អាជ្ញាធរខេត្តកំពង់ឆ្នាំង​បញ្ជូនជនសង្ស័យ​៤នាក់​ទៅតុលាការពាក់ព័ន្ធបទល្មើសនេសាទនិងទទួលទិញត្រីពីជនល្មើស

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ។ រូបភាព៖ (ហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ឆ្នាំង)

មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ​​ ពាក់ព័ន្ធសំណុំរឿងប្រព្រឹត្តបទល្មើសនេសាទ និងទទួលទិញត្រីពីជនល្មើសនៅតំបន់បឹងទន្លេសាប។

នាយខណ្ឌរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក លី ឡា បានឱ្យដឹងថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសនេសាទកន្លងមកនេះ អាជ្ញាធរបានបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ​​ ​ក្នុងនោះមានជនជាតិវៀតណាមពីរនាក់ និងពីរនាក់ទៀតជនជាតិខ្មែរ។ លោកថា ក្នុងចំណោមជនសង្ស័យទាំងនោះ មានពីរនាក់ប្រព្រឹត្តបទល្មើសឆក់ និង២នាក់ទៀតជាអ្នកទិញត្រីពីជនល្មើស។

លោក លីឡា មានប្រសាសន៍ថា៖ «នៅកំពង់ឆ្នាំងមានតែរបាំងឆៃអួន ស្បៃមុង និងឧបករណ៍ឆក់ ក្រៅពីហ្នឹងយើងមិនមានទេ អួនអូសយ៉ាំងកាវ ម៉ាញ់យ៉ាំងកាវអីមិនមានទេ។ យើងមានតែប៉ុណ្ណឹង ពិសេសឆក់និងរបាំងប្រជាពលរដ្ឋដែលពួកគាត់ប្រើស្បៃមុងក្រឡាល្អិតហើយនិងសម្រាស់ខ្លះ»។

លោកបន្តថា ក្រោយផ្សព្វផ្សាយយុទ្ធការបង្ក្រាបបទល្មើសនេសាទ​ មានអ្នកឆក់ត្រីបានប្រគល់ឧបករណ៍ឆក់ទាំងនោះមកខាងអាជ្ញាធរដោយស្ម័គ្រចិត្តចំនួន៤៣១ គ្រឿង ហើយនៅសល់​ប៉ុន្មានទៀត ខាងអាជ្ញាធរនៅតែបន្តព្យាយាមឱ្យគាត់ប្រគល់ជូនមកមន្ត្រីជំនាញ។ ប៉ុន្តែប្រសិនបើ ពួកគេមិនព្រមប្រគល់ដោយស្ម័គ្រចិត្តទេនោះ អាជ្ញាធរនឹងអនុវត្តតាមនីតិវិធីច្បាប់។​ 

លោកលីឡា លើកឡើងថា ៖«ជាពិសេសអាជ្ញាធភូមិឃុំនេះឯង បើគាត់បានចូលរួមយ៉ាងសកម្មជាមួយយើង ជួយចង្អុលបង្ហាញពីជនល្មើសសម្រាប់ដើម្បីចាត់ការតាមនីតិវិធីនោះ យើងនឹងងាយបំបាត់នូវឧបករណ៍នេសាទខុសច្បាប់ជាពិសេសឧបករណ៍ឆក់បើសិនជាគាត់ចូលរួម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ