ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្សជាង ៣០នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈមិនមានករណីស្លាប់ដោយសារជំងឺនេះទេ កាលពីថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៣នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ និងជាអ្នកឆ្លងក្នុងសហគមន៍។ ចំណែក អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន ៧១នាក់។ បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥ ៥៨៥នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១៣១ ៥៩៨នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៤នាក់។ ចំណែក ករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់ ១៣ ៧៩៣នាក់៕












