ស្ថានីយ​​តាមដាន​កម្រិត​ទឹកទន្លេមេគង្គថ្មីមួយទៀតនៅក្បែរព្រំដែនឡាវ ត្រូវ​​បាន​សម្ពោធដាក់ឱ្យ​ប្រើប្រាស់

ប្រជានេសាទម្នាក់នៅឃុំកំពង់ភ្លុក បង់សំណាញ់នេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

គណៈកម្មការទន្លេមេគង្គ បានសម្ពោធដាក់ឱ្យ​​ប្រើប្រាស់​ស្ថានីយ​តាម​ដានកម្រិត​ទឹក​ទន្លេ​មេគង្គ​ទី១ ស្ថិតនៅផ្នែ​ក​ខាង​លើអា​ង​ទន្លេ​មេគង្គក្រោម ដែលជាផ្នែកមួយ​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​​​ស​ម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍រាប់លាននាក់ ​​នៅផ្នែកខាងក្រោមទន្លេ ខណៈ​​អាយុ​ជីវិត និង​ជីវភាពរបស់ពួកគេ​​ ងាយ​​រង​ឥទ្ធិពលបំផុតពីរំហូរទឹកភ្លាមៗ និង​ដោយ​​មិន​រំពឹង​ទុក។

សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC)  នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្ថានីយ​តាម​ដាន​ថ្មី ក្នុង​ស្រុក​សៀង​កុក ស្ថិត​នៅ​ព្រំប្រទល់ភា​គ​ខាង​ជើង​ប្រទេស​ឡាវ ជាប់​នឹងប្រទេស​​មីយ៉ាន់ម៉ា នឹងជំរុញកិច្ច​សហប្រតិបត្តិការដែល MRC ចង់បានជាយូរមកហើយ។ MRC បន្តថា ក្នុងករណីនេះ ប្រទេសមីយ៉ាន់ម៉ា មានឱ​កាស​​ក្នុង​ការ​​ចូល​រួមប្រមូល​ទិន្នន័យនៃ​​ការ​​បញ្ចេញ​ទឹក រួម​គ្នាជា​មួយ​នឹងសហការី​ឡាវ ដែល​ប្រជាជនរាប់​លាន​​នាក់ រស់នៅខាងក្រោមទន្លេ នឹងទទួលបានសម្រាប់ប្រើប្រាស់យ៉ាង​ឆាប់រហ័ស។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ទិន្នន័យនេះ នឹងផ្តល់លទ្ធភាពឱ្យ​​ពលរដ្ឋ​ទាំងនោះ​សម្រប​ខ្លួន​ដោយ​សមស្រប ដូចជា កសិករដែលគ្រោងនឹងប្រមូលផល ឬអ្នកនេសាទដែលពឹងអាស្រ័យលើទន្លេ សម្រាប់ការនេសាទត្រីជារៀងរាល់ថ្ងៃ។

ក្នុងពិធីសម្ពោធនោះ លោកបណ្ឌិត អានុល័ក នាយកប្រតិបត្តិ​លេខាធិកា​រដ្ឋាន MRC បានគួរបញ្ជាក់ពីសារៈសំខាន់នៃស្ថានីយថ្មីនេះ ដោយហេតុថា វានឹង​កត់ត្រារំហូរទឹកពីផ្នែកខាងលើនៃទន្លេមេគង្គ ដែលនៅប្រទេសចិន (ទន្លេឡាងឆា) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១៣០ គីឡូ​ម៉ែត្រ​ពី​ស្ថានីយ​នេះ។

MRC បានស្រង់ប្រសាសន៍របស់លោក អានុល័ក ដាក់ក្នុងសេចក្តីប្រកាសព័ត៌មាន​ថា៖ «នេះជាស្ថានីយ​តាម​ដានបែបយុទ្ធសាស្ត្រមួយ។ ប្រសិនបើមានការប្រែប្រួលណាមួយពីការបញ្ចេញទឹក ការបិទច្រកទ្វារ ឬភ្លៀងធ្លាក់ភ្លាមៗ យើងនឹងទទួលបានដំណឹងនេះភ្លាម។ ជាមួយនឹងសមត្ថ​ភាព​កាន់​តែប្រសើរ យើងអាចផ្តល់ព័ត៌មានច្រើនទៅឱ្យ​ប្រទេសជាសមាជិក និងសហគមន៍តាមមូលដ្ឋាន។ ប៉ុន្តែ វាក៏ទាមទារឱ្យ​ប្រទេសនីមួយៗ ចែករំលែកព័ត៌មានកាន់តែច្រើនពីប្រតិបត្តិការទំនប់ផងដែរ»។

បើតាម​ MRC ស្ថានីយសៀងកុក ជាស្ថានីយមួយក្នុងចំណោមស្ថានីយតាមដានថ្មីៗ​ជាច្រើន ដែល​ការ​សាងសង់​ត្រូវបានពន្យារពេលដោយសារជំងឺកូវីដ-១៩ ហើយ​ការពន្យាពេលនេះ បាន​ធ្វើឱ្យ​​ការដឹកជញ្ជូនសម្ភារៈ និងគ្រឿងបន្លាស់ចាំបាច់ផ្សេងៗ មានភាពយឺតយ៉ាវ។ ទោះជាយ៉ាងនេះក្តី សព្វថ្ងៃនេះ ស្ថានីយបែបនេះជាច្រើន កំពុងនឹងដំណើរការថ្មី ព្រោះថា ប្រទេសជាសមាជិក​ទាំង​បួន រួមមាន​ កម្ពុជា ឡាវ ថៃ និងវៀតណាម បានជំរុញធ្វើឱ្យ​​សមត្ថភាពតាមដាន និងព្យាការណ៍តាមតំបន់​កាន់តែប្រសើរ។

ជាយូរមកហើយ ជីវិតតាមដងទន្លេមេគង្គក្រោម ងាយរងគ្រោះដោយសាររំហូរទឹក មិនថាដោយសារកត្តាមនុស្ស ឬធម្មជាតិនោះទេ។ ភូមិស្រុកជាច្រើន ត្រូវបានលិចលង់ជាបន្តបន្ទាប់ បង្កឱ្យ​មានផលវិបាកមហន្តរាយសម្រាប់ក្រុមគ្រួសារដែលរស់នៅទីនោះ។

ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ នៅដំណាក់កាលទី១នៃគម្រោងប្រព័ន្ធអង្កេត​តាមដានវដ្តជលសាស្ត្រ (ហៅកាត់ថា HYCOS) គេបានសាងសង់ស្ថានីយចំនួន៤៩ តាមដងទន្លេមេគង្គ និងដៃទន្លេនេះ ដើម្បីធ្វើការវាស់ស្ទង់ជាបន្តបន្ទាប់ពីកម្រិតទឹក និងបរិមាណភ្លៀងធ្លាក់។ ស្ថានីយចំនួន១២ ក្នុងមួយប្រទេស ត្រូវបានស្ថាបនានៅម្ពុជា ឡាវ​ និងវៀតណាម ខណៈនៅថៃមានស្ថានីយ​ចំនួន១១ និងស្ថានីយ២ទៀត​នៅភាគខាងត្បូងប្រទេសចិន។ ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេស​បារាំង (AFD) ជាអ្នកផ្តល់មូលនិធិ។

សេចក្តីប្រកាសព័ត៌មានរបស់ MRC បន្តទៀតថា ក្នុងចំណោមស្ថានីយទាំង៤៩នេះ ស្ថានីយចំនួន​៤៥ នៅដំណើរការនៅឡើយ ប៉ុន្តែ គេត្រូវការស្ថានីយច្រើនបន្ថែមទៀត។ តាមរយៈគម្រោង HYCOS ការពង្រីក និងការធ្វើបច្ចុប្បន្នភាពស្ថានីយ នឹងទទួលបាននូវស្ថានីយសរុបចំនួន ៥៦ តាមដងទន្លេមេគង្គក្នុងពេលឆាប់ៗនេះ  ជាមួយនិងស្ថានីយ​១៣​បន្ថែមទៀត​នៅ​លើដៃទន្លេមេគង្គ​ ក្រោមគម្រោងគ្រប់គ្រងគ្រោះរាំងស្ងួតរបស់​ប្រទេស​ជប៉ុន និង​២​ទៀត ក្រោមគម្រោង​សាកល្បងតាមដានបរិស្ថានរួម របស់ MRC ។

កន្លងមក ក្នុងប្រទេសកម្ពុជា MRC បានសាង់សង់បញ្ចប់នូវស្ថានីយថ្មីមួយ និងជួសជុលកែលម្អស្ថានីយមួយ។ ឡាវបានកែលម្អស្ថានីយចំនួនពីរ ដោយមានការសាងសង់នូវស្ថានីយថ្មីចំនួនពីរ រួមទាំងស្ថានីយសៀងកុក។ ដោយសារជំងឺកូវីដ-១៩​ បានធូរស្រាល ស្ថានីយដែលទើបនឹងសាងសង់បញ្ចប់ថ្មីៗនេះ ក៏កំពុងដំណើរការដែរក្នុងប្រទេសថៃ និងវៀតណាម។

សព្វថ្ងៃនេះ ស្ថានីយតាមដាននីមួយៗ ត្រូវបានបំពាក់ដោយប្រព័ន្ធ “ទូរមាត្រវិធី” ទំនើបបំផុត ដែល​អាចបញ្ជូន​ទិន្នន័យកម្រិតទឹក និងបរិមាណភ្លៀងធ្លាក់​រៀង​រាល់ ១៥​នាទីម្តង ដោយ​ដំបូង វា​បញ្ជូន​ទៅកាន់​មូល​ដ្ឋាន​ទិន្នន័យ​កណ្តាល​នៅ​ឯលេខាធិការដ្ឋាន MRC និង​បន្ទាប់​មក​បែងចែកទៅកាន់ប្រទេសជាសមាជិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ