ប្រធានាធិបតីបារាំង​ប្រាប់លោក ពូទីន ថាការបង់ថ្លៃឧស្ម័នជាប្រាក់រូបគឺមិនអាចទៅរួចនោះទេ

ប្រធានាធិបតីបារាំង។ រូបភាព៖ (ហ្វេសប៊ុក លោកEmmanuel Macron)

ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃអង្គារម្សិលមិញបានថ្លែងទៅកាន់សមភាគីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ថាការដែលប្រទេសរបស់លោកតម្រូវឱ្យអ្នកបញ្ជាទិញឧស្ម័នមកពីបណ្ដាប្រទេសលោកខាងលិច បង់​ប្រាក់​ជា​រូបិយប័ណ្ណ​រូប (Ruble) ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ នេះបើតាម​ការ​ឱ្យដឹ​ង​ពីមន្ត្រី​មួយ​រូប​នៃ​ការិយាល័យប្រធានាធិបតីបារាំង​ ដែល​​បានថ្លែងប្រាប់អ្នកសារព័ត៌មាន។

ទីភ្នាក់​ងារ​សារព័ត៌មាន Reuters បានស្រង់ការលើកឡើរបស់មន្ត្រី​រូប​នេះ​យកមកចុះផ្សាយថា៖ «ប្រទេស​បារាំង​ប្រឆាំង​ដាច់ខាតនឹង​ការ​បង់​ប្រាក់ [ទិញឧស្ម័ន] ជារូបិយប័ណ្ណរូប»។

ប្រភពដដែល​បន្ថែមថា នៅក្នុងជំនួបតាមរយៈទូរស័ព្ទជាមួយលោក ពូទីន លោកប្រធានាធិបតី Emmanuel Macron ក៏បានធ្វើការបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់លោក ក្នុងការ​អនុវត្តបេស​ក​កម្ម​ជួយសង្គ្រោះមនុស្ស​ធម៌​នៅ​ទីក្រុង Mariupol របស់​អ៊ុយ​ក្រែន​ផង​ដែរ។

ទោះជាយ៉ាងណា ប្រធានាធិបតីបារាំងរូបនេះ ពុំបានបញ្ជាក់លម្អិតពីលក្ខខណ្ឌក្នុងការអនុវត្តសកម្មភាពនេះនៅឡើយទេ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារដដែលនេះ ក៏បាន​សន្យា​ក្នុងការកាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង​កៀវ (Kyiv) និង​តំបន់​ភាគ​ខាងជើង​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ផង​ដែរ ខណៈដែលពួកគេចាត់ទុកសកម្មភាពនេះថា ជាជំហានមួយក្នុងការកសាងទំនុកចិត្តឆ្ពោះទៅរកការចរចាបញ្ចប់សង្គ្រាម។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកឈ្លានពានតំបន់ជាច្រើននៃប្រទេសក្បែរខាងមួយនេះ។

ទាក់ទិននឹងករណីនេះ បណ្ដាប្រទេសលោកខាងលិច ក៏បានសម្រេចដាក់ទណ្ឌ​កម្ម​ជា​បន្ត​បន្ទាប់​លើរុស្ស៊ី ដែលក្នុងនោះក៏បានធ្វើឱ្យមានការធ្លាក់តម្លៃនៃរូបិយប័ណ្ណរូប (Ruble) ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ