កូដករណាហ្គា​វើលដ៍ខកចិត្តដែលរដ្ឋាភិបាលឈរឱបដៃមើលការធ្វើទុក្ខបុកម្នេញទៅលើពួកគាត់ ​

សមត្ថកិច្ចឈរយាមអំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

កម្មករណាហ្គាវើលដ៍មួយចំនួនអះអាងថា ពួកគេខកចិត្តនៅពេលប្រមុខរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ធ្វើមិនដឹងមិនឮ ចំពោះ​ការស្នើសុំជួយដោះស្រាយវិវាទការងារ ​ ការរំលោភសិទ្ធិការងារពីសំណាក់ថៅកែ ព្រមទាំងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត  ​​ពីសំណាក់អាជ្ញាធរនៅពេលពួកគេចេញ​ធ្វើកូដកម្មម្តងៗ។

សមាជិកសហជីព និងជាកូដករណាហ្គាវើលដ៍មួយរូប កញ្ញា ជា សុខុម ប្រាប់ថាបច្ចុប្បន្នក្រុមកូដករត្រូវបានអាជ្ញាធរចោទប្រកាន់ថាធ្វើបាតុកម្មខុសច្បាប់ ធ្វើទុក្ខបុកម្នេញ និងប្រើហិង្សាតាមគ្រប់រូបភាព ខណៈពួកគេគ្រាន់តែតវ៉ាដោយសន្តិវិធីដើម្បីរកដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនដែលរំលោភសិទ្ធិការងារកម្មករខ្មែរប៉ុណ្ណោះ។

កញ្ញាថា ពេលកម្មករត្រូវសមត្ថកិច្ចចម្រុះប្រើហិង្សា បៀតបៀន រូបភាពរងគ្រោះទាំងនោះមិនត្រូវបានស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយ ឬប្រតិកម្មការពារកម្មករទេ ប៉ុន្តែពេលសមត្ថកិច្ចមានរបួសស្នាមបន្តិចបន្តួចដោយសារការរុញច្រានប្រតាយប្រតប់លើកូដករ ខាងសមត្ថកិច្ចបានព្យាយាម​ផ្សព្វផ្សាយពេញផ្ទៃប្រទេសដើម្បីចោទ​ប្រកាន់ថា កម្មកររឹងទទឹងបង្កហិង្សាលើអាជ្ញាធរ។

កញ្ញា ជា សុខុម ថា៖ «និយាយរួមកូដករទាំងអស់ គឺមានការខកចិត្តជាខ្លាំង ដែលឃើញសកម្មភាពទាំងមូលនៅកណ្តាលទីក្រុង តែគ្មានអើពើពីគ្រប់ស្ថាប័នទាំងអស់ សូម្បីតែនាយករដ្ឋមន្ត្រីផ្ទាល់ក៏គាត់មិនដែលនិយាយ ឬស្រែកថាតើកូដករទាមទារយ៉ាងម៉េច មានបញ្ហាអី? មានអារម្មណ៍ថាគាត់បិទភ្នែកឈឹងតែម្តង។ ច្បាប់នេះបង្កើតសម្រាប់តែអ្នកមានលុយ ឬមួយយ៉ាងម៉េច! ក្រុមហ៊ុនណាហ្គាវើលដ៍គឺគេអ្នកមាន ហើយពួកខ្ញុំសុទ្ធតែជាអ្នកក្រ តែយកច្បាប់មកនិយាយ ដល់ពេលខាងគេមានគេអត់យកច្បាប់មកនិយាយទេ គេយកអាជ្ញាធរមកគ្របដណ្តប់ពួកខ្ញុំអស់ ចឹងបានសបញ្ជាក់ឱ្យឃើញថាច្បាប់នេះការពារតែអ្នកមាន»។

កម្មករណាហ្គារូបនេះបន្តថា ក្រុមហ៊ុនល្បែងណាហ្គាបានរកគ្រប់វិធីដើម្បីរំលាយ បញ្ឈប់ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចេញពីក្រុមហ៊ុនដើម្បីងាយស្រួលកេងចំណេញប្រយោជន៍ពីកម្មករ និងងាយនឹងរំលោភសិទ្ធិដោយគ្មានឧបសគ្គ។

កម្មករមួយរូបទៀត លោក រស់ លីហេង ថ្លែងថា លោកខកចិត្តដែលប្រមុខរដ្ឋាភិបាលឈរឱបដៃមើលក្រុមហ៊ុនបរទេសគាបសង្កត់ ជាន់ឈ្លីពលរដ្ឋខ្មែរ ខណៈស្ថាប័នពាក់ព័ន្ធរបស់ជាតិបណ្តែតបណ្តោយឱ្យអាជ្ញាធរដែលចាយប្រាក់ខែរាស្ត្របន្តបៀតបៀន ប្រើហិង្សាលើកម្មករទន់ខ្សោយយ៉ាងបើកចំហ។

លោកថា ក្រុមកូដករតវ៉ាដោយអហិង្សាបច្ចុប្បន្នបាត់នូវសិទ្ធិបញ្ចេញមតិ ខកសិទ្ធិការងារស្របច្បាប់ ជាពិសេសកូដករជាស្ត្រីរងនូវការបៀតបៀនយ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ខណៈរដ្ឋាភិបាលមិនទាន់បានបំពេញតួនាទីរបស់ខ្លួនដោះស្រាយកង្វល់របស់រាស្ត្រតបតាមរដ្ឋធម្មនុញ្ញនៅឡើយ។

លោកថា៖ «ក្រសួងពាក់ព័ន្ធដូចជាខាងរដ្ឋសភា ឬក៏ខាងតំណាងរាស្ត្រ ខាងក្រសួងកិច្ចការនារីអីហ្នឹង ពួកគាត់អត់មានបានចេញលិខិត ឬក៏គាំទ្រពួកខ្ញុំទេ គឺគាត់ស្ងាត់ឈឹង! មានសម្តេច ស ខេង គាត់បានលើកឡើងដែរ ប៉ុន្តែក្រោយការលើកឡើងហ្នឹង គឺអត់ឃើញមានកម្រើកអីសោះ គឺមានតែការហៅទៅដោះស្រាយហើយ ខាងក្រសួង[ការងារ]ខាងក្រុមហ៊ុនហ្នឹង គឺនៅតែប្រកាន់ភ្ជាប់ថា អូ! ក្រុមហ៊ុនមិនទទួលយក[កម្មករឱ្យចូលធ្វើការវិញ]ៗ ដដែលៗអញ្ចឹង»។

កូដករណាហ្គាវើលដ៍រូបនេះថា រឿងដែលគួរឱ្យហួសចិត្តមួយទៀតនោះ គឺអាជ្ញាធរបានផ្សព្វផ្សាយពេញប្រទេសដោយដើរតួជាជនរងគ្រោះថាខ្លួនរងអំពើហិង្សាពីកូដករ ខណៈជាក់ស្តែងកូដករទៅវិញទេដែលត្រូវអាជ្ញាធរអូស រុញច្រាន ទាត់ធាក់ បង្ករបួសស្នាម រំលោភសិទ្ធិយ៉ាងអយុត្តិធម៌។

លោកចង់ឃើញរដ្ឋាភិបាលមានជំហគាំទ្រភាពយុត្តិធម៌ ការពារពលរដ្ឋស្លូតត្រង់ ជំរុញឱ្យក្រុមហ៊ុនល្បែងណាហ្គាចេញមុខដោះស្រាយវិវាទជាមួយកូដករ ជាជាងបន្តអូសបន្លាយបង្កភាពឈឺចាប់កាន់តែខ្លាំងដល់ប្រជាពលរដ្ឋរងគ្រោះបន្តទៀត។

អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី លោកស្រី ញាណ សុចិត្រា បដិសេធតបនឹងសំណួរវីអូឌី នៅពេលសួរអំពីវិធានការរបស់ក្រសួងតបនឹងការបៀតបៀនរបស់អាជ្ញាធរទៅលើកូដករជាស្ត្រី ដោយថារឿងនេះជារឿងរស៊ើប ឬ Sensitive។ ​

លោកស្រីថា ក្រសួងកន្លងមកបានធ្វើការពាក់ព័ន្ធហិង្សាផ្អែកលើយេនឌ័រក្នុងគ្រួសារជាដើម ខណៈករណីនេះពាក់ព័ន្ធ​ការធ្វើបាតុកម្ម ដែលជាប់ទាក់ទិននឹងក្រសួងមហាផ្ទៃ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បញ្ហានេះមានតែក្រសួងការងារទេ ដែលតំណាងឱ្យរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទរវាងកម្មករជាមួយក្រុមហ៊ុនណាហ្គាទៅតាមលក្ខខណ្ឌដែលបានចែងពីសហជីព និងឬសគល់នៃបញ្ហា។

លោកថា៖ «រដ្ឋាភិបាលអត់អាចលូកលាន់នៅក្នុងសាច់រឿង រវាងរដ្ឋាភិបាលទៅដាក់កំណត់បញ្ជាលើក្រុមហ៊ុនណាទេ រឿងហ្នឹងមានតែតុលាការទេដែលរកខុសត្រូវនោះ។ ព្រោះទី១ យើងស្វែងរកដំណោះស្រាយជាមួយក្រសួងៗហ្នឹងវាជាសេណាធិការរបស់រាជរដ្ឋាភិបាលរួចស្រេចទៅហើយៗបើកាលណាក្រសួងហ្នឹងមិនមានសមត្ថភាព ឬលទ្ធភាពឆ្លើយតបពីអ្វីដែលយើងចង់បានហ្នឹងទេ មានតែតុលាការទេដែលជាអង្គភាពឯករាជ្យមួយក្នុងការវិនិច្ឆ័យក្តីនៅក្នុងហ្នឹង»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា រដ្ឋាភិបាលមិនត្រូវមានភាពលម្អៀងគាំទ្រទៅកាន់ក្រុមហ៊ុន ដោយដាច់ខាតត្រូវតែឱ្យថៅកែជជែកនឹងកម្មករស្របតាមច្បាប់ ដោយគ្មានការប្រើឥទ្ធិពល អំណាចគំរាមកំហែងលើកម្មករ។

លោកថា បច្ចុប្បន្នកម្មករដែលចង់ចូលធ្វើការវិញមានតែជាង២០០នាក់ប៉ុណ្ណោះ ដូច្នេះបើឱ្យពួកគេចូលធ្វើការវិញ និងដោះស្រាយបញ្ហាសំណងខ្លះៗដែលនៅសល់លើកម្មករផ្សេងទៀត នោះបញ្ហានឹងត្រូវបញ្ចប់។

លោក អាត់ ធន់ ថា៖ «បើបន្តអូសបន្លាយទៀត កម្មករកាន់តែរងគ្រោះកាន់តែឈឺចាប់ ក្រុមហ៊ុនកាន់តែសប្បាយចិត្ត រដ្ឋាភិបាលកាន់តែខូចមុខមាត់។ អនាគតគឺកម្មករអាចបាត់បង់ការងារ រដ្ឋាភិបាលអាចទទួលការព្រមានពីដៃគូអភិវឌ្ឍផ្សេងៗពីការមិនសហការ ថៅកែក្រុមហ៊ុនកាន់តែគឃ្លើនបន្ថែមទៀត»។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សោភ័ណ្ឌ ថ្លែងថា រដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយរបស់ពលរដ្ឋ។ យ៉ាងណា លោកស្រីថា ករណីវិវាទណាណា្គវើលដ៍នេះ នៅពេលដែលកូនមានបញ្ហាឪពុកម្តាយបែរឥតខ្វាយខ្វល់ទៅវិញ។

លោកស្រីបន្ថែមថា៖ «រដ្ឋាភិបាលលោកគ្មានឆន្ទះក្នុងការសម្របសម្រួលដោះស្រាយបញ្ហាទាំងអស់ហ្នឹង។ […] ក្រសួងការងារតែងតែទាញភាគីកម្មករទៅដោះស្រាយ តែពេលកូដករទៅ ក្រសួងលើកជំហរទៅកាន់កូដករ មើលទៅហាក់ដូចជាការពារផ្កាប់មុខទៅថៅកែណាហ្គាវើលដ៍តែម្តង»។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ថ្លែងថា ការរកដំណោះស្រាយលើបញ្ហានេះមានតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលមានអំណាចអាច សម្របសម្រួលបញ្ហានេះបាន ខណៈមកដល់ពេលនេះក្រសួងការងារបានបរាជ័យក្នុងការរកដំណោះស្រាយវិវាទការងារមួយនេះរហូតមក។ ​

លោកថា៖ «ការដែលអាចដោះស្រាយបាន គឺមានតែការប្រើវិធាននៅក្នុងការបង្គាប់ បញ្ជា បង្ខំឱ្យនិយោជកដែលមានឥទ្ធិពលមួយនេះ ត្រូវតែអនុវត្តនៅក្នុងលក្ខខណ្ឌផ្លូវច្បាប់»។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី២៨ ខែមីនាកន្លងនេះ អះអាងប្រាប់ប្រធានប្រតិភូបេសកកម្មអង្គការអន្តរជាតិខាងការងារ (ILO) ថា ការគោរពសិទ្ធិ និងសេរីភាពសហជីព ឬអង្គការវិជ្ជាជីវៈខាងការងារត្រូវបានធានា និងលើកកម្ពស់នៅកម្ពុជា។

យ៉ាងណា កម្មករ និងសង្គមស៊ីវិលមួយចំនួនចាត់ទុកការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងការងារនេះថា មិនឆ្លុះបញ្ចាំងពីការពិតឡើយ ត្បិតសេរីភាពសហជីព និងកម្មករនៅតែរងការរឹតត្បិត៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ