សហភាព​អឺរ៉ុប​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ទម្លាក់បទចោទលើលោក កឹម សុខា

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សហភាពអឺរ៉ុប បានអំពាវនាវដល់​រដ្ឋាភិបាលកម្ពុជា ទម្លាក់​ចោល​បទ​ចោ​ទ​ប្រកាន់​លើ​ លោក កឹម សុខា ដើម្បី​ឱ្យ​លោក​ចូល​រួម​ជីវភាព​នយោបាយឡើង​​វិញ ខណៈកម្ពុជា​នឹងមានការ​​បោះ​ឆ្នោត​ជ្រើសរើស​​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ និងបោះឆ្នោតជាតិឆ្នាំ២​០២៣ នា​ពេល​ខាងមុខនេះ។

ក្នុង​កិច្ច​ប្រជុំលើក​ទី​៤៩ នៃ​​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពី ស្ថាន​ការណ៍​សិទ្ធិមនុស្ស​​នៅ​កម្ពុជា ដែលធ្វើឡើង​​​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នា​ថ្ងែ​ទី​៣១ ខែមីនា ឆ្នាំ២០២២ តំណាង​សហភាពអឺរ៉ុប បានលើកឡើង​ថា រដ្ឋាភិបាលកម្ពុជា គួរតែទម្លាក់ចោលបទចោទប្រកាន់លើ​លោក កឹម សុខា ដើម្បី​ឱ្យ​លោក​​មាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈការចូលរួម​របស់​មេដឹកនាំបក្ស​ប្រឆាំង​រូប​នេះ នៅក្នុងការ​បោះឆ្នោត​ ជារឿងសំខាន់។

តំណាង​សហភាពអឺរ៉ុប គូសបញ្ជាក់​ថា៖«យើងអំពាវនាវឱ្យទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹង [ឯកឧត្តម] កឹម សុខា ដើម្បីឱ្យគាត់ចូលរួមក្នុងជីវភាពនយោបាយប្រកបដោយការរួមបញ្ចូល ដែល​ជាធាតុផ្សំដ៏សំខាន់សម្រាប់ការបោះឆ្នោតដោយសេរី តម្លាភាព និងយុត្តិធម៌នៅកម្ពុជា»។

សហមេធាវីការពារក្ដីឱ្យ​លោក កឹម សុខា គឺលោក ផែង ហេង បង្ហាញ​កា​រ​គាំទ្រការអំពាវនេះ ដោយ​ថា ក្រុម​មេធាវី​បានទទូចឱ្យរដ្ឋាភិបាលទម្លាក់បទចោទ​លើកូនក្ដី​ តាំងពីដំណាក់ដំបូងម្លេះ ដោយសារ​សំណុំរឿង​នេះ ជា​រឿង​នយោបាយ។

លោក​បន្ត​ថា៖ «យើងដឹងហើយទាំងមតិជាតិ និងអន្តរជាតិ ​ក៏ដូចជា អង្គការអន្តរជាតិ​ ដូច​ជា UN អីហ្នឹង សុទ្ធ​តែ​មើល​ឃើញ​​ថា វាគួរតែរដ្ឋាភិបាល​យើង​ដោះស្រាយគ្នា ដោយការជជែក ចរចា ហើយទ​ម្លាក់​ចោល បទ​ចោទ​ប្រកាន់ បើ​សិ​ន​ជារដ្ឋាភិបាលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា យល់ថា ​មុខមាត់កម្ពុជាមានសារ​សំខាន់លើឆាកអន្តរជាតិ គួរតែដោះស្រាយបញ្ហានយោបាយ ដោយការចរចាគ្នា​ជា​ជាង​ប្រើប្រាស់​យន្តការតុលាការ ដើម្បីសង្កត់​ភាគីម្ខាងៗ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​លោក ប្លង់ សុផល បានទេ នាថ្ងៃនេះ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ចាត់ទុកការអំពាវនាវរបស់​សហភាពអឺរ៉ុបនេះ ថា​គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ ប៉ុន្តែការសម្រេចបែបណានោះ អាស្រ័យលើតុលាការកម្ពុជា។

លោកថា៖ «ការអំពាវនាវជាសិទ្ធិរបស់គាត់ ប៉ុន្តែផ្អែកច្បាប់កម្ពុជាគឺមានតែតុលាការទេ ដែលមានសិទ្ធិសម្រេច​ថា ទម្លាក់ឬ​មិនទម្លាក់​ មានទោសឬមិនមានទោសស្ថិត ក្នុងដំណើរការនីតិវិធីតុលាការ»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍​ផ្នត់​គំនិត លោកបណ្ឌិត សេក សុជាតិ យល់ថា​ ការ​ដែល​អឺរ៉ុប​អំពាវនាវ​មក​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​បទចោទប្រកាន់លើលោក កឹ​ម សុខា ដោយសារតែ​សហភាពអឺរ៉ុប​នៅតែផ្ដល់តម្លៃឱ្យកម្ពុជា​ ក្នុងនាមជា​ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ​ខណៈកម្ពុជាក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀង​​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ដែរ។ លោកបន្តថា ការដើរថយក្រោយនៃ​លំហូរប្រជាធិបតេយ្យនៅកម្ពុជា​ ក្នុងរយៈពេលមួយទស្សវត្សន៍​ចុងក្រោយនេះ បាន​ប៉ះពាល់ដល់សិទ្ធិ​សេរីភាព​​របស់​​ប្រជាពលរដ្ឋ​ទាំងមូលតែ​ម្ដង។​

លោក សេក សុជាតិ បង្ហាញការគាំទ្រចំពោះសេចក្ដីអំពាវនាវរបស់សហភាពអឺរ៉ុប ដោយថា​ រដ្ឋាភិបាលកម្ពុជាគួរតែពិចារណាឡើងវិញ ដើម្បីបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យមានភាពប្រសើរដូចកាលពីឆ្នាំ២០១៧។

លោកបន្តថា បើសិនជារដ្ឋាភិបាលមិនធ្វើតាមការអំពាវនាវនេះទេ អាចនឹងធ្វើ​ឱ្យ​ប៉ះពាល់ដល់​រដ្ឋធម្មនុញ្ញកម្ពុជា និង​ធ្វើ​ឱ្យបែកបាក់​ផ្ទៃ​ក្នុង ដែលធ្វើឱ្យកម្ពុជាប្រឈមនឹងការឈ្លានពីប្រទេសជិតខាង ដោយ​ប្រការណា​មួយ​ ជាពិសេស​ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងអធិបតេយ្យភាព រួមទាំងប៉ះពាល់លំហូរ​ប្រជាធិបតេយ្យ​នៅកម្ពុជា។

លោកថា៖ «ប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ដោយសារកម្ពុជា​​មានទីផ្សារធំនៅសហភាពអឺរ៉ុប ​និងសហរដ្ឋអាមេរិក ជាពិសេសប្រទេសអ្នកមានហ្នឹង។  មួយទៀត ក៏អាចប៉ះពាល់ដល់ជំនួយផ្សេងពីប្រទេសអ្នកមាន ​មកកម្ពុជា ដើម្បីជួយមកដល់ប្រជាពលរដ្ឋ ឬ​ក៏ការ​ស្ដារ​និងអភិវឌ្ឍន៍ជាតិ​នៅកម្ពុជាអីជាដើមហ្នឹង។ ​នេះ​ជា​ផល​ប៉ះពាល់​ច្រើន​ហើយ​មាន​វិសាលភាពធំមែនទែន បើសិនជារាជរដ្ឋាភិបាលនៅតែបន្តរឹតត្បិត ធ្វើឱ្យលំហូរប្រជាធិបតេយ្យកម្ពុជា​ មិនអាចដំណើរការទៅមុខបាននោះ»

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១ ខែមេ​សា ឆ្នាំ២០២២ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) ក៏​បាន​​បង្ហាញ​ការ​គាំទ្រចំពោះ​​ការ​​អំពាវ​​នាវ​​របស់​​សហភាព​​​អឺរ៉ុប ដែល​​ឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រក្រតីភាព​នៃ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងទម្លាក់បទ​ចោទប្រកាន់លើរូប លោក កឹម សុខា រួមទាំ​ង​អ្នកនយោ​បាយ និង​សកម្មជនសង្គមនានាផងដែរ។

សេចក្ដីថ្លែងការណ៍ដដែល​ បញ្ជាក់ថា៖ «ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហភាពអឺរ៉ុប  ដែលបាន​អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យ«ទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹង លោក កឹម សុខា […]ការចូលរួមក្នុងជីវភាព នយោបាយ [របស់លោក] ជាធាតុផ្សំយ៉ាងសំខាន់សម្រាប់ការបោះឆ្នោតដោយសេរី តម្លាភាព និងយុត្តិធម៌»

លោក កឹម សុខា ត្រូវបានតុលាការ​ចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ចង់ផ្តួលរំលំ​​រដ្ឋា​​ភិ​បាល។ គិតពីថ្ងៃចាប់ផ្តើម​បើកការជំនុំជម្រះតាំងពីដើមខែ​មករា ឆ្នាំ២០២០ សវនាការនេះ​​បាន​​​​​​​បន្តអូសបន្លាយប្រមាណជាង ២ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ