ប្រជាពលរដ្ឋមួយចំនួន រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាទំនិញគ្រប់មុខឡើងថ្លៃខ្ពស់ ខណៈចំណូលរបស់ពួកគាត់ថយខ្លាំង បានប៉ះពាល់ដល់ការសិក្សារបស់កូន និងការចំណាយនានា ជាពិសេសការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ អ្នកទាំងនោះ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចុះសិក្សានិងស្វែងរកដំណោះស្រាយឱ្យបានឆាប់។
អង្គុយនៅក្រោមឆ័ត្រពណ៌ទឹកក្រូចដែលមានសភាពធ្លុះធ្លាយដុំៗ នៅផ្សារក្រមួន ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ អ្នកស្រី ប៊ុន ស្រីពៅ ជាអាជីវករលក់ត្រី បាននិយាយថា មួយរយៈចុងក្រោយនេះ ចំណូលពីរបរលក់ត្រីនេះ បានធ្លាក់ចុះស្ទើរតែពាក់កណ្តាល ដោយសារតែមិនសូវមានអ្នកទិញ។
និយាយបណ្តើររៀបចំសម្ភារធ្វើត្រីបណ្តើរ ស្រី្តវ័យ៤៣ឆ្នាំរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា មិនត្រឹមតែធ្លាក់ចុះតែចំណូលនោះទេ ប៉ុន្តែការចំណាយបានកើនឡើងខ្ពស់ថែមទៀត ដោយសារតែទំនិញដែលត្រូវការប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃបានឡើងថ្លៃ ក្នុងនោះមានទំនិញខ្លះបានឡើងថ្លៃទ្វេមួយជាពីរថែមទៀត។
យ៉ាងណា អ្នកស្រីថា ទោះជាទំនិញផ្សេងៗមានការឡើងថ្លៃក៏ពិតមែន ប៉ុន្តែតម្លៃត្រីដែលអ្នកស្រីកំពុងលក់ មិនអាចឡើងថ្លៃបាននោះទេ ព្រោះបើសិនជាតំឡើងតម្លៃត្រីដែរ នោះនឹងកាន់តែបាត់បង់ចំណូលខ្លាំងថែមទៀត ដោយសារមិនមានអ្នកទិញ។
អ្នកស្រីថា៖ «របស់របរឡើងថ្លៃច្រើនគ្រប់មុខ មុខរបរខ្ញុំលក់រាល់ថ្ងៃនៅតែតម្លៃធម្មតា អត់ទាន់ហ៊ានឡើង ព្រោះដោយសារយើងឡើងអត់រួច ដោយសារអត់មានមនុស្ស អីចឹងយើងសុខចិត្តចំណេញតិច»។
អ្នកស្រី ប៊ុន ស្រីពៅ បានបន្តទៀតថា ការធ្លាក់ចុះនៃប្រាក់ចំណូលនេះ បានប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់អ្នកស្រី ជាពិសេសកូនស្រីដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំនេះ ត្រូវខកខានការរៀនគួរបន្ថែមនូវមុខវិជ្ជាមួយចំនួន។
អ្នកស្រីថា៖ «ប៉ះពាល់ច្រើន ប៉ះពាល់ខ្លាំងមែនទែន! ដោយសារលំបាករាល់ថ្ងៃ ឱ្យថារកទៅបានតែមួយគ្រប់ហូប ដូចថាកូនរៀនគួររៀន អីចឹងយើងអត់បានឱ្យគាត់រៀន»។
កំពុងតែរើសផ្លែឈើដែលគេដាក់លក់នៅលើរ៉ឺម៉ក ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រីឆាយ សុវណ្ណារី បានលើកឡើងថា បច្ចុប្បន្ននេះ ទំនិញបានឡើងថ្លៃខ្លាំងគ្រប់មុខ។ ជាក់ស្តែងអ្នកស្រីថា សូម្បីតែសម្ភារប្រើប្រាស់ ដូចជា សាប៊ូលាងចានដែលធ្លាប់ទិញត្រឹមតែ ៣ ៥០០រៀល ឡើងដល់ ៥ ០០០រៀលជាដើម។
ការឡើងថ្លៃសព្វមុខបែបនេះ អ្នកស្រីថា បានប៉ះពាល់ច្រើនណាស់សម្រាប់ការចំណាយប្រចាំថ្ងៃ ខណៈចំណូលដែលបានមកពីការងារជាកម្មកររោងចក្ររបស់អ្នកស្រី ក៏មានការធ្លាក់ចុះដែរ ព្រោះមិនសូវមានការងារធ្វើ។
អ្នកស្រីថា៖ «ធ្វើការមិនសូវបានប្រាក់ខែ ប្រាក់ខែបានតិច ហើយធ្វើការជួនកាលអត់បានថែមម៉ោងទេឥឡូវ»។
រីឯអាជីវករលក់បន្លែលើគ្រែទំហំប្រមាណ១ម៉ែត្របួនជ្រុង នៅផ្សារមួយក្នុងរាជធានីភ្នំពេញ អ្នកស្រី សេម អែម បានឱ្យដឹងថា តម្លៃទំនិញមានការហក់ឡើង សូម្បីតែអំបិល និងប៊ីចេងជាដើម។ ដោយឡែក របរលក់បន្លែរបស់អ្នកស្រីវិញ មួយថ្ងៃអាចលក់បានត្រឹមតែ២០គីឡូប៉ុណ្ណោះ ហើយចំណូលនេះ ក៏បានធ្លាក់ចុះជាងពាក់កណ្តាល ពោលគឺថ្ងៃខ្លះត្រូវខាតដើម និងខ្ចីលុយរាប់គេបន្ថែមមកធ្វើដើមបន្ត ដោយសារតែលក់មិនដាច់។

អ្នកស្រីថា៖ «ថ្ងៃណាបានៗ ថ្ងៃណាចូលដើមៗចឹងទៅ»។
អង្គុយលើកៅអីជ័រដោយទឹកមុខស្រងូតស្រងាត់ ស្របពេលម៉ោងជាង១២ថ្ងៃត្រង់ទៅហើយ ស្រី្តវ័យ៧១ឆ្នាំរូបនេះ ស្នើរដ្ឋាភិបាលជួយសម្រួលដល់តម្លៃទំនិញឱ្យនៅតម្លៃសមរម្យ ជាពិសេសតម្លៃប្រេងសាំង ព្រោះអ្នកស្រីមើលឃើញថា ការឡើងថ្លៃនៃទំនិញគ្រប់មុខបែបនេះ គឺដោយសារតែការហក់ឡើងនៃតម្លៃប្រេងសាំង។
អ្នកស្រីថា៖ «ចង់ឱ្យរបស់អ្វីៗរដ្ឋជួយឱ្យចុះតម្លៃបន្តិចទៅ កុំឱ្យឡើងពេក ងាប់ប្រជាជនអស់ហើយ ព្រោះយើងគ្មានស្រូវអង្ករណា យើងទិញគេរហូត»។
ចំពោះ អ្នកស្រី ឃុន ធារិទ្ធ ដែលជាអាជីវករបោះដុំ និងលក់រាយទំនិញគ្រប់មុខ នៅក្នុងខណ្ឌមានជ័យ បានបញ្ជាក់ថា តម្លៃទំនិញស្ទើរតែគ្រប់មុខពិតជាបាននិងកំពុងឡើងថ្លៃមែន ដោយទំនិញខ្លះបានឡើងថ្លៃទ្វេដង ខ្លាំងជាងកាលពីមិនទាន់មានការបិទខ្ទប់រាជធានីភ្នំពេញ ដោយសារវិបត្តិកូវីដ-១៩ កាលពីឆ្នាំមុនទៅទៀត។
ទោះជាយ៉ាងណា អ្នកស្រីថា មិនមានជម្រើសអ្វីផ្សេងក្រៅពីដំឡើងថ្លៃទៅតាមការទិញចូលមកនោះទេ។ ទន្ទឹមនោះ អាជីវករវ័យ២៩ឆ្នាំរូបនេះ បានឱ្យដឹងថា បើតាមអ្នកដែលបោះដុំទំនិញមកឱ្យអ្នកស្រី ការឡើងថ្លៃទំនិញនេះ គឺដើមហេតុមកពីការហក់ឡើងនៃតម្លៃសាំង។
អ្នកស្រីថា៖ «ឡើងថ្លៃច្រើន និយាយទៅឡើងខ្លាំងជាងកាលគេបិទខ្ទប់ទៀត ជាពិសេសប្រេង ត្រីខ និងពងទាឡើងថ្លៃជាងគេ និយាយទៅឱ្យតែយកមកឡើងថ្លៃគឺគេថាមកពីសាំងឡើងថ្លៃ»។
ទន្ទឹមនោះ អ្នកស្រីឃុន ធារិទ្ធ បានបញ្ជាក់ថា ពលរដ្ឋដែលមកទិញទំនិញកន្លែងអ្នកស្រីតែងរអ៊ូរទាំ នៅពេលដែលមកទិញទំនិញដែលមានការហក់ឡើងថ្លៃខុសពីធម្មតាដូច្នេះ ដោយហេតុថា ចំណូលពីការធ្វើការ និងរកស៊ីមុខរបរផ្សេងៗរបស់ពួកគេបានធ្លាក់ចុះ ខណៈដែលតម្លៃទំនិញ និងប្រេងសាំងបានហក់ឡើងខ្លាំង។
អាជីវកររូបនេះ បន្ថែមថា ប្រសិនបើមានការបញ្ចុះតម្លៃងប្រេងសាំង នោះតម្លៃទំនិញនឹងធ្លាក់ចុះដែរ ហើយប្រជាពលរដ្ឋក៏នឹងបានធូរមួយកម្រិតដែរ។
លោកយ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព សង្កេតឃើញថា ទំនិញឡើងថ្លៃរាល់ឆ្នាំ បើទោះបីតម្លៃសាំងមិនឡើងថ្លៃក៏ដោយ ហើយក្នុងរយៈចុងក្រោយនេះពេលសាំងឡើងថ្លៃ ទំនិញក៏កាន់តែឡើងថ្លៃខ្ពស់។ លោកបន្តថា ការឡើងថ្លៃទំនិញលើទីផ្សារនេះមិនថា តែពលរដ្ឋធម្មតាទេ សូម្បីតែអ្នកធ្វើការងារតាមស្ថាប័នរដ្ឋ ឬក្រុមហ៊ុន ដែលមានប្រាក់ខែទៀងទាត់ ក៏ជួបការលំបាកដែរ។
លោកថា៖ «រឿងដែលទំនិញឡើងថ្លៃនេះ គឺជួនកាលវាឡើងលើសពីការឡើងប្រាក់ខែរបស់មន្ត្រីទៅទៀត អីចឹងហើយវាពិបាក»។
លោកបន្ថែមថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច រដ្ឋគួរតែជួយធ្វើយ៉ាងណាឱ្យតម្លៃទំនិញមានតម្លៃសមរម្យដែលមិនប៉ះពាល់ខ្លាំងដល់ពលរដ្ឋ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងបានតាមដាននូវតម្លៃទំនិញសំខាន់ៗដែលពលរដ្ឋត្រូវការចាំបាច់ ជារៀងរាល់ថ្ងៃ។ លោកថា តាមរយៈតួលេខរបស់ក្រសួង ដែលបានសិក្សានៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ បង្ហាញថា តម្លៃទំនិញ និងរបស់របរនៅលើទីផ្សារកម្ពុជា មានការឡើងថ្លៃបន្តិចបន្តួច ទៅតាមចរន្តនៃបំរែបំរួលទីផ្សារពាណិជ្ជកម្ម ប៉ុន្តែមិនមានការហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។
លោកថា៖ «មានការឡើងថ្លៃដែរ តែការឡើងថ្លៃវាតិចតួចបំផុត វាមិនមែនជាការឡើងថ្លៃដែលបង្ហាញពីអតិផរណាធំដូចអ្នកខ្លះព្រួយបារម្ភទេ»។
លោកបន្តថា នៅមួយរយៈចុងក្រោយនេះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងសាំងហក់ឡើង។ ដោយឡែក ការឡើងថ្លៃទំនិញវិញ លោកថា អាចបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេងសាំង និងការខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ហើយបន្ទាប់ពីបុណ្យនេះត្រូវបានបញ្ចប់ តម្លៃទំនិញអាចនឹងចាប់ផ្តើមថយចុះវិញ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៦ ខែមីនាមក តម្លៃប្រេងឥន្ធនៈធម្មតា និងប្រេងម៉ាសូត បានបន្តហក់ឡើងដល់៥ ៣០០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងឥន្ធនៈស៊ូពែ ហក់ឡើងដល់៥ ៨៥០រៀល ក្នុងមួយលីត្រ។
ទាក់ទិននឹងការហក់ឡើងនៃតម្លៃប្រេងសាំងនេះ លោកវង្ស៊ី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់កាលពីពេលកន្លងទៅថា ស្ថានការណ៍បច្ចុប្បន្ននេះ ក្រសួងមិនអាចបន្ថយពន្ធលើប្រេងសាំងបានទេ ព្រោះការបញ្ចុះពន្ធលើប្រេងសាំងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលជាតិខ្លាំង ដោយសារការបញ្ចុះតម្លៃនេះ គឺបញ្ចុះលក្ខណៈទូទៅ មិនមែនបញ្ចុះតែអ្នកខ្វះខាតទេ។
លោកបន្តថា ការខាតបង់ចំណូលជាតិនេះទៀតសោត នឹងធ្វើឱ្យប៉ះពាល់ដល់ការឧបត្ថម្ភទ្រទ្រង់ពលរដ្ឋក្រីក្រ ដែលត្រូវការចំណាយថវិកាជាតិជាង ៣០លានដុល្លារជារៀងរាល់ខែ។
លោកថា៖ «យើងយល់ហើយផលលំបាកសម្រាប់អ្នករកស៊ី អ្នកក្រីក្រ ប៉ុន្តែយើងខ្វះចំណូល យើងមិនមែនខ្វះសម្រាប់តែអ្នករកស៊ីពាក់ព័ន្ធប្រេងទេ គឺយើងអាចខ្វះចំណូលទៅផ្គត់ផ្គង់ចំណាយ សម្រាប់ទៅទ្រទ្រង់អ្នកក្រផ្សេងទៀតរាប់លាននាក់»។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងជាច្រើនលើកមកហើយថា ការហក់ឡើងនៃតម្លៃប្រេងសាំងនេះ មិនមែនមានតែនៅកម្ពុជាទេ ប៉ុន្តែជាការឡើងថ្លៃសកល។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ននេះ មិនអាចគ្រប់គ្រងបាននោះទេ ដោយសារតែឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន៕