ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ ពុំ​សូវ​ខ្វល់ខ្វាយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ដូច​មុន ខណៈស្ថានភាព​ធូស្រាល​

ប្រជាពលរដ្ឋ​នៅ​ផ្សារ​មួយ​នៃ​ខេត្តកំពង់ស្ពឺ​ កាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែមីនា ទៅផ្សារ​ដោយ​មិន​រក្សា​គម្លាត និង​​មួយ​ចំនួន​​មិន​បាន​​ពាក់ម៉ាស់​ការពារ​​ជំងឺកូវីដ-១៩​នោះទេ។ (រូប៖ លោក ចាន់ ឌឿន​ ពលរដ្ឋ​សារព័ត៌មាន​ខេត្ត​កំពង់ស្ពឺ)

ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តកំពង់ស្ពឺ មិន​សូវ​ជា​មាន​ការ​ខ្វល់ខ្វាយ​នឹង​ជំងឺ​ឆ្លង​កូវីដ-១៩ ខ្លាំង​ដូចមុន​ទៀត​នោះ​ទេ ដោយ​សារ​ ស្ថានភាព​ឆ្លង​ជំងឺ​នេះ ហាក់​ហាក់ធូស្រាល​ជាង​មុន។

យុវសិស្សរៀននៅអនុវិទ្យាល័យព្រៃកន្ទោច ខេត្តកំពង់ស្ពឺ លោក យឿន សុខចិន្តា បានលើកឡើងថា បើតាមការសង្កេតរបស់ខ្លួន បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ ហាក់បានថមថយចុះ និងពុំសូវមានអ្នកភ័យខ្លាច ឬបារម្ភទៀតឡើយ ពីព្រោះតែដោយសារបច្ចុប្បន្ននេះ មិនសូវមានអ្នកឆ្លងនៅតាមសហគមន៍។ យុវសិស្សរូប​នេះ​បន្តថា បច្ចុប្បន្នមានតែជំងឺគ្រុនផ្ដាសាយធម្មតា ដែលគេអាចព្យាបាលជាសះស្បើយបានក្នុងរយៈពេលមួយសប្តាហ៍ និងនៅតែតាមផ្ទះរៀងៗខ្លួនបាន។

យុវសិស្ស យឿន សុខចិន្តា បានបន្តថា៖ «តែទោះបីជាជំងឺឆ្លងមួយនេះ ស្ងប់ស្ងាត់យ៉ាងណាក៏ដោយក៏យើងត្រូវតែការពារ និងប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺឆ្លង​កាច​សាហាវមួយនេះ»

ចំណែកលោក ហឿង ចាន់ធីញ អាយុ ៤៣ឆ្នាំ មានតួនាទីជាមេបញ្ជាការភូមិភាគ៣ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ccim ថា អ្នកខ្លះគាត់មិនបានគិតឱ្យបានជ្រៅជ្រះ ឃើញករណីឆ្លងធូស្រាល មិនសូវការពារនិងព្រួយបារម្ភចំពោះបញ្ហាជំងឺឆ្លងនេះឡើយ។ តែលោកថា បញ្ហាទាំងអស់នេះ​ហើយ ដែលប្រជាពលរដ្ឋមិនអាចមើលស្រាលវាបានទេ។

លោកបានបន្តថា៖ «ចាក់ថ្នាំការពារហើយក៏ដោយក៏នៅតែឆ្លងហ្នឹង ប៉ុន្តែវាមិនអាចប៉ះពាល់ដល់អាយុជីវិត ហើយម្យ៉ាងទៀតថ្នាក់ដឹកនាំនៅក្រុងច្បារមនយើង ពួកគាត់យកចិត្តទុក​ដាក់​ណាស់ ចំពោះបញ្ហាជំងឺឆ្លងមួយនេះ ចំពោះអ្នកដែលឆ្លងធ្ងន់ធ្ងរសុទ្ធតែជាអ្នកអត់បានចាក់ថ្នាំការពារទាំងអស់ តែទោះបីយ៉ាងណាក្តី យើងត្រូវតែនាំគ្នាបង្កើនការប្រុងប្រយ័ត្នជានិច្ច នៃជំងឺឆ្លងកូវីដ-១៩»

អាជីវករលក់ដូរនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺម្នាក់ អ្នកស្រី អៀក សុខសើរ អាយុ ៣៩ឆ្នាំ បានលើកឡើងថា អ្នកស្រីនៅតែមានការព្រួយបារម្ភពីការឆ្លង​ជំងឺកូវីដ-១៩នេះ ខណៈមានអ្នកខ្លះគេមិនសូវព្រួយបារម្ភនោះទេ ដោយសារស្ថានភាពហាក់ស្ងប់ស្ងាត់ជាងមុន។

អ្នកស្រីបានបន្តថា៖ «បើទោះជាយ៉ាងណាក្តី សូមបងប្អូនជួយការពារទាំងអស់គ្នា ដើម្បីកុំឲ្យជំងឺឆ្លងទាំងនេះ វារីករាលដាលតទៅទៀត»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែមីនានេះ បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ដែលជួបជុំគ្នានៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខាង​មុខនេះ ត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣ការពារ» ដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោកថា៖ «ការសប្បាយខ្ញុំនៅតែរំលឹក សប្បាយចុះឆ្នាំនេះ ខ្ញុំដឹងថា នៅភ្នំពេញក្តី នៅសៀមរាបក្តី នៅគ្រប់កន្លែងត្រៀមនឹងដើរលេងហើយ ខ្ញុំក៏ត្រៀមដើរ​លេងដែរ […] ប៉ុន្តែអ្វីដែលខ្ញុំត្រៀមឱ្យបន្តយកចិត្តទុកដាក់ ទី១.ត្រូវបន្តខិតខំអនុវត្តនូវវិធានការសុខាភិបាល ជាពិសេសអា ៣កុំ ៣ការពាររបស់យើង ដែល​យើង​កំពុងធ្វើទាំងអស់គ្នា ជោគជ័យនៃការគ្រប់គ្រងកូវីដនៅកម្ពុជា មិនមែនបានមកពី តួអង្គហ៊ុនសែនតែម្នាក់ឯងនោះទេ»។

ប្រធានសហគមន៍សម្ព័ន្ធកសិករកម្ពុជា លោក ញ៉ិល ភាព បានមានប្រសាសន៍ថា ការភ័យខ្លាចទៅលើជំងឺឆ្លងកាចសាហាវកូវីដ-១៩នេះ មិនមែនពួកគាត់​មិនខ្វល់ខ្វាយទេ ប៉ុន្តែអ្វីដែល​ពួកគាត់ជួបប្រទះដែលកំពុងលំបាកក្នុងជីវភាពរស់នៅជាងជំងឺកូវីដ-១៩ទៀតនោះ គឺការរងគ្រោះ ដោយសារការរំលោភយកដីធ្លី ដូចជា ការរំលោភយកដីសហគមន៍ពីសំណាក់ក្រុមហ៊ុនលីយ៉ុងផាត់ ក៏ដូចជា ពីសំណាក់ក្រុមទាហាន (ង.៧០) ដែលរំលោភដីព្រៃសហគមន៍ ធ្វើជាសម្បត្​តិផ្ទាល់​ខ្លួនជាដើម។

លោកបានបន្តថា៖ «ជំងឺកូវីដ-១៩ នេះមិនមែនពួកគាត់មិនខ្លាចមិនព្រួយបារម្ភនោះទេ គាត់ខ្លាច ខ្លាចស្លាប់ដូចតែគ្នា ប៉ុន្តែដែលបញ្ហាប្រឈមចំពោះមុខ គឺការបាត់បង់ដីធ្លីជាងការរីករាលដាលជំងឺកូវីដ-១៩។ ពួកគាត់នៅតែខ្លាច»

យ៉ាងណាក្តី ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង នៅក្នុងខេត្តនេះ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានបើកយុទ្ធនាការជាតិផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រោមប្រធានបទ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរ ដល់អ្នក និងគ្រួសារអ្នក»។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​សុខាភិបាលនៅថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤០ ប៉ុណ្ណោះ ខណៈចំនួនអ្នកស្លាប់មិនមានឡើយក្នុងរយៈពេលជាងមួយសប្តាហ៍បន្តបន្ទាប់មកនេះ៕

អត្ថបទដោយលោក ចាន់ ឌឿន ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។