ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ដូស​ទី៤​

គ្រូពេទ្យម្នាក់លើកស៊ីរាំងបូមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រៀមចាក់ជូនដល់បុគ្គលដែលមកទទួលការចាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋ​មួយ​ចំនួន​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដូស​ជំរុញ​រួច​បាន​លើក​ឡើង​ថា ទោះ​បី​ជា​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ៤ ដូស ក៏​មិន​អាច​ទប់ស្កាត់​ការ​ឆ្លង​ជំងឺកូវីដ-១៩ បាន​ដែរ ប៉ុន្តែ​វា​បាន​ជួយ​ការពារ​អាយុជីវិត និង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។

កំពុងសិក្សានៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញកញ្ញា រ៉ា ជឺយ៉ាង បានប្រាប់សារព័ត៌មានវីអូឌីថា កញ្ញាបានចាក់វ៉ាក់សាំងបាន ៣ ដូសហើយ ដែល​ដូសទី៣ នេះ ទើបនឹងចាក់នាពេលថ្មីៗ ដូច្នោះ កញ្ញាមិនហ៊ានទៅចាក់ដូសទី៤ទៀតឡើយ។

មួយវិញទៀត កញ្ញាថា  បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សុខភាពរបស់ខ្លួនហាក់ទន់ខ្សោយជាងមុន ករណីនេះ ទើបមិនទាន់ហ៊ានសម្រេចចិត្តទៅចាក់​វ៉ាក់សាំង​ដូស​ទី៤។

និស្សិតរូបនេះបន្តថា ទោះបីជាបានចាក់វ៉ាក់សាំងចំនួន៣ដូសហើយក៏ដោយ តែកញ្ញានៅព្រួយបារម្ភ ដោយសារអ្នកចាក់រួចហើយក៏ឆ្លងដែរ ប៉ុន្តែគ្រាន់តែពេល​ឈឺ​នោះ វាមិនធ្ងន់ធ្ងរដូចអ្នកមិនបានចាក់តែប៉ុណ្ណោះ។

កញ្ញានិយាយថា៖«តាមពិតទៅ បើទោះបីជាចាក់វាក់សាំង «ដូសទី៣» ហើយ ឬមិនទាន់ហើយ ខ្ញុំគិតថា នៅតែមានការប្រុងប្រយ័ត្ន ព្រោះជំងឺនេះវាមើលមិន​ឃើញ ជាពិសេសសុខភាពខ្ញុំខ្សោយផង ចាក់ដូសទី៣ហើយ​ នៅមានការភ័យខ្លាចឆ្លង»

កញ្ញា រ៉ា ជឺយ៉ាង បន្តថា អ្នកដែលចាក់វាក់សាំងគ្រប់ដូសហើយ អាចនឹងឆ្លង ប្រសិនបើជាពួកគាត់មិនបានអនុវត្តតាមវិធានសុខាភិបាល «៣កុំ ៣ការពារ» នោះ។

កញ្ញាថា៖ «យើងជាពលរដ្ឋល្អត្រូវធ្វើអ្វីទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្រ្តីសុខាភិបាលដែលគេណែនាំដូចជាឱ្យលាងដៃនិងសាប៊ូ ឬលាងដៃជា​មួយ​និងអាល់កុល ពាក់ម៉ាស់ ហើយពិនិត្យកម្តៅខ្លួនឯង ឬមួយក៏ធ្វើតេស្ត «Rapid Test» តេស្តរហ័ស ថែទាំសុខភាពខ្លួនឯង រក្សាគម្លាតគ្នាដើម្បីការពារ​សុវត្តិភាព ហើយយើងត្រូវសហការគ្នាជៀសវាងការឆ្លងកូវីដម្តងទៀត»

ចំណែកយុវតី ម៉េង មរកត ដែលបានឆ្លងជំងឺកូវីដ-១៩ បានលើកឡើងថា កញ្ញាមិនទាន់ទៅចាក់វាក់សាំងដូសជំរុញ «ទី៣» ដោយសារ គ្រូពេទ្យបានណែនាំ​កញ្ញា អំឡុងពេលឆ្លងនោះថា ក្នុងរយៈពេល៦ខែ ទើបអាចចាក់វ៉ាក់សាំងដូសជំរុញបាន។

យុវតីវ័យ ១៩ ឆ្នាំរូបនេះថា ទោះបីជាការចាក់វ៉ាក់សាំងហើយនៅតែឆ្លងក៏ពិតមែន ប៉ុន្តែវាបានជួយកាត់បន្ថយការប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត ហើយថា ការមិនចាក់នេះ ក៏ជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃ និងសង្គមជាតិផងដែរ។

យុវតីវ័យថា៖ «ខ្ញុំធ្លាប់ឆ្លងកូវីដ-១៩ កាលនោះបានចាក់វ៉ាក់សាំងដូសទី២ដែរ តែខ្ញុំធ្វើចត្តាឡីស័កនៅផ្ទះ ពេលជាមានលោកគ្រូពេទ្យប្រាប់ថា មិនទាន់អនុញ្ញាត​ឱ្យចាក់វ៉ាក់សាំងដូសទី៣ទេ ទុករយៈពេល៦ខែ តាំងពីហ្នឹងមកខ្ញុំការពារ (៣កុំ ៣ការពារ) រហូត ដូច្នេះខ្ញុំមិនទាន់បានចាក់ដូសទី៣ទេ»

ពលរដ្ឋម្នាក់ទៀត ដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ លោក ណឹម មនោ បានរៀបរាប់ថា នៅពេលដែលធ្វើតេស្តហើយវិជ្ជមាន​ រូបលោកមានការព្រួយបារម្ភ និង​ភ័យខ្លាច ខណៈពេលឆ្លងនោះ មានអាការៈឈឺសាច់ដុំ ក្តៅខ្លួនខ្លាំង ឈឺសន្លាក់ដៃជើងពិបាកនឹងទ្រាំ ដោយ​ថា ពេលឆ្លងជំងឺនេះ វាធ្វើទុក្ខឱ្យអស់កម្លាំង និងពិបាកធ្វើការងារ។

លោក ណឹម មនោ   បន្តថា រូបលោកទើបនឹងសម្រេចចិត្តចាក់វ៉ាក់សាំងដូសជំរុញទី៣ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដោយមានគម្លាតរយៈពេល​ប្រហែល​៨ខែ។

លោកថា៖ «ខ្ញុំសុខភាពរាងខ្សោយសព្វថ្ងៃ កង្វះអាហារ ឈឺច្រើន ហើយអាចប៉ះពាល់ដល់​ការងារពេលយើងចាក់ហើយត្រូវសម្រាក ប៉ុន្តែមិនមែនខ្ញុំមិនចង់ចាក់​នោះ​ទេ គង់​តែ​ចាក់​ទេ ព្រោះខ្លាចកូវីដ-១៩ដែរ»

ចំណែកលោក ផែ សុខខេង ដែលបានចាក់វាក់សាំងដូសទី៤ រួចហើយវិញ បានបញ្ចេញទស្សនៈថា​ មូលហេតុដែលនាំឱ្យគាត់សម្រេចចិត្តចាក់វ៉ាក់សាំង​ដូសទី៣ និងដូសទី៤ គឺដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈជំងឺនេះកំពុងឆ្លងរីករាលដាលទូទាំងពិភពលលោក។

ពលរដ្ឋរូបនេះយល់ថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ វាជួយកាត់បន្ថយហានិភ័យខ្លាំងជាងអ្នកដែលមិនទៅចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ដោយសារតែ​ពួកគាត់មិនមានអង់ទីគ័រគ្រប់គ្រាន់នៅក្នុងខ្លួនដើម្បីប្រឆាំងនឹងជំងឺនេះ។

លោកថា៖ «សម្រាប់ការយល់ឃើញរបស់ខ្ញុំ ប្រសិនបើពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់ដូសវាអាចផ្ដល់ផលវិជ្ជមាន ទី១.ជួយបង្កើតអង់ទីគ័រនៅក្នុងខ្លួនការពារ​ទប់ស្កាត់នៃជំងឺកូវីដ-១៩ ហើយទី២. ធ្វើឱ្យយើងមានភាពស៊ាំទៅនិងជំងឺ។ ចំណែកផលអវិជ្ជមានវិញពេលចាក់ហើយវាចុករោយដៃជើង ក្ដៅ ឈឺក្បាល ឈឺសន្លាក់ ងងុយគេងអ៊ីចឹងដែរ»

លោក ផែ សុខខេង​ អំពាវនាវនិងលើកទឹកចិត្តដល់ពលរដ្ឋផ្សេងៗទៀត ដែលមិនទាន់ទៅ​ចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ គួរតែទៅចាក់ ដើម្បីសុវត្តិភាព​ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ហើយការទៅចាក់វ៉ាក់សាំងនេះ វាក៏ជាចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ វីអូឌី មិនអាចសុំការបកស្រាយពីប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលលោក លី សុវណ្ណ និង​អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលលោក ហុក គឹមចេង បាននោះទេ ដោយទូរស័ទ្ធចូលជាច្រើនដង ប៉ុន្តែគ្មានអ្នកលើក។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រសួងសុខាភិបាលនិងមន្រ្តីពាក់ព័ន្ធគួរតែ​ណែនាំដល់ពលរដ្ឋ​ឱ្យយល់​ដឹងឱ្យកាន់តែច្បាស់អំពីបញ្ហាមួយចំនួន ទាក់ទងនឹងប្រសិទ្ធភាពនៃវ៉ាក់សាំង ដើម្បីជួយបញ្ជៀសហានិភ័យ និងធ្វើឱ្យពលរដ្ឋកាត់បន្ថយការភ័យខ្លាចដែរ។

លោកបន្តថា ចំពោះវ៉ាក់សាំងកំពុងចាក់បច្ចុប្បន្ននេះ ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកហើយ ដូច្នេះវាមិនប៉ះពាល់អ្វីខ្លាំងនោះទេ។

លោកថា៖ «ប្រសិនជា បើមិនមានការពន្យល់ ឬក៏អប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីផលប្រយោជន៍នៃគុណភាពវ៉ាក់សាំងទេ ហើយគាត់មិនចាក់ អាហ្នឹងវានៅតែរងផលប៉ះពាល់ដែរ អ៊ីចឹងសំខាន់បំផុត គឺត្រូវការអប់រំ និងមានការផ្សព្វផ្សាយបន្ថែមឱ្យប្រជាពលរដ្ឋយល់បានច្បាស់ ហើយពលរដ្ឋកុំមានការ​ភ័យខ្លាចអំពីវ៉ាក់សាំងអី»

កាលពីដើមខែមករា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ចាប់​ផ្តើម​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ដូស​ទី​៤​ ដល់​​ក្រុម​ជួរ​មុខ​ប្រមាណ​ ៧០​ម៉ឺន​នាក់​ ដែល​ប្រឈម​នឹង​ហានិភ័យ។​

គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប ១៤ ៨១៩ ៥៧៩ នាក់ស្មើនឹង ៩២,៦២% ធៀបនឹង ១៦លាននាក់។ ចំណែកការចាក់វ៉ាក់សាំងដូសទី៤ គិតត្រឹមថ្ងៃទី២៩ ខែមីនា សម្រេចបានត្រឹមតែ ១ ១៦ ១២៣នាក់ប៉ុណ្ណោះ៕

អត្ថបទដោយ សុតបាន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។