តរមានជ័យ សត្វទន្សោង​ឃើញមានវត្តមាន​តែ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃរុក្ខាវ័ននេះ​ទេ ដូច្នេះ​ហើយព្រះអង្គមានបំណងក្នុងការអភិរក្សសត្វទាំងនេះ។

ព្រះសង្ឃអង្គនេះបន្ថែមថា ប្រភេទសត្វដែលមានដូចជាសត្វឈ្លូស និងប្រើស​ស្បូវជាដើមនោះផ្ដល់កំណើតតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលធ្វើឱ្យសត្វជិតផុតពូជទាំងនេះកាន់តែងាយរងគ្រោះបន្ថែមទៀត។

ចំណែកឯ លោក ​ប៊ុន សាលួត ​ដែលជាអតីតប្រធា​នព្រៃសហគមន៍​សង្ឃរុក្ខាវ័ន​ និងជាអ្នកការពារព្រៃឈើដែលមានការទទួលស្គាល់ជាអន្តរជាតិបានថ្លែងថា កាលពីពេលកន្លងទៅ ពួកគេបានដាក់កាមេរ៉ាដើម្បីសង្កេតមើលហ្វូងសត្វដើរកាត់ព្រៃ។ ប៉ុន្តែកាមេរ៉ានៅពេលបច្ចុប្បន្ននេះអាចមើលឃើញបានតែសត្វព្រៃមួយចំនួនប៉ុណ្ណោះ។

លោក​បន្ថែម​ថា អ្នក​បរបាញ់ទាំងឡាយគឺកាប់យកតែ​សាច់ប៉ុណ្ណោះ​​ពី​សត្វ​ព្រៃ​ដែលពួកគេបាញ់ ឬដាក់អន្ទាក់បានមក​លក់​នៅ​ទី​ដាច់​ស្រយាល និង​ទីសាធារណៈ​ដូច​ជា​ក្នុង​ខេត្ត​សៀមរាប ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​ស្រុក​ត្រពាំងប្រាសាទជាដើម។

ដោយយល់ឃើញស្រដៀងទៅនឹងព្រះតេជព្រះគុណ​ ថូ ធូរស់ ដែរ លោក ​ប៊ុន សាលួត បានរិះគន់អាជ្ញាធរមូលដ្ឋាន ខណៈដែលលោកអះអាងថា អ្នកដែលចាប់សត្វព្រៃទាំងឡាយគឺជាប់ពន្ធនាគារត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ហើយជាទូទៅត្រឡប់ទៅធ្វើសកម្មភាពរបស់ពួកគេវិញដដែល បន្ទាប់ពីត្រូវបានដោះលែងឱ្យមានសេរីភាពនោះ។

លោកបន្ថែមថា៖ «យើង​ស្គាល់​ជន​ល្មើស ហើយ​យើង​បាន​នាំ​ខ្លួនពួកគេ​ទៅ​កាន់​សមត្ថកិច្ច។ ប៉ុន្តែ​ពេល​ខ្លះគឺមានរយៈពេល​មិន​ដល់​មួយ​ខែផង សមត្ថកិច្ច​ក៏​ដោះលែង​ជន​ល្មើសទាំងនោះ​វិញ»។

ជាការឆ្លើយតប អភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ បានឱ្យដឹងកាលពីថ្ងៃសុក្រថា លោកមិនប្រាកដទេថា តើមានរបាយការណ៍នៃការបរបាញ់សត្វព្រៃចំនួនប៉ុន្មានដែលការិយាល័យរបស់លោកទទួលបាននោះទេ ដោយសារលោកនៅក្រៅការិយាល័យ។

ទោះជាយ៉ាងណា  អភិបាលរងខេត្តរូបនេះបាន​អះអាង​ថា ខេត្ត​របស់​លោក​បាន​ព្យាយាម​ពង្រឹង​ការ​ការពារ​សត្វព្រៃ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​វិធានការការពារបែប​ណា​នោះ​ទេ។

លោកថា៖ «ទាំងសម្រាប់ [ការអភិរក្ស] ព្រៃឈើ និងសត្វព្រៃ យើងបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹង និងមានប្រសិទ្ធភាពជាងមុន ដោយមានការចុះល្បាតជាប្រចាំ និងការចាប់ខ្លួនជនល្មើសទាំងឡាយយកមកផ្ដន្ទាទោសតាមច្បាប់»៕

បកប្រែ និងសម្រួលដោយ លោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមជាភាសាអង់គ្លេសForest-Patrol Monks Warn of Increased Wildlife Poaching This Year

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ