សវនាការជុំទី៣៥លើសំណុំរឿងលោកកឹម សុខា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីរាជធានីភ្នំពេញ កំណត់លើអង្គហេតុទី៣ ដែលឈានដល់ការសួរដេញដោលពីដំណើរការនៃការបោះឆ្នោត និងក្រោយការបោះឆ្នោតឆ្នាំ២០១៣ ហើយការកំណត់អង្គហេតុនេះ បានបង្កជាការខ្វែងគំនិតគ្នា ដ៏ចម្រូងចម្រាសរវាងតំណាងអយ្យការ និងមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ។
នៅមុខចាប់ផ្តើមសវនាការនាព្រឹកថ្ងៃទី៣០ ខែមីនានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានលើកឡើងពីនីតិវិធីនៃការជំនុំជម្រះ ដែលមកដល់ពេលនេះ សវនាការបានឈានចូលដល់ការកំណត់អង្គហេតុទី៣ហើយ។ បើតាមលោក កូយ សៅ ការកំណត់អង្គហេតុទី៣នេះ គិតចាប់ឆ្នាំ២០១២ដល់ឆ្នាំ២០១៧ ស្តីពីការបង្កើតគណបក្សសង្រ្គោះជាតិ រហូតដល់ថ្ងៃចាប់ខ្លួនលោក កឹម សុខា។
ជាការបើកផ្លូវ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ថ្លែងថា ភាគីនៅក្នុងរឿងក្តី អាចបន្តសវនការដោយតាំងសំណួរពីការចាប់ផ្តើមក្នុងដំណើរការនៃការបោះឆ្នោត និងក្រោយការបោះឆ្នោត ឆ្នាំ២០១៣។
ភ្លាមៗ នៅក្នុងអង្គជំនុំជម្រះ តំណាងអយ្យការលោក ប្លង់ សុផល បានលើកឡើងថា អង្គហេតុនៅមុនការបោះឆ្នោតឆ្នាំ២០១៣ នៅមានបញ្ហាជាច្រើនទៀត ដែលតំណាងអយ្យការ មិនទាន់បានសួរដេញដោលនៅឡើយ ហេតុនេះលោកស្នើទៅក្រុមប្រឹក្សាជំនុំជម្រះ ផ្តល់នាទីដល់តំណាងអយ្យការ បានតាំងសំណួរខ្លះៗ នៅមុនការបោះឆ្នោតកើតឡើង ទៅជនជាប់ចោទលោក កឹម សុខា។
នៅក្នុងនីតិវិធីនៃការតាំងសំណួរនេះ បានជំរុញឱ្យមានការខ្វែងគំនិតគ្នាជាបន្តបន្ទាប់ រវាងសហមេធាវីការពាសិទ្ធិឱ្យលោក កឹម សុខា និងតំណាអយ្យការលោក ឆាយ ហុង។
មានសំណួរជាច្រើន ដូចជា តើការបង្កើតក្បាលម៉ាស៊ីនដឹកនាំគណបក្សសង្រ្គោះជាតិនេះ បក្សរៀបចំយុទ្ធសាស្រ្តគោលនយោបាយដូចម្តេច? តើគណបក្សបានកំណត់នៅក្នុងអង្គការចាត់តាំង អ្នកណាជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ហើយមន្រ្តីនៅថ្នាក់ក្រោមជាតិ មានរចនាសម្ព័ន្ធបែបណា? តើគណបក្សមានអ្នកណានៅពីក្រោយខ្នង និងមានអ្នកណាខ្លះជួយជ្រោមជ្រែងជាដើម។
ជាការកត់សំគាល់ នៅក្នុងរង្វង់ច្រកចសេះ អមដោយអាវធំ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ បានបដិសេធឆ្លើយសំណួរដែលតាំងដោយតំណាងអយ្យការលោក ឆាយ ហុង ជាច្រើនដង ដោយថាចម្លើយទាំងនោះបានឆ្លើយរួចរាល់អស់ហើយ តាំងពីក្នុងដំណាក់កាលចៅក្រៅស៊ើមសួរមកម៉្លេះ។
ចំណែក សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បានថ្លែងជំទាស់ម្តងហើយម្តងទៀត ចំពោះការតាំងសំណួរដោយតំណាងអយ្យការ នៅក្នុងអង្គជំនុំជម្រះ។ ការខ្វែងគំនិតគ្នា រឿងតាំងសំណួរនេះ រហូតដល់លោក អាង ឧត្តម មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ហៅនីតិវិធី នៃការជំនុំជម្រះនេះថា ជាដំណើរការដើរខុសផ្លូវ ហើយស្នើសុំឱ្យផ្អាកការអនុវត្តដូចនេះទៀត។
បញ្ហានេះ បានបង្កើតឱ្យមានប្រតិកម្មភ្លាមពីតំណាងអយ្យការ ខណៈអ្នកស្រី ម៉េង សុភារី និងលោកចាន់ ចេន សហមេធាវីការការពារសិទ្ធិឱ្យជនត្រូវចោទ ចាត់ទុកការតាំងសំណួររបស់តំណាងអយ្យការលោក ឆាយ ហុង ថាជាការធ្វើសេចក្តីសន្និដ្ឋានទុកជាមុន ឬការជាសន្មតិ និងការសំណួរដាក់ការគាប់សង្កត់ប្រឆាំងលោក កឹម សុខា។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សវនាការ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ លោក ផេង ហេង សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ យល់ឃើញថា សំណួរដែលលើកឡើង ដោយលោក ឆាយ ហុង ភាគច្រើនជាសំណួរដែលមានរួចហើយ ហើយក៏ជាខ្ជះខ្ជាយពេលវេលានៃការជំនុំជម្រះដែរ។
លោកបន្តថា៖ «ភាគច្រើនជាសំណួរដែលតាំងដោយតំណាងអយ្យការ ប៉ុន្តែសំណួរទាំងអស់នោះ យើងកត់សំគាល់ឃើញសំណួរសួរជាន់ទៅនឹងសំណួរដែលសួរកន្លងមកហើយ »។
បើទោះជាបែបណា ទាំងសហមេធាវីការពារដើមបណ្តឹងរដ្ឋប្បវេណី លោក លី ចន្ទតុលា និងតំណាងអយ្យការយល់ឃើញថា ដោយសារចម្លើយដោះបន្ទុករបស់លោក កឹម សុខា នៅមានភាពចាំបាច់បន្ថែមទៀត ដែលតុលាការត្រូវដឹង។ ម្យ៉ាងវិញទៀត អ្វីដែលជនជាប់ចោទប្រាប់អង្គសវនាការ មិនឆ្លុះបញ្ចាំងទៅនឹងអង្គហេតដែលបានកើតឡើង។
បើទោះជាបែបណា នៅក្នុងអង្គជំនុំជម្រះ តុលាការបានដាក់បង្ហាញវីដេអូឃ្លីបចំនួន៥ ដែលជាសារនយោបាយរបស់លោក កឹម សុខា។ តាមរយៈឃ្លីបវីដេអូទាំងនេះ លោក កឹម សុខា អះអាងនៅក្នុងអង្គសវនាការថា វាបានឆ្លុះបញ្ចាំងទៅនឹងសំណួររបស់តំណាងអយ្យការអស់ហើយ។ ប៉ុន្តែ តំណាងអយ្យការ នៅតែចាត់ទុកថា ចម្លើយនៅក្នុងវីដអូឃ្លីបទាំងនោះ មិនឆ្លើយតបទៅនឹងអ្វីដែលលោកតាំងសំណួរទេ។
លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ចាត់ទុក សវនាការនេះថា មិនមែនជាសវនាការដើម្បីស្វែងរកយុត្តិធម៌សម្រាប់អ្នករងគ្រោះទេ តែជារបៀបល្បែងនយោបាយច្រើនជាង។ មួយវិញទៀត លោកថា ការសួរដេញដោលនៅក្នុងអង្គសវនាការទៀតសោត ហាក់ដូចព្យាយាមអូសន្លាយពេលវេលារឿងក្តីឱ្យបានយូរតែប៉ុណ្ណោះ។
លោកបន្តថា៖ «វាដូចអត់ត្រូវសួរអីណាស់ ព្រោះគណបក្សនយោបាយគេមានការចុះបញ្ជីត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ហើយគេមានអាសនៈនៅក្នុងរដ្ឋសភា។ ការសួរហាក់ដូចគ្រាន់តែសួរៗ គ្រាន់តែសួរចោល។ សវនាការដូចជាអត់មានគិតពីពេលវេលា សួរហើយលើកពេល អាទិត្យក្រោយចាំសួរទៀត។ តាមការកត់សំគាល់របស់ខ្ញុំមើលទៅ វាជាសវនាការនយោបាយ ជាសវនាការមិនបានស្វែងរកជួយជនរងគ្រោះ»។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាល។ គិតពីថ្ងៃចាប់ផ្តើមបើកការជំនុំជម្រះតាំងពីដើមខែមករា ឆ្នាំ២០២០ សវនាការនេះបានបន្តអូសបន្លាយប្រមាណជាង ២ឆ្នាំមកហើយ។
តុលាការបានកំណត់សវនការបន្ទាប់ នៅថ្ងៃទី៦ ខែមេសា ខាងមុខបន្តទៀត។ ចំណែក លោក កឹម សុខា បានប្រាប់វីអូឌីនៅក្រៅសវនាការថា នីតិវិធីនេះ ជារូបភាព នៃការសម្លុតគំរាមកំហែង ប្រឆាំងអ្នកប្រជាធិបតេយ្យ។ លោកបន្តថា គណបក្សនេះ ក៏ធ្លាប់បានសន្ទនាផ្នែកនយោបាយដែរ ប៉ុន្តែនៅតែមិនមានផល៕












