សមាគមចិញ្ចឹមសត្វកម្ពុជាជំរុញអាជ្ញាធរតាមព្រំដែនកម្ពុជា-វៀតណាម ទប់ស្កាត់ការនាំចូលសត្វរស់និងសាច់បង្កកខុសច្បាប់

ជ្រូកនៅក្នុងទ្រុង ដែលកសិករចិញ្ចឹម​ជាលក្ខណៈគ្រួសារ​ នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង។ (សូត សុខប្រាថ្នា/១៦ មករា ២០២០)

សមាគមចិញ្ចឹមសត្វកម្ពុជាជំរុញឱ្យអាជ្ញាធរខេត្តតាមព្រំដែនកម្ពុជា-វៀតណាម ទប់ស្កាត់ការនាំចូលផលិតផលសាច់សត្វ និងសាច់បង្កកខុសច្បាប់តាមច្រករបៀងនានា ខណៈរកឃើញថាការនាំចូលមានកាន់តែច្រើន ស្របពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ លើកឡើងថា សមាគមបានដាក់លិខិតជូនអភិបាលខេត្ត និងសាខាគយនិងរដ្ឋាករខេត្តនៅតាមបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ចំនួន ៤ ដូចជា ខេត្តតាកែវ ស្វាយរៀង ព្រៃវែង និងត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ដើម្បីជំរុញការទប់ស្កាត់ការលួចនាំ​ចូលសត្វរស់ ផលិតផលពីសាច់សត្វ និងសាច់បង្កកដោយខុសច្បាប់តាមច្រកព្រំដែន និងច្រករបៀង។

លោកថា ការជំរុញនេះ គឺដោយសារសមាគមបានចុះទៅតាមទីផ្សារផ្ទាល់ ហើយសង្កេតឃើញពីកំណើន​នៃការនាំ​ចូលសាច់បង្កកគួរឱ្យកត់សម្គាល់ ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិកាន់តែខិតចូលមកដល់ ហើយតម្រូវការសាច់ក៏មានការកើនឡើងដែរ។ លោកថា បើពុំមានការទប់ស្កាត់ការនាំចូលសាច់បង្កក  និងផលិតផលសាច់ខុសច្បាប់ទាំងនោះទេ ជនខិលខូចនឹងឆ្លៀតឱកាសនាំចូលកាន់តែច្រើនឡើង។

លោក ស្រ៊ុន ពៅ ថា៖ «ពេលចូលឆ្នាំខាងមុខនេះ គឺយើងតម្រូវការសាច់សត្វច្រើន! ហើយដូច្នេះប្រជាពលរដ្ឋយើងទាំងអស់ គាត់ត្រូវតែចេញមកទិញហូប ដោយសារគាត់អបអរសាទរ។ ចឹងហើយការបារម្ភរបស់សមាគមហ្នឹង គឺផ្តោតខ្លាំងទៅលើសុខភាព [ពលរដ្ឋ] បើសិនណាជាយើងមិនមានការអំពាវនាវឱ្យមានការទប់ស្កាត់ គឺពេលចូលឆ្នាំនេះដាច់ខាតច្បាស់ជាមានការនាំមក ដោយការរត់ពន្ធ ដោយការគ្មានច្បាប់ តាមច្រកព្រំដែន ក៏ដូចជាច្រករបៀង ត្រង់ហ្នឹងហើយដែលសមាគមព្រួយបារម្ភ»

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបន្តថា៖ «[តើយើងសម្គាល់បែបណា ដើម្បីដឹងថា ជាសាច់បង្កកដែលនាំចូលដោយខុសច្បាប់?] អានេះវាអញ្ជែក គឺយើងមើលសាច់ដែលបង្កកហើយយកមកលក់ គឺវាខុសប្រក្រតី។ សាច់ដែលធ្វើភ្លាមនិងសាច់បង្កក ឧទាហរណ៍ថាសាច់ [ក្នុងស្រុក] យើងវាមើលទៅឃើញស្រស់ ឃើញរបៀបមានឈាមហ្មង ដល់សាច់បង្កក វាមើលទៅស្លេកស្លាំង។ ហាងយើងមួយចំនួនដែលគាត់មានមេការឱ្យទៅទិញសាច់ពីផ្សារ ដើម្បីយកមកក្នុងហាងធ្វើ មេការហ្នឹងជួនកាលគាត់អត់មានភាពស្មោះត្រង់ទេ ទៅទិញតែសាច់ណាដែលធូរថ្លៃ យកមកដើម្បីមានប្រាក់ចំណេញដល់គាត់ខ្លះ។ អាហ្នឹងហើយធ្វើឱ្យប៉ះពាល់ដល់សុខភាព! ឱ្យតែយើងមើលទៅសាច់ហ្នឹងថោក សាច់ហ្នឹងរៀងប្លែក គឺយើងយល់ យើងស្គាល់ហើយ»

លោកបន្ថែមថា ប្រធានមន្ទីរកសិកម្មខេត្តមួយចំនួនបានឯកភាពនូវអ្វីដែលជាក្តីបារម្ភរបស់សមាគមហើយ។ យ៉ាងណាលោកថា មិនទាន់បានជួបអភិបាលខេត្តពាក់ព័ន្ធនៅឡើយទេ ដោយមន្ត្រីប្រាប់លោកថា អភិបាលខេត្តជាប់រវល់។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជារូបនេះ ចង់ឃើញរដ្ឋាភិបាលចាត់វិធានការឱ្យម៉ឺងម៉ាត់លើជនខិលខូចដែលនាំចូលសាច់បង្កកដោយខុសច្បាប់ និងធ្វើយ៉ាងណាពិនិត្យឱ្យម៉ត់ចត់មុនអនុញ្ញាតឱ្យនាំចូលផលិត​ផលពីសាច់សត្វនានា ដើម្បីជួយការពារសុខភាពពលរដ្ឋ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានដាក់លិខិតទៅគណៈអភិបាលខេត្ត សាខាគយ និងរដ្ឋាករនៅតាមបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-វៀតណាមកាលពីថ្ងៃទី៣១ ខែមីនា ក្នុងនោះរួមមានខេត្តតាកែវ ស្វាយរៀង ព្រៃវែង និង ត្បូងឃ្មុំ ដើម្បីស្នើអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វរស់ ផលិតផលពីសាច់សត្វ និងសាច់បង្កកដោយខុសច្បាប់តាមច្រកព្រំដែន និងច្រករបៀង។

សមាគមលើកឡើថា ការលួចនាំចូលទាំងនោះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារសត្វរស់ក្នុងស្រុក និងបង្កហានិភ័យខ្ពស់ដល់អ្នកបរិភោគ។

សមាគមបន្តថា៖ «សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសង្ឃឹមយ៉ាងមុតមាំ [ថា] ទាំងអាជ្ញាធរខេត្ត និង សាខាគយ និងរដ្ឋាករនៅតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាមនឹងចូលរួមទប់ស្កាត់ចលនាលួចនាំចូលសត្វរស់ ផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កកខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីការពារប្រយោជន៍ប្រជាជនកម្ពុជា និងចូលរួមក្នុងការលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ»

កសិករចិញ្ចឹមមាន់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោក ជៀម លុយ ប្រាប់ថា លោកមានការព្រួយបារម្ភពីការអនុញ្ញាតឱ្យនាំចូលនូវសាច់បង្កកដោយមិនបានពិនិត្យត្រឹមត្រូវ ខណៈវាអាចធ្វើឱ្យខូចសុខភាពពលរដ្ឋ។ ក្រៅពីនោះ សាច់បង្កកអាចបង្កប់នូវមេរោគ ដែលអាចជាភ្នាក់ងារចម្លងជំងឺដល់សត្វក្នុងស្រុក។

លោកថា ទោះបីជាលោកជាអ្នកចិញ្ចឹមមាន់ក៏ពិតមែន ប៉ុន្តែគ្រួសារលោក និងអ្នកភូមិក៏ប្រើប្រាស់ផលិតផលសាច់សត្វផ្សេងៗសម្រាប់ធ្វើជាម្ហូបអាហារដែរ ដូច្នេះលោកមានការបារម្ភពីហានិភ័យនៃសាច់សត្វនាំចូលខុសច្បាប់។

លោកថា៖ «សព្វថ្ងៃសម្រាប់ខ្ញុំជាប្រជាពលរដ្ឋមួយរូប ក៏មានការព្រួយបារម្ភដែរ! បារម្ភថា សាច់សត្វដែលនាំចូលមកហ្នឹងមានការត្រួតពិនិត្យត្រឹមត្រូវ [ឬអត់? ព្រោះបើមិនមានការពិនិត្យត្រឹមត្រូវទេ វាអាចបង្ក] ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការហូបចុក។ ប៉ុន្តែគ្រាន់ថា យើងចង់សំណូមពរឱ្យក្រសួងពាក់ព័ន្ធ ហ្នឹងមានការជួយត្រួតពិនិត្យ ឆែកឆេរ ឱ្យបានច្បាស់លាស់ ឬក៏ធ្វើអីមួយឱ្យស្របទៅនឹងច្បាប់ នាំចូលរបៀបម៉េចៗ ធ្វើតាមហ្នឹងទៅ។ យើងមិនអាចហាមឃាត់គេបានទេ! ហើយបើសម្រាប់យើងមានការភ័យខ្លាចដូចខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំចេះតែភ័យហើយ តែគ្រាន់អត់ដឹងថា គេធ្វើម៉េច ព្រោះយើងមើលអត់ឃើញ [ពីបច្ចេកទេសពិនិត្យ] យើងអត់ចេះ!»

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា ប្រាប់វីអូឌីថា បើទោះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាជាស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជន និងបានដាក់លិខិតទាមទារឱ្យទប់ស្កាត់ការលួចនាំ​ចូលសត្វរស់ ផលិតផលពីសាច់សត្វ និងសាច់បង្កកដោយខុសច្បាប់តាមច្រកព្រំដែន ក៏រដ្ឋាភិបាលបានសហការធ្វើការជាមួយដែរ។

មន្ត្រីរដ្ឋាភិបាលរូបនេះទទួលស្គាល់ថា កម្ពុជាត្រូវតែប្រយ័ត្ននូវការនាំចូលសាច់បង្កកខុសច្បាប់ទាំងនោះ ខណៈអាចបង្កផលប៉ះពាល់ដល់ការចិញ្ចឹមសត្វក្នុងស្រុក  ក្រៅពីនោះសាច់នាំចូលទាំងនោះអាចផ្ទុកនូវជំងឺទៀតផង។

លោកថា៖ «ធម្មតាសត្វ ឬក៏សាច់សត្វនាំចូលមក បើស្របច្បាប់ ត្រូវមានវិញ្ញាប័នបត្របញ្ជាក់គុណភាពអនាម័យពីប្រទេសនាំចេញ។ ប៉ុន្តែកាលណាខុសច្បាប់ វាអត់មានបញ្ជាក់មានអី វាមិនដឹងថា គាត់ដឹកមកហ្នឹង តាមផ្លូវហ្នឹងគាត់ស្តុកយ៉ាងម៉េច? ហើយគាត់យកសាច់ល្អ ឬមិនល្អមក? អាហ្នឹងជារឿងសំខាន់។ [ក្នុងនាមរដ្ឋាភិបាល តើមានការអន្តរាគមន៍យ៉ាងណាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កកខុសច្បាប់?] អាហ្នឹងដល់តែជួយគ្នាទាំងអស់ ជាពិសេសគឺដូចខាងសមាគមគាត់គិតអញ្ចឹង គឺខេត្តនៅតាមព្រំដែនហ្នឹងឯង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ