លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយមោទនភាពនៅថ្ងៃព្រហស្បតិ៍នេះថា អាជីវកម្មរ៉ែមាសដែលបានដំណើរការកាលពីខែមិថុនា ឆ្នាំ២០២១ ត្រូវបានយកមកកាត់កង ឬជំនួសឱ្យការខាតបង់នៃអាជីវកម្មប្រេង ដែលអត់ទាន់បានផល ហើយមានគេលួចកប៉ាល់ដឹកប្រេងទៅថែមទៀត។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេល៩ខែ ពោលគឺចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១មក កម្ពុជាជីកយករ៉ែមាសបានជាង ២តោន (២២៧៥គីឡូក្រាម) ដែលអាចចំរាញ់ជាមាសសុទ្ធបានប្រមាណក្រោម២តោន (បាត់បង់១០ភាគរយ)។
ប្រមុខរដ្ឋាភិបាល បានលើកឡើងទៀតថា កម្ពុជាចាប់ផ្តើមប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួនហើយ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកថា៖ «វាពិតជាបង្កើតបានជាបញ្ហាហើយ ព្រោះអាជីក [ប្រេង] នោះក៏វាអត់ផល ថែមទាំងគេលួចអាកប៉ាល់នោះរត់ទៅទៀត ប៉ុន្តែយើងបែរជាមកកាត់កងជាមួយនឹងរ៉ែមាសទៅវិញ យើងចាប់ផ្តើមធ្វើរ៉ែមាស ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ពីខែមិថុនា ឆ្នាំ២០២១ រយៈពេល៩ខែ ៩ខែយើងផលិតបានរ៉ែមាស ២២៧៥គីឡូ»។
កម្ពុជា ធ្លាប់រំពឹងថា នឹងទទួលបានចំណូលពីអាជីវកម្មប្រេងនៅបាតសមុទ្រ ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានតំណក់ប្រេងជាលើកដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយក្រុមហ៊ុន Kris Energy។ ក៏ប៉ុន្តែក្រុមហ៊ុននេះបានក្ស័យធន់ ខណៈនាវា Strovolos បានចាកចេញពីកម្ពុជាដោយស្ងាត់ៗជាមួយនឹងប្រេងឆៅចំណុះ ៣០០ ០០០ បារ៉ែល (៣០ម៉ឺនបារ៉ែល) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១៕












