រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសឯកភាពក្នុងការបង្កើតច្បាប់មួយ ដែលមានគោលបំណង គ្រប់គ្រងសារធាតុទាំងឡាយដែលអាចផ្សំឬ ផលិតជាគ្រឿងញៀនបាន ដើម្បីទប់ស្កាត់គ្រឿងញៀននៅកម្ពុជា។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការបន្តលើកទី៧ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីនេះ ទៅប្រើប្រាស់ផ្សំចេញជាគ្រឿងញៀន រួចហើយ ប្រើប្រាស់នៅប្រទេសកម្ពុជា និងនៅប្រទេសទី៣ ឬទី៤ ជាដើម។
លោកបន្តថា ស្របពេលសមត្ថកិច្ចបាននឹងកំពុងបង្ក្រាបសារធាតុគីមី ដែលអាចផ្សំធ្វើជាគ្រឿងញៀនបានហើយរហូតមកដល់ពេលនេះ ខណៈក្រសួងស្ថាប័នពាក់ព័ន្ធខ្លះ បានអនុញ្ញាតឱ្យនាំចូលសារធាតុគីមីផ្សំដែលអាចផ្សំនិងផលិតជាគ្រឿងញៀនទាំងនោះចូលដោយស្របច្បាប់មកកម្ពុជាក្រោមរូបភាពសម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ និងអភិវឌ្ឍសេដ្ឋកិច្ច។
លោក ស ខេង បន្តថា រូបលោកឯកភាពឱ្យបង្កើតច្បាប់មួយទៀត ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលអាចផលិតគ្រឿងញៀនបាន និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅកម្ពុជាឱ្យមានប្រសិទ្ធភាព។
លោកស ខេង ថ្លែងថា៖«ខ្ញុំបានពិភាក្សាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាល យើងបានឯកភាពគ្នា ថា យើងចាំបាច់ត្រូវតែបង្កើតក្របខណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយកទៅកែច្នៃផលិតគ្រឿងផ្សំ ដើម្បីផលិតគ្រឿងញៀនបាន»។
លោក ស ខេង ជំរុញទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំធ្វើការងារទាំងនេះ ដើម្បីទទួលបានជោគជ័យ។
លោកថា៖« លោក ស ខេង ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យការងារទាំងនេះទទួលបានជោគជ័យ ប៉ុន្តែមិនមែនមានន័យថា រាំងស្ទះដល់ការនាំចូលសារធាតុគីមីទាំងនោះចូលមកកម្ពុជាឡើយ។ ប៉ុន្ដែទន្ទឹមនឹងនោះ ត្រូវអនុវត្តផែនការ ក្នុងការលួចកែច្នៃគ្រឿងញៀន»។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្រ្ទ លោក សុក សំអឿន ចាត់ទុកការបង្កើតច្បាប់នេះជារឿងល្អ ដោយថា កន្លងមក កម្ពុជាមិនដែលមានច្បាប់គ្រប់គ្រងសារធាតុនានា ដែលអាចយកមកធ្វើគ្រឿងញៀនបាននោះឡើយ។
លោកបន្តថា កន្លងមក សមត្ថកិច្ចចាប់បានតែអ្នកជក់គ្រឿងញៀនតូចតាច ប៉ុន្តែសម្រាប់អ្នកជួញដូរធំៗ មិនទាន់ឃើញមាននៅឡើយទេ។
លោកថា៖«មួយទៀតបទល្មើសជក់ហ្នឹង វាតិចពេកដល់អ៊ីចឹង មិនអាចឃុំខ្លួនបណ្ដោះអាសន្នបាន។ ដល់អ៊ីចឹងតុលាការចោទតែបទជួញដូរៗ ដល់អ៊ីចឹង យើងអាចយល់ច្រឡំ ក្នុងរឿងក្ដីតុលាការឃើញតែបទជួញដូរ តែតាមពិតអ្នកជក់តូចតាចប៉ុណ្ណោះ ។ ដូច្នេះ គួរតែពិនិត្យច្បាប់ហ្នឹងសារថ្មី។ ច្បាប់យើងបទល្មើសជក់ទោសតែ ៦ ខែទេ ដល់ច្បាប់យើងទោស ១ ឆ្នាំចុះក្រោម មិនអាចឃុំខ្លួនបណ្ដោះអាសន្នបាន ហើយចង់ឱ្យឃុំខ្លួនទាល់យើងចោទឱ្យខ្ពស់ តុលាការមិនព្រមអនុវត្តច្បាប់ឱ្យបានតឹងតែង ដល់អ៊ីចឹងធ្វើឱ្យការអនុវត្តច្បាប់មិនល្អ។ បើជួបប្រទះបញ្ហាហ្នឹង អ៊ីចឹង យើងមិនត្រូវទាញច្បាប់ ឬកែអ៊ីចឹងទេ វាត្រូវឱ្យសភាកែច្បាប់សិន»។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាសញ្ញាវិជ្ជមានមួយ ដោយលោកថា កម្ពុជាគួរមានច្បាប់មួយក្នុងការគ្រប់គ្រងសារធាតុគីមី ដែលបានធ្វើឱ្យប៉ះពាល់សុខភាពសាធារណៈ ប៉ុន្តែបើសិនជាមានច្បាប់ហើយ ការអនុវត្តមិនមានប្រសិទ្ធភាពនោះ លោកថា ក៏មិនអាចទប់ស្កាត់បញ្ហានេះបានដែរ។
លោកថា៖«ការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព បើសិនជាយើងមានច្បាប់ហើយ យើងមិនប្រាកដអាចទប់ស្កាត់ បញ្ហាទាំងស្រុងដែរ ក្នុងនោះ ទាមទារឱ្យមានការអនុវត្តច្បាប់ នៅពេលដែលយើងមានច្បាប់ ឱ្យបានត្រឹមត្រូវជាពិសេសការពង្រឹង ការផ្តល់សេវាសាធារណៈឱ្យមានគណនេយ្យភាព។ ជាទូទៅបញ្ហានៃការលួចនាំចេញនាំចូលសារធាតុខុសច្បាប់ហ្នឹង គឺទាក់ទងភាពមិនប្រក្រតីផ្សេងៗ ពាក់ព័ន្ធនឹងការស៊ីសំណូក សូកប៉ាន់ ហើយនឹងអំពើពុករលួយជាដើម រវាងឈ្នួញនិងមន្ត្រីសាធារណៈដែលនាំឱ្យមានការនាំចូលសារធាតុគីមី ហើយសារធាតុខ្លះវាប៉ះពាល់ខ្លាំងណាស់ដលសុខភាពសាធារណៈ»។
លោក ប៉ិច ពិសី បន្តថា បច្ចុប្បន្នគ្រឿងញៀនកំពុងជះឥទ្ធិពលខ្លាំងដល់សង្គមកម្ពុជា ខណៈគ្រឿងញឿនបានរីករាលដានពីទីក្រុងចូលទៅកាន់ជនបទ ដែលកំពុងបង្កផលប៉ះពាល់ដល់យុវជន។
លោកកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ សមត្ថកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ផុសផុល ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយថា បញ្ហានេះ ទាមទារឱ្យមានការដោះស្រាយជាទ្រង់ទ្រាយធំ ត្រូវចាត់វិធានការលើមន្ត្រីដែលចុះប្រតិបត្តិការគ្រឿងញៀន បើសិនជារកឃើញមានពាក់ព័ន្ធជាមួយឈ្នួញ។
លោកថា៖«ជាពិសេសលុបបំបាត់អំពើពុករលួយនៅក្នុងប្រតិបត្តិការគ្រឿងញៀន ព្រោះឈ្នួញគ្រឿងញៀននេះ គាត់អាចប្រើប្រាស់សំណូកសូកប៉ាន់ ពុករលួយហ្នឹង។ ទី១ គាត់អាចធ្វើប្រតិបត្តិការអាជីវកម្មខុសច្បាប់ ទី២ បើសូកលុយគាត់អាចរួចខ្លួន អ៊ីចឹងធ្វើឱ្យវគ្គនៃការប្រព្រឹត្តបទល្មើសវាបន្តរហូត ហើយប៉ះពាល់ធំធេងដល់សុខុមាភាពសាធារណៈ។ ខ្ញុំបារម្ភខ្លាំងជាងគេ គឺប៉ះពាល់ដល់យុវជន»។
បើតាមអាជ្ញាធរកម្ពុជាទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់វីអូឌីកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ថា ចាប់ពីចុងឆ្នាំ២០២១ ដល់ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់គ្រឿងញៀនប្រមាណ ៣តោន និងសារធាតុគីមីដែលអាចយកមកផ្សំជាគ្រឿងញៀនជាង៣០០តោនផ្សេងទៀត។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភចំពោះអនាគតអ្នកស្នងតំណែងប្រទេសជាតិ ដោយសារកុមារអាយុក្រោម ១៨ឆ្នាំមានចំនួនច្រើនត្រូវចាប់ឃុំខ្លួនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ លោកបន្តថា បច្ចុប្បន្នគ្រឿងញៀនកំពុងបំផ្លាញធនធានមនុស្សទាំងនេះ ដោយមិនទាន់មានថ្នាំព្យាបាលនៅឡើយ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ បង្ហាញថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយបន្ត៕












