ប្រជាពលរដ្ឋដែលអាស្រ័យផលនៅជុំវិញបឹងវាលសំណាប ស្ថិតក្នុងខេត្តកណ្តាល បានអំពាវនាវទៅរដ្ឋាភិបាលសុំកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីដីសាធារណៈរបស់រដ្ឋដែលមានចែងក្នុងអនុក្រឹត្យ។
ការអំពាវនាវរបស់ពលរដ្ឋធ្វើឡើង ខណៈពួកគេរាប់រយនាក់ ផ្ទុះការតវ៉ាជាបន្តបន្ទាប់ប្រឆាំងគ្រឿងចក្ររបស់ក្រុមហ៊ុនដែលបាន និងកំពុងធ្វើសកម្មភាពកាយក្រវ៉ាត់ព្រំដីបឹងវាលសំណាប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដោយពលរដ្ឋទាំងនោះអះអាងថាប៉ះពាល់ដល់ដីរបស់ពួកគេដែលបាននិងកំពុងអាស្រ័យផលស្រែប្រាំង។
ផ្ទៃបឹងវាលសំណាបទំហំ ៤៨១៤ហិកតា ស្ថិតក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ កាលពីឆ្នាំ២០១៦។
ពលរដ្ឋម្នាក់រស់នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល លោក សឹម សិដ្ឋ ប្រាប់វីអូឌីនៅសុក្រនេះថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដាក់គ្រឿងធ្វើសកម្មភាពកាយប្រវ៉ាតព្រំដីបឹងវាលសំណាបទៅតាមអនុក្រឹត្យ ដោយបានប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋរាប់រយគ្រួសារនៅជុំវិញនោះ។ លោកបន្តថា ពលរដ្ឋបានចូលទៅអាស្រ័យផលលើដីកំពុងមានជម្លោះនោះ តាំងពីក្រោយឆ្នាំ១៩៧៩ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ ដោយបានបង្កបង្កើនផលធ្វើស្រែប្រាំង និងដាំឈូក។
ពលរដ្ឋរូបនេះ អះអាងថា គ្រួសាររបស់លោកបានប៉ះពាល់ដី ៥ហិកតា ដែលបច្ចុប្បន្នដីនោះកំពុងដាំឈូក និងធ្វើស្រែប្រាំង។
លោកបន្ថែមថា៖ «ពលរដ្ឋគាត់អត់ចង់បានជាលុយទេ គាត់ចង់ឱ្យរដ្ឋាភិបាលកាត់ឆ្វៀលចេញពីអនុក្រឹត្យ ដើម្បីបានដីសម្រាប់អាស្រ័យផលបន្តទៅមុខទៀត ដើម្បីដោះស្រាយជីវភាពគ្រួសារតទៅមុខទៀត ព្រោះស្រុកខ្មែរយើងគ្មានការងារអីធ្វើធំដុំទេ មានតែស្រែចំការហ្នឹងហើយ ហើយគ្នាអាស្រ័យផលនៅលើដីហ្នឹងយូរហើយ។ ដល់ពេលបច្ចុប្បន្នហ្នឹង រដ្ឋាភិបាលយកដីពលរដ្ឋដាក់ចូលក្នុងអនុក្រឹត្យ ហើយធ្វើទំនប់ព័ទ្ធជុំវិញមិនឱ្យប្រជាពលរដ្ឋចូលអាស្រ័យផល តើឱ្យធ្វើប្រជាពលរដ្ឋធ្វើអីវិញ»។
ពលរដ្ឋរស់នៅឃុំវិហារសួគ៌ម្នាក់ទៀត លោក សុត សៀង និយាយថា គ្រួសារលោកមានដីទំហំជាង១ហិកតា ដែលចូលកាន់កាប់តាំងពីឆ្នាំ១៩៧៩ សម្រាប់ដាំឈូក និងធ្វើស្រែប្រាំង ត្រូវបានក្រុមហ៊ុនកាយប្រឡាយបិទលែងឱ្យចូលហើយ កាលពីដើមសប្តាហ៍នេះ ដែលករណីនេះ លោកបារម្ភពីការបាត់បង់មុខរបរ និងជួបបញ្ហាក្នុងជីវភាពគ្រួសារ។
ពលរដ្ឋរូបនេះ អះអាងថា ដីដែលលោកកំពុងអាស្រ័យផលនោះ នៅឆ្ងាយពីផ្ទៃបឹងវាលសំណាបប្រហែលជាង១គីឡូម៉ែត្រ ដែលរដ្ឋាភិបាលគួរតែកាត់ឆ្វៀលចេញអនុក្រឹត្យ នៃការកាត់កំណត់ផ្ទៃបឹងនេះ។
លោកបន្ថែមថា៖ «យើងមានដីតិចៗម្នាក់ទេ ដែលគេចែកឱ្យយើងតាំងពីឆ្នាំ១៧៩៧ សម្រាប់ដាំឈូកធ្វើស្រែប្រាំង។ រឿងនេះប្រជាពលរដ្ឋគាត់ប៉ះពាល់សតិអារម្មណ៍ណាស់ ព្រោះគាត់ធ្លាប់អាស្រ័យផលយូរហើយលើដីហ្នឹង បែរជាមកយករបស់គាត់អស់អីចឹង។ បើគេដោះស្រាយឱ្យ វាមិនអីទេ»។
អភិបាលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង មានប្រសាសន៍ថា នៅស្រុកនេះ មានពលរដ្ឋតិចតួចប៉ុណ្ណោះដែលរងផលប៉ះពាល់ដោយអនុក្រឹត្យដែលកំណត់ផ្ទៃបឹងវាលសំណាបនេះ។ លោកថា បញ្ហានេះ រដ្ឋបាលស្រុកកំពុងដោះស្រោយ។
លោកថ្លែងថា៖ «គេកំពុងដំណើការដោះស្រាយអត់អីទេ ជាដីក្នុងអនុក្រឹត្យទេ។ បើកំពុងដោះស្រាយដោយត្រូវសង្កេតលើក្បាលដី។ ដីនោះនៅក្នុងអនុក្រឹតទេ មិនមែនដីក្នុងកម្មសិទ្ធឯកជនទេ។ គាត់ទៅអាស្រ័យផលលើដីហ្នឹង អីចឹងយើងដោះស្រាយឱ្យគាត់អាស្រ័យផល»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទេនៅថ្ងៃនេះ ដោយលោកប្រាប់ថាជាប់ប្រជុំ។
ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ឯម ខេមរា មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានលុបបឹងជាច្រើនកន្លែង និងបានកាត់ផ្ទៃបឹងទាំងនោះ ជូនបុគ្គលឯកជន អ្នកមានលុយមានអំណាច ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ដើម្បីយកធ្វើជាបុរី ទីតាំងឯកជន និងអគារសាធារណៈជាដើម។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា តាមរបាយការណ៍របស់អង្គការសមាគមធាងត្នោត រកឃើញថា ការលុបបឹងបានធ្វើឱ្យប៉ះពាល់ច្រើនដល់ផ្នែកសង្គម បរិស្ថាន និងពលរដ្ឋដែលរស់នៅ ឬអាស្រ័យផលជុំវិញបឹងនោះផងដែរ។
លោក ឯម ខេមរា បានជំរុញទៅរដ្ឋាភិបាលត្រូវដោះស្រាយផលប៉ះពាល់ដីធ្លីជូនពលរដ្ឋ ដែលកំពុងអាស្រ័យផល ដោយផ្តល់ឱកាសឱ្យពួកគេបានជជែកពិភាក្សាលើកឡើងពីកង្វល់ និងដំណោះស្រាយជូនពលរដ្ឋដែលអាចទទួលយកបាន ខណៈរដ្ឋាភិបាលបានកាត់ដីបឹងជាច្រើនទៅហើយជូនទៅក្រុមហ៊ុន និងអ្នកមានលុយអំណាច។
ម្យ៉ាងទៀត លោកថា អាជ្ញាធរពាក់ព័ន្ធត្រូវធានាថា ខ្លួនប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ដោយត្រឹមត្រូវ ដោះស្រាយបញ្ហាដោយសន្តិវិធី និងមិនរំលោភសិទ្ធិមនុស្សនានារបស់ប្រជាពលរដ្ឋ ឬធ្វើឱ្យពួកគេឈឺចាប់។
លោកបន្ថែមថា៖ «លើសពីនេះ អាជ្ញាធរពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលគួរធ្វើការស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថានបន្ថែមទៅលើផលប៉ះពាល់ នៃការបាត់បង់បឹង ដើម្បីកាត់បន្ថយបញ្ហានានា ដែលកើតចេញពីការលុបបឹងនេះផងដែរ»។
ក្នុងផែនទីនៃអនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃប្រព័ន្ធបឹងវាលសំណាបកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្ទៃបឹងវាលសំណាបសរុប ៤ ៨១៤ហិកតា ក្នុងនោះដីបឹងទំហំ ៣ ៥០០ហិកតា ត្រូវបានរដ្ឋាភិបាលជួលទៅឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុន ៣អិលអិមធី អ៊ិនវេសម៉ិន ធ្វើការជីកស្តារបឹងវាលសំណាបឱ្យបានជ្រៅក្នុងផ្ទៃដីទំហំ ៨៣៤ហិកតា និង៦ ៧៧៥ម៉ែត្រការ៉េ លើផ្ទៃដីបឹងសរុប១ ១៤៤ហិកតា ដោយទុកចំណីដីរដ្ឋប្រហែល១០០ម៉ែត្រ ព័ទ្ធជុំវិញជាដីបម្រុងសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ស្ថិតក្នុងបារុង ស្រុកល្វាឯម និងឃុំកំពង់ចម្លងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕












