ក្រុមស្ត្រីថ្ងៃសុក្រ ស្នើស្ថានទូតម៉ាឡេស៊ីជាថ្មី ឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ដោះលែងស្វាមីពួកគេ និងអ្នកទោសមនសិការផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារក្នុងសំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី។
ការស្នើរបស់ក្រុមស្ត្រីនេះ ធ្វើឡើងបន្ទាប់ពីបានដាក់ញត្តិរយៈពេលជិត ១ខែហើយ ប៉ុន្តែស្ថានទូតម៉ាឡេស៊ីមិនបានចុះហត្ថលេខាទទួលយកញត្តិដែលពួកគាត់បានដាក់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
ភរិយារបស់លោក កាក់ កុម្ភារ សកម្មជនបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ គឺអ្នកស្រី ព្រំ ចាន់ថា ប្រាប់វីអូឌីនាថ្ងៃព្រហស្បតិ៍នេះថា ពួកគាត់ទៅស្ថានទូតម៉ាឡេស៊ី ដើម្បីតាមដានញត្តិដែលបានដាក់នាពេលកន្លងមក ខណៈស្ថានទូតនោះមិនទាន់បានឆ្លើយតប និងចុះហត្ថលេខាទទួលយកនៅឡើយ។
អ្នកស្រីថា៖ «ពួកខ្ញុំមានទុក្ខលំបាកបានរត់មករកទូត ដើម្បីរកទូតជួយជំរុញទៅរដ្ឋាភិបាល ក៏ប៉ុន្តែហេតុអ្វីបានជាទូតម៉ាឡេស៊ីគាត់ធ្វើបែបហ្នឹង ហើយខ្ញុំសុទ្ធតែអ៊ីម៉ែលមកមុន ៤៨ម៉ោងតាំងពីថ្ងៃអង្គារ រហូតដល់ថ្ងៃនេះ គួរតែទទួល ព្រោះខ្ញុំដាក់ហ្នឹង ២សប្ដាហ៍ហើយ! ហើយលើកទី៣ហើយ! ហើយឆ្លើយតបថា ខ្ញុំអត់ទទួលញត្តិបន្តិចក៏អស់ចិត្តដែរ តែនេះអត់មានអីទាំងអស់ មានតែស្ថានទូតមួយហ្នឹងទេ ដែលគាត់អត់អន្តរាគមន៍ពួកយើង»។
ទោះជាយ៉ាងណា អ្នកស្រី ព្រំ ចាន់ថា បញ្ជាក់ថា ពួកគាត់នឹងធ្វើញត្តិថ្មីទៀត ដើម្បីយកទៅដាក់នៅស្ថានទូតម៉ាឡេស៊ី ស្នើឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ដោះលែងស្វាមីពួកគាត់ និងអ្នកទោសផ្សេងទៀត។
ចំណែកអ្នកស្រី សេង ចាន់ថន ភរិយារបស់លោក ស៊ុន ធន់ ដែលទើបត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ៨ខែ ពាក់ព័ន្ធនឹងដំណើរការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩នោះ បាននិយាយថា មូលហេតុដែលពួកគាត់មករកទូតឱ្យជួយ ដោយសារស្ថានទូតនេះ ក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈបច្ចុប្បន្នអ្នកស្រីថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានគោរពតាមកិច្ចព្រមព្រៀងទេ ដោយកាត់ទោសស្វាមីរបស់ពួកគាត់និងអ្នកផ្សេងទៀតទាំងអស់យុត្តិធម៌។ អ្នកស្រីបង្ហាញការខកចិត្តដែលស្ថានទូតម៉ាឡេស៊ី មិនព្រមទទួលយកញត្តិរបស់ពួកគាត់។
អ្នកស្រីថា៖ «ខ្ញុំមកសំណូមរ និងដាក់ញត្តិនៅស្ថានទូតម៉ាឡេស៊ី ដើម្បីឱ្យពួកគាត់ជួយដឹងលឺ និងជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកខ្ញុំ។ គាត់ជាស្ថានទូតមួយប្រចាំនៅកម្ពុជា ហើយគាត់ជាម្ចាស់ហត្ថលេខី ២៣ តុលា១៩៩១ ហើយក៏ជាសមាជិកអាស៊ាន អ៊ីចឹងគាត់ត្រូវតែដឹងលឺ ក្រុមគ្រួសារពួកខ្ញុំ ដែលកំពុងជាប់ពន្ធនាគារទាំងអស់អយុត្តិធម៌ ជាពិសេសគឺរឿងនយោបាយតែម្ដង គាត់មិនត្រូវធ្វើព្រងើយ មិនអើពើនឹងរឿងទាំងអស់ហ្នឹងទេ»។
ការលើកឡើងរបស់ក្រុមស្ត្រីថ្ងៃសុក្រនាថ្ងៃនេះ បន្ទាប់ពីសន្តិសុខដែលយាមនៅស្ថានទូតម៉ាឡេស៊ី បានចេញមកប្រាប់ពួកគាត់ថា មន្ត្រីស្ថានទូតមិនទាន់ចុះហត្ថលេខាទទួលយកញត្តិដែលក្រុមស្ត្រីថ្ងៃសុក្របានដាក់ ហើយក៏មិនបានបញ្ជាក់ពីមូលហេតុដែរ។
វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញករណីនេះពីមន្ត្រីទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានទេនៅថ្ងៃនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការសោកស្ដាយដែលស្ថានទូតម៉ាឡេស៊ី មិនទទួលញត្តិរបស់ស្ត្រីដែលជាភរិយាអតីតសកម្មជនបក្សប្រឆាំងនោះ ខណៈប្រទេសលោកសេរីផ្សេងៗបានទទួលយកញត្តិពួកគាត់។
លោកថា៖«បើសិនជាការដាក់ញត្តិពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយគាត់មិនទទួលញត្តិអាហ្នឹង ក្នុងនាមជាប្រទេសមួយដែលបានផ្ដល់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយនៅពេលដែលមានប្រជាពលរដ្ឋ ឬស្ថាប័នដែលដាក់ញត្តិទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគាត់មិនទទួល អាហ្នឹងជាការបង្ហាញមួយ ដែលជាគោលការណ៍អនុវត្តទីក្រុងប៉ារីសហ្នឹង មិនត្រូវបានយកចិត្តទុកដាក់»។
យ៉ាងណា ការបន្តស្វែងរកកិច្ចអន្តរាគមន៍របស់ភរិយាអតីតសកម្មជនបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីស្វាមីរបស់ពួកគេកំពុងជាប់ពន្ធនាគារព្រៃស ដោយតុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ ៨ខែ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ចំណែកអ្នកខ្លះទៀត កំពុងត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ ដើម្បីរង់ចាំសវនាការជិត ២ឆ្នាំមកហើយ ក្រោមបទចោទប្រកាន់«ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ៩ វិច្ឆិកា ឆ្នាំ២០១៩៕