សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ដែលប្រព្រឹត្តនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមេសា ឆ្នាំ២០០៧។
យោងតាមដីកាលើកលែងការចោទប្រកាន់របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ សាម៉ឺឌី កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា អង្គហេតុដែលបានចោទប្រកាន់លោក ញឹក ប៊ុនឆៃ ដែលសំអាងតែទៅលើចម្លើយរបស់ឈ្មោះ ជា ជុង ដែលជាទីប្រឹក្សារបស់លោក ញឹក ប៊ុនឆៃ នោះ គឺមិនគ្រប់គ្រាន់នោះទេ។ ដូច្នេះចៅក្រម បានសម្រេចលើកលែងការចោទប្រកាន់ ឬទម្លាក់ការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ជាផ្លូវការ។
លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពាក់ព័ន្ធករណីផលិតគ្រឿងញៀនដ៏ធំមួយ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៧។ ក្រោយមក លោកត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នវិញ កាលពីដើមខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានជាប់ឃុំអស់រយៈពេល៩ខែ៕