លោក ហ៊ុន សែន ​នៅតែបន្ដឈរជាបេក្ខភាពនាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣

នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រូបភាព (ហ្វេសប៊ុក លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាថ្មីទៀតថា លោកនៅតែបន្ដឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ​ ហើយកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត នៅតែជាបេក្ខជនបន្ដវេនដែលត្រូវបម្រុងទុកនាពេលអនាគតដដែល។

ថ្លែង​ក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន សែន អះអាងថា បេក្ខភាពនាយរដ្ឋមន្ត្រីអាណត្តិក្រោយនោះ គឺនៅតែជាលោកដដែល គ្មានអ្វីប្រែប្រួលនោះទេ។

លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ៖«​ឥឡូវនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានសញ្ញាទេវតា អញ្ចឹងទេសូមបន្តបោះឆ្នោត ហើយខ្ញុំនៅបន្ដ។ ខ្ញុំសូមបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោត ២០២៣ គឺ ហ៊ុន សែន ដដែល ហើយ ហ៊ុន ម៉ាណែតជាបេក្ខជនបន្ដវេន»

ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបន្តថា ការត្រៀមបេក្ខភាពបម្រុងទុក គឺជា​រឿងធម្មតារបស់គណបក្សនយោបាយនីមួយៗ ហើយបក្សនីមួយៗជាអ្នកដាក់ការសម្រេចចិត្តរបស់បក្ស ហើយការជ្រើសរើសបេក្ខជនបម្រុងទុករបស់បក្សត្រូវតែរៀបចំទុកមុន ដើម្បី​កុំឱ្យមានវិបត្តិផ្សេងៗកើតឡើង។

នេះមិនមែនជាលើកទី១ទេ ដែលលោកនាយរដ្ឋមន្ត្រី ប្រកាស​ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់នោះ។ កន្លងមក លោក ហ៊ុន សែន ធ្លាប់អះអាងថា លោកនឹងកាន់តំណែងមួយនេះរហូតដល់ពេលលោកឈប់ចង់ធ្វើ បើទោះពីជាបច្ចុប្បន្នលោកមានវ័យ៧០ឆ្នាំទៅហើយក្តី។

លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រីកាល​ពី​ឆ្នាំ​១៩៨៥ ក្រោយពេលនាយករដ្ឋមន្ត្រីពីររូប រួមមាន​លោក ប៉ែន សុវណ្ណ និង លោក ចាន់ ស៊ី ដែលត្រូវបានវៀតណាមលើកបន្តុបឱ្យគ្រប់គ្រងកម្ពុជា បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ នោះ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងម្នាក់ទៀតស្លាប់យ៉ាងអាថ៌កំបាំង។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់ចេញរបាយការណ៍មួយដោយលើកឡើងថា ​ការគ្រប់​គ្រង​របស់​លោក ហ៊ុន សែន ជិត៤ទសវត្ស​មកនេះ មានស្ទើរគ្រប់រស់ជាតិ ទាំងការ​រំលោភសិទ្ធិមនុស្ស​ ការ​សម្លាប់មនុស្ស​ក្រៅច្បាប់ អំពើទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ការរារាំង​សេរីភាព​ជួប​ជុំ និង​ការ​ប្រមូល​ផ្តុំ ​ជាដើម។

បន្ថែមលើរបាយការណ៍នោះ កាលពីថ្ងៃទី២២ តុលា ២០២០ អង្គការអន្តរជាតិដដែលនេះក៏បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយលើកឡើងថា កម្ពុជាកាន់តែក្លាយទៅជារបបផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស ដោយសារតែមានការជួយគាំទ្រពីក្រុមពួកឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ ដែលជាអ្នកទទួលខុសត្រូវចំពោះការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងជាប្រព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ